ខណៈ​ដែល​កម្ពុជា​ទទួល​ស្វាគមន៍​ប្រមុខរដ្ឋ​អាស៊ាន​មកកាន់​ទីក្រុង​ភ្នំពេញ​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤០​ និង​ ៤១ ​យើង​អាច​រំពឹងថា តម្រូវការ​ថាមពល​ សម្រាប់​ភ្លើង​បំភ្លឺ​ និង​ម៉ាស៊ីនត្រជាក់​នឹង​កើនឡើង​ខ្ពស់​នៅ​រាជធានី​ភ្នំពេញ​។

កិច្ចប្រជុំ​នេះ កើតឡើង​ចំពេល​ដ៏សំខាន់​បំផុត​មួយ​នៅពេល​ដែល​សកលលោក​កំពុង​តែ​វឹកវរ​ជាមួយ​នឹង​វិបត្តិ​ថាមពល​ ដែល​មិន​ធ្លាប់មាន​ពីមុនមក និង​បាន​ធ្វើឱ្យ​ជាប់គាំង​ដល់​វឌ្ឍនភាព​លើ​ថាមពល​កាត់បន្ថយ​កាបូន​នៅពេល​ដែល​កម្មវិធី​បរិស្ថាន​អង្គការ​សហប្រជាជាតិ ​(UNEP) ​បាន​ព្យាករ​កំណើន​សីតុណ្ហភាព​ចំនួន​ ២,៨ អង្សាសេ​នៅ​ចុង​សតវត្សរ៍​ ដែល​នេះ​ជា​កម្រិត​មួយ​ខ្ពស់​ខ្លាំង​ជាង​កម្រិត​ ដែល​បាន​កំណត់​នៅក្នុង​គោលដៅ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ពោល​គឺ ​១,៥ អង្សាសេ ទៅ ២ សង្សាសេ (​របាយការណ៍​គម្លាត​ការបំភាយ​របស់ UNEP ឆ្នាំ​ ២០២២) ​។


ទោះជា​យ៉ាងណា​ក្តី អាស៊ាន​មាន​បច្ចេកវិទ្យា ធនធាន​មនុស្ស និង​ធនធាន​ធម្មជាតិ​ ដើម្បី​ធ្វើឱ្យ​មាន​អន្តរកាល​ថាមពល​ឈានមុខ​គេ​មួយ​លើ​ពិភពលោក​ហើយ​ ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​នេះ យើង​សង្ឃឹម​ថា ប្រទេស​ជា​សមាជិក​នឹង​កសាង​បន្ត​លើ​វឌ្ឍនភាព​ដែល​មាន​រួចហើយ និង​កំណត់​បន្ថែមទៀត​អំពី​វិធី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​នៃ​អន្តរកាល​ថាមពល​។ ផ្អែក​តាម​គោលការណ៍​នៃ​កិច្ចសហប្រតិបត្តិការ​ និង​ផលប្រយោជន៍​ទៅវិញ​ទៅមក​របស់​ខ្លួន អាស៊ាន​អាច​ក្លាយជា​តួអង្គ​ដឹកនាំ​ពិភពលោក​មួយ ដោយ​ជំរុញ​អន្តរកាល​ថាមពល​ប្រកប​ដោយ​យុត្តិធម៌ ដែល​មិន​ធ្វើឱ្យ​មាន​ផលប៉ះពាល់​បន្ថែមទៀត​ទៅ​លើ​វិសមភាព​ដែល​មាន​ស្រាប់ និង​មិន​ទុក​នរណា​ម្នាក់​ចោល​ឡើយ​។


