ភ្លៀង​ធ្លាក់​នា​ពេល​ថ្មីៗ​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​មាន​សេចក្តី​សោមនស្ស​រីករាយ​លើស​ពី​ធម្មតា។ រលក​កម្តៅ​ក្នុង​រយៈពេល​ដ៏​យូរ​កន្លង​មក​នេះ​បាន​បង្ក​ឲ្យ​មាន​ភាព​ក្ដៅខ្លាំង នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍។ សីតុណ្ហភាព​ខ្ពស់​ដែល​មិន​ធ្លាប់​មាន​បាន​ហក់​ឡើង​ដល់​ជិត ៥០​អង្សារសេ​នៅ​តំបន់​មួយ​ចំនួន​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ជាពិសេស នៅ​ទីក្រុង​និង​ទី​ប្រជុំជន​ដែល​មាន​សំណង់​អគារ​ច្រើន​កកកុញ។

បម្រែបម្រួល​អាកាសធាតុ គឺជា​មូលហេតុ​ចម្បង​នៃ​ស្ថានភាព​អាក្រក់​នេះ។ វា​ជា​រឿង​អកុសល​មួយ​ដែល​កត្តា​នេះ​បាន​ធ្វើឲ្យផែនដី​របស់​យើង​ឡើង​កម្តៅ ហើយ​សីតុណ្ហភាព​ទាំង​នេះ​ទំនង​ជា​នឹង​ឡើង​បន្ត​ទៀត​នៅ​ឆ្នាំ​ខាងមុខ។ អាស្រ័យ​ហេតុ​នេះ យើង​ទាំងអស់​គ្នា គួរ​ត្រៀម​ខ្លួន​សម្រាប់​កំណើន​សីតុណ្ហភាព​នៅ​កម្រិត​បន្ទាប់ទៀត។

ដោយសារ​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​ពឹង​ផ្អែក​លើ​ម៉ាស៊ីន​ត្រជាក់​ឬ​កង្ហារ​អគ្គិសនី​ដើម្បី​ធ្វើឱ្យ​ត្រជាក់ និង​សម្រប​ខ្លួន​ទៅ​នឹង​អាកាសធាតុ​ក្តៅ ការ​ទទួល​បាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​តាម​តម្រូវការ មាន​ភាព​ចាំបាច់​ណាស់​ក្នុង​អំឡុងពេល​ដែល​មាន​រលក​កម្តៅ​នេះ។


លើស​ពីនេះ ការ​ទទួល​បាន​ថាមពល​អគ្គិសនី​គ្រប់គ្រាន់ ក៏​ជា​កត្តា​ដែល​ញុំាង​ឲ្យ​មាន​ការ​ទទួល​បាន​ទឹក​ប្រើប្រាស់​ដែល​ចាំបាច់​បំផុត​ក្នុង​ការ​បំពេញ​តាម​តម្រូវ​ការ​នា​រដូវក្តៅ​នេះ​ផងដែរ។ ថ្វី​បើ​តម្រូវ​ការ​ថាមពល​អគ្គិសនី​ក្នុង​អំឡុង​ពេល​មាន​រលក​កម្តៅ បាន​ស្ទុះឡើង​ខ្ពស់​យ៉ាង​ណា​ក្តី ក៏​យើង​សង្កេត​ឃើញ​ថា​បណ្ដាញ​អគ្គិសនី​កម្ពុជា​នៅតែ​មាន​ភាពធន់ និង ស្ថិរភាព ​ជាមួយ​និង​ផលរំខាន​តិចតួច​បំផុត​ទៅ​លើ​ប្រព័ន្ធ​គ្រប់គ្រង​និង​ប្រតិបត្តិការ ហើយ​នៅតែ​មាន​សមត្ថភាព​ផ្គត់ផ្គង់​តាម​កំណើន​តម្រូវការ​បាន​ដដែល។


កត្តា​ចម្បង​ដែល​បាន​បង្កើន​ភាព​ធន់ និង​ស្ថិរភាព​នៅ​ក្នុង​ប្រព័ន្ធ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា គឺ​ការ​វិនិយោគ​នៅ​ក្នុង​ទំហំ​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​មួយ នៅ​ក្នុង​ប្រទេស​នេះ​ទៅ​លើ​ថាមពល​កកើត​ឡើងវិញ​ក្នុង​រយៈពេល​ប្រាំបីឆ្នាំ​កន្លង​មក។


តើ​ប្រទេស​កម្ពុជា​សម្រេច​បាន សមិទ្ធផល នេះ​ដោយ​របៀបណា? 


