អនុសញ្ញា​ស្តីពី​អំពើ​ប្រល័យ​ពូជសាសន៍ មាន​ឈ្មោះ​ផ្លូវការ «អនុសញ្ញា​ស្តីពី​ការ​បង្ការ និង​ការ​ផ្តន្ទាទោស​​ចំពោះ​បទឧក្រិដ្ឋ​ប្រល័យ​ពូជសាសន៍» គឺជា​លិខិតុបឧបករណ៍​នៃ​​ច្បាប់​អន្តរជាតិ​លើក​ដំបូង​មិន​ធ្លាប់មាន​ពី​មុនមក ចែង​អំពី​បទ​ឧក្រិដ្ឋ​ប្រល័យ​ពូជសាសន៍។ អនុសញ្ញា​នេះ​បញ្ជាក់​យ៉ាង​មុត​មាំ​អំពី​ការ​ប្តេជ្ញាចិត្ត​របស់​បណ្តា​ប្រទេស​នានា​នៅ​លើ​សាកល​លោក ក្នុង​ការ​ទប់ស្កាត់ “មិន​ឲ្យ​កើត​ឡើង​សាជាថ្មី” នូវ​បទឧក្រិដ្ឋ ដូច​បាន​ប្រព្រឹត្ត​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទីពីរ។ 

អនុសញ្ញា​នេះ​ត្រូវ​បាន​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​អនុម័ត កាល​ពី​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ១៩៤៨ ហើយ​រហូត​មក​ទល់​ពេល​នេះ​មាន​រដ្ឋ​ចំនួន ១៥៣ បាន​ផ្តល់​សច្ចាប័ន ហើយ​វា​ជា​សន្ធិ​សញ្ញា​ស្តីពី​សិទ្ធិ​មនុស្ស​ដំបូង​បំផុត ដែល​ត្រូវ​បាន​មហាសន្និបាត​បាន​អនុម័ត​ទទួល​ស្គាល់។

ការ​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា គឺ​​ជា​ការ​ទទួល​ស្គាល់​នូវ​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋ​ចំពោះ​ប្រជាពលរដ្ឋរបស់​ខ្លួន។ ឆ្នាំ​មុន គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៥ នៃ​ការ​អនុម័ត​អនុសញ្ញា​នេះ និង​ជា​ឱកាស​ឆ្លុះបញ្ចាំង​អំពី​កេរតំណែល​ដ៏​សំខាន់ និង​បញ្ហា​ប្រឈម​នៃ​អនុសញ្ញា ដែល​នៅ​បន្ត​កើត​មាន​ក្នុង​ការ​បង្ការ និង​ការ​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍។


នៅ​ថ្ងៃ​ទី១៤ ខែ​តុលា ឆ្នាំ​១៩៥០ ប្រទេស​កម្ពុជា គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដំបូង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ទទួលយក​កាតព្វកិច្ច ទប់ស្កាត់ និង ផ្តន្ទាទោស ចំពោះ​បទឧក្រិដ្ឋ​ប្រល័យ​ពូជសាសន៍ សំដៅ “មិនឲ្យ​[បទឧក្រិដ្ឋនេះ] កើត​ឡើង​សា​ជាថ្មី”។


គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល ៧៤ឆ្នាំ​ហើយ ក៏​ប៉ុន្តែ ជា​អកុសល នៅ​ចន្លោះ​ឆ្នាំ ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ប្រជាជន​កម្ពុជា​បាន​ហែល​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​ដ៏ឃោរឃៅ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក និង​អំពើ​កាច​សាហាវ​យង់ឃ្នង​ជាច្រើន​រាប់​មិនអស់។ បទពិសោធ​ដ៏គួរ​ព្រឺខ្លាច​នៅ​កម្ពុជា បង្ហាញ​អំពីភាព​ចាំបាច់​ត្រូវ​ប្រុង​ប្រយ័ត្ន និង​តម្រូវ​ឲ្យ​មាន​វិធានការ​បង្ការ​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍​នេះ។


ដូច្នេះ យើង​ចាំបាច់​ត្រូវ​បង្កើត​ឲ្យ​មាន​ឱកាស ដើម្បី​គិត​គូរ​រក្សា​កេរដំណែល នៃ​អនុសញ្ញា​ស្តីពី​អំពើ​ប្រល័យពូជសាសន៍ សំដៅ​បន្ត​ពង្រឹង​នូវ​ការ​ប្តេជ្ញា​ចិត្ត​ជា​សាកល​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍ ជាពិសេស ក្នុង​ពេល​បណ្តា​ប្រទេស​នានា​កំពុង​ប្រឈម​ខ្លាំង​ឡើង​ចំពោះ​ហានិភ័យ​នៃ​បទឧក្រិដ្ឋនេះ​នៅទូទាំង​ពិភព​លោក។ 


