ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ ៣ ​ថ្ងៃ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ប្រទេស​ចិន ចាប់ពី​ថ្ងៃទី ​៩ ខែកុម្ភៈ ដល់​ថ្ងៃទី​ ១១ ខែកុម្ភៈ ឆ្នាំ​​ ២០២៣ បានបញ្ចប់​ដោយ​លទ្ធផល​គួរឱ្យកត់សម្គាល់​។ ដំណើរ​ទស្សនកិច្ច​នេះ​ជា​មូលដ្ឋាន​ដ៏​សំខាន់បំផុត​បន្ថែម​ពីលើ​សម្ទុះ​ដែលមាន​ស្រាប់​ក្នុងការ​បង្កើន​ឱកាស​សម្រាប់​រដ្ឋាភិបាល​ទាំង ២ ​ក្នុងការ​លើកកម្ពស់​ទំនាក់​ទំនង​កម្ពុជា​-​ចិន​។​ ភាគី​ទាំង ២ បាន​អះអាង​ជាថ្មី​នូវ​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​គ្រប់​កាលៈទេសៈ និង​បាន​ឯកភាពគ្នា​ជា​ឯកច្ឆន្ទ​លើ​បញ្ហា​តំបន់​ និង​សកលលោក​ជាច្រើន​ដែលជា​ផលប្រយោជន៍​រួម​សម្រាប់​ប្រទេស​និង​ប្រជាជន​ទាំង ២។​

​ការប្រកាស «​ឆ្នាំ​មិត្តភាព​កម្ពុជា​-​ចិន​»​ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៦៥ ​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ផ្លូវការ​បាន​ឈានចូល​យុគសម័យ​ថ្មី​នៃ​ការកសាង​សហគមន៍​កម្ពុជា​-​ចិន ដែលមាន អនាគត​រួមគ្នា​កាន់​តែមាន​គុណភាព​ខ្ពស់ កម្រិត​ខ្ពស់ និង​ស្តង់ដា​ខ្ពស់ ដើម្បី​លើកកម្ពស់​ចំណងមិត្តភាព​ដែកថែប​រវាង​ប្រទេស​ទាំងពីរ​ទៅកាន់​ទំព័រ​ថ្មី​មួយទៀត​ដ៏​មានតម្លៃ​បំផុត សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​


​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​រវាង​កម្ពុជា​និង​ចិន​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​១៩៥៨​ប៉ុន្តែ​ជា​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​បានកើត​មាន​ឡើង​តាំងពី​សតវត្សរ៍​ទី​១៣​មកម្ល៉េះ​។ ក្នុងនាម​ជា​ប្រទេសជិតខាង​និង​ដៃគូ​ជិតស្និទ្ធ​ជា​ប្រពៃណី ប្រទេស​កម្ពុជា​និង​ចិន​បាន​លើកកម្ពស់​និង​ថែរក្សា​ចំណងមិត្តភាព «​ដែកថែប​» ដែល​មិនអាច​បំបែក​បាន​របស់ខ្លួន​ដោយបាន​ឆ្លងកាត់​ការសាកល្បង​ពេលវេលា​និង​ការលំបាក​ជាច្រើន​ជា​ប្រវត្តិសាស្ត្រ​។​


​យោងតាម​សេចក្តីថ្លែងការណ៍​រួម​រវាង​កម្ពុជា​និង​ចិន ដែល​ចេញផ្សាយ​នៅ​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​មាន​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ចំនួន​១២ ត្រូវបាន​ចុះហត្ថលេខា រួមមាន វិស័យ​កិច្ចការបរទេស កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ ការនាំចេញ​កសិផល​ទៅកាន់​ប្រទេស​ចិន ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការការពារ​បេតិកភណ្ឌ​វប្បធម៌ ជាដើម​។ ជាពិសេស ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​បង្កើត «​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូង​ពេជ្រ​»​ដែលមាន​វិស័យ​អាទិភាព​ចំនួន​ប្រាំមួយ រួមមាន​កិច្ច​ស​


​ហ​ប្រតិបត្តិការ​នយោបាយ សមត្ថភាព​និង​គុណភាព​ផលិតកម្ម​កសិកម្ម ថាមពល សន្តិសុខ និង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន​។​


