ឆ្នាំ​ ២០២២ គឺជា​កំណត់ត្រា​ឆ្នាំ​ដ៏អស្ចារ្យ​មួយទៀត​ សម្រាប់​វេទិកា​ទីផ្សារ​មូលធន​អាស៊ាន (ACMF) ដោយ​មាន​និយ័តករ​មូលបត្រ​កម្ពុជា (​ន.ម.ក​.) ជា​ប្រធាន ACMF ក្នុង​ឆ្នាំនេះ​។ ACMF គឺជា​វេទិកា​ប្រមូលផ្តុំ​ដោយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​និយ័តករ​ទីផ្សារ​មូលធន​អាស៊ាន ដែល​មាន​យុត្តាធិការ​ប្រទេស​ទាំង​ ១០ នៅ​អាស៊ាន​ជា​សមាជិក ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៤ ក្រោម​ការគាំទ្រ​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន​។

ការទទួល​ខុសត្រូវ​ចម្បង​របស់ ACMF គឺ​អភិវឌ្ឍន៍​ទីផ្សារ​មូលធន​ឱ្យ​កាន់តែ​រឹងមាំ មាន​សន្ទនីយភាព​ខ្ពស់ និង​សមាហរណកម្ម​ទីផ្សារ​មូលធន​ក្នុង​តំបន់​។ ដើម្បី​គាំទ្រ​ដល់​ចក្ខុវិស័យ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) ឆ្នាំ​ ២០២៥ ទៅជា « សេដ្ឋកិច្ច​តំបន់​ដែលមាន​សមារណកម្ម​ខ្ពស់ និង​មាន​ភាព​ស្អិតរមួត​, សហគមន៍​ដែល​មាន​នវានុវត្តន៍ និង​ថាមវន្ត​ជាមួយ​នឹង​ការពង្រឹង​ការតភ្ជាប់ និង​កិច្ចសហប្រតិបត្តិការ​តាម​វិស័យ និង​បង្កើន​​ភាពធន់ បរិ​យាប​ន្ន និង​ការប្រាស្រ័យ​ទាក់ទង​មនុស្ស ទំនាក់​ទំនង​ក្នុង​សហគមន៍ និង​សមាហរណកម្ម​សេដ្ឋកិច្ច​សកល​» ACMF បាន​ដាក់​ចេញ​នូវ​ចក្ខុវិស័យ ACMF ឆ្នាំ​ ២០២៥ ឱ្យ​ក្លាយជា «​ទីផ្សារ​មូលធន​អាស៊ាន​ដែល​មាន​អន្តរ​ទំនាក់​ទំនង​គ្នា បរិយាបន្ន និង​ភាពធន់​»​។


ក្នុង​ដំណើរ​ឆ្ពោះ​ទៅមុខ​ដើម្បី​សម្រេច​គោលដៅ​នេះ ACMF បាន​អនុម័ត​ផែនការ​សកម្មភាព ACMF ឆ្នាំ​ ២០២១-២០២៥ ដែល​កំណត់​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន ​៣ រួមមាន ១). ការជំរុញ​នូវ​កំណើន និង​ការងើប​ឡើងវិញ​ប្រកប​ដោយ​និរន្តរភាព ២). ការលើក​កម្ពស់ និង​គាំទ្រ​នូវ​ការអភិវឌ្ឍ​ប្រកប​ដោយ​បរិយាប័ន្ន និង​ ៣). ការពង្រឹង​និង​រក្សា​ឱ្យ​បាន​នូវ​សណ្តាប់ធ្នាប់ និង​ភាពធន់​។


ដូច្នេះ ដើម្បី​ឱ្យ​ស្រប​តាម​គោលដៅ AEC ឆ្នាំ​ ២០២៥ និង​គោលដៅ​យុទ្ធសាស្ត្រ ACMF ក៏ដូចជា​ជា​ការ​ឆ្លើយតប​ទៅនឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​-១៩ ន.ម.ក​. ក្នុង​នាម​ជា​ប្រធាន ACMF ឆ្នាំ​ ២០២២ បាន​ផ្តោតលើ​គោលដៅ​ការងារ​អាទិភាព​សំខាន់ៗ​ចំនួន​ ៣ ​គឺ ១). ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព ២). បរិយាបន្ន និង​៣). ភាពធន់​។


ដោយ​ទទួលស្គាល់​តួនាទី​របស់​ទីផ្សារ​មូលធន​ក្នុង​ការលើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព និង​ការងើបឡើង​វិញ​ពី​ជំងឺ​រាតត្បាត​កូវីដ​-១៩ ACMF បាន​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​បេសកកម្ម របស់​ខ្លួន​ជាមួយ​ការគាំទ្រ​ពេញទំហឹង​ពី​ដៃគូ​សន្ទនា និង​ដៃគូ​អភិវឌ្ឍន៍​សំខាន់ៗ ជាពិសេស​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)​។ ស្របតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ក្នុង​ការរក្សា​សីតុណ្ហភាព​ភពផែនដី​ឱ្យ​កើនឡើង​តិច​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន គឺ​ក្នុង​កម្រិត ១,៥ អង្សាសេ ប្រៀបធៀប​នឹង​កម្រិត​មុន​បដិវត្តន៍​ឧស្សាហកម្ម ដែល​ក្នុងនោះ ACMF បានអនុម័ត និង​ចូលរួម​ក្នុង​សកម្មភាព និង​គំនិត​ផ្តួចផ្តើម​ជាច្រើន​។


