គិតត្រឹមថ្ងៃនេះ (ថ្ងៃទី ២៧ កញ្ញា ២០២៣) មានរយៈពេលជាង ២៦ ឆ្នាំហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់សំណើជាផ្លូវការទៅកាន់អង្គការសហប្រជាជាតិ ឱ្យជួយបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលគេស្គាល់ថា ជា តុលាការកូនកាត់ ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងការរំលោភសិទ្ធិមនុស្សក្នុងរបបខ្មែរក្រហម (១៧ មេសា ១៩៧៥ ដល់ ៦ មករា ១៩៧៩)។ រយៈពេល ១៧ ឆ្នាំបានកន្លងទៅ ចាប់តាំងពីចៅក្រម និងព្រះរាជអាជ្ញាជាតិ និងអន្តរជាតិដំបូងបានស្បថចូលកាន់តំណែង ហើយរយៈពេល ១៣ ឆ្នាំ បានកន្លងទៅចាប់តាំងពីតុលាការបានសម្រេចផ្តន្ទាទោស ជាលើកដំបូង។
ក្នុងអំឡុងពេលនោះ អង្គការសហប្រជាជាតិបានធ្វើការដើម្បីគាំទ្ររដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការបង្កើតប្រតិបត្តិការ និងការបន្តកិច្ចដំណើរការរបស់ អ.វ.ត.ក. ដោយទទួលស្គាល់តួនាទីដ៏សំខាន់ដែល អ.វ.ត.ក. មានកន្លងមកក៏ដូចជា តទៅមុខទៀតក្នុងការផ្សះផ្សាសោកនាដកម្មដែលកើតឡើងនៅកម្ពុជាក្នុងអតីតកាល។
ទោះជាយ៉ាងណា អ.វ.ត.ក. មិនមែនជាស្ថាប័នអង្គការសហប្រជាជាតិ ឬជាតុលាការរបស់អង្គការសហប្រជាជាតិនោះទេ។ វាគឺជា និងនៅតែជាស្ថាប័ន និងសមិទ្ធផលរបស់កម្ពុជា និងជាស្ថាប័នមួយដែលអង្គការសហប្រជាជាតិបានគាំទ្រដោយប្តេជ្ញាចិត្ត។ ការគាំទ្រ និងកិច្ចសហការនោះ គឺជាសក្ខីភាពបញ្ជាក់អំពីទំនាក់ទំនងដ៏រឹងមាំរវាងអង្គការសហប្រជាជាតិ និងប្រជាជាតិកម្ពុជា ហើយក៏ជាការគាំទ្រដែលកំពុងបន្តក្នុងការបើកមជ្ឈមណ្ឌលធនធាននេះនៅថ្ងៃនេះ។
ការងារផ្សព្វផ្សាយជាសាធារណៈដែលមិនធ្លាប់មានពីមុនមកគេមិនអាចយល់ដឹងអំពីការងាររបស់តុលាការដោយដឹងតែពីសំណុំរឿង និងការផ្តន្ទាទោសនោះទេ។ មុខងារសំខាន់របស់តុលាការនេះបង្ហាញអត្ថន័យជ្រាលជ្រៅជាងនេះគឺការចងចាំ និងការផ្សះផ្សាអតីតកាលដ៏លំបាកមួយ។ មុខងាររបស់ អ.វ.ត.ក. សម្រាប់ការអប់រំប្រវត្តិសាស្ត្រខ្មែរក្រហមមិនអាចវាយតម្លៃទាបបានទេ ព្រោះវាបម្រើផលប្រយោជន៍ការពារឧក្រិដ្ឋកម្មធ្ងន់ធ្ងរបែបនេះមិនឱ្យកើតឡើងម្តងទៀត ទាំងនៅក្នុងប្រទេសកម្ពុជា ឬកន្លែងផ្សេងទៀត។
មានមនុស្សប្រមាណជិត ២៥០ ០០០ នាក់ បានចូលរួមសវនាការជំនុំជម្រះ និងសវនាការលើបណ្តឹងសាទុក្ខរបស់តុលាការ ខណៈដែលមនុស្សជាង ៤០០ ០០០ នាក់ បានដឹងអំពីការងាររបស់ អ.វ.ត.ក. តាមរយៈសកម្មភាពផ្សព្វផ្សាយ។