​កិច្ចសហប្រតិបត្តិការ​ឆកោណ​ត្បូង​ពេជ្រ​ថ្មី​និង​ទំនាក់ទំនង​ដ៏​ល្អ​ដែលមាន​ស្រាប់​រវាង​កម្ពុជា និង​ចិន នាំមក​នូវ​ការរំពឹងទុក​ដ៏​ធំធេង​និង​សុទិដ្ឋិនិយម​ដ៏​អស្ចារ្យ​សម្រាប់​កម្ពុជា​ដោយសារ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​កំពុងមាន​សម្ទុះ និង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ក៏​កាន់តែ​ត្រូវបាន​ពង្រឹង​។ វិស័យ​អាទិភាព​ទាំង​ប្រាំមួយ ឆ្លើយតប​យ៉ាង​ឥតខ្ចោះ​ចំពោះ​តម្រូវការ​ជាក់ស្តែង​និង​ទាន់ពេលវេលា​របស់​កម្ពុ​ជា​។​


​ក្នុងនាម​ជា​ប្រទេស​រង​សោកនាដកម្ម​ដោយសារ​ជម្លោះ​និង​សង្គ្រាម កម្ពុជា​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ការផ្តល់​អាទិភាព​ដល់​សន្តិភាព​និង​ស្ថិរភាព​ទាំង​ក្នុងប្រទេស​និង​ក្នុង​តំបន់ ការកសាង​វិបុលភាព និង​ការអភិវឌ្ឍ ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា​ទៅវិញទៅមក ក្នុង​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​ប្រទេស​ដទៃទៀត​។​ប្រទេស​ចិន​គឺជា​មហាអំណាច​មួយ​ដែល​តែងតែ​គាំទ្រ​ជម្រើស​ឯករាជ្យ​របស់​ប្រជាជន​កម្ពុជា​ក្នុងការ​ជ្រើសរើស​មាគ៌ា​អភិវឌ្ឍន៍​របស់ខ្លួន​ដែល​សមស្រប​បំផុត​ទៅនឹង​លក្ខខណ្ឌ​ជាតិ​របស់ខ្លួន គាំទ្រ​កម្ពុជា​ក្នុងការ​ការពារ​អធិបតេយ្យភាព​និង​សន្តិសុខ​ជាតិ លើកកម្ពស់​របៀបវារៈ​នយោបាយ​ក្នុងប្រទេស​សំខាន់ៗ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម និង​ប្រឆាំង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។​

​ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ការរៀបចំ​ឱ្យបាន​ចប់​កាន់តែ​ឆាប់​នូវ​«​ផែនការ​សកម្មភាព​ថ្មី​នៃ​ការកសាង​សហគមន៍​កម្ពុជា​-​ចិន ដែលមាន​អនាគត​រួមគ្នា​»​ពិត​ជាមាន​សារៈសំខាន់ និង​ចាំបាច់​បំផុត ដើម្បី​ផ្តល់​សម្ទុះ​បន្ថែមទៀត​ដល់​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ​។​

​ចក្ខុវិស័យ​របស់​ប្រទេស​ចិន​សម្រាប់​ការអភិវឌ្ឍ​សកល​និង​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​របស់ខ្លួន​ជាមួយ​កម្ពុជា​ត្រូវបាន​គេ​មើលឃើញ​តាមរយៈ​កំណត់ត្រា​នៃ​ការវិនិយោគ​របស់​ចិន​នៅ​កម្ពុជា​។ នៅ​បណ្តា​ឆ្នាំ​ដំបូងៗ ប្រទេស​ចិន​បានធ្វើការ​វិនិយោគ​យ៉ាង​សម្បើម​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និង​ការអភិវឌ្ឍ​ធនធានមនុស្ស​បាន​ជួយ​ជំ​រុញឱ្យ​កម្ពុជា​ផ្លាស់ប្តូរ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប (LMIC)​។​

រូបថត AKP

​យោងតាម​ស្ថិតិ​ដែល​ចេញផ្សាយ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ការវិនិយោគ​របស់​ចិន​នៅ​កម្ពុជា មាន​ចំនួន​ជិត ២២​ភាគរយ​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI)​សរុប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចន្លោះ​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៩​។ នៅ​ឆ្នាំ​២០១៧​កម្ពុជា​បានទទួល​ជំនួយ​អភិវឌ្ឍន៍​របស់​ចិន​ប្រមាណ ៤,២​ពាន់​លាន​ដុល្លារ ដែល​ភាគច្រើន​ជា​ជំនួយឥតសំណង​និង​ជា​ឥណទាន​សម្បទាន​។​នៅ​ឆ្នាំ​២០២១​ប្រទេស​ចិន​បាន​ឈរ​នៅលើ​កំពូល​តារាង​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ជាមួយនឹង​ទុនវិនិយោគ​សរុប​ប្រមាណ​២,៣២​ពាន់​លាន​ដុល្លារ កើនឡើង ៦៧​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២០​។​

​ខេត្ត​ព្រះសីហនុ​គឺជា​ច្រករបៀង​សេដ្ឋកិច្ច​តំបន់ឆ្នេរ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​ដែលមាន​សក្តានុពល​ដ៏​ធំធេង​សម្រាប់​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម​និង​ការដឹកជញ្ជូន ទេសចរណ៍​និង​ការកម្សាន្ត និង​ជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fin-tech Hub)​។ វា​ពិត​ជាមាន​សារៈសំខាន់​ណាស់​ដែល​ប្រទេស​ចិន​រក្សា​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​អភិវឌ្ឍ​បន្ថែមទៀត​នូវ​«​ច្រករបៀង​ឧស្សាហកម្ម​និង​បច្ចេកវិទ្យា​» ហើយ​ប្រទេស​ទាំងពីរ​បានរួម​គ្នា​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​នៃ​ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​ជា​គំរូ​មួយ​។ ជាមួយនឹង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​និង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ការអភិវឌ្ឍ​ច្រករបៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​នឹង​ទាក់ទាញ​សហគ្រាស​ចិន​ដែលមាន​សមត្ថកិច្ច​ខ្ពស់​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​ថែមទៀត និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​លើ​ផ្នែក​ដឹកជញ្ជូន បណ្តាញ​អគ្គិសនី ខ្សែកាប​អុ​ប​ទិ​ក ឃ្លាំង​ស្តុក​ទំនិញ និង​ភស្តុភា​រកម្ម ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការរួមបញ្ចូល​គ្នា​នៃ​កិច្ចសហប្រតិបត្តិការ​ស​ម​ត្ថ​ភាព​ផលិតកម្ម​កម្ពុជា​-​ចិន​។​

​ជាមួយនឹង​កម្លាំង​ជំរុញ​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP)​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​(CCFTA) ការបង្កើត «​ច្រករបៀង​ត្រី និង​អង្ករ​»​នៅ​តំបន់​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​និង​តំបន់​បឹង​ទន្លេសាប នឹង​ជំរុញឱ្យមាន​ការអភិវឌ្ឍ​នៃ​វិស័យ​កសិកម្ម​អេកូឡូស៊ី​ទំនើប​។ ការធ្វើ​ទំនើបកម្ម​កសិកម្ម​កម្ពុ​ជា នឹង​ធានាបាន​នូវ​កសិផល​កម្ពុ​ជាមាន​បរិមាណ​និង​គុណភាព​ខ្ពស់ជាង​មុន​សម្រាប់​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​។​ការសម្រេច​ឱ្យបាន​នូវ​សក្តានុពល​ដ៏​ធំ​សម្បើម​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ប្រាកដជា​នឹង​បង្កើន​កម្រិត​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កើន​ឡើងជា​ពីរ​ឬ​ជា​បី​។​

​យោងតាម​អង្គការ​ទេសចរណ៍​ពិភពលោក​នៃ​អង្គការសហប្រជាជាតិ ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​គឺជា​ប្រទេស​ដែល​ទទួល​ភ្ញៀវទេសចរ​ចិន​ច្រើនជាងគេ​ទី​៨​។ ក្នុង​ឆ្នាំ​២០១៩ ចំនួន​ភ្ញៀវទេសចរ​ចិន​មាន​ជាង ២,៣​លាន​នាក់ ឬ ៣៦​ភាគរយ​នៃ​ចំនួន​ភ្ញៀវទេសចរ​បរទេស​សរុប​។ ភ្ញៀវទេសចរ​ចិន​បាន​ចូលរួមចំណែក​យ៉ាងខ្លាំង​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​និង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​។​

​ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ចិន​ដើម្បី​បង្កើន​ប្រសិទ្ធភាព​និង​កែសម្រួល​គោលនយោបាយ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩​របស់ខ្លួន ដោយ​ផ្អែកលើ​ស្ថានភាព​វិវត្តន៍ និង​ជាមួយនឹង​មិត្តភាព​ដែកថែប​កម្ពុជា​-​ចិន​, កម្ពុ​ជាមាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ចំនួន​ភ្ញៀវទេសចរ​ចិន​ដែល​ចូលមក​ទស្សនា​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែ​ច្រើនឡើង​នាពេលខាងមុខ​។ ប្រទេស​ចិន​ គឺជា​ប្រភព​ទីផ្សារ​ទេសចរណ៍​ដ៏​ធំ​បំផុត​របស់​ពិភពលោក ហើយ​ការ​រស់​ឡើងវិញ​នៃ​ការធ្វើដំណើរ​នឹង​ផ្តល់​ភាពរឹងមាំ​ផ្នែក​សេដ្ឋកិច្ច​និង​វប្បធម៌​សម្រាប់​ប្រទេស​កម្ពុជា អាស៊ាន និង​ពិភពលោក​ទាំងមូល​។​

​ទំនាក់ទំនង​ដ៏​ល្អ​និង​មាន​ស្ថិរភាព​រវាង​កម្ពុជា​និង​ចិន​ត្រូវបាន​បង្ហាញឱ្យឃើញ​តាមរយៈ​កម្មវិធី​ផ្លាស់ប្តូរ​យ៉ាង​ទូលំទូលាយ​និង​ញឹកញាប់ ដែល​ធ្វើឡើង​រវាង​មន្ត្រី​រដ្ឋាភិបាល អ្នកដឹកនាំ​ធុរកិច្ច អ្នកសិក្សា​ស្រាវជ្រាវ និស្សិត សិស្ស និង​ប្រជាជន​មកពី​គ្រប់​មជ្ឈដ្ឋាន ដែល​សុទ្ធតែ​ទទួលបាន​ការគាំទ្រ​ផ្នែក​ថវិកា​ពី​រដ្ឋាភិបាល​ចិន​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ឆ្នាំ​នៃ​មិត្តភាព​កម្ពុជា​-​ចិន បានផ្តល់​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ និង​ជា​ឱកាស​ដ៏​ល្អ​ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​នៅ​ថ្នាក់ក្រោម​ជាតិ បង្កើន​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន និង​ការផ្លាស់ប្តូរ​វប្បធម៌ ពង្រឹង​ការផ្លាស់ប្តូរ​យុវជន និង​លើកកម្ពស់​បុព្វហេតុ​មិត្តភាព​កម្ពុជា​-​ចិន​ទៅកាន់​ទំព័រ​ថ្មី​មួយទៀត​។​

​ក្នុង​យុគសម័យ​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​លើ​ត្បូង​ពេជ្រ​យើង​ជឿជាក់​ទាំងអស់គ្នា​យ៉ាង​មុតមាំ​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នឹង​បន្ត​រីកចម្រើន​កាន់តែខ្លាំង និង​ធ្វើ​ពិពិធ​កម្ម​លើ​គ្រប់​វិស័យ​ដែលជា​ផលប្រយោជន៍​រួម ហើយ​កាន់តែ​ភ្លឺស្វាង​ថែមទៀត​។ សាមគ្គីភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​អន្តរជាតិ បទពិសោធ​ដ៏​រឹងមាំ​ក្នុង​កិច្ចសន្ទនា​ទ្វេភាគី កំណើន​នៃ​ទំនាក់ទំនង​គ្រប់​កម្រិត​លើ​វេទិកា​ផ្សេងៗ ការយោគយល់​គ្នា​ទៅវិញទៅមក​ដែល​ចាក់ឫស​យ៉ាង​ស៊ីជម្រៅ និង​វិធីសាស្ត្រ​ប្រកបដោយ​ការគោរព​គ្នា​ពិតជា​នឹង​នាំ​បងប្អូន​ដែកថែប​ទាំងពីរ​ឆ្ពោះទៅរក​សមិទ្ធផល​ធំធេង​ជាង​នេះ​។ ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ឆកោណ​ត្បូង​ពេជ្រ​កម្ពុជា​-​ចិន​ថ្មី នឹង​បំភ្លឺ​ផ្លូវ និង​បង្កើត​សម្ទុះ​ពហុ​សណ្ឋាន​សម្រាប់​ការរួម​គ្នា​កសាង​សហគមន៍​កម្ពុជា​-​ចិន ដែលមាន​អនាគត​រួមគ្នា​៕

លោក​ គិ​ន ភា ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​បច្ចេក​សព្ទ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​