​ក្នុងឱកាស​ទិវា​សុខភាព​ផ្លូវចិត្ត​ពិភពលោក​ឆ្នាំនេះ ជាមួយនឹង​ប្រធានបទ ​“​សុខភាព​ផ្លូវចិត្ត​គឺជា​សិទ្ធិមនុស្ស​សកល​” យើង​យក​ចិត្ត​ទុកដាក់​លើ​សុខភាព​ផ្លូវចិត្ត​របស់​កុមារ​ក្មេង​ជំទង់​និង​យុវជន​នៅ​កម្ពុជា​។ ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​ ១៩ បានធ្វើឱ្យ​សុខភាព​ផ្លូវ​​ចិត្ត​ក្លាយជា​បញ្ហា​សកល​មួយ ដោយ​បង្ហាញ​ពី​វិបត្តិ​មួយ​ដែល​ពិភពលោក​មិន​ធ្លាប់មាន​ពីមុនមក​។

​ជំងឺ​រាតត្បាត​ជា​សកល​នេះ​គឺ​គ្រាន់តែ​ជា​ដុំ​តូច​មួយ​នៃ​ផ្ទាំង​ទឹក​កក​តែប៉ុណ្ណោះ​។ យោងតាម​យូ​នី​សេ​ហ្វ ក្មេង​ជំទង់​ម្នាក់​ក្នុងចំណោម ៧​ នាក់​ ដែលមាន​អាយុ​ពី ​១០ ទៅ ១៩ ​ឆ្នាំ​ទទួលរង​វិបត្តិ​ផ្លូវចិត្ត​។ នៅ​ទូទាំង​សកលលោក អត្តឃាត​គឺជា​មូលហេតុ​នាំមុខគេ​ទី​៤​ នៃ​ការស្លាប់​ក្នុងចំណោម​មនុស្ស​វ័យក្មេង​ដែលមាន​អាយុ​ពី​ ១៥-១៩ ​ឆ្នាំ​។​


​យូ​នី​សេ​ហ្វ​និង UNFPA ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា ដែល​ប្តេជ្ញា​យ៉ាង​ពេញលេញ​ដើម្បី​ផ្តល់​ការថែទាំ​សុខភាព​ផ្លូវចិត្ត​ឱ្យបាន​គ្រប់​គ្រាន់​ដល់​កុមារ ក្មេង​ជំទង់ និង​យុវជន​នៅក្នុង​ប្រទេស​នេះ​។ ទោះជា​យ៉ាងណាក៏ដោយ វិបត្តិ​ផ្លូវចិត្ត ឬ​ការ​ថប់​បារម្ភ មិនគួរ​ជា​បញ្ហា​សុខភាព​សាធារណៈ​តែមួយ​នោះទេ ប៉ុន្តែ​គួរតែ​ត្រូវបាន​គេ​ទទួល​ស្គាល់​ថា​ជា​ក្តីបារម្ភ​របស់​សង្គម​មួយ​ផងដែរ​។​


​វិបត្តិ​នេះ​បាន​បង្ក​ផលប៉ះពាល់​យ៉ាង​ធំធេង​បំផុត​មកលើ​កុមារ ក្មេង​ជំទង់ និង​យុវជន ដែល​គេ​មិន​ធ្លាប់បាន​ជួបប្រទះ​នាពេល​កន្លងមក​។ នៅក្នុង​ឆ្នាំ ២០២២ ​មនុស្ស​យ៉ាងតិច ៨៧៣ នាក់​បាន​ស្លាប់​ដោយសារ​ការធ្វើអត្តឃាត ដែល​ភាគច្រើន​មាន​អាយុ​ចន្លោះ​ពី​ ១៥ ទៅ​ ១៩ ឆ្នាំ​។ ប្រជាជន​កម្ពុជា​ប្រមាណ​កន្លះ​លាន​នាក់​ទទួលរង​ផលប៉ះពាល់​ដោយ​វិបត្តិ​បាក់​ទឹកចិត្ត ឬ​ការ​ថប់​បារម្ភ ដែលជា​កត្តារួម​ចំណែក​ដ៏​ធំ​ចំពោះ​ការធ្វើអត្តឃាត​។


​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​គឺ ប្រមាណ ៥៨ ភាគរយ​នៃ​សិស្ស​នៅ​ថ្នាក់មធ្យមសិក្សា​បាន​រាយការណ៍​ឱ្យដឹងថា​បាន​ទទួលរង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​យ៉ាងហោចណាស់​ចំនួន​មួយ​ករណី​បន្ទាប់ពី​មានការ​បិទ​សា​លា​យ៉ាងយូរ​ដោយសារតែ​ជំងឺ​កូ​វីដ​ ១៩​។

