ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា និង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​លោក​ខាង​លិច​គឺ​មាន​ផ្នែក​ខ្លះ​ដូចគ្នា និង​ផ្នែក​ខ្លះ​ទៀត​ផ្តោត​ទៅ​លើ​សេរីភាព​នៃ​ការ​ជ្រើសរើស ឬ​ចំណូលចិត្ត និង​ការ​លាយ​បញ្ចូល​គ្នា​នៃ​សិទ្ធិ​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​របស់​ប្រជាជន​រៀងៗ​ខ្លួន។ 

ទស្សនវិជ្ជា​របស់​ព្រះពុទ្ធ​សាសនា​គ្របដណ្ដប់​លើ​មាគ៌ា​ដ៏​ប្រពៃ​ដែល​ហៅថា «អរិយមគ្គអង្គ៨» និង​សិក្ខាបទ​ប្រកប​ដោយ​គុណធម៌​នៃ​អំពើ​ល្អ ដែល​រួមបញ្ចូល​នូវ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក សេចក្តី​ស្រឡាញ់ ភាព​សប្បុរស ភាព​មេត្តាធម៌ សេចក្តី​ស្មោះត្រង់ សេចក្តី​ពិត ភាព​អហិង្សា ការ​ចុះសម្រុង​ទៅ​នឹង​ធម្មជាតិ និង​សត្វ​មាន​ជីវិត​ទាំងអស់​ បូក​រួម​នឹង​ការ​រួម​រស់​ជាមួយ​គ្នា​ដោយ​សន្តិភាព។

ព្រះពុទ្ធ​ទ្រង់​បាន​សម្ដែង​ឱ្យ​ឃើញ​ថា សេចក្តី​សុខ​គឺ​ជា​គោលដៅ​តែ​មួយ​គត់​នៃ​អត្ថិភាព ចំណែក​ការ​ផ្តាច់​ចេញ​ពី​សេចក្តី​ប៉ងប្រាថ្នា​ផ្សេងៗ​គឺ​ស្មើ​នឹង​សន្តិភាព​នៃ​ផ្លូវចិត្ត និង​ភាព​ពេញលេញ​នៅ​ក្នុង​ជីវិត។ ចំណែក​លទ្ធិប្រជាធិបតេយ្យ​នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​បង្កើត​ឡើង​ផ្អែក​លើ​មូលដ្ឋាន​ដែល​កំណត់​ថា មនុស្ស​គ្រប់រូប​មាន​ភាព​ស្មើគ្នា​នៅ​ក្នុង​ជីវិត​រស់នៅ, មាន​សេរីភាព និង​មាន​សុភមង្គល។


បំណង​ប្រាថ្នា​សម្រាប់​ឱ្យ​សង្គម​មួយ​មាន​សន្តិភាព និង​ប្រជាធិបតេយ្យ​ពេញលេញ​គឺ​មាន​សារៈសំខាន់​ជាង​ពេល​ណា​ទាំងអស់​នៅ​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ។


ព្រះ​រាជាណាចក្រ​កម្ពុជា​ចាប់ផ្ដើម​ទទួល​នូវ​ឥទ្ធិពល​សាសនា​ព្រះពុទ្ធ​តាំងពី​សតវត្ស​ទី៥ នៃ​គ្រិស្ត​សករាជ​មក​ម្ល៉េះ ដែល​នៅ​ពេល​នោះ​សាសនា​នេះ​ត្រូវ​បាន​ប្រតិបត្តិ និង​រួមបញ្ចូល​ទៅ​ក្នុង​វប្បធម៌ និង​អរិយធម៌​ខ្មែរ។ ជាច្រើន​សតវត្ស​កន្លង​មក​ទៀត ប្រទេស​កម្ពុជា​បាន​ឃើញ​សម័យកាល​នៃ​ការ​ទទួល​យក និង​ការ​សម្រប​ខ្លួន ដោយ​លាយ​បញ្ចូល​ព្រះពុទ្ធ​សាសនា​ជាមួយ​នឹង​សាសនា​ហិណ្ឌូ និង​ជំនឿ​អរូបី​ក្នុង​ស្រុក ជាពិសេស​ក្នុង​សម័យ​អង្គរ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ដែល​រជ្ជកាល​របស់​ព្រះអង្គ​ត្រូវ​បាន​កត់សម្គាល់​ដោយ​ការ​រួមរស់​ជាមួយ​គ្នា​ប្រកប​ដោយ​សុខដុមរមនា​នៃ​សាសនា ហើយ​ដែល​សុខដុមនីយ​កម្ម​ផ្នែក​សាសនា​នេះ​បាន​រួមចំណែក​ទៅ​ដល់​សុខ​សន្តិភាព និង​ស្ថិរភាព​សង្គម។ នៅ​ក្នុង​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ ការ​កំណត់​យក​សាសនា​ព្រះពុទ្ធ​និកាយ​ថេរវាទ​ជា​សាសនា​របស់​រដ្ឋ​មាន​ចាប់តាំង​ពី​ឆ្នាំ​១៩៩៣​មក។ 


នៅ​ក្នុង​ការ​បោះឆ្នោត​សកល​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី១ នា​ឆ្នាំ​១៩៩៣ ប្រទេស​កម្ពុជា​បាន​រក្សា​បាន​នូវ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស​ដែល​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង។ ក្រោយ​មក​ទៀត ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា តែងតែ​មាន​ការ​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដែល​រក្សា​បាន​នូវ​នីតិរដ្ឋ និង​បង្កើត​បរិយាកាស​នយោបាយ​ដែល​នាំ​មក​នូវ​សុខ​សន្តិភាព និង​ស្ថិរភាព​សង្គម បូករួម​ជាមួយ​នឹង​សិទ្ធិ និង​សេរីភាព​បុគ្គល​ផង​ដែរ។


សម្ដេច​អតីត​នាយករដ្ឋមន្ត្រី​តែង​រៀបចំ​បង្កើត​នូវ​ទម្រង់​អភិបាលកិច្ច​ដែល​រក្សា​បាន​តុល្យភាព​នៃ​ការ​គាំពារ​សង្គម និង​សេដ្ឋកិច្ច​ទីផ្សារ​សេរី រួម​ទាំង​ធានា​ឱ្យ​មាន​នូវ​សមភាព​នៅ​ក្នុង​ការ​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ដែល​បាន​មក​ពី​កំណើន​សេដ្ឋកិច្ច។ ជាង​នេះ​ទៅ​ទៀត ការ​ដឹកនាំ​របស់​សម្តេច​អតីត​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន​នូវ​ឥទ្ធិពល​ពី​ការ​បង្រៀន​តាម​បែប​ព្រះពុទ្ធសាសនា​ ដែល​បាន​ចូលរួម​ចំណែក​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​ទិដ្ឋភាព​សង្គម​នយោបាយ​បច្ចុប្បន្ន​របស់​កម្ពុជា។ 

ដោយ​ឆ្លងកាត់​ជីវិត​រស់​នៅ​ក្នុង​ទី​វត្តអារាម​តាំង​ពី​កុមារភាព​មក វិធីសាស្ត្រ​នៅ​ក្នុង​ការ​ដឹកនាំ​ប្រទេស​របស់​សម្ដេច​ត្រូវ​បាន​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​គោលការណ៍​ព្រះពុទ្ធសាសនា​ដែល​ឈរ​លើ​គោលការណ៍​ដូច​ជា​សមធម៌ បរិយាបន្ន និង​កិច្ច​សហប្រតិបត្តិការ​ខាង​សាសនា។ ជា​រួម សម្ដេច​បាន​ផ្តល់​អាទិភាព​ដល់​សេរីភាព​នៃ​ជំនឿ​សាសនា ការ​អត់​ឱន និង​ការ​រួមរស់​ដោយ​សន្តិ​សហវិជ្ជមាន​នៃ​ជំនឿ​សាសនា​នានា ដែល​ធ្វើ​ឱ្យ​តម្លៃ​ទាំង​នេះ​ជា​ចំណុច​កណ្តាល​នៃ​អត្តសញ្ញាណ​ជាតិ​របស់​កម្ពុជា។