ផ្អែកលើ​ការពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ជាមួយ​ដៃគូ​ដែល​ជា​អង្គការ​សង្គម​ស៊ីវិល និង​អ្នកជំនាញ​នានា​មកពី​ទូទាំង​អាស៊ី​អាគ្នេយ៍ អង្គការ​អុកស្វាម​ជឿជាក់​ថា រដ្ឋ​ជា​សមាជិក​អាស៊ាន​មាន​ឱកាស​ដើម្បី “​ជំរុញ​” ​អន្តរកាល​ថាមពល​មួយ​ដែល​ផ្តល់​សន្តិសុខ​ថាមពល មាន​បរិយាប័ន្ន និង​យុត្តិធម៌​។ យើង​ទទួល​ស្គាល់​បញ្ហា​ប្រឈម​ធំៗ​ទាក់ទង​នឹង​កំណើន​ប្រជាជន​យ៉ាង​រហ័ស​នៅក្នុង​បណ្តា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​បំផុត​ក្នុង​ពិភពលោក និង​មាន​តម្រូវការ​ថាមពល​ដ៏រហ័ស​បំផុត និង​បង្កឱ្យ​មាន​វិសមភាព​កាន់តែ​ខ្លាំង​ថែមទៀត​រវាង​ប្រជាជន​ និង​រវាង​រដ្ឋ​។ ក្នុង​តំបន់​អាស៊ាន ប្រជាជន​ប្រមាណ ២៩ លាន​នាក់​នៅតែ​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់​ ហើយ​ប្រជាជន​ចំនួន​ ២១៩ លាន​នាក់​ចម្អិន​អាហារ​ដោយ​ជីវ​ឥន្ធនៈ​រឹង​។


សម្តេច​អគ្គមហាសេនាបតី​​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​បច្ចុប្បន្ន​បាន​បង្ហាញ​ពី​ភាព​បន្ទាន់​នៃ​តម្រូវ​ការចាំបាច់​ឱ្យមាន​អន្តរកាល​ថាមពល​មួយ​ដែល "​ជំរុញ​ការចូលរួម ពង្រឹង​សហប្រតិបត្តិការ​ និង​បង្កើន​ការយកចិត្ត​ទុកដាក់​ចំពោះ​អន្តរកាល​ថាមពល​" និង​បាន​បន្ត​កត់សម្គាល់​ថា នេះ​រួមបញ្ចូល​ទាំង​“...​គោលនយោបាយ ច្បាប់ និង​បទប្បញ្ញត្តិ​ទាក់ទង​នឹង​ថាមពល​ស្អាត​កិច្ចការពារ​បរិស្ថាន និង​ការគ្រប់គ្រង​ធនធាន​ថាមពល​...” ទស្សនវិស័យ​ថាមពល​អាស៊ាន​លើក​ទី ៧ (AEO7) បាន​កំណត់​មាគ៌ា​ជា​សក្តានុពល​ ដើម្បី​សម្រេច​បាន​សន្តិសុខ​ថាមពល​រយៈពេល​វែង និង​របៀបវារៈ​អន្តរកាល​ថាមពល រួមទាំង​ផលប៉ះពាល់​លើ​សង្គម​ផងដែរ​។


អង្គការ​អុកស្វាម​ដឹងថា​កង្វះខាត​ថាមពល​ដែលមាន​ស្ថិរភាព​ធ្វើឱ្យ​សហគមន៍​កាន់តែ​ងាយ​រងគ្រោះ​ផ្នែក​សង្គម​សេដ្ឋកិច្ច​បន្ថែម​ទៀតហើយ​បញ្ហា​នេះ​រឹតតែ​ធ្ងន់ធ្ងរ​ថែមទៀត​ ចំពោះ​សហគមន៍​ដែល​រស់នៅក្នុង​តំបន់​ដាច់ស្រយាល ជនជាតិ​ភាគតិច ស្ត្រី និង​ជន​មាន​ពិការភាព​។ កន្លងមក​យើង​តែង​ឃើញ​គម្រោង​ឥន្ធនៈ​ហ្វូស៊ីល និង​ថាមពល​វារីអគ្គិសនី​ធ្វើឱ្យ​ភាពក្រីក្រ​ត​ជំនាន់​កាន់តែ​កើនឡើង​ ដោយ​ក្នុងនោះ​អ្នក​ដែល​ទទួល​បាន​អត្ថប្រយោជន៍​តិចបំផុត​ពី​គម្រោង ជា​អ្នក​រង​ការខាតបង់​ច្រើន​ជាងគេ​បំផុត​តាមរយៈ​ការផ្លាស់ប្តូរ​លំនៅ​ថ្មី ការបាត់បង់​លទ្ធភាព​ប្រើប្រាស់​ដីធ្លី ទទួល​រង​ការបំពុល​ខ្យល់ និង​ទឹក ក៏ដូចជា​មិនមាន​លទ្ធភាព​ប្រើប្រាស់​ថាមពល​ផងដែរ​។