បន្ទាប់ពី​សង្រ្គាម​ស៊ីវិល​រយៈពេល​បី​ទសវត្សរ៍​កន្លងមក ប្រទេស​នេះ​បាន​បោះ​ជំហាន​ដំបូង​របស់​ខ្លួន តាម​រយៈ​ការ​កសាង និង​ជួសជុល​ឡើងវិញ នូវ​ប្រព័ន្ធ​អគ្គិសនី របស់​ខ្លួន​ដែល​បាន​រងការ​បំផ្លិច​បំផ្លាញ​យ៉ាង​ដំណំ។ ក្រោយ​មក ជំហាន​ដ៏​ធំ​ជា​លើក​ទីពីរ គឺ​ការ​ផ្តោត​លើ​វិស័យ​ថាមពល ដែល​ប្រទេស​នេះ​បាន​កាត់​បន្ថយ​ការ​ពឹង​ផ្អែក និង​ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​ដែល​ហៅថា Heavy Fuel Oil (ដែល​ជា​ធម្មតា​មាន​តម្លៃ​ខ្ពស់) ដោយ​បាន​បង្កើន​ទំហំ​ផលិតកម្ម​ថាមពល​អគ្គិសនី​តាម​រយ:ថាមពល​កកើត​ឡើងវិញ​របស់​ខ្លួន។

ថាមពល​កកើត​ឡើងវិញ​ចម្បងៗ​នៅ​កម្ពុជា​រួមមាន ថាមពល​វារីអគ្គិសនី និង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ឬ​ថាមពល​សូឡា។ សព្វថ្ងៃនេះ ថាមពល​វារី​អគ្គិសនី​បាន​រួម​ចំណែក​យ៉ាង​សកម្ម ដែល​មាន​សមត្ថភាព​ស្មើ​នឹង​ ៤៥% នៃ​ថាមពល​អគ្គិសនី​សរុប ដែល​ផលិត​នៅ​ក្នុង​ស្រុក។ 

ប្រព័ន្ធ​ថាមពល​អគ្គិសនី​របស់​កម្ពុជា​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បោះ​ជំហាន​ដ៏ធំ​បន្ទាប់​ទៀត តាម​រយៈការ​បង្កើន​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​ចម្រុះ​ឬ​ហៅថា Variable Renewable Energy (VRE) និង​ប្រើប្រាស់​បន្ថែម​ទៀត​នូវ​សក្ដានុពល​ថាមពល​ខ្យល់ និង​ថាមពល​សូឡា​ដ៏​ច្រើន​លើស​លុប​របស់​ខ្លួន។ តាម​រយៈការ​ធ្វើ​បែប​នេះ វា​នឹង​ធ្វើឲ្យ​ប្រព័ន្ធ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​នឹង​កាន់តែ​ធន់​នឹង​បម្រែបម្រួល​អាកាសធាតុ និង​អាច​មាន​សមត្ថភាព បំពេញ​តម្រូវការ​កំណើន​ថាមពល​នៅ​ពេល​អនាគត។

ដំបូងឡើយ គេ​យល់​ថា ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​អគ្គិសនី​នៅ​កម្ពុជា​មាន​តុល្យភាព តាម​រយៈការ​បង្កើន​ភាគរយ​និង​ទំហំ​នៃ​ការ​ផលិត​ថាមពល​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ និង​ខ្យល់ នឹង​ពុំអាច​ទៅ​រួច​ដូច​ការ​រំពឹង​ទុក​ឡើយ ពីព្រោះ​ប្រភព​ថាមពល​ទាំងពីរ​នេះ ប្រែប្រួល​ទៅ​តាម​ពេល​វេលា​ប្រចាំ​ថ្ងៃ និង​ពឹង​ផ្អែក​ខ្លាំង​លើ​អំណោយផល​នៃ​អាកាសធាតុ។ ដោយសារ​តែ​បម្រែបម្រួល និង​ភាព​មិន​ទៀងទាត់​ទាំង​នេះ​ហើយ ទើប​គេ​សន្មត​ថា ថាមពល​កកើត​ឡើង​វិញ​ចម្រុះ VRE ជា​ប្រភព​ថាមពល​ដែល​មិន​អាច​ជឿ​ទុក​ចិត្ត​បាន និង​អាច​ជា​មូលហេតុ​ដែល​ធ្វើឲ្យប្រព័ន្ធ​អគ្គិសនី​គ្មាន​ស្ថិរភាព​ឬ​ជានិច្ចកាល​បណ្តាល​ឲ្យ​មាន​ករណី​ដាច់ភ្លើង នៅពេល​មាន​កំណើន​អ្នក​ប្រើប្រាស់​ច្រើន។ ដំណឹង​ល្អ គឺថា ការ​សន្មត​បែប​នេះ​លែង​ជា​ការ​ពិត​ទៀត​ហើយ។

ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ថ្នាក់​ដឹក​នាំ​ក្នុង​វិស័យ​ថាមពល​នៅ​កម្ពុជា​មាន​ការ​យល់ដឹង​កាន់តែ​ខ្លាំង​អំពី​របៀប​គ្រប់គ្រង​ភាព​ប្រែប្រួល​នៃ​ថាមពល​កកើត​ឡើងវិញ របៀប​រៀបចំ​ផែនការ របៀប​ធ្វើការ​ច្របាច់​បញ្ចូលគ្នា និង​វិធី​គ្រប់គ្រង​និង​ប្រតិបត្តិ​ប្រព័ន្ធ​ថាមពល​កកើត​ឡើងវិញ​ចម្រុះ VRE។ ការ​យល់​ដឹង​នេះ​ជា​ហេតុ​ញុំាង​ឲ្យ បរិមាណ​ថាមពល​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ​សព្វថ្ងៃ​កើន និង​មាន​ចំនួន​ស្មើ​នឹង​ប្រមាណ ៦% នៃ​ផលិតកម្ម​ថាមពល​ក្នុង​ស្រុក​របស់​កម្ពុជា។ ពួកគាត់​បាន​រៀនសូត្រ​យ៉ាង​ច្រើន​ពី​បណ្ដា​ប្រទេស​នានា ដូចជា អូស្រ្តាលី ដែល​ជា​ប្រទេស​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រើប្រាស់ និង​ពង្រីក​ប្រព័ន្ធ​ថាមពល​កកើត​ឡើងវិញ​ចម្រុះ VRE តាម​រយៈ​ការ​រួម​បញ្ចូល​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើង​វិញ​បន្ថែម​ទៅ​ក្នុង​ប្រព័ន្ធ VRE ទាំងនេះ ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដែល​អាច​ជឿ​ជាក់​បាន និង​ទាន់​ពេល​វេលា ជាពិសេស​ នៅ​ពេល​តម្រូវ​ការ​កើន​ឡើង​ខ្លាំង។