វាមានសារៈសំខាន់ណាស់ដែលមេរៀនពីអតីតកាលមិនត្រូវបានបំភ្លេចចោល ហើយដែលមេរៀនទាំងនេះ បង្កើតបានជាផ្នែកមួយនៃរឿងរ៉ាវរបស់កម្ពុជា ដោយបង្ហាញពីតួនាទីដ៏សំខាន់នៃសិទ្ធិមនុស្សនិងតម្លៃនៃការអត់ឱនភាពធន់ និងសន្តិភាព។
សមិទ្ធកម្មដែលសម្រេចបានស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពការងាររបស់ អ.វ.ត.ក. ក៏អាចចាត់ទុកថា ជាភ័ស្តុតាងនៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយការធ្វើដូច្នេះ គឺដើម្បី ធានាថា គ្មានប្រជាជនកម្ពុជាណាម្នាក់ត្រូវបានទុកចោលឡើយ។ ការកសាងទំនុកចិត្តលើស្ថាប័នសាធារណៈការពង្រឹងនីតិរដ្ឋនិងប្រព័ន្ធតុលាការ និងការលើកកម្ពស់សិទ្ធិអំណាចរបស់ប្រជាពលរដ្ឋតាមរយៈការចូលរួមនិងការចែករំលែកចំណេះដឹងនៅក្នុងដំណើរការយុត្តិធម៌ទាំងអស់នេះសុទ្ធតែស្របតាមការអភិវឌ្ឍប្រកបដោយចីរភាព។
ទាំងនេះគឺជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៦ ហើយបង្កើតជាមូលដ្ឋានគ្រឹះដែលគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាច្រើនផ្សេងទៀតអាចត្រូវបានបង្កើតឡើង។ឆ្ពោះទៅមុខទោះបីជាការងារ ក្នុងបន្ទប់សវនាការរបស់ អ.វ.ត.ក.បានបញ្ចប់ហើយក៏ដោយ ក៏តម្លៃនៃតុលាការនេះ និងកេរដំណែលរបស់វា រួមទាំងបណ្ណសារ និងធនធានដ៏ទូលំទូលាយ នឹងបន្តទៅមុខ ដោយផ្តល់អត្ថប្រយោជន៍មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូលផងដែរ។ វាមានសារៈសំខាន់ណាស់ដែលការងារសំខាន់ដែលតុលាការបានធ្វើ ហើយវិធីដែលខ្លួនបានធ្វើនោះ មិនត្រូវបានកប់ចោលក្នុងអតីតកាល។ ផ្ទុយទៅវិញ វាគួរតែនៅតែមានសារៈសំខាន់ និងរស់រវើក ដោយបញ្ចូលទៅក្នុងប្រព័ន្ធអប់រំនៅវិទ្យាល័យ សាកលវិទ្យាល័យ និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្រាវជ្រាវ។
សម្រាប់អ្នកដែលប្រកបអាជីពផ្នែកច្បាប់មិនថាជានិស្សិតច្បាប់ មេធាវី ចៅក្រម ព្រះរាជអាជ្ញា ឬអ្នកបង្កើតគោលនយោបាយនោះទេ ការងាររបស់ អ.វ.ត.ក. គឺជាចំណុចសំខាន់នៃយុត្តិសាស្ត្រ និងគោលនយោបាយសាធារណៈរបស់កម្ពុជា។ ភាពពាក់ព័ន្ធនិងឧត្តមនុវត្តគតិយុត្តិ នៃ អ.វ.ត.ក. នឹងជួយដល់អ្នកដែលធ្វើកំណែទម្រង់និងកែលម្អប្រព័ន្ធយុត្តិធម៌កម្ពុជាឱ្យមានវឌ្ឍនភាព។