សហគមន៍​ដែល​រង​ផលប៉ះពាល់​ដោយ​អន្តរកាល​ថាមពល មាន​សិទ្ធិ​បញ្ចេញមតិ​នៅក្នុង​ការសម្រេច​ចិត្ត​ណា​ដែល​ប៉ះពាល់​ដល់​ពួកគេ ហើយ​ភាពអយុត្តិធម៌ និង ក្តីបារម្ភ​របស់​អ្នក​ដែល​ប៉ះពាល់​ចាំបាច់​ត្រូវតែ​ទទួល​បាន​ការទទួល​ស្គាល់ និង​ដោះស្រាយ​តាមរយៈ​ការបែងចែក​ដោយ​ស្មើភាព​នូវ​ទំនួល​ខុសត្រូវ​ការចំណាយ និង​អត្ថប្រយោជន៍​រួមទាំង​ការផ្តល់​សំណង​សម្រាប់​អ្នក​ដែល​រង​ផលប៉ះពាល់​អវិជ្ជមាន​ផងដែរ​។

យើង​គិត​ស្រមៃ​ដល់​អន្តរកាល​ថាមពល​ដ៏យុត្តិធម៌​មួយ​ដែល​មាន​និរន្តរភាព​ចំពោះ​សង្គម បរិស្ថាន និង​សេដ្ឋកិច្ច ដោយ​ធានា​តុល្យភាព​នៃ​ការចំណាយ​ និង​អត្ថប្រយោជន៍​ពី​ការអភិវឌ្ឍ​វិស័យ​ថាមពល​ដោយ​មិន​ធ្វើឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សង្គម​នាពេល​បច្ចុប្បន្ន និង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ នេះ​មាន​ន័យថា ការដាក់បញ្ចូល​ “​យើង​” (“US”)​ នៅក្នុង​យុត្តិធម៌​ (just) និង​ធានា​ការបែងចែក​ប្រកប​ដោយ​សមធម៌​នូវ​ការចំណាយ និង​អត្ថប្រយោជន៍​រវាង​រដ្ឋ​ជា​សមាជិក និង​រវាង​សហគមន៍​មិន​ត្រឹមតែ​រវាង​ពិភពលោក​ខាងជើង និង​ខាងត្បូង​ប៉ុណ្ណោះ​ទេ ដូច​ដែល​គេ​តែង​លើក​ឡើង​ជា​ញឹកញាប់​នៅក្នុង​ការជជែក​ពិភាក្សា​អំពី​អាកាសធាតុ​។

អាស៊ាន​អាច​ធ្វើការ​ប្តេជ្ញាចិត្ត​ក្នុង​ពេលនេះ ដើម្បី​ធានាថា អន្តរកាល​ថាមពល​គឺ​ផ្តោតលើ​មនុស្ស និង​មាន​សមធម៌ និង​មិន​បង្កើន​ចំនួន​មនុស្ស​ដែល​ត្រូវបាន​គេ​ទុកចោល និង​ត្រូវបាន​គេ​ផាត់ចេញ​ពី​អត្ថប្រយោជន៍​នៃ​ថាមពល​កកើត​ឡើងវិញ​ឡើយ​។ អង្គការ​អុកស្វាម​ជំរុញ​ឱ្យ​អាស៊ាន​អនុវត្ត​គោលនយោបាយ​ថាមពល​កកើតឡើង​វិញ​ដែល​ឆ្លើយតប​នឹង​យេនឌ័រ​របស់ខ្លួន (​ផែនទី​បង្ហាញផ្លូវ​យេនឌ័រ​អាស៊ាន​) (ASEAN RE-Gender Road-map) ​ដើម្បី​ទាញយក​កាលានុវត្តភាព​នៃ​ការបង្កើន​ថវិកា​ សម្រាប់​គម្រោង​ថាមពល និង​ធានាថា​យេនឌ័រ និង​ក្តីបារម្ភ​របស់​ស្ត្រី​គឺជា​ចំណុច​ស្នូល​នៃ​ការតាក់តែង​ និង​ការអនុវត្ត​ថាមពល​កកើត​ឡើង​វិញ​។