ម្យ៉ាង​វិញ​ទៀត ការ​ឆ្លើយតប​របស់​សម្ដេច ហ៊ុន សែន ចំពោះ​វិបត្តិ​នានា ដូចជា​ជំងឺ​រាតត្បាត​កូវីដ-១៩ បាន​ឆ្លុះបញ្ចាំង​ពី​ការ​ដឹកនាំ​ដ៏​ម៉ឺងម៉ាត់ និង​ប្រកប​ដោយ​មេត្តាធម៌​របស់​សម្ដេច។ តាម​រយៈ​ការ​ជ្រើសរើស​វ៉ាក់សាំង​របស់​ប្រទេស​ចិន​ដែល​ជា​ជម្រើស​យុទ្ធសាស្ត្រ​មួយ​សម្រាប់​កម្ពុជា និង​ការ​អនុវត្ត​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស សម្ដេច​បាន​កំណត់​យក​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ជា​អាទិភាព។ មួយ​វិញ​ទៀត សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​កាល​នោះ​លោក​បាន​ដឹកនាំ និង​ផ្ដួចផ្ដើម​គំនិត​ក្នុង​ការ​បង្កើត​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ដែល​ជា​កត្តា​រួម​ចំណែក​សំខាន់​ដល់​ការ​ឆ្លើយតប​ទៅ​នឹង​ជំងឺ​កូវីដ-១៩ ដែល​រាតត្បាត​នៅ​ពាសពេញ​ប្រទេស​កម្ពុជា។

ដូច្នេះ​ហើយ បាន​ជា​មេដឹកនាំ​ទាំងពីរ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ចំពោះ​ការ​រួមចំណែក​ទៅ​ដល់​ការ​បង្កើត និង​រក្សា​សុខ​សន្តិភាព និង​ការ​លើកកម្ពស់​តម្លៃ​ព្រះពុទ្ធ​សាសនា។

«លទ្ធិប្រជាធិបតេយ្យ​បែប​ព្រះពុទ្ធ​សាសនា» របស់​កម្ពុជា​មិន​ត្រឹមតែ​រក្សា​បាន​នូវ​សុខដុមរមនា​ខាង​សាសនា​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​បង្ហាញ​នូវ​ភាព​ជា​គំរូ​នៃ​សន្តិភាព និង​សមាហរណកម្ម​ផ្នែក​សាសនា​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​តំបន់​ទៀត​ផង។ ការ​គាំទ្រ​ដោយ​ស្ថាប័ន​នានា​ដូច​ជា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​សាសនា និង​ការ​ប្តេជ្ញា​រក្សា​ឱ្យ​បាន​នូវ​សុខដុមនីយ​កម្ម​ខាង​សាសនា​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ជួយ​ទប់ស្កាត់​ជម្លោះ​សាសនា​ដែល​ជា​ទូទៅ​ត្រូវ​បាន​ឃើញ​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ជិត​ខាង​កម្ពុជា ដូចជា​មីយ៉ាន់ម៉ា និង​ថៃ​ជាដើម។ ការ​ប្តេជ្ញា​ចិត្ត​នេះ​បាន​ជំរុញ​ឱ្យ​មាន​សុខ​សន្តិភាព​ខាង​សាសនា ដែល​ជំនឿ​ផ្សេង​គ្នា​អាច​រួមរស់​ជាមួយ​គ្នា និង​រួមចំណែក​ដល់​ស្ថិរភាព និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ។

កេរដំណែល​របស់​សម្ដេច ហ៊ុន សែន ដែល​ប្រកែក​មិន​បាន​គឺ​ការ​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​នៃ​នយោបាយ​ឈ្នះ-ឈ្នះ ដែល​បាន​នាំ​មក​នូវ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល និង​ជម្លោះ​ផ្ទៃក្នុង​ដែល​បាន​ញាំញី​ប្រទេស​កម្ពុជា​អស់​ជា​ច្រើន​ទសវត្សរ៍។ គោលនយោបាយ​នេះ ក៏​ផ្អែក​ទៅ​លើ​គុណ​តម្លៃ​នៃ​ព្រះពុទ្ធសាសនា​ដែល​អហិង្សា និង​ការ​ផ្សះផ្សា​ជាតិ ដែល​នៅ​ទី​បំផុត​បាន​ជួយ​សម្រួល​ដល់​សមាហរណកម្ម​នៃ​កង​កម្លាំង​ខ្មែរ​ក្រហម​ជាមួយ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ជាតិ ថែម​ទាំង​ធានា​បាន​នូវ​សុខ​សន្តិភាព និង​ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​កសាង និង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឡើង​វិញ។ ការ​បង្កើត​សាលាក្ដី​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ ២០០៦ គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ ក៏​បាន​ពង្រឹង​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ចំពោះ​ការ​ស្វែងរក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​នៃ​របប​វាល​ពិឃាដ និង​ការ​ផ្សះផ្សា​ជាតិ ដោយ​ផ្តល់​នូវ​គំរូ​មួយ​ក្នុង​ការ​កសាង​សន្តិភាព​សម្រាប់​ពិភពលោក។

ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច ហ៊ុន សែន កម្ពុជា​មិន​ត្រឹមតែ​ទទួល​បាន​សន្តិភាព​ជាតិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​រួម​ចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​សន្តិភាព​អន្តរជាតិ​ផង​ដែរ។ ការ​ចូលរួម​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​នៅ​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ និង​ប្រតិបត្តិការ​ដោះ​មីន​នៅ​ទូទាំង​ពិភពលោក បាន​ស​បញ្ជាក់​ពី​តួនាទី​របស់​ខ្លួន​ដែល​ជា «ប្រទេស​តូច​ដែល​មាន​បេះ​ដូងធំ»។ កម្ពុជា​ក៏​បាន​ចែករំលែក​បទពិសោធន៍​នៃ​ការ​កសាង​សន្តិភាព​របស់​ខ្លួន​ជាមួយ​អនុ​តំបន់​មេគង្គ និង​លើស​ពី​នេះ​ទៀត បាន​ស្នើ​ឱ្យ​មាន​ការ​ផ្តួចផ្តើម​គំនិត​ដូចជា «រដ្ឋ​ពីរ​ឆ្ពោះ​ទៅ​ប្រទេស​តែ​មួយ» ដើម្បី​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ដែល​ជា​ឫសគល់​នៃ​តម្លៃ​ព្រះពុទ្ធ​សាសនា និង​មនុស្សធម៌។

សរុប​មក លទ្ធិប្រជាធិបតេយ្យ​បែប​ព្រះពុទ្ធសាសនា​របស់​កម្ពុជា​បាន​ឆ្លុះ​បង្ហាញ​ពី​ទិដ្ឋភាព​សង្គម-វប្បធម៌ នយោបាយ និង​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​យ៉ាង​ជ្រាលជ្រៅ។ តាម​រយៈ​ការ​រួមបញ្ចូល​គ្នា​នៃ​គោលការណ៍​សាសនា និង​អភិបាលកិច្ច​ជាក់ស្ដែង កម្ពុជា​ទទួល​បាន​សន្តិភាព ស្ថិរភាព និង​វិបុលភាព​យូរអង្វែង។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ សមិទ្ធផល​ទាំងនេះ​មិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ចំណុច​បញ្ចប់​នោះ​ទេ ប៉ុន្តែ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ដំណើរ​បន្ត​ឆ្ពោះ​ទៅ​រក​ការ​ធានា​នូវ​យុត្តិធម៌ ភាព​សុខដុមរមនា និង​សុខុមាលភាព​សម្រាប់​ប្រជាជន​កម្ពុជា និង​ក្រៅ​ប្រទេស៕
 
លោក​ ថុង ម៉េងដាវិត គឺ​ជាអ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ, ​​សាស្ត្រាចារ្យ​បង្រៀន​នៅ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ ​និង​គោល​នយោបាយ​សាធារណៈ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​, និង​​អ្នក​សិក្សា​ស្រាវ​ជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ (AVI)​។

ទស្សនៈ​ដែល​បាន​លើកឡើង​ក្នុង​អត្ថបទ​នេះ​គឺ​ជា​ទស្សនៈ​របស់​លោក​ផ្ទាល់។