ជា​ឧទាហរណ៍ ថាមពល​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ​និង​ខ្យល់​ដែល​សេសសល់​ពី​តម្រូវការ អាច​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ប្រព័ន្ធ​ស្តុក​ថាមពល (ឬ Energy Storage System) ហើយ​យក​មក​បំពេញ​តម្រូវ​ការ​ប្រើ​ប្រាស់​វិញ ជំនួស​ពេល​ដែល​សមត្ថភាព​ផលិត​ថាមពល​របស់​វារី​អគ្គិសនី​ថយចុះ។ លើស​ពី​នេះ បច្ចេក​វិទ្យា​ស្តុក​ថាមពល​ថ្មីៗ ដូចជា ប្រព័ន្ធ​ស្តុក​ថាមពល​ដោយ​ការ​បូម​ទឹក​ទុក​នៅ​ទី​ខ្ពស់ (ឬ Pumped Hydro Energy Storage System: PHES) បាន​បន្ថែម​គុណ​សម្បត្តិ​និង​ភាព​បត់បែន​មួយ​កម្រិត​ទៀត​ដល់​ថាមពល​កកើត​ឡើងវិញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ថាមពល​ទាំង​មូល​កាន់តែ​មាន​ភាពធន់​និង​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ឆ្លើយតប​ចំពោះ​ហេតុការណ៍​នានា​ដែល​មិន​អាច​ព្យាករណ៍​ទុក​មុន​បាន។ 

ថ្នាក់​ដឹកនាំ​ក្នុង​វិស័យ​ថាមពល​កម្ពុជា​បាន​យល់​ច្បាស់​ពី​ចំណុច​សំខាន់ៗ​មួយ​ចំនួន ដូចជា​គុណ​វិបត្តិ​នៃ ការ​វិនិយោគ​ទៅ​លើ​ឥន្ធនៈ​ផូស៊ីល ដែល​នឹង​បង្កើន​ភាពងាយ​រងគ្រោះ​ដល់​ប្រព័ន្ធ​ថាមពល​អគ្គិសនី​សព្វថ្ងៃ។ ម្យ៉ាង​វិញ​ទៀត ការ​ឡើង​ថ្លៃ​ឥតព្រៀង​ទុក​នៃ​ធ្យូងថ្ម​ដែល​កម្ពុជា​នាំចូល​ពី​បរទេស នឹង​ធ្វើឱ្យ​ប្រទេស​នេះ​ប្រឈម​នឹង​ទីផ្សារ​ដែល​គ្មាន​តម្លៃ​ឋិតឋេរ និង​ជា​ហេតុ​បណ្តាល​ឲ្យតម្លៃ​ថាមពល​អគ្គិសនី​ក្នុង​មួយ​គីឡូ​វ៉ាត់​ម៉ោង​កាន់​តែ​ខ្ពស់​បើ​ធៀប​ទៅ​និង​ថាមពល​កកើត​ឡើងវិញ។ ទិដ្ឋភាព​ដដែល​នេះ ក៏​នឹង​អាច​កើត​ឡើង​ដែរ​ប្រសិន​ការ​វិនិយោគ​នានា​នៅ​ពេល​អនាគត​ផ្តោត​ចក្ខុវិស័យ​ទៅ​លើ​ឧស្ម័ន​ធម្មជាតិ​រាវ (ឬ Liquified Natural Gas)។

បន្ថែម​ពី​នេះ ភាព​មិន​ទៀងទាត់​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​ក្នុង​ការ​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម នឹង​ធ្វើ​ឱ្យ​កម្រិត​នៃ​ភាព​មិន​ច្បាស់លាស់​កាន់តែ​អាក្រក់​ធ្ងន់ធ្ងរ​ជាងមុន។ តើ​វា​សមហេតុ​ផល​ដែរទេ​ដែល​យើង​គួរ​ផលិត​ថាមពល​អគ្គិសនី​ពី​ធ្យូងថ្ម​ឬ​ឧស្ម័ន​ធម្មជាតិ​សម្រាប់​បំពេញ​តម្រូវ​ការ​និង​ការពារ​ប្រជាជន​កម្ពុជា​ពី​រលក​កម្តៅ ទាំង​ដែល​ដើមចម​នៃ​ការ​ឡើង​កម្តៅ​លើ​ភព​ផែនដី​គឺជា​ការ​ប្រើប្រាស់​ឥន្ធនៈ​ផូស៊ីល?

រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​និង​ថាមពល​បាន​កំណត់​មាគ៌ា​បៃតង​មួយ​សម្រាប់​ប្រទេស​កម្ពុជា​តាម​រយៈការ​បង្កើន​ការ​វិនិយោគ​ទៅ​លើ​ថាមពល​កកើត​ឡើង​វិញ​ចម្រុះ​ VRE និង​ប្រព័ន្ធ​វារី​អគ្គិសនី​ថ្មីៗ ព្រម​ទាំង​ងាក​ចេញ​ពី​ឥន្ធនៈ​ផូស៊ីល។ សេចក្ដី​ប្រកាស​របស់​គាត់​សុទ្ធសឹង​ផ្តោត​លើ​ការ​ពង្រឹង​គុណភាព​និង​បង្កើន​សមត្ថភាព​របស់​ប្រព័ន្ធ​អគ្គិសនី​កម្ពុជា ដើម្បី​សម្រេច​បាន​គោលដៅ​ថាមពល​កកើត​ឡើង​វិញ​ចំនួន ៧០% នៃ​ថាមពល​ផលិត​ក្នុង​ស្រុក នៅ​ត្រឹម​ឆ្នាំ ២០៣០។

សេចក្តី​ប្រកាស​ទាំង​នោះ​រួម​មាន ការ​បង្កើន​សមត្ថភាព​ផលិត​អគ្គិសនី​ពី​ថាមពល​សូឡា​ពីរដង (រហូត​ទៅ​ដល់ ២​ជីហ្កាវ៉ាត់) ការ​សាងសង់​ប្រព័ន្ធ​ស្តុក​ថាមពល​ដោយ​ការ​បូមទឹក​ទុក​នៅ​ទី​ខ្ពស់ (PHES) ដែល​មាន​សមត្ថភាព​ស្តុក​ឬ​ផលិត​ថាមពល​អគ្គិសនី​បាន ១​ជីហ្កាវ៉ាត់ ការ​តម្លើង​ប្រព័ន្ធ​ផលិត​ភ្លើង​អគ្គិសនី​ពី​ថាមពល​ខ្យល់​ឲ្យ​បាន​នៅ​ត្រឹម​ឆ្នាំ ២០៣០ ព្រម​ទាំង​ការ​នាំចូល​ថាមពល​វារី​អគ្គិសនី ឬ​ពី​ខ្យល់​បន្ថែម​ទៀត​ពី​ប្រទេស​ឡាវ ។

ប្រទេស​កម្ពុជា​កំពុង​ដឹកនាំ​មាគ៌ា​និង​ធ្វើ​ជា​គម្រូ​ល្អ​មួយ​ក្នុង​បណ្ដាប្រ​ទេស​អាស៊ាន ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ទៅ​លើ​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ។ ជំហាន​ដ៏​សំខាន់​បន្ទាប់​ទៀត​ក្នុង​វិស័យ​ថាមពល​របស់​កម្ពុជា ​គឺ​ត្រូវ​កៀរគរ​ប្រភព​ហិរញ្ញ​វត្ថុ ជំនាញ​បច្ចេកទេស និង​ផ្ដួចផ្ដើម​គម្រោង​ទាំង​ឡាយ ដើម្បី​សម្រេច​បាន​គោល​ដៅ​ថាមពល​ទាំង​នេះ រួម​ទាំង​គោលការណ៍​យុទ្ធ​សាស្រ្ត CARE (Clean ស្អាត; Affordability តម្លៃ​សមរម្យ; Reliability ប្រកប​ដោយ​ទំនុកចិត្ត; Equity មាន​សមធម៌) របស់​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​និង​ថាមពល។ ការ​ស្វែង​រក​វិធីសាស្ត្រ​ដើម្បី​អនុវត្ត​គោល​នយោបាយ​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​ថាមពល​កកើត​ឡើង​វិញ ដូចជា ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​លើ​ដំបូល (Rooftop Solar) និង​ការ​បង្កើន​ប្រសិទ្ធភាព​ថាមពល (Energy Efficiency) នឹង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​វិនិយោគ​លើ​ថាមពល​ស្អាត​បន្ថែម​ទៀត ព្រម​ទាំង​ជួយ​ពង្រឹង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​របស់​កម្ពុជា​ផងដែរ៕

ណត្តារុណ ង៉ោ សឺន
នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ អេននឺជីឡេប