តាមរយៈ​ការកសាង​បន្ត​លើ​បណ្តុំ​ថាមពល​កកើត​ឡើងវិញ​ចម្រុះ និង​សេដ្ឋកិច្ច​ដែល​មាន​ការចូលរួម​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ជាច្រើន រួមទាំង​រដ្ឋាភិបាល វិស័យ​ឯកជន​សហគមន៍​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍ អាស៊ាន​អាច​ធ្វើ​ដំណើរ​ហួស​ពី​តារាង​តុល្យការ​រូបិយវត្ថុ ដើម្បី​ពិចារណា​ផលប៉ះពាល់​លើ​សង្គម និង​សហគមន៍​រួមជាមួយ​តម្រូវការ​ថាមពល​។ ​នេះ​នឹង​រួមបញ្ចូល​វិមជ្ឈការ​ប្រព័ន្ធ​ថាមពល និង​ការផ្តល់​លទ្ធភាព​ទទួល​បាន​ប្រព័ន្ធ​ដែល​គ្រប់គ្រង​ដោយ​សហគមន៍​ផ្ទាល់​ក្រៅ​បណ្តាញ (​ថាមពល​​កកើត​ឡើងវិញ​សហគមន៍​អាស៊ាន​៖ CORE) ការកសាង​ភាពធន់​ទ្រាំ​របស់​សហគមន៍​ និង​ការផ្តល់​ដល់​សហគមន៍​នូវ​លទ្ធភាព​ទទួល​បាន​នវានុវត្តន៍ ​និង​ជម្រើស​ ដើម្បី​ធ្វើ​អាជីវកម្ម​តាម​វិធី​ខុស​ពីមុន​ដែលមាន​ប្រសិទ្ធភាព​ថាមពល​កាន់តែ​ច្រើន​ថែមទៀត​។

ការឆ្លើយតប​ទៅនឹង​កត្តា​ប្រឈម​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកលលោក​ និង​បម្រែបម្រួល​អាកាសធាតុ ក្នុង​ខណៈ​ពេល​ធានាឱ្យមាន​អន្តរកាល​ថាមពល​ប្រកបដោយ​សមធម៌​ដែល​ក្នុងនោះ គ្មាន​នរណាម្នាក់​ត្រូវបាន​ទុកចោល​គឺជា​បញ្ហា​ប្រឈម​ ១ ​។​ការជំរុញ​អន្តរកាល​ថាមពល​ប្រកប​ដោយ​យុត្តិធម៌ មាន​ន័យថា​មិន​ត្រឹមតែ​ការផ្លាស់ប្តូរ​នៅក្នុង​បច្ចេកវិទ្យា និង​ជម្រើស​ហេដ្ឋារចនាសម្ព័ន្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ប្រមូលផ្តុំ​ថាមពល​ឡើងវិញ​ផង​ដែរ ជា​មូលដ្ឋាន​សម្រាប់​វិបុល​សុខ​របស់​មនុស្ស មិន​ត្រឹមតែ​កំណើន​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ​។ យើង​សង្ឃឹម និង​ជឿជាក់​ថា​ថ្នាក់ដឹកនាំ​អាស៊ាន​នឹង​ទទួល​ស្គាល់​បញ្ហា​ប្រឈម​នេះ​ដោយ​ចំហ ព្រមទាំង​ជំរុញ​ការចូលរួម​ពី​សំណាក់​ប្រជាជន​របស់ខ្លួន​ ដើម្បី​ធ្វើការ​ឆ្ពោះ​ទៅរក​ថាមពល​ស្អាត និង​និរន្តរភាព​៕

លោកស្រី ភាណ សោភ័ណ ​នាយិកា​អង្គការ​អុកស្វាម