ដំណើរនៃការអភិវឌ្ឍខេត្តព្រះសីហនុ មានលក្ខណៈស្រដៀងទៅនឹងទីក្រុងធំៗមួយចំនួននៅលើពិភពលោក។ ទីក្រុងធំៗ ដូចជាសៀងហៃ (Shanghai) និងឡូសអេនជេលេស (Los Angeles) សព្វថ្ងៃក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់ ដែលពីមុនក៏ធ្លាប់ជួបប្រទះនឹងបញ្ហាកំណើនមិនមានសណ្តាប់ធ្នាប់ ការអភិវឌ្ឍគ្មានការគ្រប់គ្រង និងបញ្ហាហេដ្ឋារចនាសម្ព័ន្ធនានាជាដើម។

ដូចគ្នានេះដែរ ទីក្រុងនៃប្រទេសសិង្ហបុរីក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និងទីក្រុងស៊ិនជិន (ShenZhen) ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ គឺធ្លាប់ជាទីក្រុងកំពង់ផែ ដែលមានកង្វះខាតធនធាន ងាយរងគ្រោះពីការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ និងមានកង្វះហេដ្ឋារចនាសម្ព័ន្ធ ដែលក្រោយមកបាន ក្លាយជាគន្លឹះនៃវិបុលភាពរបស់ទីក្រុងទាំងនេះ។

ខេត្តព្រះសីហនុក៏មិនខុសប្លែកពីទីក្រុងទាំងនេះដែរ។ ខេត្តនេះបានជួបប្រទះបញ្ហាប្រឈមជាច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ៖ នគរូបនីយកម្មដែលកកើតឡើងយ៉ាងឆាប់រហ័ស ការពឹងផ្អែកខ្លាំងលើវិស័យមួយចំនួនតូច និងការដាក់សម្ពាធលើហេដ្ឋារចនាសម្ព័ន្ធ ដែលបណ្តាលមកពីកំណើនដ៏គំហុក។


ប៉ុន្តែបញ្ហាទាំងនេះមិនមែនជាបញ្ហាដែលមិនអាចដោះស្រាយបាននោះទេ។ ប្រវត្តិសាស្ត្រចង្អុលបង្ហាញថា ទីក្រុងធំៗត្រូវបានកសាងឡើងក្នុងគ្រាលំបាក ហើយខេត្តព្រះសីហនុកំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរបែបនេះ។ 

ដូចទៅនឹងករណីទីក្រុងសៀងហៃក្នុងការអភិវឌ្ឍនៅដើមសតវត្សរ៍ទី២០ ឬសិង្ហបុរីក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ខេត្តព្រះសីហនុកំពុងឈរនៅផ្លូវបំបែកមួយ ដោយត្រៀមខ្លួនក្នុងការក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង ដែលអាចជំរុញ កំណើនអនាគតរបស់កម្ពុជា។


លោក ជា កុកហុង ប្រធានលេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេសអន្ដរក្រសួងសម្របសម្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង


ច្រកទ្វារសកលសម្រាប់ពាណិជ្ជកម្ម និងវិនិយោគ

ទីតាំងភូមិសាស្រ្តរបស់ខេត្តព្រះសីហនុនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា ធ្វើឱ្យខេត្តនេះក្លាយជាច្រកទ្វារសម្រាប់ពាណិជ្ជកម្ម។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ផ្តល់ឱ្យខេត្តព្រះសីហនុនូវអត្ថប្រយោជន៍យុទ្ធសាស្ត្រដ៏ពិសេស ក្នុងការផ្សារភ្ជាប់ទៅកាន់ទីផ្សារសកល។ ប៉ុន្តែអស់រយៈពេលជាយូរមកហើយ សក្តានុពលនេះមិនទាន់បានប្រើប្រាស់ឱ្យអស់ពីលទ្ធភាពនោះទេ។ 