នេះជាការពិតដូចគ្នាដែរសម្រាប់អ្នកដែលនៅក្រៅវិស័យច្បាប់។ មានមេរៀននិងប្រធានបទ ដែលនឹងផ្តល់ប្រយោជន៍សម្រាប់អ្នកប្រវត្តិសាស្ត្រ បុគ្គលិកសុខាភិបាល អ្នកនរវិទ្យា និងអ្នកស្រាវជ្រាវពីគ្រប់វិស័យទាំងផ្នែកសិក្សាជាន់ខ្ពស់និងគោលនយោបាយ។ ការធ្វើឱ្យប្រាកដថា ការងារនេះទាំងមូលទាំងនីតិវិធី និងទាំងបញ្ហាសារធាតុ មិនត្រូវបានបាត់បង់នោះហើយផ្ទុយទៅវិញត្រូវបានបើកចំហជាសាធារណៈឱ្យទូលាយតាមដែលអាចធ្វើទៅបានសម្រាប់ប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិនោះ នឹងធានាបានថា កេរដំណែលនៃភាពក្លាហានរបស់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេអាចទទួលបានការគោរព ហើយដំណើរការនៃការផ្សះផ្សាជាតិអាចបន្តទៅមុខបាន។
កម្ពុជាមានឱកាសក្នុងការចែករំលែកបទពិសោធន៍ និងមេរៀនរបស់ខ្លួន ហើយដែលប្រទេសផ្សេងមិនអាចមានឱកាសនេះអ.វ.ត.ក. គឺជាតុលាការមួយក្នុងចំណោមតុលាការវិសាមញ្ញស្រដៀងគ្នាមួយចំនួនតូចប៉ុណ្ណោះ។ ឆន្ទៈនយោបាយដ៏ខ្ជាប់ខ្ជួនក្នុងការស្វែងរកយុត្តិធម៌ និងការផ្សះផ្សាផ្តល់ជាមេរៀនដល់ប្រជាជាតិដទៃ។ កម្ពុជាកំពុងមានឱកាសពិសេសមួយក្នុងការចែករំលែកបទពិសោធន៍នេះនៅក្នុងតំបន់អាស៊ាន និងពិភពលោក។ កេរដំណែលរបស់ អ.វ.ត.ក.ដូចដែលមជ្ឈមណ្ឌលធនធានបានបង្ហាញនេះ បានប្រមូលចងក្រង និងធ្វើកាតាឡុក គឺជាពន្លឺនៃក្តីសង្ឃឹមដែលកើតចេញពីដំណាក់កាលដ៏ងងឹត និងដ៏គួរឱ្យភ័យខ្លាច។
មិនថា ជាទ្វេភាគីឬតាមរយៈអាស៊ាន គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍ ឬតាមរយៈគណៈកម្មការកសាងសន្តិភាពរបស់អង្គការសហប្រជាជាតិខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកថែរក្សាកេរដំណែលរបស់ អ.វ.ត.ក.បន្តធានាថា ការងារនេះ និងសារៈប្រយោជន៍របស់វានឹងបានចែករំលែក។
[ការដកស្រង់ប្រសាសន៍លោកអគ្គលេខាធិការ ពេលគាត់ទៅទស្សកិច្ចនៅទួលស្លែងឆ្នាំ ២០២២]* «អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានទាមទារឱ្យមេដឹកនាំខ្មែរក្រហមទទួលខុសត្រូវចំពោះអំពើព្រៃផ្សៃទាំងនេះនិងបានផ្តល់ជាសំឡេងដល់ជនរងគ្រោះនិងអ្នកដែលនៅរស់ពីរបបនេះ។ សំឡេងរបស់ពួកគេមានសារៈសំខាន់ជាងពេលណាៗទាំងអស់ នៅចំពេលការនិយាយដែលនាំឱ្យមានការស្អប់គ្នា ការរំលោភបំពាន ការរើសអើង និងការយាយី កំពុងកើតឡើងនៅគ្រប់តំបន់នៃពិភពលោក។
តាមរយៈការរៀនទទួលស្គាល់ពីសញ្ញាព្រមានដំបូងៗ នៃអំពើប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មឃោរឃៅដទៃទៀត និង តាមរយៈការទទួលស្គាល់ពីតម្លៃនៃបរិយាប័ន្ន និងសេចក្តីថ្លៃថ្នូរ យើងអាចកសាងមូលដ្ឋានគ្រឹះ សម្រាប់អនាគតមួយដែលភាពរន្ធត់បែបនេះនឹងមិនអាចកើតឡើងម្តងទៀត»៕
លោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា