សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កំពុង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ប្រ​ទេស​ឥណ្ឌូនេស៊ី​។ ក្នុង​វ័យ​ ៤៥ ​ឆ្នាំ លោក​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ក្នុង​នាម​ជា​មេដឹកនាំ​ក្មេង​ជាងគេ ក្នុង​ចំណោម​មេដឹកនាំ​អាស៊ាន​ទាំង ១០​។​

​ប្រវត្តិសាស្ត្រ​សា​ឡើងវិញ​? ត្រឹមត្រូវ​ហើយពី​ព្រោះថា អតីតនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែ​ន ក៏បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកដំបូង​របស់គាត់​នៅ​ឆ្នាំ​ ១៩៩៩ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ក្នុងនាម​ជា​មេដឹកនាំ​អាស៊ាន​ក្មេង​ជាងគេ​ដែរ កាលដែល​គាត់​មាន​អាយុ​ ៤៧​ ឆ្នាំ​។​

​ក្រោម​ការដឹកនាំ​របស់​សម្តេច ហ៊ុន សែន កម្ពុជា​បាន​ក្លាយជា​សមាជិក​នៃ​សមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៍ (​អាស៊ាន​) នៅ​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៩៩ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។ ឥឡូវនេះ មាន​រយៈ​កាល ២៤ ឆ្នាំ​ហើយ ដែល​ប្រទេស​កម្ពុជា​បាន​ក្លាយជា​សមា​ជិក​នៃ​អង្គការ​តំបន់​មួយ​នេះ ដែល​ក្នុង​រយៈកាល​ចុងក្រោយ​នេះ ត្រូវបានគេទទួលស្គាល់​ថា ជា​តំបន់​មួយ​ដែលមាន​អំណាច​ការទូត និង​សេដ្ឋកិច្ច​ខ្លាំង តាមរយៈ​អំណាច​កោះប្រជុំ និង​ប្រមូលផ្តុំ​មេដឹកនាំ​នៃ​ប្រទេស​សំខាន់ៗ​ជាច្រើន​នៅលើ​ពិភពលោក ជាពិសេស ក្នុងអំឡុងពេល​នៃ​ការកើនឡើង​ការប្រកួត​ប្រជែង​រវាង​ប្រទេស​មហាអំណាច និង​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​។​


​ថ្វីដ្បិតតែ​មាន​វ័យក្មេង​ជាង​គេ​ក៏ដោយ យើង​មិនឃើញ​មាន​​ភាព​រដិបរដុប ក្នុងការ​បំពេញ​​តួនាទី​របស់គាត់​ឡើយ នៅក្នុង​រដូវ​កាល​នៃ​កិច្ចប្រជុំ​កំពូល​ដំបូង​របស់គាត់ ហើយ​យើង​ក៏​មិនឃើញ​មានការ​វាយតម្លៃ​ស្រាល ពី​សំណាក់​ដៃគូ​សន្ទនា​របស់​គាត់ ដោយសារតែ​អាយុ​ក្មេង​របស់គាត់​ដែរ​។ ផ្ទុយទៅវិញ បើ​វិនិច្ឆ័យ​លើ​ភាពម៉ឺងម៉ាត់ ហ្មត់ចត់​របស់គាត់ និង​លទ្ធផល​ក្រោយពី​ការប្រជុំ​នីមួយៗ យើង​​គួរតែ​អាច​និយាយបានថា គាត់​ពិតជា​បាន​បំពេញ​តួនាទី​បាន​យ៉ាង​ល្អ រលូន និង​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​។​