ស្រដៀងនឹងករណីទីក្រុងសៀងហៃកាលពីដំបូង នៅពេលដែលទីក្រុងកំពង់ផែរបស់ខ្លួនពុំអាចឆ្លើយតបទៅនឹងតម្រូវការពាណិជ្ជកម្មអន្តរជាតិ ការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធ  គឺមិនទាន់គ្រប់គ្រាន់សម្រាប់ឆ្លើយតបនឹងសក្តានុពលរបស់ខេត្តនៅឡើយទេ។

បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំនៃការមិនបានប្រើប្រាស់សក្តានុពលខេត្តឱ្យអស់ពីលទ្ធភាព បច្ចុប្បន្ននេះយើងកំពុងឈរនៅលើ គន្លងនៃការផ្លាស់ប្តូរ។ «ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ត្រូវបានរៀបចំឡើងដើម្បីជាគន្លឹះនៃការចាប់យកសក្តានុពលនេះ និងប្រែក្លាយខេត្តនេះជាមជ្ឈមណ្ឌលឈានមុខគេរបស់កម្ពុជា សម្រាប់ពាណិជ្ជកម្មអន្តរជាតិ។

ការវិនិយោគដ៏សំខាន់ៗលើហេដ្ឋារចនាសម្ព័ន្ធនឹងពង្រឹងសមត្ថភាពកំពង់ផែឱ្យកាន់តែប្រសើរឡើង ក្នុងការពង្រីកការតភ្ជាប់ទៅកាន់ផ្លូវដឹកជញ្ជូនតាមសមុទ្រក្នុងតំបន់និងសកល និងបង្កើតបណ្តាញភស្តុភារកម្មនិងឡូជីស្ទីកចម្រុះ រួមមានអាកាសយានដ្ឋានទំនើប ប្រព័ន្ធផ្លូវដែកដែលបានធ្វើទំនើបកម្ម និងបណ្តាញផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាព។ 

ត្រឹមឆ្នាំ២០៣៨ ផែនការនេះមានគោលដៅលើកកម្ពស់ផលិតផលក្នុងស្រុកសរុបរបស់ខេត្តព្រះសីហនុ ស្មើនឹងកម្រិតប្រាក់ចំណូលខ្ពស់ ដែលខ្ពស់ជាងគោលដៅថ្នាក់ជាតិ។ 

ចំណុចស្នូលនៃផែនការនេះ គឺការអភិវឌ្ឍក្រុមឧស្សាហកម្មសំខាន់ៗចំនួន៤៖ ទេសចរណ៍ ការកែច្នៃផលិតផលកសិកម្មទំនើបនិងម្ហូបអាហារ កម្មន្តសាលបច្ចេកវិទ្យាខ្ពស់ និងឧស្សាហកម្មសេវាកម្មផលិតកម្មកម្រិតខ្ពស់។ ស្រដៀងទៅនឹងទីក្រុងសៀងហៃដែលបានក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនិងពាណិជ្ជកម្ម សកលតាមរយៈការវិនិយោគជាប់លាប់លើហេដ្ឋារចនាសម្ព័ន្ធ ខេត្តព្រះសីហនុត្រូវបានគ្រោងសម្រាប់ក្លាយជាច្រកទ្វាររបស់កម្ពុជាទៅកាន់ពិភពលោក។

ទេសចរណ៍ ២.០៖ ការកសាងគោលដៅទេសចរណ៍សកលប្រកបដោយចីរភាព

ខេត្តព្រះសីហនុ ទទួលបានភាពល្បីល្បាញរួចមកហើយលើ ធនធានឆ្នេរសមុទ្រ កោះ និងសម្រស់ធម្មជាតិដ៏សម្បូរបែប។ ដូចនេះ ខេត្តមួយនេះ នឹងកំណត់ចក្ខុវិស័យថ្មីមួយ ដែលឈានហួសពីកាស៊ីណូ និងរមណីយដ្ឋាន ដើម្បីឆ្ពោះទៅរកអេកូទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឧទាហរណ៍គំរូដ៏មានតម្លៃមួយអាចរកឃើញនៅក្នុងករណីដូចជាកោះឡាងកាវី (Langkawi) នៃប្រទេសម៉ាឡេស៊ី ដែលបានផ្លាស់ប្តូរខ្លួនពីកោះមិនទាន់អភិវឌ្ឍមួយ ទៅជាគោលដៅទេសចរណ៍កម្រិតពិភពលោក តាមរយៈការផ្តល់អាទិភាពដល់ការថែរក្សាបរិស្ថាន។ 

