«ភាពឆកល្វែងនៃដំណើរការអនុវត្តគោលនយោបាយគាំទ្រដល់អភិបាលកិច្ចធនធានធម្មជាតិ»

រាជរដ្ឋាភិបាលកម្ពុជាទទួលបានការអបអរសាទរចំពោះគោលជំហរនាពេលថ្មីៗនេះ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យកាន់តែប្រសើរឡើងក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ខណៈពេលដែលកំពុងតែដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញនៃការប្រែប្រួលអាកាសធាតុ និងតម្រូវការអភិវឌ្ឍរបស់ប្រជាជនកម្ពុជា ដែលភាគច្រើនជាយុវជន។
ឧទាហរណ៍នាពេលថ្មីៗនេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅកាន់ប្រទេសសមាជិកអាស៊ានឱ្យគាំទ្រ «កិច្ចព្រមព្រៀងបៃតង» អាស៊ាន ដើម្បីផ្លាស់ប្តូរបន្តិចម្តងៗទៅកាន់សេដ្ឋកិច្ចប្រកួតប្រជែង ប្រកបដោយចីរភាព ភាពធន់ និងធនធានប្រកបដោយប្រសិទ្ធភាព។
ការប្តេជ្ញាចិត្តដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ ២០២០ គឺឱ្យផ្អាកការសង់ទំនប់វារីអគ្គិសនីនៅលើតួមេនៃទន្លេមេគង្គរយៈពេល ១០ ឆ្នាំ ដែលការប្តេជ្ញាចិត្តនេះត្រូវបានលើកឡើងជាថ្មីម្តងទៀត ដោយរដ្ឋ ន្ត្រីក្រសួងបរិស្ថានក្នុងសន្និសីទកំពូលនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៦ (COP26)។ ជាមួយគ្នានេះកម្ពុជារក្សាភាពជាដៃគូក្នុងកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ ធានាដល់ការគ្រប់គ្រងទឹករួមគ្នាប្រកបដោយការទទួលខុសត្រូវ និងគណនេយ្យភាពរវាងប្រទេសទាំង ៤ (កម្ពុជា ថៃ ឡាវ និងវៀតណាម) និងការប្តេជ្ញាចិត្តរបស់កម្ពុជាលើអនុសញ្ញាស្តីពីតំបន់ដីសើម (រ៉ាមសារ) ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ១៩៩៩។ ការប្តេជ្ញាចិត្តទាំងនេះត្រូវបានគាំទ្រដោយបទប្បញ្ញត្តិជាតិ ដើម្បីធានាការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាជន។
នៅចន្លោះខែមករា និងខែមិថុនាឆ្នាំ ២០២២ មានការសិក្សាការវាយតម្លៃពីហេតុប៉ះពាល់សង្គម និងបរិស្ថាន (SEIA) ដែលការសិក្សានេះ ត្រូវបានសន្មតថាជាផ្នែកនៃការសិក្សាពីសមិទ្ធិលទ្ធភាពដែលប្រកាសជាផ្លូវការដោយក្រសួងរ៉ែ និងថាមពល (លិខិតលេខ ១ ៧៥០ ចុះថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២) សម្រាប់គម្រោងទំនប់វារីអគ្គិសនីស្ទឹងត្រែង ដែលបង្កឱ្យមានចម្ងល់ជាច្រើន ដោយសារអ្វីដែលកំពុងកើតឡើងផ្ទុយទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ហើយផែនការអភិវឌ្ឍន៍ថាមពលកម្ពុជាមិនបានរួមបញ្ចូលគម្រោងទំនប់វារីអគ្គិសនីស្ទឹងត្រែងទេ។