យើង​ត្រូវ​សួរ​ខ្លួន​ឯងថា តើ​សព្វថ្ងៃ​នេះ យើង​ពិត​ជា​បាន​ប្រកាន់​ខ្ជាប់​នូវ​ការ​ប្តេជ្ញា​ចិត្ត “មិន​ឲ្យ​ [បទឧក្រិដ្ឋនេះ] កើត​ឡើង​សាជាថ្មី” ឬ យើង​ចាំបាច់​ចាត់​វិធានការ​ផ្សេង​ទៀត ដើម្បី​ពង្រឹង​ការបង្ការ​ទប់ស្កាត់​បទឧក្រិដ្ឋ​ដូច​បាន​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​កម្ពុជា?

ដូច្នេះ យើង​មាន​សេចក្តី​សោមនស្សា​រីករាយ​ទទួល​យក​ការ​អញ្ជើញ​ចូលរួម​សន្និសីទ​រយៈពេល​បីថ្ងៃ នៅ​រាជធានី​ភ្នំពេញ ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​បទពិសោធកម្ពុជា។ តាម​រយៈ​កិច្ច​សន្ទនា​នេះ​ទើប​យើង​អាច​ពង្រឹង​ការ​ប្តេជ្ញាចិត្ត​របស់​ពិភពលោក​បង្ការ​ទប់​ស្កាត់ “មិនឲ្យ​[បទឧក្រិដ្ឋនេះ]​កើត​ឡើង​សាជាថ្មី”។ យើង​ត្រៀម​ចូលរួម​សន្និសីទ​នេះ ដើម្បី​ស្តាប់​សម្លេងរបស់​ជន​រងគ្រោះ និង​អ្នក​នៅ​រស់រាន​មាន​ជីវិត​ពី​របប​នោះ ក៏​ដូចជា​ផ្លាស់ប្តូរ​យោបល់​លើ​ប្រធានបទ​ដ៏មាន​សារៈសំខាន់​នេះ​ជាមួយ​នឹង​មន្ត្រី​នៃ​រាជរដ្ឋាភិបាល និង​សង្គម​ស៊ីវិល នៅ​ប្រទេស​កម្ពុជា ។

ប្រទេសកម្ពុជា មាន​បទពិសោធ​ពិសេស​ប្លែក​ពី​បណ្តា​ប្រទេស​នានា​ពាក់ព័ន្ធ​នឹង​យន្តការ​នៃការ​ទទួល​ខុស​ត្រូវ ដែល​បាន​បង្កើត​ឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ក្នុង​របបខ្មែរ​ក្រហម ពោល​គឺ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.)។ យើង​ទទួល​ស្គាល់​កិច្ច​ខិតខំ​អស់​ពី​កម្លាំង​កាយចិត្ត​របស់​កម្ពុជា និង អ.វ.ត.ក. ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ដោយ​ផ្ទាល់​ស្រប​តាម​អនុសញ្ញា​ស្តីពី​អំពើប្រល័យ​ពូជសាសន៍។ ការ​ផ្តន្ទាទោស​អតីត​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ខៀវ សំផន និង “បងធំទីពីរ” នួន ជា ចំពោះ​បទប្រល័យ​ពូជសាសន៍ មាន​លក្ខណៈ​ពិសេស​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ចំណោមការ​ផ្តន្ទាទោស​ផ្សេង​ទៀត​ចំពោះ​ការ​ទទួល​ខុសត្រូវ​លើ​ឧក្រិដ្ឋកម្ម​ដ៏​សាហាវ​យង់ឃ្នង​បំផុត។  អ.វ.ត.ក. ក៏​បាន​ចេញ​សាល​ដីកា​ដ៏​មាន​សារៈសំខាន់​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ និង​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ​បំផុត​នៃ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ។ 