រួមទាំង​ការអនុម័ត​ផែនទី​បង្ហាញផ្លូវ​ សម្រាប់​ទីផ្សារ​មូលធន​និរន្តរភាព​អាស៊ាន និង​អនុម័ត​ស្តង់ដា​សញ្ញា​បណ្ណ​បៃតង សញ្ញា​បណ្ណ​សង្គម និង​សញ្ញា​បណ្ណ​និរន្តរភាព​។ ចាប់តាំងពី​ការដាក់​ឱ្យ​ប្រើប្រាស់​នូវ​ស្តង់ដា​សញ្ញា​បណ្ណ​អាស៊ាន​ទាំងនេះ ក្នុង​ឆ្នាំ​ ២០១៧ និង​ ២០១៨ ការបោះ​ផ្សាយ​សញ្ញា​បណ្ណ និង sukuk ក្រោម​ស្លាក​អាស៊ាន មាន​ទំហំ​ទឹកប្រាក់​សរុប ២៩.៨២ ពាន់​លាន​ដុល្លារ ក្នុង​ប្រទេស​ជា​សមាជិក​ចំនួន​ ៤ ក្រោម​រូបិយ​បណ្ណ​ជាតិ និង​អន្តរជាតិ​។


លើសពីនេះ ACMF គឺជា​ស្ថាប័ន​វិស័យ​មួយ​ក្នុង​ចំណោម​ស្ថាប័ន​វិស័យ​ទាំង ​៤ ដែល​កំពុង​ធ្វើការ​លើ​ការបង្កើត​វត្តិករសាស្ត្រ​អាស៊ាន​សម្រាប់​ហិរញ្ញវត្ថុ​និរន្តរភាព ដែល​វត្តិករសាស្ត្រ​អាស៊ាន​លើក​ទី ​១ ត្រូវបាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ថ្ងៃទី​ ១០ ខែវិច្ឆិកា ឆ្នាំ​ ២០២១​។ វត្តិករសាស្ត្រ​អាស៊ាន នឹង​ក្លាយជា​ជំហាន​មួយទៀត​ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​រួមមួយ​ប្រកប​ដោយ​សណ្តាប់ធ្នាប់ ឆ្ពោះ​ទៅរក​សេដ្ឋកិច្ច​កាបូន​ទាប និង​ជំរុញ​ហិរញ្ញវត្ថុ​និរន្តរភាព​ដែល​អនុម័ត​ដោយ​រដ្ឋ​ជា​សមាជិក​អាស៊ាន​។ ACMF នឹង​បន្ត​ផ្តល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​វត្តិករសាស្ត្រ​អាស៊ាន​លើក​ទី​ ២ ដែល​រំពឹងថា​នឹងត្រូវ​បានអនុម័ត​នៅ​ខែមករា ឆ្នាំ​ ២០២៣ ​។

ក្រោម​ការរួបរួម​របស់​សមាជិក ACMF បានបញ្ចប់​ដោយ​ជោគជ័យ​នូវ​ផែនការ​សកម្មភាព​ សម្រាប់​ឆ្នាំ​ ២០២២ តាមរយៈ​ការដាក់ឱ្យ​ដំណើរការ​នូវ​ស្តង់ដា​ថ្មី​ចំនួន ២ (a) គឺ ១). ស្តង់ដា​ផ្សារភ្ជាប់​និរន្តរភាព​អាស៊ាន និង ២). ស្ដង់ដា​មូលនិធិ​ទំនួល​ខុសត្រូវ​ និង​និរន្តរភាព​អាស៊ាន (b) ឯកសារ​ផ្លូវច្បាប់ Toolkit សញ្ញា​បណ្ណ​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព និង (c) ឃ្លាំង​ឌីជីថល​នៃ​គម្រោង​វិនិយោគ​រួម​អាស៊ាន (ASEAN CIS) នៅ​ថ្ងៃ​​ទី​ ២៨ ខែ​តុលា ឆ្នាំ ​២០២២​។

ដូចគ្នា​នេះដែរ យើង​ក៏បាន​ធ្វើ​សកម្មភាព​ឡើងវិញ​ទាក់ទង​នឹង​គំនិត​ផ្តួចផ្តើម​ក្នុងការ​លើកកម្ពស់​ការកសាង​សមត្ថភាព​សម្រាប់​និយ័តករ​វ័យក្មេង​។ ជាពិសេស វេទិកា​ជាន់ខ្ពស់​នេះ តែងតែ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​វិស័យ​ឯកជន និង​អនុលោម​តាម​ធម្មនុញ្ញ​ស្តង់ដា​អន្តរជាតិ ហើយក៏​នឹង​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​ដោយ​ជោគជ័យ ដោយ​តែងតែ​ពិនិត្យមើល​ទាំង​រឿង​តូច និង​ធំ​។

ក្នុងនាម​ជា​ប្រធាន ACMF ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាជិក​ទាំងអស់ ទីប្រឹក្សា​ឧស្សាហកម្ម គណៈកម្មាធិការ​ការងារ​អភិវឌ្ឍន៍​ទីផ្សារ​មូលធន​អាស៊ាន សមាគម​ទីផ្សារ​មូលធន​អន្តរជាតិ វិទ្យាស្ថាន​ហិរញ្ញវត្ថុ​និរន្តរភាព​អាស៊ី និង ADB ចំពោះ​រាល់​ការគាំទ្រ និង​ការរួមចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព បរិយាបន្ន និង​ភាព​ធន់​នៅក្នុង​តំបន់​អាស៊ាន​៕

សារ​របស់​ឯកឧត្តម ស៊ូ សុជាតិ ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​និយតករ​មូលបត្រ​កម្ពុជា