តាមរយៈការរៀបចំផែនការដ៏ប្រុងប្រយ័ត្ន ឡាងកាវីបានថែរក្សាតំបន់ព្រៃលិចទឹករបស់ខ្លួន និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ ដោយបង្កើតភាពទាក់ទាញទេសចរណ៍បែបធម្មជាតិ ដែលអាចទាក់ទាញភ្ញៀវអន្តរជាតិនានា ដែលកំពុងស្វែងរកបទពិសោធធ្វើដំណើរ ទាំងបែបស៊ីវិល័យ និងភាតរបរិស្ថាន។

ព្រៃឈើ ព្រៃកោងកាង និងរបៀងជីវចម្រុះរបស់ខេត្តគឺជាទ្រព្យសម្បត្តិបរិស្ថានដ៏សំខាន់ដែលគ្របដណ្តប់ប្រមាណ ៦៥% នៃផ្ទៃដីខេត្តសរុប។ ស្របនឹងផ្នែកមួយនៃផែនការមេ តំបន់ទាំងនេះត្រូវបានកំណត់ជាតំបន់គោលនយោបាយពិសេសសម្រាប់ការការពារជាមូលដ្ឋាន ដើម្បីធានាថាតំបន់ទាំងនេះត្រូវបានការពារពីនគរូបនីយកម្មទ្រង់ទ្រាយធំ និងសកម្មភាពឧស្សាហកម្ម។ 

ការប្តេជ្ញាចិត្តរបស់ខេត្តព្រះសីហនុក្នុងការអភិរក្សព្រៃឈើ និងជីវចម្រុះនឹងធានាថា តំបន់អេកូទេសចរណ៍របស់ខ្លួននឹងមិនត្រឹមតែ មានភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានចីរភាពទៀតផង។

តាមរយៈការអភិវឌ្ឍតំបន់ទេសចរណ៍ដែលតភ្ជាប់ដីគោកទៅកាន់កោះ និងការបង្កើតចំណតនាវាទេសចរណ៍អន្តរជាតិ រាជរដ្ឋាភិបាលនឹងបង្កើតប្រព័ន្ធអេកូឡូស៊ីទេសចរណ៍មួយដែលមានភាពទាក់ទាញដល់ភ្ញៀវទេសចរ ខណៈរក្សាបាននូវសោភ័ណភាពធម្មជាតិរបស់ខេត្ត។ 

គោលដៅចម្បង គឺការផ្តល់ជូននូវរមណីយដ្ឋានកម្រិតពិភពលោក និងបទពិសោធអេកូទេសចរណ៍ដែលបង្ហាញពីព្រៃឈើ ព្រៃកោងកាង និងប្រព័ន្ធអេកូឡូស៊ីតាមឆ្នេរសមុទ្ររបស់ខេត្តព្រះសីហនុ ដូចគ្នានឹងឡាងកាវីដែរ ដែលជាទីកន្លែងដែលមានព្រៃទឹកភ្លៀង និងជីវសមុទ្ររស់នៅរួមគ្នាជាមួយទេសចរណ៍ប្រណីត។

ទេសចរណ៍ប្រកបដោយចីរភាព នឹងក្លាយជាចំណុចស្នូលនៃយុទ្ធសាស្ត្រនេះ ដោយធានាថាបរិស្ថានធម្មជាតិរបស់ខេត្តព្រះសីហនុត្រូវបានការពារ ស្របគ្នានឹងការផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធទេសចរណ៍ពិសេសៗ។