​គាត់​អង្គុយ​ដោយមាន​ទំនុកចិត្ត​ក្នុងអំឡុងពេល​កិច្ចប្រជុំ​អាហារ​ពេលព្រឹក​ជាមួយ​មេដឹកនាំ​វៀតណាម និង​ឡាវ​។ រូបថត​ពី​កិច្ចប្រជុំ​ទ្វេភាគី​ទាំងអស់​បានបង្ហាញ​ពី​ភាពរួស​រាយ និង​ញញឹមញញែម​របស់​អ្នកចូលរួម​ទាំងអស់ ដែល​ឆ្លុះបញ្ចាំង​ពី​បរិយាកាស​ស្និទ្ធស្នាល និង​រាក់ទាក់​។ ប្រៀប​បីដូច​ជាការជួបគ្នា​រវាង​មិត្ត​ចាស់​។ នៅក្នុង​ជំនួប​របស់គាត់​ជាមួយ​មេដឹកនាំ​ដែលមាន​វ័យ​ចំណាស់​ជាង​គាត់ ដូចជា​ព្រះ​ចៅ​ស៊ុ​ល​តង់​របស់​ប្រ៊ុយ​ណេ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា​ អ៊ីប្រាហ៊ីម ជាដើម គាត់​បាន​បង្ហាញ​ពី​ចរិត​សុភាពរាបសា និង​គួរសម ប៉ុន្តែ​ម៉ឺងម៉ាត់ និង​ថ្លៃថ្នូរ​។ នេះ​គឺជា​គុណធម៌​របស់​ខ្មែរ​ក្នុងការ​បង្ហាញ​ការគោរព​ចំពោះ​បុគ្គល​ដែលមាន​វ័យ​ចណាស់​ជាង​យើង​ ប៉ុន្តែ​លោក​នៅតែ​រក្សា​សមភាព​ក្នុងចំណោម​​មេដឹកនាំ​ប្រទេស និង​ក្នុងចំណោម​គ្រួសារ​អាស៊ាន​។​


​គាត់​បានបង្ហាញ​ពី​របៀបរបប​ការងារ​បែប​សាច់​ការ និង​ផ្តោត​លើ​លទ្ធផល​ជា​ចម្បង​។ ជាក់ស្តែង គាត់​បាន​ឈានដល់​ការសម្រេច​កិច្ចព្រមព្រៀង​ជាមួយ​ឥណ្ឌូនេស៊ី​ក្នុងការ​នាំចេញ​អង្ករ​ចំនួន ២៥​ ម៉ឺន​តោន ក្នុង​ ១ ឆ្នាំ​នៅក្នុង​ជំនួប​លើកដំបូង​របស់​គាត់​ជាមួយ​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ​។


ដូចគ្នានេះដែរ អនុស្រណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ភាពជា​ដៃគូ​រវាង​កម្ពុជា​-​ហ្វីលីពីន​ក្នុង​វិស័យ​កសិកម្ម និង​ការអភិ​វឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ក៏​ត្រូវបាន​ចុះហត្ថលេខា​ក្នុងអំឡុង​កិច្ចប្រជុំ​លើកដំបូង​របស់គាត់​ជាមួយ​ប្រធានាធិបតី​ហ្វេ​ីឌី​ណាន់ ម៉ា​កូ​ស ជូ​នៀរ ដែរ​។​

​នៅក្នុង​កិច្ចប្រជុំ​សំខាន់ៗ​ដូចជា​កិច្ចប្រជុំ​កំពូល​ពេញអង្គ និង​កិច្ចប្រជុំ​ចង្អៀត សម្តេច ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​អំពី​ការវិវឌ្ឍសំខាន់ៗ​នៅក្នុង​តំបន់ ដោយ​សង្កត់ធ្ងន់​លើ​ប្រធានបទ​របស់​ឥណ្ឌូនេស៊ី​៖ «​សារៈសំខាន់​អាស៊ាន​៖ ស្នូល​នៃ​កំណើន​»។

យ៉ាងណាមិញ គាត់​មិនមែន​ថ្មីថ្មោង​សុទ្ធសាធ ក្នុង​កិច្ចការ​ការ​ទូត​នោះទេ​។ គាត់​បាន​ប្រឡូក​ក្នុង​វិស័យនេះ មិនមែន​ក្រោម​ស្រមោល​នៃ​ឪពុក​របស់គាត់​ទេ គឺ​គាត់​បាន​ប្រឡូក​វិស័យ​ការទូត តាមបែប​ផែនការ​ងារ​យោធា​។ គាត់​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជា​មិត្ត​ជាច្រើន​ ដូចជា ចិន ឥណ្ឌា ជប៉ុន សិង្ហ​បុរី ថៃ និង​វៀតណាម​ជាដើម ហើយ​​ត្រូវ​​បានទទួល​ដោយ​កងកិត្តិ​យ​ស និង​មេដឹកនាំ​នៃ​ប្រទេស​ជា​មិត្ត តាំងពី​មុនពេល​ដែល​គាត់​ត្រូវ​បាន​បោះឆ្នោត​ជ្រើស​តាំង​​ជា​នាយករដ្ឋមន្ត្រី​។ គាត់​មាន​ជំនាញ​ក្នុង​កិច្ចការ​អន្តរជាតិ កិច្ចការយោធា និង​សេដ្ឋកិច្ច ដោយ​ផ្អែកលើ​សាវតារ​ដ៏​រឹងមាំ​នៃ​ការអប់រំ និង​ការងារ​របស់គាត់​​។​