ការ​បង្កើត អ.វ.ត.ក. និង​ការ​អនុវត្ត​អនុសញ្ញា​ស្តីពី​អំពើ​ប្រល័យ​ពូជសាសន៍ គឺ​សមិទ្ធផល​ដ៏សំខាន់​សម្រាប់កម្ពុជា និង​ពិភពលោក ហើយ​វាជា​គំរូ​នៃ​វិធី​អនុវត្ត​អនុសញ្ញា ស្របតាម​ស្ថានភាព​ជាក់ស្តែង។ យើង​សូមវាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ និង​ចំពោះ​ជន​រងគ្រោះ និង​អ្នក​នៅ​រស់រាន​មាន​ជីវិត​ពីរបប​ខ្មែរ​ក្រហម ដោយ​ហេតុ​ថា សក្ខីកម្ម និង​ការ​ចូលរួម​ទាំង​ជាមួយ​តុលាការ មាន​ភាព​ចាំបាច់​ចូលរួមចំណែក​សម្រេច​បាន​នូវ​សមិទ្ធផល​ទាំង​នេះ និង​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការ​បន្ត​ដំណើរ​ផ្លូវ​ឆ្ពោះ​ទៅ​អនាគត។ ជន​រងគ្រោះ​និង​អ្នក​នៅ​រស់រាន​មាន​ជីវិត​ជាច្រើន​នាក់ រួម​ជាមួយ​យុវជន​ជំនាន់​ក្រោយ​នៅ​ក្នុងប្រទេស​កម្ពុជា កំពុង​បន្ត​រក្សា​ការងារ​អប់រំ និង​លើក​កម្ពស់​ការ​យល់ដឹង​អំពី​អនាគតកាល​ដ៏​មាន​សារៈសំខាន់​នេះ សំដៅ​ធ្វើ​យ៉ាងណា​អាច​ឲ្យ​យើង​ទាំងអស់​គ្នា​រៀនសូត្រ​ដក​ពិសោធ​ជាមួយ​គ្នា។ ការងារ​ទាំងនេះ​នៅ​បន្ត​មាន​សារៈសំខាន់ ដូច្នេះ យើង​ទាំង​អស់​គ្នា​ត្រូវ​ទទួល​ស្គាល់ និង​ផ្តល់​ការ​គាំទ្រ​ទាំងអស់​គ្នា។ យើង​នឹង​យក​ឱកាស​នៃ​ដំណើរ​ទស្សន​កិច្ច​នេះ ជួប​ពិភាក្សា និង​ស្តាប់​បទពិសោធ​របស់ អ.វ.ត.ក. ជាពិសេស សម្លេង​របស់​ជន​រងគ្រោះ។

ការ​បង្ការ​ទប់ស្កាត់ អាច​ជា​កាតព្វកិច្ច​ដ៏​សំខាន់​បំផុត​ស្របតាម​អនុសញ្ញា​ស្តីពី​ប្រល័យ​ពូជសាសន៍។ ហើយ​វារឹតតែ​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ ក្នុង​ពេល​មាន​សន្តិភាព។ ក្រោយ​ពេល​កិច្ច​ដំណើរការ​នីតិវិធី​តុលាការ​នៅ​ចំពោះ​មុខ​អង្គជំនុំជម្រះ​វិសាមញ្ញ​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ ការ​បង្ការ​ទប់ស្កាត់ ពិត​ណាស់ គឺជាកាតព្វ​កិច្ច​ចាំបាច់​បំផុត ​ដែល​ប្រទេស​កម្ពុជា​ត្រូវ​អនុវត្ត​ស្រប​តាម​អនុសញ្ញា​នេះ ទាំង​នៅ​កម្រិត​ជាតិ និងអន្តរជាតិ។ ដើម្បី​អាច​អនុវត្ត​ការ​បង្ការ​ទប់ស្កាត់​ឲ្យ​ស្រប​តាម​គោលបំណង និង ប្រកប​ដោយ​ប្រសិទ្ធភាព ប្រទេស​កម្ពុជា​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​សំខាន់​លើការ​ចែក​រំលែក​ចំណេះដឹង ការអប់រំ និងការ​ផ្សព្វផ្សាយព័ត៌មាន នៅ​គ្រប់​កម្រិត និង​គ្រប់​ទិដ្ឋភាព​សង្គម​កម្ពុជា។ យើង​សូម​អំពាវនាវ​ដល់​ស្ថាប័នរដ្ឋ​  អចិន្ត្រៃយ៍ ដែល​បាន​យកចិត្ត​ទុក​ដាក់​លើ​ការងារ​នេះ​នា​ពេល​កន្លង​មក សូម​បន្ត​គាំទ្រ​ឲ្យ​បាន​ទាន់​ពេល​វេលា​ និង​ស្រប​តាម​ជំនាញ​ពាក់ព័ន្ធ ដល់​កម្ពុជា​ដែល​បាន​បំពេញ​ការងារ​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​រហូត​មក​ដល់​បច្ចុប្បន្ន។

ប្រវត្តិសាស្ត្រ​បង្ហាញ​ដដែលៗ​ឲ្យ​យើង​ឃើញ​ថា អំពើ​មហាឃោរឃៅ រួម​ទាំង​ អំពើ​ប្រល័យ​ពូជសាសន៍ មិនមែន​កើត​ឡើង​ដោយ​ចៃដន្យ ឬ គ្មាន​ហេតុផល​ដាច់​តែ​ឯង​នោះ​ទេ។ វា​តែងតែ​លេច​ចេញ​ជា​សញ្ញាព្រមាន​ទុក​ជាមុន​ណា​មួយ។ ដូច្នេះ ជំហាន​ដំបូង​ដ៏​ចាំបាច់​ក្នុងការ​បង្ការ​ទប់ស្កាត់អំពើ​នេះ​បាន គឺ តាម​រយៈ​ការ​បង្កើត​ឧបករណ៍​គោល​នយោបាយ និង​បទដ្ឋាន​គតិយុត្តិ​នៅ​ថ្នាក់ជាតិ ​ក៏​ដូចជា​រចនា​សម្ព័ន្ធ​ដែលអាច​កំណត់ និង​ទប់ស្កាត់​សញ្ញា​ព្រមាន​ទុក​ជា​មុន​ទាំង​នេះ រួម​ជាមួយ​នឹង​ការ​អប់រំ និង​ការ​ផ្សព្វផ្សាយព័ត៌មាន​ជាដើម។