ការធ្វើពិពិធកម្មលើសពីប្រពៃណី៖ ពីសេដ្ឋកិច្ចឯកវិស័យ ទៅជាសេដ្ឋកិច្ចពហុវិស័យ

ដើម្បីសម្រេចបាននូវសក្តានុពលសេដ្ឋកិច្ចពេញលេញរបស់ខេត្តព្រះសីហនុ ការធ្វើពិពិធកម្មលើសពីវិស័យតែមួយ គឺមាន ភាពចាំបាច់ជាខ្លាំង។ ទីក្រុងដូចជាសិង្ហបុរី និងឌូបៃ បានបង្ហាញពីថាមពលនៃការផ្លាស់ប្តូរតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច។ នៅក្នុងដំណាក់កាលដំបូង សិង្ហបុរីពឹងផ្អែកយ៉ាងខ្លាំងលើពាណិជ្ជកម្ម និងផលិតកម្មតម្លៃទាប។

រីឯសព្វថ្ងៃវិញ សិង្ហបុរីគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកល មជ្ឈមណ្ឌលទេសចរណ៍ និងជាអ្នកនាំមុខក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ ដូចគ្នានេះដែរ ទីក្រុងឌូបៃដែលពីមុនពឹងផ្អែកលើប្រេង បានធ្វើពិពិធកម្មទៅក្នុងវិស័យទេសចរណ៍ អាកាសចរណ៍ និងអចលនទ្រព្យ ដោយកំណត់ទីតាំងខ្លួនជាមជ្ឈមណ្ឌលសកលរវាងភាគខាងកើត និងខាងលិច។

ខេត្តព្រះសីហនុមានឱកាសដូចគ្នាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន។ ខណៈដែលខេត្តនេះត្រូវបានភ្ជាប់ទំនាក់ទំនង ចម្បងជាមួយនឹងទេសចរណ៍ឯកវិស័យក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសពហុបំណងតាមរយៈផែនការមេ នឹងរួមចំណែកក្នុងការពង្រីកមូលដ្ឋានឧស្សាហកម្មរបស់ខេត្ត ដោយទាក់ទាញកម្មន្តសាលបច្ចេកវិទ្យាខ្ពស់ ផលិកម្មគ្រឿងបង្គុំអេឡិចត្រូនិក និងឧស្សាហកម្មកែច្នៃកសិផល។

វិស័យបច្ចេកវិទ្យាខ្ពស់ នឹងដើរតួនាទីសំខាន់ក្នុងការធ្វើពិពិធកម្មនេះ ដោយខេត្តព្រះសីហនុនឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់ការដំឡើងគ្រឿងបង្គុំអេឡិចត្រូនិក និងផលិតកម្មគ្រឿងបន្លាស់យានយន្ត ព្រមទាំងឡូជីស្ទីកឆ្លាតវៃ។

ដូចគ្នានឹងករណីជោគជ័យរបស់ខ្លាអាស៊ីទាំងបួន—តៃវ៉ាន់ កូរ៉េខាងត្បូង ហុងកុង និងសិង្ហបុរី—ការធ្វើពិពិធកម្មរបស់ខេត្ត ព្រះសីហនុនឹងត្រូវបានជំរុញដោយឧស្សាហូបនីយកម្មដែលផ្តោតលើការនាំចេញ និងការលើកកម្ពស់ជំនាញ កម្លាំងពលកម្មក្នុងស្រុក។

តាមរយៈការវិនិយោគលើធនធានមនុស្សតាមរយៈវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងមហាវិទ្យាល័យបច្ចេកទេស ខេត្តព្រះសីហនុនឹងអភិវឌ្ឍកម្លាំងពលកម្មជំនាញចាំបាច់សម្រាប់គាំទ្រឧស្សាហកម្មទាំងនេះ ដែលនឹងបង្កើតវិបុលភាពរយៈពេលវែងសម្រាប់ប្រជាជនរបស់ខ្លួន។

ការវិនិយោគលើធនធានមនុស្សសម្រាប់ជោគជ័យរយៈពេលវែង

ធាតុផ្សំសំខាន់មួយនៃការអភិវឌ្ឍទីក្រុងដែលទទួលបានជោគជ័យជាស្ថាពរ គឺការវិនិយោគលើធនធានមនុស្ស។ ដំណើររបស់សិង្ហបុរីក្នុងការប្រែក្លាយជាទីក្រុងសកល ត្រូវបានជំរុញដោយការប្តេជ្ញាចិត្តចំពោះការអប់រំ និងការអភិវឌ្ឍកម្លាំងពលកម្ម។

ខ្លាអាស៊ីទាំងបួនបានដើរតាមផ្លូវស្រដៀងគ្នា ដោយប្រើប្រាស់ការវិនិយោគលើធនធានមនុស្សដើម្បីជំរុញភាពជោគជ័យសេដ្ឋកិច្ច។ ខេត្តព្រះសីហនុក៏នឹងមិនខុសគ្នាដែរ។ ការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ត្រូវបានព្យាករថានឹងបង្កើតការងារជាង ៥៤០,០០០កន្លែង នៅឆ្នាំ២០៣៨ ប៉ុន្តែសំខាន់ជាងនេះទៅទៀត វានឹងផ្តល់ឱកាសសម្រាប់ការងារដែលមានជំនាញ និងតម្លៃបន្ថែមខ្ពស់។

ការវិនិយោគលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំបច្ចេកទេស និងកិច្ចសហការជាមួយសាកលវិទ្យាល័យនានា នឹងធានាថាប្រជាជននៅខេត្តព្រះសីហនុ មិនមែនគ្រាន់តែជាអ្នកឈរមើលការអភិវឌ្ឍនេះទេ - ពួកគេនឹងក្លាយជាកម្លាំងចលករ ដ៏សំខាន់។ ផែនការមេ ក៏នឹងផ្តោតលើការកែលម្អផ្នែកលំនៅឋាន សុខភាព និងហេដ្ឋារចនាសម្ព័ន្ធអប់រំ ដើម្បីបង្កើត ជាសង្គមមួយដែលមានផាសុកភាពរស់នៅ និងសមធម៌សម្រាប់ប្រជាជនទាំងអស់។

តាមរយៈការផ្តល់ជំនាញ ដែលយុវជនត្រូវការ ដើម្បីទទួលជោគជ័យក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ និងវិស័យសេវាកម្មទំនើប រាជរដ្ឋាភិបាលនឹងធានាអនាគតដ៏រុងរឿងសម្រាប់មនុស្សជំនាន់ក្រោយ។

ដើម្បីធានាការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់ កម្មវិធីបណ្តុះបណ្តាលពេញលេញមួយ នឹងត្រូវបង្កើត និងអនុវត្តសម្រាប់រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសពហុបំណង (MPSEZ Administration) ដែលជាស្ថាប័នអនុវត្តមួយនៃផែនការមេនេះ ដែលនឹងផ្តល់សេវាគាំទ្រអាជីវកម្មសំខាន់ៗដល់វិនិយោគិន។ 

កម្មវិធីបណ្តុះបណ្តាលនេះនឹងផ្តោតលើការពង្រឹងសមត្ថភាពមន្ត្រីរដ្ឋបាល ក្នុងការផ្តល់សេវាសាធារណៈ ការសម្រួល អនុលោមបទប្បញ្ញត្តិពាក់ព័ន្ធ និងលើកកម្ពស់ស្តង់ដារសេវាកម្មទាក់ទងនឹងការវិនិយោគ។ គោលដៅនៃការបណ្តុះបណ្តាលនេះ គឺដើម្បីបង្កើតបរិយាកាសធុរកិច្ចដែលមានភាពឆ្លើយតបខ្ពស់សម្រាប់វិនិយោគិន និងស្របទៅនឹងគោលដៅនៃផែនការមេសម្រាប់ការអភិវឌ្ឍតំបន់ប្រកបដោយចីរភាព។

ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់អនាគត

នៅពេលចាប់ផ្តើមដំណើរនៃការផ្លាស់ប្តូរនេះ រាជរដ្ឋាភិបាលយល់ច្បាស់ថាការអភិវឌ្ឍត្រូវតែមានចីរភាព។ ទីក្រុងដូចជាសិង្ហបុរី បានបង្ហាញពីរបៀបរួមបញ្ចូលតំបន់បៃតង ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងការអភិវឌ្ឍទីក្រុងឆ្លាតវៃទៅក្នុង យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួនបានយ៉ាងជោគជ័យ ខណៈពេលដែលបន្តជំរុញកំណើនសេដ្ឋកិច្ច។ 

ការផ្តោតលើលើស្ថាបត្យកម្មបៃតង សួនច្បារទីក្រុង និងការរៀបចំផែនការបរិស្ថានរយៈពេលវែងរបស់សិង្ហបុរី បានជួយឱ្យប្រទេសនេះ ក្លាយជាគំរូនៃចីរភាពនៅក្នុងតំបន់។

ខេត្តព្រះសីហនុនឹងដើរតាមគន្លងស្រដៀងគ្នានេះដែរ ដោយមានផែនការសម្រាប់តំបន់ឧស្សាហកម្មដែលមិនប៉ះពាល់បរិស្ថាន តំបន់បៃតងសាធារណៈ និងការអភិវឌ្ឍទីក្រុងឆ្លាតវៃ ដែលធ្វើឱ្យមានតុល្យភាពរវាងកំណើនសេដ្ឋកិច្ច និងការថែរក្សាបរិស្ថាន។ 

ការប្តេជ្ញាចិត្តរបស់យើងចំពោះថាមពលបៃតង ការគ្រប់គ្រងសំណល់ និងការអភិរក្សទឹក នឹងធានាថាការអភិវឌ្ឍខេត្តព្រះសីហនុ គឺមានការទទួលខុសត្រូវចំពោះបរិស្ថាន។

ដូចគ្នានឹងរបៀបដែលសិង្ហបុរីបានធ្វើឱ្យទិដ្ឋភាពទីក្រុងរបស់ខ្លួនមានភាពស្រស់បំព្រង ដោយរក្សាការផ្តោតលើនិរន្តរភាព ខេត្តព្រះសីហនុនឹងក្លាយជាគំរូមួយសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា និងតំបន់ទាំងមូល។

សេចក្តីសន្និដ្ឋាន៖ ពេលវេលានៃការផ្លាស់ប្តូររបស់ខេត្តព្រះសីហនុ

ការអភិវឌ្ឍខេត្តព្រះសីហនុ គឺមិនមែនគ្មានបញ្ហាប្រឈមនោះទេ។ ផែនការមេ ទទួលស្គាល់ពីភាពចាំបាច់ក្នុងការដោះស្រាយ កង្វល់នានាអំពីសន្តិសុខសង្គម ហានិភ័យបរិស្ថានដែលអាចកើតមាន និងការបែងចែកផលប្រយោជន៍សេដ្ឋកិច្ច ប្រកបដោយសមធម៌។ 

ទោះជាយ៉ាងណា តាមរយៈការរៀនសូត្រពីភាពជោគជ័យ និងបញ្ហាប្រឈមរបស់ទីក្រុងផ្សេងទៀត រួមជាមួយនឹងការផ្តល់អាទិភាពលើការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ខេត្តព្រះសីហនុកំពុងស្ថិតនៅលើមាគ៌ាឆ្ពោះ ទៅកាន់ការប្រែក្លាយខ្លួនជាគំរូជោគជ័យរបស់កម្ពុជា និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មសកល។

ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ផ្តល់នូវផែនទី បង្ហាញផ្លូវដើម្បីសម្រេចបាននូវចក្ខុវិស័យមួយនេះ។ ជាមួយនឹងទីតាំងយុទ្ធសាស្ត្រនៅអាស៊ីអាគ្នេយ៍ ខេត្តព្រះសីហនុ ផ្តល់នូសក្តានុពលដ៏ល្អបំផុតក្នុងការឆ្ពោះទៅចាប់យកទីផ្សារអន្តរជាតិតាមរយៈកំពង់ផែទឹកជ្រៅ ផ្លូនលឿនទៅកាន់រាជធានីភ្នំពេញ និងព្រលានយន្តហោះទំនើប។

ការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ការកែលម្អផ្លូវរថភ្លើង និងការកែលម្អហេដ្ឋារចនា សម្ព័ន្ធឆ្អឹងខ្នងផ្សេងទៀត នឹងជំរុញការតភ្ជាប់កាន់តែខ្លាំង ធ្វើឱ្យខេត្តនេះកាន់តែមានភាពទាក់ទាញក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវិនិយោគអន្តរជាតិ។

លើសពីហេដ្ឋារចនាសម្ព័ន្ធ ផែនការមេ នឹងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចដ៏សកម្មក្នុងវិស័យផ្សេងៗ រួមមានកម្មន្តសាល បច្ចេកវិទ្យាខ្ពស់ ការកែច្នៃផលិតផលកសិកម្មទំនើប ការផ្តល់សេវាកម្មធុរកិច្ចកម្រិតខ្ពស់ និងសេដ្ឋកិច្ចឌីជីថល ដែលកំពុងរីកចម្រើន។ ការធ្វើពិពិធកម្មនេះ នឹងពង្រីកឱកាសសម្រាប់វិនិយោគិន និងអាជីវកម្មគ្រប់ទំហំ ស្របពេលនឹងការបង្កើតឱកាសការងារដែលមានតម្លៃខ្ពស់សម្រាប់ប្រជាជនកម្ពុជា។

ការផ្លាស់ប្តូរនេះមិនមែនគ្រាន់តែជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគប៉ុណ្ណោះទេ - វាគឺជាការកសាងមូលដ្ឋានគ្រឹះនៃ វិបុលភាពរយៈពេលវែងសម្រាប់ប្រជាជននៅខេត្តព្រះសីហនុ និងប្រទេសកម្ពុជាទាំងមូល។ 

ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ចំពោះការអប់រំ និងការអភិវឌ្ឍកម្លាំងពលកម្ម នឹងផ្តល់ឱ្យមនុស្សជំនាន់ក្រោយនូវជំនាញដែលពួកគេត្រូវការ ដើម្បី បន្តរីកចម្រើននៅក្នុងសេដ្ឋកិច្ចសកល ដោយធានាថាការរីកចម្រើននេះផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងអស់។

ដូច្នេះហើយ គម្រោងផែនការមេខេត្តព្រះសីហនុ សូមអញ្ជើញវិនិយោគិន អាជីវកម្ម និងប្រជាពលរដ្ឋទាំងអស់ ចូលរួម ក្នុងដំណើរបេសកកម្មដ៏សំខាន់មួយនេះ។ អនាគតរបស់ខេត្តព្រះសីហនុ នឹងសម្រេចបានកំណើនសេដ្ឋកិច្ចដ៏ជោគជ័យ ហើយ យើងទាំងអស់គ្នាអាចប្រែក្លាយខេត្តនេះ ជាខេត្តសេដ្ឋកិច្ចឈានមុខគេនៅក្នុងប្រទេសកម្ពុជា និងក្លាយជាគំរូនៃភាពធន់ នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់ទាំងមូលផងដែរ៕

លោក ជា កុកហុង ប្រធានលេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេសអន្ដរក្រសួងសម្របសម្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង