អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ហើយក៏ជាប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ផងដែរនោះ បានចែករំលែកទស្សនៈរបស់លោក អំពីទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន នៅក្នុងឱកាសអបអរខួបនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន!
Q. ប្រទេសចិន និងកម្ពុជាមានទំនាក់ទំនងទ្វេភាគីយ៉ាងរឹងមាំអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ដូច្នេះរហូតមកដល់ពេលនេះ តើលោកវាយតម្លៃកម្រិតនៃទំនាក់ទំនងនេះយ៉ាងដូចម្តេច?
ប្រទេសកម្ពុជា និងចិនគឺជាមិត្តភក្តិដ៏ស្មោះត្រង់ និងគួរឱ្យជឿទុកចិត្ត។ ទំនាក់ទំនងរវាងប្រទេសទាំង ២ ត្រូវបានវិវឌ្ឍទៅរកភាពជាដៃគូយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយ។ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនត្រូវបានពង្រឹង និងត្រូវបានលើកកម្ពស់ពីមួយជំនាន់ទៅមួយជំនាន់។
Q. តើសភាពាណិជ្ជកម្មកម្ពុជាបានចូលរួមនៅក្នុងការលើក កម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងសហគមន៍ពាណិជ្ជកម្មកម្ពុជា និងចិនយ៉ាងដូម្តេច?
សភាពាណិជ្ជកម្មកម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គភាពជាដៃគូរបស់យើងនៅប្រទេសចិន។ យើងរួមគ្នារៀបចំកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្ម និងវិនិយោគ។ ដៃគូធំៗ របស់យើងរួមមានក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន (CCPIT) វេទិកាបូអាវសម្រាប់អាស៊ី (BFA) និងសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ACFIC)។ ទោះបីក្នុងអំឡុងពេលដែលមានជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ក៏យើងនៅតែអាចធ្វើអាជីវកម្មតាមអនឡាញជាមួយប្រទេសចិនបានដែរ។
Q. តើអ្វីជាវិស័យអាទិភាពចម្បងដែលលោកចង់ផ្តោតសំខាន់ ដើម្បីលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគីជាពិសេសអំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩ នេះ?
គ្រប់វិស័យទាំងអស់គឺមានសារៈសំខាន់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី។ យើងគួរតែបន្តពង្រឹង និងស្វែងយល់ពីវិស័យសហប្រតិបត្តិការបន្ថែមទៀត។
Q. ប្រទេសចិនបានក្លាយជាអ្នកវិនិយោគដ៏សំខាន់នៅកម្ពុជា និងបានចូលរួមចំណែកយ៉ាងធំធេងដល់ការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា។ តើកម្ពុជាទទួលបានអត្ថប្រយោជន៍ដូចម្តេច?
ប្រទេសកម្ពុជាទទួលបានអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយចិន ក៏ដូចជាយន្តការតំបន់។ ការវិនិយោគរបស់ចិនបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅកម្ពុជា។ ប្រទេសកម្ពុជារីករាយជាមួយនឹងការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍកម្លាំងជំនាញនៅគ្រប់វិស័យ ដែលវិនិយោគដោយក្រុមហ៊ុនចិន ដូចជាហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងកសិកម្មជាដើម។
Q. ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន (CCFTA) ក្នុងគោលបំណងបង្កើនការធ្វើពាណិជ្ជកម្មទំនិញ ដោយកាត់បន្ថយ លុបបំបាត់ពន្ធគយ និងរបាំងមិនមែនពន្ធគយ។ តើ CCFTA នឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មទៅកាន់កម្រិតផ្សេងទៀតឬទេ?
ប្រទេសកម្ពុជា និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅឆ្នាំ ២០២០។ កិច្ចព្រមព្រៀងនេះត្រូវបានអនុម័តដោយរដ្ឋសភាកាលពីពេលថ្មីៗនេះ។ វាត្រូវបានគេរំពឹងថា នឹងជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីឱ្យទៅដល់កម្រិតថ្មីមួយ និងបន្តធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពអាជីវកម្ម និងប្រជាជននៃប្រទេសទាំង ២។
Q. តើ CCFTA នឹងផ្តល់ផលប្រយោជន៍ដល់វិស័យកសិកម្មរបស់ព្រះរាជាណាចក្រកម្ពុជាដែរឬទេ?
ខ្ញុំគិតថា វាមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់វិស័យកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់អត្ថប្រយោជន៍ដល់វិស័យផ្សេងទៀតផងដែរ។
Q. តើការចុះហត្ថលេខាលើភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់កាលពីពេលថ្មីៗនេះ អាចផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា?
ឆ្នាំ ២០២១ គឺជាឆ្នាំដំបូង បន្ទាប់ពីការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលត្រូវបានប្រទេសចំនួន ១៥ បានចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ ២០២០។
កិច្ចព្រមព្រៀងដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមកនេះ គឺគ្របដណ្តប់លើប្រជាជនពិភពលោកភាគច្រើន ដែលមានទំហំសេដ្ឋកិច្ច និងមានកំណើនសក្តានុពលធំបំផុត។
នៅពេលការផ្តល់សច្ចាប័ន និងការអនុវត្តបានពេញលេញ នោះគេរំពឹងថា ប្រទេសកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ច្រើនពីកិច្ចព្រមព្រៀងនេះ ហើយនឹងទទួលបានទីផ្សារកាន់តែធំទូលំទូលាយសម្រាប់ផលិតផលរបស់កម្ពុជា ហើយវាក៏នឹងជួយធ្វើពិពិធកម្មពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាផងដែរ៕