ប្រទេ​សកម្ពុជា ទើប​មាន​បទពិសោធ​ថ្មីៗ​ដ៏​គួរ​យក​ជា​គម្រូ​តាម​លើ​ការងារ​ស្ថាបនា​សន្តិភាព និង​ការអភិវឌ្ឍ ដោយ​បាន​ប្រែ​ក្លាយ​មុខមាត់​កម្ពុជា​ពី​ប្រទេស​មាន​ជម្លោះ​ប្រដាប់​អាវុធ តាម​រយៈការ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ និង​ការ​កសាង​រដ្ឋ ទៅជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ក្នុង​រយៈពេល​បួនទសវត្សរ៍​ចុងក្រោយ បន្ទាប់ពី​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ។ ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​មាន កង​កម្លាំង​រឹងមាំ ចូលរួម​ចំណែក​ឥត​ងាករេ​ក្នុង​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ បាន​ជួយ​សម្រួល​ដល់​យុត្តិធម៌​អន្តរកាល​តាម​រយៈអង្គ​ជំនុំជម្រះ​វិសាមញ្ញ និង រក្សា​បាន​ភាព​ជា​ដៃគូ​រឹងមាំជាមួយ​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា សំដៅ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។

បទពិសោធ​កម្ពុជា​តាម​រយៈ អ.វ.ត.ក. ក៏ជា​ឱកាស​ពិសេស​មួយ​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការ​បន្តពង្រឹង​សន្តិភាព និង​ការ​អភិវឌ្ឍ។ ប្រទេស​កម្ពុជា​ក៏​អាច​ចែក​រំលែក​បទពិសោធ​នេះ​នៅ​ថ្នាក់​តំបន់ និងពិភពលោក​ផងដែរ រួម​ទាំង​តាម​រយៈការ​ប្រមូលផ្តុំ​ស្ថាប័ន​ក្នុង​ស្រុក និង​ក្នុង​តំបន់ ចូលរួម​ក្នុង​ក្រប​ខណ្ឌ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រួម​មួយ សំដៅ​លើក​កម្ពស់​កិច្ចការងារ​ទាំង​នេះ និង​កម្មវិធី​ពាក់ព័ន្ធ​ផ្សេងទៀត។ 

ដូច្នេះ យើង​ចូលរួម​គាំទ្រ​សេចក្តី​ប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​ចង់​បាន​សន្តិភាព។​ យើង​ក៏​សូម​លើក​ទឹកចិត្ត​ដល់​សង្គម​ស៊ីវិល​បន្ត​អនុវត្ត​ការងារ​ប្រកប​ដោយ​អត្ថន័យ​របស់​ខ្លួន​បន្ត​ទៀត។ យើង​សូមគូស​បញ្ជាក់សាជាថ្មី​នូវ​ការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ និង ឥតងាករេ​របស់​អង្គការ​សហប្រជាជាតិ ដែល​នៅតែ​បន្ត​រួបរួមជាមួយ​ប្រទេស​កម្ពុជា និង​គាំទ្រ​ការងារ និង​បំណង​ប្រាថ្នា​ដ៏​មាន​សារៈសំខាន់​របស់​ប្រទេស​កម្ពុជា ក្នុងការ​រក្សា​សន្តិភាព និង​វិបុល​សុខ​ជូន​ប្រជាជន​កម្ពុជា​គ្រប់​រូប​សំដៅ​ធ្វើ​យ៉ាង​ណា “មិនឲ្យ​[បទឧក្រិដ្ឋនេះ]កើត​ឡើង​សាជាថ្មី”។

អត្ថបទ​ដោយ​លោកស្រី Alice Wairimu Nderitu អគ្គលេខាធិការរង​នៃ​អង្គការ​សហប្រជាជាតិ និង​ជា​ទីប្រឹក្សា​ពិសេសទទួល​បន្ទុក​ការ​បង្ការ និង​ការ​ទប់ស្កាត់​អំពើ​ប្រល័យ​ពូជសាសន៍ និង​លោក Joseph Scheuer អ្នក​សម្របសម្រួល​អង្គការ សហប្រជាជាតិ ប្រចាំ​ប្រទេស​កម្ពុជា