​កិច្ចប្រជុំ​ទាំងអស់នេះ គួរតែ​សមល្មម​សម្រាប់​អ្នកសង្កេតការណ៍​បរទេស ក្នុងការ​បញ្ជាក់​ថា សម្តេច ហ៊ុន ម៉ា​ណែ​ត គឺជា​ដៃគូ​សន្ទនា​ដ៏​មាន​ប្រសិទ្ធភាព និង​មាន​ភាពចាស់ទុំ​ជាង​អាយុ​របស់គាត់​។​

​ប៉ុន្តែ​នៅមាន​ឥស្សរជន​ដែល​មាន​ស្រមោល​ឥទ្ធិពល​ធំ​ម្នាក់​ទៀត នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​នោះ​គឺ អតីត​នាយករដ្ឋមន្ត្រី​សម្តេច ហ៊ុន សែន​។​ នៅក្នុង​កិច្ចប្រជុំ​នោះ គ្រប់គ្នា​បាន​និយាយ​អំពី​ឈ្មោះ​របស់គាត់ និង​រំឭក​ពី​ការណ៍​ដែល​គាត់​បាន​បន្សល់​ទុក​កេរដំណែល​នានា​ទាក់ទង​នឹង​ការអភិវឌ្ឍ​ស្ថាប័ន​របស់​អាស៊ាន ការរក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ ក៏ដូចជា​ការលើកកម្ពស់​សមាហរណកម្ម​​ក្នុង​តំបន់​។​

​មាន​ភាសិត​ខ្មែរ​មួយ​ពោល​ថា «ទូក​ទៅ កំពង់​នៅ​»​។ កេរដំណែល​របស់​អតីត​នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន នឹងត្រូវ​ចងចាំ​ក្នុង​អាស៊ាន​។​

​ទោះបីជា​មានការ​រិះគន់​ប្រឆាំងនឹង​រូបលោក​ដោយ​ផ្អែក​លើ​ទស្សនៈ​របស់លោក​ខាងលិច​អំពី​លទ្ធិប្រជាធិបតេយ្យ​ឥតខ្ចោះ​ក៏ដោយ ក៏​សម្តេច ហ៊ុន សែន ទទួលបាន​នូវ​ការគោរព​កោតសរសើរ ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជាច្រើន បើ​ពិចារណា​លើ​ទិដ្ឋភាព​នៃ​ការកសាង​សន្តិភាព ការកសាង​ប្រទេស ការអភិវឌ្ឍ និង​វិស័យ​ការទូត​។ នេះ​គឺជា​ការកម្រ​ណាស់​ដែល​ប្រទេស​តូច​មួយ​ដូចជា​កម្ពុជា អាច​បញ្ចេញ​ឥទ្ធិពល​របស់ខ្លួន​លើ​បញ្ហាសំខាន់ៗ​ក្នុង​តំបន់ និង​​ពិភពលោក​បច្ចុប្បន្ន ដូចជា បញ្ហា​មី​យ៉ាន់​ម៉ា សមុទ្រ​ចិន​ខាងត្បូង និង​អ៊ុយ​ក្រែ​ន​ជាដើម​។​

​នេះ​មិនមែន​ដោយសារ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​អតីត​នាយករដ្ឋមន្ត្រី​តែម្នាក់ឯង​នោះដែរ ប៉ុន្តែ​​ក៏ដោយ​សារ​ថា អាស៊ាន​បាន​ផ្តល់នូវ​វេទិកា​ដែលជា​ក្របខ័ណ្ឌ​ស្ថាប័ន​ប្រទាក់ក្រឡា​ដ៏​ស្មុគស្មាញ ដើម្បីឱ្យ​គាត់​បាន​បញ្ចេញ​ឥទ្ធិពល​លើ​បញ្ហា​ដែលជា​ផលប្រយោជន៍ និង​កង្វល់​រួម​។

