ភាសា​គ្រោតគ្រាត​នេះ​បង្កប់​នូវ​សារសំខាន់​ ២​។ សារ​ទី​១ គឺ​ចង់​និយាយ​អំពី​ភាពចាំបាច់​នៃ​ចំណេះដឹង​មូលដ្ឋាន​របស់​ពលរដ្ឋ​។ លទ្ធិប្រជាធិបតេយ្យ​គឺ​ផ្តោតលើ​ការគ្រប់គ្រង និង​ការសម្រេចចិត្ត​ដែល​ផ្អែកលើ​សំឡេង​ភាគច្រើន​។ យ៉ាងណាក្តី សំឡេង​ភាគច្រើន​មិនមែន​សុទ្ធតែ​ល្អ និង​ត្រឹមត្រូវ​ទាំងស្រុង​នោះទេ​។​

​ចុះបើ​ប្រជាពលរដ្ឋ​ចង់​បបួលគ្នា​ទៅធ្វើ​សង្គ្រាម​ដណ្តើម​កម្ពុជា​ក្រោម​មកវិញ​? ចុះបើ​សង្គម​ភាគច្រើន​ងាយ​ឆេះ​នឹង​មនោ​គម​ន៍​វិជ្ជា​រើសអើង​វណ្ណៈ និង​កម្ទេច​អ្នកមាន​ចោល​ដូច​មនោគមន៍វិជ្ជា ប៉ុល ពត​? គំនិត​ទាំងនេះ​គឺ​សុទ្ធតែ​អាច​ទទួលបាន​សំឡេង​ភាគច្រើន តាមរយៈ​ន​យោ​បាយ​ប្រជា​ភិ​ថុ​ត និង​នយោបាយ​ជ្រុលនិយម ប៉ុន្តែ​សំឡេង​ភាគច្រើន​ទាំងនេះ​មិនមែនជា​ការសម្រេច​ដ៏​ត្រឹមត្រូវ​សម្រាប់​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​ទេ​។​

​ពេលខ្លះ​យើង​អាច​គិតថា ឱ្យ​តែមាន​ប្រជាធិបតេយ្យ សង្គម​នឹងធ្វើ​ការសម្រេច​ចិត្ត​ត្រូវ​។ ឱ្យ​តែមាន​ប្រជាធិបតេយ្យ ប្រជា​ជន​គឺ​សុទ្ធតែ​សម្រេចចិត្ត​ត្រឹមត្រូវ និង​ប្រកបដោយ​សុភ​វិនិច្ឆ័យ ហើយ​មនុស្ស​ទាំងអស់​សុ​ទ្ធ​តែមាន​វិចារណញ្ញាណ ចេះ​វិភាគ​រកហេតុ​ផល​មុននឹង​ធ្វើការ​សម្រេច​ចិត្ត​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ជាតិ​។


​ប៉ុន្តែ សម្មតិកម្ម​បែបនេះ​គឺ​មិន​ត្រឹមត្រូវ​ឡើយ ប្រសិនបើ​ពលរដ្ឋ​ពុំមាន​ចំណេះ​​ដឹង​មូលដ្ឋាន ក្នុងការ​វែកញែក​រវាង​ខុស និង​ត្រូវ ហើយ​មិនអាច​បែងចែក​បាន​ថា អ្វីដែល​ជាការ​វិនិច្ឆ័យ​ដែល​ប្រើ​អារម្មណ៍ និង​អ្វីដែល​ប្រើ​ហេតុផល​។ សូម​កុំភ្លេចថា របប ប៉ុល ពត ក៏មាន​សំឡេងគាំទ្រ​ពី​ប្រជាជន​ភាគច្រើន​ដែរ​។ ប្រជាធិបតេយ្យ​ដែលមាន​ការគាំទ្រ​ដោយ​ប្រជាជន​ភាគ​ច្រើន ដែល​ពុំមាន​ចំណេះដឹង​មូលដ្ឋាន មានតែ​កំហឹង​វណ្ណៈ​ដូច​សម័យ​ប៉ុលពត គឺមាន​គ្រោះថ្នាក់​ខ្លាំងណាស់​។

​របប​ហ៊ី​ត្លែរ ក៏​សុទ្ធតែ​មានការ​គាំទ្រ​លើសលប់​ពី​ប្រជាជន​អាល្លឺម៉ង់​ដែរ​។ ប្រជាជន​អាល្លឺម៉ង់​ មានចំណេះដឹង​មូល​ដ្ឋា​ន​ខ្ពស់​រួចហើយ ប៉ុន្តែ​ពួកគាត់​ពោរពេញ​ទៅដោយ​កំហឹង និង​មាន​មនោសញ្ចេតនា​ជាតិនិយម​ជ្រុល​។ ជា​លទ្ធផល សម័យ​ហ៊ី​ត្លែរ​ក៏បង្ក​វិនាសកម្ម​ដល់​មនុស្សជាតិ និង​ពិភពលោក​ជាច្រើន​រាប់មិនអស់​ដែរ​។​


​ចំណែក​លទ្ធិប្រជាធិបតេយ្យ​របស់​ក្រិ​ក សម័យបុរាណ ដែល​ពួក​អឺរ៉ុប​តែងតែ​អួតថា ជា​ប្រភពដើម​នៃ​លទ្ធិប្រជាធិបតេយ្យ​នោះ តាមពិត​ គឺជា​សង្គម​ដែល​ដឹកនាំ​ដោយ​ជនជាតិ​ក្រិ​ក ១​ ក្តាប់​តូច ប៉ុន្តែ នៅ​ពីក្រោម​សង្គម​របស់​ពួកគេ​វិញ​គឺជា​សង្គម​ដែលមាន​ប្រព័ន្ធ​ទាសករ​ដែល​ត្រូវគេ​ជិះជាន់​កេង​ប្រវ័ញ្ច​។ សង្គម​ប្រជាធិបតេយ្យ​បែបនេះ ក៏​មិនមែនជា​សង្គម​ស្អាតស្អំ​ដែរ​។​


​នៅ​ប្រទេស​អ៊ីរ៉ា​ក់ ប្រជាពលរដ្ឋ​រាប់លាន​នាក់​បាន​ស្លាប់​បន្ទាប់ពី​ជោគជ័យ​នៃ​ការ​ផ្លាស់ប្តូរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែប្រទេស​អ៊ីរ៉ា​ក់ នៅ​ពុំទាន់​មាន​ប្រជាធិបតេយ្យ​នៅឡើយ​ទេ​។ រឹតតែ​អាក្រក់​ជាង​ហ្នឹង​ទៅទៀត​នោះ គឺ​ប្រទេស​នេះ​ក៏​ប្រហែលជា​កំពុង​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​បរទេស​ដោយ​ពួកគេ​គ្មាន​សិទ្ធិ​អធិបតេយ្យ​ក្នុងការ​គ្រប់គ្រង​ធនធាន​រ៉ែ​ប្រេង​របស់​ប្រទេស​ខ្លួនឯង​ឡើយ​។​

​នៅ​ប្រទេស​ប្រជាធិបតេយ្យ​ខ្លះ សិទ្ធិ​កាន់​កាំភ្លើង​ត្រូវបាន​គេ​លើកស្ទួយថា ​ជា​និមិត្តរូប​នៃ​ការការពារ​សិទ្ធិសេរីភាព​របស់​ប្រជាជន​។ ប៉ុន្តែ​ប្រសិនបើ​កាំភ្លើង​ត្រូវបាន​គ្រប់គ្រង​ដោយ​ពលរដ្ឋ​ដែល​មិនមាន​ការ​អប់រំ​ពី​កាតព្វកិច្ច​ក្នុង​ការគោរព​សិទ្ធិ​របស់​អ្នកដទៃ មិន​យល់​ពី​កាតព្វកិច្ច​ក្នុងការ​ចូលរួម​ការពារ​សន្តិ​សុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ហើយ​ផ្គើន និង​មិន​ស្តាប់បង្គាប់​អាជ្ញាធរ​សាធារណៈ វា​អាចបង្កើត​គ្រោះមហន្តរាយ​ដល់​សង្គម​ទៅវិញ​។​

​ប្រសិនបើ​កាំភ្លើង​ត្រូវបាន​គ្រប់គ្រង​ដោយ​មនុស្ស​ឆ្កួត ហើយ​ពួកគេ​ដើរ​បាញ់​កុមារ​នៅតាម​ដងផ្លូវ តាម​សាលារៀន ប៉ុន្តែ​សង្គម​ប្រជាធិបតេយ្យ​បែរជា​មិនអាច​ដក​ហូត​សិទ្ធិ​កាន់កាប់​កាំភ្លើង​បាន​ព្រោះថា​សិទ្ធិ​កាន់​កាំភ្លើង បាន​ក្លាយជា​និមិត្តរូប​ដ៏​ពិសិដ្ឋ​នៃ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ដូច្នេះ​យើង​មិនគួរ​ត្រូវការ​ប្រជាធិបតេយ្យ​បែបនេះ​ទេ​។ នេះ​ជា​ឧទាហរណ៍​ជាក់ស្តែង​បំផុត​មួយ​ដែល​បង្ហាញថា លទ្ធិ​ប្រជា​ធិ​ប​​តេ​យ្យ​មិនមែនជា​ថ្នាំ​ទិព្វ​ដែល​អាច​ព្យាបាល​ជំងឺ​សង្គម​បាន​ដោយ​ស្វ័យប្រវត្តិ​ទេ​។​

​លទ្ធិប្រជាធិបតេយ្យ​គឺ​អាស្រ័យ​យ៉ាងខ្លាំង​ទៅលើ​កម្រិត​របស់​ប្រជាជន​ប្រព័ន្ធ​សង្គម និង​តម្លៃសង្គម​របស់​ប្រទេស​នីមួយៗ ហើយក៏​មិនមាន​លទ្ធិប្រជាធិបតេយ្យ​ស្តង់ដា​តែមួយ ដែល​តម្រូវឱ្យ​ត្រូវ​គ្រប់​ប្រទេស​នោះដែរ​។ ប្រសិនបើ​សង្គម​អា​មេ​រិ​ក​ឱ្យ​តម្លៃ​លើ​សិទ្ធិ​កាន់​កាំភ្លើង ជាជាង​សិទ្ធិ​រស់រានមានជីវិត​របស់​កុមារ​នោះ​វា​គឺជា​សិទ្ធិ​ស្វ័យ​សម្រេច​របស់​អាមេរិក​ក្នុង​មាគ៌ា​ប្រជាធិបតេយ្យ​របស់ខ្លួន​ប៉ុន្តែ​ច្បាស់​ណាស់​ថា កម្ពុជា​នឹងមិន​ជ្រើស​យក​លទ្ធិ​-​ប្រជាធិបតេយ្យ​បែបនេះ​ទេ​។​

​នៅពេលដែល​ប្រជាធិបតេយ្យ​កញ្ជ្រោក​នៅក្នុង​ប្រទេស​ដែល​ពលរដ្ឋ​មិនមាន​ការ​អប់រំ​មូលដ្ឋាន ពលរដ្ឋ​អាច​នឹង​ត្រូវគេ​ពង្វក់​ទៅ​ទិស​ណា​ក៏បាន​៖ ទៅ​កម្ទេច​វៀត​ណា​ម​ដើម្បី​ដណ្តើម​កម្ពុជា​ក្រោម​មកវិញ​, ទៅ​កម្ទេច​ជនជាតិ​ចាម ចិន វៀតណាម​, ឬ​ទៅ​កម្ទេច​ពួក​អ្នកមាន អ្នកទីក្រុង និង​កម្ទេច​បញ្ញវន្ត កម្ទេច​មន្ត្រីរាជការ​, កម្ទេច​សាសនា ចោល​ទាំងអស់​ក៏បាន​។ នេះ​មិនមែនជា​សង្គម​ប្រជាធិបតេយ្យ​ដែល​យើង​ចង់​បានទេ​។​

​ដូច្នេះហើយ កត្តា​អប់រំ សមត្ថភាព​វិ​និ​​ច្ឆ័​យ ការចេះ​អាន ចេះ​សរសេរ ចំណេះដឹង​មូលដ្ឋាន បូករួម​ទាំង​សីលធម៌ ការចេះ​គោរព​អ្នកដទៃ និង​ស្គាល់​ភាពថ្លៃថ្នូរ គឺមាន​ភាពចាំបាច់ សម្រាប់​ពលរដ្ឋ​ក្នុងសង្គម​ប្រជាធិបតេយ្យ ដើម្បី​ធានាថា ប្រជា​ធិ​ប​តេ​យ្យ​ដែល​យើង​ចង់បាន​នោះ វា​បម្រើឱ្យ​សន្តិភាព និង​ភាព​សុខដុម​ក្នុងសង្គម​។​

​សារសំខាន់​ទី​២ គឺ​ចង់​និយាយថា ដើម្បី​ទ្រទ្រង់​ប្រជាធិបតេយ្យ​ស្អាតស្អំ​បាន​ទាល់​តែ​ពលរដ្ឋ​ចេះ​ស្គាល់​សិទ្ធិ និង​កាតព្វកិច្ច​ព្រម​គ្នា​។ ទាល់តែ​ពលរដ្ឋ​ចេះ​ទទួលខុស​​ត្រូវ​ចំពោះ​ខ្លួនឯង និង​ចំពោះ​ប្រទេសជាតិ​ដែរ​។ ប្រជាជន​ភាគច្រើន​ស្គាល់​តែ​សិទ្ធិ​ទេ ចេះតែ​ទាមទារ​សិទ្ធិ​ទេ ប៉ុន្តែ មិនដែល​គិតពី​កាតព្វកិច្ច​របស់​ពលរ​ដ្ឋ​នោះទេ​។​

​ប្រជាពលរដ្ឋ​ខ្លះ ទាមទារ​សិទ្ធិ​ខ្លាំង​ហួស​ហេតុ ប៉ុន្តែ មិនដែល​យក​ភ្នែក​មើល​សម្អាត​អនាម័យ​នៅផ្ទះ​ខ្លួនឯង​។ នេះ​បានន័យថា គាត់​គ្មាន​ចំណេះដឹង​ជា​មូលដ្ឋាន​ទាក់ទង​នឹង​អនាម័យ ហើយ​គាត់​គ្មាន​ការ​​ទទួលខុសត្រូវ​ចំពោះ​សុខភាព​ផ្ទាល់ខ្លួន​របស់គាត់ និង​ក្រុមគ្រួសារ​របស់គាត់​ទេ​។​

​គាត់​បំពេញ​កាតព្វកិច្ច​សាមញ្ញ​ក្នុងផ្ទះ​របស់គាត់​មិនបាន​ផង ប៉ុន្តែ គាត់​ស្រែក​ក្តែ​ងៗ​ថា ស្រឡាញ់​ជាតិ​។ តាមពិត ពល​​រដ្ឋ​ម្នាក់ៗ​សុទ្ធ​តែមាន​ភាព​ទទួល​ខុសត្រូវ​ក្នុងការ​មើលថែ​ខ្លួនឯង មិនមែន​អ្វីៗ​ត្រូវតែ​ដាក់​កំហុស​តែ​លើ​សង្គម​នោះទេ​។

​សំរាម​បោះចោល​ក្នុង​លូ ក្នុង​ប្រឡាយ បោះចោល​ពាសវាល​ពាសកាល ក្នុង​សួន​សាធារណៈ​។ សំរាម​មុខផ្ទះ​ខ្លួនឯង​មិនដែល​បោស​ទេ ហើយ​អួតថា ស្រឡាញ់​ទឹកដី​កម្ពុជា​ខ្លាំងណាស់​។ ត្រឹមតែ​កាតព្វកិច្ច​មូលដ្ឋាន​ជា​ពលរដ្ឋ​បំពេញ​មិនបាន​ផង ហើយ​បើ​ផ្ទះ​ខ្លួនឯង​មិនចេះ​សម្អាត​ផង តើ​អាច​អួតថា ខ្លួន​ស្រឡាញ់​ទឹកដី​ខ្មែរ​ដែរឬទេ​? ពលរដ្ឋ​ក៏ត្រូវ​ស្គាល់​កាតព្វកិច្ច​ខ្លួន​ទីពឹង​ខ្លួន​។ សូម្បី​ទ្រឹស្តី​ពុទ្ធសាសនា ក៏​អប់រំ​ឱ្យ​ខ្លួន​ទីពឹង​ខ្លួន​ដែរ​។

ការបង្រៀន​នេះ ​គឺ​ដូចជា​សម្ដី​របស់​អតីត​ប្រធានាធិបតី ច​ន អេ​ហ្វ ខេ​នេ​ឌី របស់​អាមេរិក​ដែល​ពោលថា «​យើង​មិនត្រូវ​សួរថា តើ​ប្រទេស​របស់​យើង​អាចធ្វើ​អ្វី​ឱ្យ​យើង​នោះទេ​។ យើង​ត្រូវ​សួរថា តើ​យើង​អាចធ្វើ​អ្វី​ដើម្បី​ប្រទេស​ខ្លួន​​ឯង​»​។

​យើង​មិនមែន​ត្រូវតែ​ផ្តេកផ្តួល​លើ​រដ្ឋ ហើយ​ឱ្យ​តែមាន​បញ្ហា​គឺ​ដាក់​កំហុស​តែ​លើ​រដ្ឋ​ទាំងអស់​នោះទេ​។ មិនដែល​សួរថា ខ្លួនឯង​បានធ្វើ​អ្វីខ្លះ​ចំពោះ​សង្គម​។ រកឃើញ​តែ​កំហុស​របស់​សង្គម ប៉ុន្តែ មិនដែល​យក​ភ្នែក​មើល​កំហុស​ខ្លួនឯង​។​

​ដូច្នេះ​និយាយ​សរុប​មកវិញ លទ្ធិ​ប្រជា​ធិបតេយ្យ​មិនមែន​ជឿនលឿន​រីកចម្រើន​ដោយ​ស្វ័យប្រវត្តិ​នោះទេ​។ ទាល់តែ​ពលរដ្ឋ​នៃ​សង្គម​ប្រជាធិបតេយ្យ​នោះ​មាន​ភាពជឿនលឿន និង​ចេះ​អភិវឌ្ឍ​ខ្លួន​ដែរ បាន​នាំឱ្យ​សង្គម​នោះ​ជឿនលឿន និង​ប្រកប​ដោយ​អរិយធម៌​ខ្ពង់ខ្ពស់​។

​ភាពអវិជ្ជា​អាច​ប្រែក្លាយ​លទ្ធិប្រជាធិបតេយ្យ​ទៅជា​បិសាច​បំផ្លាញ​សង្គម​បាន​។ លទ្ធិប្រជាធិបតេយ្យ​ដែល​ត្រូវបាន​កសាងឡើង​នៅក្នុង​សង្គម​ដែល​ប្រជាពលរដ្ឋ​ខ្វះ​ការអប់រំ​ត្រឹមត្រូវ​រស់​​នៅក្នុង​ភាពក្រីក្រ​តោកយ៉ាក​ជាមួយនឹង​កំហឹង​សងសឹក​ប្រឆាំងនឹង​អ្នកមាន និង​ការតាំង​ចិត្ត​តស៊ូ​ប្រឆាំង​វណ្ណៈ​, សង្គម​ដែល​ប្រជាជនមាន​មនោសញ្ចេតនា​ជាតិ​និយម​ជ្រុល​, សង្គម​ដែល​ប្រជាជន​ខ្វះ​វិន័យ​សីលធម៌ ខ្វះ​ការគោរព​អ្នកដទៃ និង​សេច​​ក្តី​ថ្លៃថ្នូរ​,​ លទ្ធិប្រជាធិបតេយ្យ​បែបនេះ នឹង​នាំឱ្យ​សង្គម​នោះ​បរាជ័យ ហើយ​បំផ្លាញ​សង្គម​នោះ​ដោយ​ឯកឯង​៕

ដោយ ស៊ឹម វីរៈ ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)