ជំងឺ​រាតត្បាត​ជា​សកល​នេះ​បានធ្វើឱ្យ​គ្រួសារ​ជិត​កន្លះ​លាន​ធ្លាក់ខ្លួន​ក្នុង​ភាពក្រីក្រ​ដោយ​ធ្វើឱ្យ​ពួកគេ​កាន់តែ​ងាយ​រងគ្រោះ​ហើយ​ករណី​រំលោភបំពាន និង​អំពើហិង្សា​ពាក់ព័ន្ធ​នឹង​យេន​ឌ័​រ​កើនឡើង​កាន់តែច្រើន​។ អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​គឺ​កុមារ និង​ក្មេង​ជំទង់​ប្រមាណ​ ៤០%​ បាន​ទទួលរង​អំពើហិង្សា និង​ការបំពាន​ផ្លូវកាយ និង​ផ្លូវចិត្ត រួមទាំង​ការរំលោភបំពាន​ផ្លូវភេទ និង​ការគំរាមកំហែង​ផងដែរ​។​

​ដូច​កុមារ​ជាច្រើន​ក្នុង​ពិភព​លោក​ដែរ ក្មេងជំនាន់ក្រោយ​នៅក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​ក៏​ប្រ​ឈមមុខ​នឹង​អនាគត​មិន​ច្បាស់​​លាស់​ផងដែរ ដោយសារតែ​វិបត្តិ​អាកាសធាតុ​ដែល​មនុស្ស​ជំនាន់​មុន​បន្សល់​ទុកឱ្យ​ពួកគេ ដែល​អាចធ្វើឱ្យ​ពួកគេ​គ្មាន​ទីពឹង ឬ​ងាយ​រង​គ្រោះ​។ ជំងឺ​រាតត្បាត​ជា​សកល​បាន​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​ផ្លូវចិត្ត ប៉ុន្តែ​ក៏បាន​ជួយ​បំបែក​ភាព​ស្ងៀមស្ងាត់​ផង​ដែរ​យើង​បាន​ចូលរួម​ក្នុង​កិច្ចសន្ទនា​នេះ​។

កាលពី​ឆ្នាំ​កន្លងទៅ​យូ​នី​សេ​ហ្វ​និង UNFPA បាន​វិនិយោគ​លើ​វេទិកា​ឌីជីថល​និង​ទូរស័ព្ទ​ចល័ត ដើម្បី​បង្កើត​កាលានុវត្តភាព​បន្ថែមទៀត​សម្រាប់​កិច្ចសន្ទនា​និង​ផ្តល់ព័ត៌មាន​អំពី​សុខភាព​ផ្លូវចិត្ត ក៏ដូចជា​មធ្យោបាយ​សម្រាប់​ស្វែងរក​ការគាំទ្រ​។​

UNFPA រួម​ជាមួយនឹង​អាជ្ញាធរ​ជាតិ បាន​ដាក់ឱ្យអនុវត្ត​កម្មវិធី​ទូរស័ព្ទ​ចល័ត​សុខភាព​យុវ​​ជន (Youth Health mobile App)​ ដើម្បី​ផ្សារភ្ជាប់​ក្មេង​វ័យ​ជំទង់​និង​យុវជន​ទៅនឹង​ការអប់រំ​ផ្លូវភេទ​គ្រប់​ជ្រុងជ្រោយ ដោយ​អនុញ្ញាតឱ្យ​ពួកគេ​ទទួលបាន​ព័ត៌មាន​និង​សេវា​ប្រឹក្សា​តាម​បណ្តាញទូរស័ព្ទ​ជំនួយ ​២៤ ម៉ោង​ក្នុង​មួយថ្ងៃ ដោយ​ឥតគិតថ្លៃ​។

យូ​នី​សេ​ហ្វ​បាន​ចាប់​ផ្តើមធ្វើ​យុទ្ធនាការ #IFeelBetterWhen ដោយបាន​គ្របដណ្តប់​លើ​យុវជន និង​ក្មេង​ជំទង់​ប្រមាណ ១,៤ លាន​នាក់ ជាមួយនឹង​ការណែនាំ​តាម​ប្រព័ន្ធ​អន​ឡាញ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ថប់​អារម្ភ​រណ៍​។