ពិតណាស់ ប្រទេស​នានា​នឹងមិន​គោរព​តាម​គាត់​ទេ ប្រសិនបើ​គាត់​កេងប្រវ័ញ្ច​ក្របខ័ណ្ឌ​នេះ ប៉ុន្តែ​សម្តេច ហ៊ុន សែន តែងតែ​ព្យាយាម​ប្រើប្រាស់​ក្របខ័ណ្ឌ​ពហុភាគី​របស់​អាស៊ាន មិនមែន​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​គាត់​ទេ ប៉ុន្តែ​ដើម្បី​​សន្តិភាព និង​ស្ថិរភាព​។ គាត់​មាន​ភាព​ដាច់​ណាត់ ឱ្យតែ​ទាក់​ទង​នឹង​បញ្ហា​សន្តិភាព ហើយ​គាត់​តែងតែ​តស៊ូ​មតិ​ជំរុញឱ្យ​មាន​​ការសន្ទនា​ជានិច្ច​បើទោះបី​ជា​ឱកាស​សម្រាប់​ការសន្ទនា​រវាង​ភាគី​ជម្លោះ មាន​តិចតួច​បំផុត​ក៏ដោយ​។​

​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រំឭកថា «ខ្ញុំ​ចងចាំ​នៅពេលដែល​ការចរចា​ជាច្រើន​លើក​ បាន​បរាជ័យ ហើយ​ភាគី​ទាំងអស់​ចេញមក​វិញ​ដោយ​ដៃ​ទទេ​ ប៉ុន្តែ ឆន្ទៈ និង​ការតាំងចិត្ត​ដ៏​មុតមាំ​ដើម្បី​សម្រេច​សន្តិ​ភាព​សម្រាប់​ប្រជាជន​កម្ពុជា​តែងតែ​នាំ​ពួកយើង​ឱ្យ​ត្រឡប់​ចូល​តុ​ចរចា​វិញ​ជានិច្ច​»​។​

​នៅពេលដែល​មេដឹកនាំ​កម្ពុជា​​ចែករំលែក​បទពិសោធន៍​នេះ​ជាមួយ​ប្រទេស​មី​យ៉ាន់​ម៉ា គាត់​ត្រូវបាន​គេ​ប្រាប់ថា មី​យ៉ាន់​ម៉ា​មិនអាច​ចរចា​បានទេ​ព្រោះ​ភាគី​​ទាំងសងខាង​ចាត់ទុក​គ្នា​ជា​ភេរ​វករ​។ ប៉ុន្តែ​មេដឹកនាំ​កម្ពុជា​បាន​រៀបរាប់​ពីបទ​ពិសោធន៍​របស់គាត់​ថា គាត់​ត្រូវ​ចូល​តុ​ចរចា​ទោះបី​ត្រូវ​ចរចា​ជាមួយ​ខ្មែរក្រហម​ដែល​គេ​ស្គាល់​ថា​ជា​មេឃាតករ​បាតដៃ​ប្រឡាក់​ឈាម​ក៏ដោយ​។​

​តទៅ​មុខ សម្តេច ហ៊ុន ម៉ា​ណែ​ត ត្រូវ​បន្ត​នូវ​មរតក​ដែល​សម្តេច ហ៊ុន សែន បន្សល់ទុក​ក្នុង​វិស័យ​ការទូត​អាស៊ាន​។ នេះ​​ជា​ទំនៀមទម្លាប់​ការទូត​ដ៏​យូរអង្វែង​របស់​កម្ពុជា​ដែល​ផ្តល់​តម្លៃ​ដល់​សន្តិភាព និង​ស្ថិរភាព​លើសពី​អ្វី​ទាំងអស់ ដោយ​ផ្អែកលើ​ប្រវត្តិសាស្ត្រ​ដោយឡែក​របស់​កម្ពុជា ដែល​បាន​ចារ​ឆ្លាក់​នូវ​ចរិតលក្ខណៈ​នៃ​វប្បធម៌​នយោបាយ និង​ការទូត​របស់​កម្ពុជា​៕​

ស៊ឹម វីរៈ​ ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)