អង្គការអុកស្វាមបានធ្វើការស្រាវជ្រាវជាទម្រង់ករណីសិក្សាសហគមន៍ដោយពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីកំណត់ពីរបៀបនៃដំណើរការ និងការប្តេជ្ញាចិត្តកំពុងត្រូវបានអនុវត្តនៅក្នុងខេត្តស្ទឹងត្រែង។ ទីប្រឹក្សារបស់អង្គការអុកស្វាមបានសម្ភាសអ្នកផ្តល់ព័ត៌មានសំខាន់ៗចំនួន ២៤ នាក់ (ស្រី ១៤ នាក់) មកពីភូមិខាំផាន់, ភូមិកោះខនឌិន, ភូមិកោះស្នែង និងភូមិថ្មី (ស្ថិតនៅផ្នែកខាងលើ និងផ្នែកខាងក្រោម នៅទីតាំងដែលចង់សាងសង់ទំនប់វារីអគ្គិសនី) និងតំណាងមកពីអង្គការគាំពារការអភិរក្សធនធាន និងជីវភាពប្រជាជនក្នុងតំបន់ចំនួន ៦ រូប។
គម្រោងទំនប់វារីអគ្គិសនីស្ទឹងត្រែងជាទំនប់វារីអគ្គិសនីសំខាន់មួយក្នុងចំណោមទំនប់ចំនួន ១១ ដែលគ្រោងសាងសង់នៅលើតួមេនៃទន្លេមេគង្គក្រោម និងជាទំនប់ដំបូងគេនៅកម្ពុជា ដែលមានលទ្ធភាពផលិតថាមពល ១ ៤០០ មេហ្គាវ៉ាត់ ហើយទីតាំងនេះស្ថិតនៅកណ្តាលទន្លេមេគង្គក្នុងតំបន់រ៉ាមសារលេខ ៩៩៩។
ដោយសារតែវាជាទំនប់វារីអគ្គិសនីនៅលើតួមេនៃទន្លេមេគង្គរដ្ឋាភិបាលកម្ពុជាបាននិងតម្រូវឱ្យធ្វើការជូនដំណឹងដល់គណៈកម្មការទន្លេមេគង្គ ដើម្បីចាប់ផ្តើមនីតិវិធីនៃការជូនដំណឹងការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀងដែលអញ្ជើញប្រទេសជាសមាជិក ធ្វើការវាយតម្លៃគម្រោងដែលបានស្នើឡើងរួមទាំងការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន។ ក្នុងនោះផងដែរ ដោយសារតែទីតាំងទំនប់ស្ថិតក្នុងតំបន់រ៉ាមសារ កម្ពុជាត្រូវជូនដំណឹង និងពិគ្រោះជាមួយលេខាធិការដ្ឋានអនុសញ្ញា ដើម្បីធានាការការពារ និងអភិរក្សតំបន់ដីសើម។
ករណីសិក្សាសហគមន៍របស់អុកស្វាមបញ្ជាក់ថា ការពិគ្រោះយោបល់ជាសាធារណៈបានរៀបចំឡើងដោយអ្នកអភិវឌ្ឍន៍ និងអាជ្ញាធរខេត្តនៅសាលាខេត្តស្ទឹងត្រែងកាលពីថ្ងៃទី ២៧ ខែមករាឆ្នាំ ២០២២ ដោយមានអ្នកចូលរួមជាមន្ត្រីមកពីមន្ទីរបរិស្ថាន កសិកម្ម អភិវឌ្ឍន៍ជនបទ អាជ្ញាធរស្រុក ឃុំ និងភូមិ។ អង្គការអុកស្វាមបានដឹងថា មានតំណាងសហគមន៍តែម្នាក់គត់មកពីភូមិដែលស្ថិតនៅក្បែរទីតាំងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីដែលបានគ្រោងចូលរួម ប៉ុន្តែគ្មានវត្តមានសមាជិកសហគមន៍មកពីតំបន់ផ្សេងទេ។ ការសម្ភាសភាគីពាក់ព័ន្ធបានបង្ហាញឱ្យឃើញថា ការយល់ដឹងនៅមានកម្រិត ឬគ្មានការយល់ដឹងអំពីគម្រោងអ្នកចូលរួមពឹងផ្អែកលើ "ការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយ" ដោយសារការពិគ្រោះយោបល់នោះមិនបានប្រើប្រាស់ភាសាដែលឱ្យគាត់ងាយយល់បាន។
មន្ត្រីបានធានាចំពោះសហគមន៍ថា ពួកគាត់នឹង «មិនរងផលប៉ះពាល់» ប៉ុន្តែការធានានេះពិបាកក្នុងការវាយតម្លៃដោយឯករាជ្យ ក្នុងករណីដែលគ្មានផែនការ និងប្រហែលជាមិនខ្វល់ពីផលប៉ះពាល់ដោយប្រយោល។ លទ្ធផលនៃការសម្ភាសក្នុងករណីសិក្សាក៏បង្ហាញថា ក្រុមហ៊ុនផ្តល់ប្រឹក្សាមានភាពមិនច្បាស់លាស់ក្នុងការពន្យល់ពីគោលបំណងនៃការប្រមូលទិន្នន័យមូលដ្ឋាន។
ដំណើរការនេះមិនអនុលោមតាមស្តង់ដាអន្តរជាតិ និងការណែនាំផ្ទាល់របស់ក្រសួងបរិស្ថានឆ្នាំ ២០២០ ដែលថាការចូលរួមជាសាធារណៈគឺដើម្បីផ្តល់ព័ត៌មានលម្អិតអំពីគម្រោង និងទទួលស្តាប់ក្តីកង្វល់ ការរិះគន់ មតិកែលម្អ មតិគាំទ្រ និងព័ត៌មានលម្អិតទាក់ទងនឹងទិន្នន័យបរិស្ថានដែលមានស្រាប់។ ក្នុងចំណោមការព្រួយបារម្ភនានា ស្ត្រី មិនត្រូវបានរាប់បញ្ចូល ឬដឹងតិចតួចអំពីគម្រោងនេះ។
នេះជារឿងសំខាន់ណាស់ ដោយសារតែស្ត្រីគឺជាអ្នកប្រើប្រាស់ទឹកដ៏សំខាន់ដោយសារជីវភាពរស់នៅរបស់ពួកគាត់នៅពឹងផ្អែកលើទឹក។ ស្ត្រីអាចជាអ្នកផ្តល់ព័ត៌មានដ៏ល្អ ដើម្បីធ្វើឱ្យមានឥទ្ធិពលលើការតាក់តែងគម្រោង ប៉ុន្តែជារឿយៗស្ត្រីត្រូវបានផាត់ចេញ ដោយអ្នកអភិវឌ្ឍន៍ និងមន្ត្រី ដោយលើកឡើងថា គាត់ «មិនយល់» អំពីគម្រោង។
កង្វះតម្លាភាពបានបង្កឱ្យមានមន្ទិល និងចម្ងល់ថា តើវាជាដំណើរការពិគ្រោះយោបល់ពេញលេញ ឬថា តើគម្រោងនេះស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យ ឬស្វែងរក "ព័ត៌មានបន្ថែម"។ ការប្រឹក្សាយោបល់នេះធ្វើមិនបានល្អ ខកខានក្នុងការបំពេញតាមការប្តេជ្ញាចិត្តជាតិ ឬអន្តរជាតិ ដែលចាំបាច់ត្រូវការកែសម្រួលជាបន្ទាន់ ដើម្បីឱ្យភាគីពាក់ព័ន្ធរួមទាំងអ្នកអភិវឌ្ឍន៍អាចត្រូវបានជូនដំណឹង និងមានការទទួលខុសត្រូវ។
ទាក់ទងនឹងការប្តេជ្ញាចិត្តផ្សេងទៀត ការជូនដំណឹងទៅគណៈកម្មការទនេ្លមេគង្គ និងលេខាធិការដ្ឋានអនុសញ្ញាតំបន់រ៉ាមសារពិតជាចំាបាច់ ហើយការពិគ្រោះយោបល់ និងការសិក្សាលម្អិតរវាងរដ្ឋសមាជិករបស់គណៈកម្មការទនេ្លមេគង្គ គឺមានសារៈសំខាន់ណាស់។ សហគមន៍ និងអង្គការសង្គមស៊ីវិលចាំបាច់ត្រូវទទួលបានការជូនដំណឹងពីដំណើរការសំខាន់ៗ ផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ហើយកិច្ចការនេះអាចសម្រេចបានតាមរយៈការបង្កើនការយល់ដឹង និងចៀសវាងកុំឱ្យមានជំហរខុសគ្នាច្រើនក្នុងការងារនេះ។ អង្គការអុកស្វាមជំរុញឱ្យមានការយកចិត្តទុកដាក់លើការពិគ្រោះយោបល់ប្រកបដោយបរិយាបន្ន ដែលតម្រូវឱ្យមានវិធានការជាក់លាក់ ដូចជារៀបចំការពិគ្រោះជាមួយក្រុមស្ត្រី និងកំណត់ពីរបៀបនៃការពិគ្រោះយោបល់ជាមួយក្រុមជនពិការ។
ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា គឺកើតមានជារៀងរាល់ថ្ងៃ។ សារៈសំខាន់នៃតំបន់ដីសើមចំពោះប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គដែលងាយរងគ្រោះគឺកាន់តែច្បាស់ឡើង។
ការផ្លាស់ប្តូរទាំងឡាយ គឺត្រូវតែមានការវាយតម្លៃដោយប្រុងប្រយ័ត្ន។ កាតព្វកិច្ច និងការសិក្សាដែលចាំបាច់ទាំងនេះគឺស្មុគស្មាញ ត្រូវការធនធាន ការធ្វើផែនការ និងពេលវេលា។ បទពិសោធ និងភ័ស្តុតាងក្នុងតំបន់បង្ហាញថា ការខកខានក្នុងការអនុវត្តតាមដំណើរការដោយត្រឹមត្រូវអាចបណ្តាលឱ្យមានមហន្តរាយដល់សហគមន៍ គម្រោងអាចបរាជ័យ និងបង្កវិវាទរយៈពេលវែង នៅពេលដែលមានធនធានគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព។
អង្គការអុកស្វាមស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា និងជំរុញឱ្យរដ្ឋាភិបាល និងអ្នកអភិវឌ្ឍន៍បង្កើនតម្លាភាពបន្ថែមទៀត ដើម្បីបញ្ជាក់ពីភាពមិនប្រក្រតីរវាងការប្តេជ្ញាចិត្តមិនសាងសង់ទំនប់វារីអគ្គិសនីថ្មី និងការសិក្សាសមិទ្ធិលទ្ធភាពបច្ចុប្បន្ននៅខេត្តស្ទឹងត្រែង។
ភាគីពាក់ព័ន្ធទាំងអស់ត្រូវបានជំរុញឱ្យអនុវត្តតាមការណែនាំអន្តរជាតិ និងថ្នាក់ជាតិ ដើម្បីលើកកម្ពស់ការពិគ្រោះយោបល់ប្រកបដោយអត្ថន័យ។ ការណែនាំទាំងនោះមានស្រាប់ហើយ ប៉ុន្តែប្រសិនបើមិនអើពើ កម្ពុជានឹងប្រឈមនឹងការបង្កើនការរេចរឹលនៃធនធានធម្មជាតិ និងបន្សល់មរតកដូចមានក្នុងរូបភាពខាងលើ៕
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមនៅកម្ពុជា (នេះ គឺជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ មិនឆ្លុះបញ្ចាំងពីកាសែត ភ្នំពេញ ប៉ុស្តិ៍ ទេ)