​យើង​បាន​ចាត់វិធានការ​។ នៅតាម​សាលារៀន​យូ​នី​សេ​ហ្វ និង UNFPA បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អប់រំ​បំ​ណិ​ន​ជីវិត​ដែល​ជួយ​សិស្ស​ទទួលបាន​សុខភាព​ផ្លូវចិត្ត​វិជ្ជមាន បង្កើត​បន្ទប់​សុខភាព​នៅក្នុង​សាលា​ដែល​អាច​ផ្តល់​សេវា​ថែទាំ​និង​បណ្តុះបណ្តាល​អ្នក​អប់រំ​ដែលជា​យុវជន​។ លើសពីនេះ​ទៀត​យើង​សហការ​ជាមួយ​ស្ថាប័ន​ជាតិ​ដើម្បី​ផ្តល់​ការគាំទ្រ​សុខភាព​ផ្លូវចិត្ត និង​ចិត្ត​សង្គម ​(MHPSS) នៅក្នុង​សេវាសាធារណៈ និង​គំនិត​ផ្តួចផ្តើម​ស្តីពី​ការចិញ្ចឹម​កូន ដែល​គាំទ្រ​សេវាសាធារណៈ​តាមរយៈ​ការផ្តល់​ប្រឹក្សា​ដល់​ឪពុកម្តាយ និង​អ្នក​ថែទាំ​។

​កម្ពុជា​កំពុងតែ​ជំរុញ​ធនធានមនុស្ស និង​ការអភិវឌ្ឍ​របស់ខ្លួន​យ៉ាង​ឆាប់រហ័ស តាមរយៈ​ការអនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ (២០២៤-២០២៨)​ ដែល​ផ្តល់​ទិសដៅ​ដល់​ក្របខ័ណ្ឌ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ ​(UNSDCF ២០២៤-២០២៨)​។

ទោះជា​យ៉ាង​ណាក៏ដោយ ការសម្រេចបាន​គោលដៅ​ប្រកបដោយ​មហិច្ឆតា​ជាច្រើន​របស់​ប្រទេស​នេះ​នឹងមាន​ការពិបាក​ប្រសិនបើ​មិនមាន​ការសម្រេចបាន​សិទ្ធិ​កុមារ និង​យុវជន រួមទាំង​ការវិនិយោគ​លើ​ការពង្រីក​សេវា​ថែទាំ​សុខភាព​ផ្លូវចិត្ត​ដែល​ចាំបាច់​នៅ​ទូទាំងប្រទេស​ទេនោះ​។ ជំនាន់​មួយ​ដែល​មិនអាច​ទទួលបាន​ការគាំទ្រ​ដែល​ចាំបាច់​នឹង​ក្លាយជា​ជំនាន់​ដែល​បាត់បង់​សក្តានុពល​។​ 

​ការវិភាគ​នាពេល​ថ្មីៗ​នេះ​បាន​រកឃើញថា អត្ថប្រយោជន៍​សេដ្ឋ​​កិច្ច​នៃ​ការវិនិយោគ​នៅក្នុង​អន្តរា​គម​ន៍​គាំទ្រ​សុខភាព​ផ្លូវចិត្ត និង​ចិត្ត​សង្គម ​(MHPSS)​ គឺ​លើសពី​ការចំណាយ​លើ​ការអនុវត្ត​។ សម្រាប់​រាល់​ប្រាក់ ​១ ដុល្លារ​អា​មេ​រិ​ក​ដែល​វិនិយោគ​លើ​ការអប់រំ​ជំនាញ​សង្គម​និង​ផ្លូវ​អារម្មណ៍ គេ​អាច​បញ្ចៀស​បាន​នូវ​ការខាតបង់​ប្រាក់ចំណូល​ពេញ​ ១ ​ជីវិត​ចំនួន​ ២២៥ ​ដុល្លារ​អាមេរិក​។​

មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ

យើង​សូម​អំពាវនាវ​ដល់​រដ្ឋា​ភិ​បាល សង្គម​ស៊ីវិល និង​ដៃគូ​វិស័យ​សាធារណៈ និង​ឯកជន ឱ្យ​ប្តេជ្ញា​​ចិត្ត​ផ្សព្វផ្សាយ​និង​ចាត់វិធានការ​រួមគ្នា​ដើម្បី​គាំទ្រ​សុខភាព​ផ្លូវចិត្ត​ឱ្យ​កាន់តែ​ប្រសើរឡើង និង​លើក​​កម្ពស់​សុខុមាលភាពរ​បស់​កុមារ ក្មេង​ជំទង់​និង​អ្នក​ថែទាំ​ទាំងអស់​។

​យើង​ត្រូវ​រួមគ្នា​ចាត់វិធានការ​ចំនួន ​៥​ ជាបន្ទាន់៖ ១.​ បំបែក​ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហា​សុខភាព​ផ្លូវចិត្ត​, ប្រយុទ្ធ​ប្រ​ឆាំង​ការ​មាក់ងាយ និង​ផ្តល់​អំ​​ណា​ច​ដល់​សហគមន៍​ដែលមាន​ការយល់ដឹង​និង​សមត្ថភាព​កាន់​​តែ​ប្រសើរ​ក្នុងការ​និយាយ​អំពី​សុខ​ភាព​ផ្លូវចិត្ត​នៅផ្ទះ នៅ​សាលារៀន នៅ​កន្លែងធ្វើការ និង​នៅ​គ្រប់​វេទិកា និង​ការពិភាក្សា​ទាំងអស់​។ យើង​ត្រូវ​លើកកម្ពស់​សុខភាព​ផ្លូវចិត្ត​តាមរយៈ​ការអប់រំ និង​ក្រុមគាំទ្រ​មិត្ត គាំទ្រ​យុទ្ធនាការ​ផ្សព្វផ្សាយ​នៅ​សហគមន៍​ប្រើប្រាស់​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ ដើម្បី​ផ្តួចផ្តើម​កិច្ចសន្ទនា និង​ផ្តល់ព័ត៌មាន និង​ការណែនាំ​ល្អៗ​អំពី​របៀប​ដោះស្រាយ​បញ្ហា​សុខភាព​ផ្លូវចិត្ត​និង​វិធី​ស្វែងរក​ការគាំទ្រ​។​

២.​ ផ្តល់ឱ្យ​កុមារ ក្មេង​ជំទង់ យុវជន និង​អ្នក​ថែទាំ​ទទួលបាន​ការគាំទ្រ​ប្រកបដោយ​គុណភាព​និង​ទាន់ពេលវេលា​នៅ​គ្រប់ពេល​និង​គ្រប់​ទីកន្លែង​ដែល​ពួកគេ​ត្រូវការ តាមរយៈ​ការវិនិយោគ​សាធារណៈ និង​ឯកជន​ជាបន្ទាន់​ក្នុង​សេវា​គាំទ្រ​សុខភាព​ផ្លូវចិត្ត និង​ចិត្ត​សង្គម និង​បុគ្គលិក​នៅ​គ្រប់​វិស័យ ជាពិសេស​សុខាភិបាល អប់រំ កិច្ចការពារ​កុមារ និង​កិច្ច​គាំពារ​សង្គម​។

​កម្មវិធី និង​សេវាកម្ម​ដែលមាន​ស្រាប់​សម្រាប់​សុខភាព​ផ្លូវចិត្ត ចាំបាច់​ត្រូវតែ​ពង្រីក​ដោយមាន​ការសម្របសម្រួល​ល្អ​រវាង​វិស័យ​សាធារណៈ និង​ឯក​ជន​។ សេវា​គាំទ្រ​សុខភាព​ផ្លូវចិត្ត និង​ចិត្ត​សង្គម ត្រូវ​រួមបញ្ចូល​ទៅក្នុង​មន្ទីរពេទ្យ និង​មណ្ឌល​សុខ​ភាព​នានា​រួមទាំង​សេវា​ថែទាំ​សុខ​ភាព​មាតា​និង​ទារក​ទូទាំងប្រទេស និង​តំបន់​ដាច់ស្រយាល​និង​ជន​​បទ​ដើម្បី​ធានាថា​គ្មាន​នរណាម្នាក់​ត្រូវបាន​គេ​ទុកចោល​ឡើយ​។ សេវាកម្ម​គាំទ្រ​តាម​តម្រូវការ និង​គ្រប់​ជ្រុងជ្រោយ​គួរតែមាន​សម្រាប់​ក្រុម​ងាយ​រងគ្រោះ​នានា រួមទាំង​ជន​មាន​ពិការភាព​ជនជាតិ​ភាគ​តិច ជន​ចំណាកស្រុក ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា (LGBTQI+)​ និង​ជនរងគ្រោះ​ដោយ​ការរំលោភបំពាន និង​អំពើហិង្សា ផងដែរ​។​

៣.​ លើកទឹកចិត្ត​សហគមន៍ និង​ក្រុមគ្រួសារ​ឱ្យចូល​រួម​ក្នុងការ​លើកកម្ពស់​សុខុមាល​ភាព និង​សុខភាព​ផ្លូវចិត្ត តាមរយៈ​កម្មវិធី​ចិញ្ចឹម​កូន​ដែល​ផ្តល់​ដល់​អ្នក​ថែទាំ​នូវ​ឧបករណ៍​ដែល​ពួកគេ​ត្រូវការ​ដើម្បី​គាំទ្រ​ខ្លួនឯង​និង​កូន​របស់​ពួកគេ ការអប់រំ​បំ​ណិ​ន​ជីវិត​ដែល​ជួយ​ក្មេង​ជំទង់​កសាង​ភាព​ធន់​ផ្នែក​ផ្លូវ​អារម្មណ៍ និង​មធ្យោបាយ​សម្រាប់​ការចូលរួម​យ៉ាងសកម្ម និង​ប្រកបដោយ​អត្ថន័យ​នៅក្នុង​ការគាំទ្រ​ផ្លូវចិត្ត​និង​ចិត្ត​សង្គម​។​

៤.​ បង្កើត​ទិន្នន័យ​បន្ថែម និង​ធ្វើការ​ស្រាវជ្រាវ​បន្ថែមទៀត​លើ​ការគាំទ្រ​ផ្លូវចិត្ត​និង​ចិត្ត​សង្គម​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​គោលនយោបាយ​ជា​បន្ត និង​ការសម្រេចចិត្ត​វិនិយោគ​។

៥. ​ពង្រីក​ការទទួលបាន​ការអប់រំ​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ​គ្រប់​ជ្រុងជ្រោយ​តាម​ប្រព័ន្ធ​ឌីជីថល ដើម្បី​ផ្តល់ព័ត៌មាន​ដល់​យុវជន​កាន់តែច្រើន​ថែមទៀត អំពី​ធនធាន​អប់រំ​និង​សេវា​សុខភាព​ផ្លូវចិត្ត​។ ប្រសិនបើ​យើង​មិន​ធ្វើ​សកម្មភាព​ឥឡូវនេះ​ទេ យើង​បំ​ផ្លាញ​ឱកាស​របស់​មនុស្ស​ជំនាន់​ក្រោយ​ក្នុងការ​សិក្សា អភិវឌ្ឍ កសាង​ទំនាក់ទំនង​ប្រកបដោយ​អត្ថន័យ និង​រួមចំណែក​ដល់​ពិភព​លោក​។ ហើយ​នៅពេល​យើង​មិន​យកចិត្តទុកដាក់​ចំពោះ​សុខ​ភាព​ផ្លូវចិត្ត​របស់​ឪពុកម្តាយ និង​អ្នក​ថែទាំ​ទេនោះ​មានន័យថា យើង​មិនបាន​ជួយ​ពួកគេ​ក្នុងការ​ចិញ្ចឹម​បីបាច់ និង​ថែទាំ​កូន​របស់​ពួកគេ​ឱ្យ​អស់ពី​សមត្ថភាព​រប​ស់​ពួកគេ​ឡើយ​។

​សុខភាព​ផ្លូវចិត្ត​ គឺជា​សិទ្ធិមនុស្ស​សកល​មួយ​ហើយ​វា​ក៏​ជា​សិទ្ធិ​របស់​កុមារ​សកល​ផងដែរ ដែល​គាំទ្រ​ដល់​ការគោរព​តាម​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​។ ចូរ​យើង​ស្រមៃ​មើល​ប្រទេស​កម្ពុជា ដែល​ក្នុងនោះ​សុខភាព​ផ្លូវចិត្ត​គឺជា​មូលដ្ឋានគ្រឹះ​មួយ​សម្រាប់​កសាង​អនាគត​ដ៏​ត្រចះត្រចង់​មួយ​។

ការបញ្ចេញ​សក្ដានុពល​របស់​យុវជន​កម្ពុជា​មានន័យ​ថា​ជាការ​លើកស្ទួយ​សុខភាព​ផ្លូវចិត្ត និង​សុខុមាលភាព​របស់​ពួកគេ ហើយ​កាលណា​ចិត្ត​យើង​រីក​ចម្រើន ប្រទេសជាតិ​យើង​ក៏​រីក​ចម្រើន​ដែរ​។ ពេលវេលា​ដែល​ត្រូវ​ចាត់វិធានការ​រួមគ្នា​គឺ​ឥឡូវនេះ​៕

ទស្សនៈ​របស់​យូ​នី​សេ​ហ្វ (UNICEF) និង​មូលនិធិ​សហ​​ប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) នៅក្នុង​ប្រទេស​កម្ពុជា​