
ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងអាស៊ាន វេទិកាទីផ្សារមូលធនអាស៊ាន (ACMF) បានដាក់ចេញនូវស្តង់ដាសញ្ញាបណ្ណបៃតង សង្គម និងនិរន្តរភាពអាស៊ាន ដែលអនុវត្តតាមគោលការណ៍សញ្ញាបណ្ណបៃតង សង្គម និងគោលការណ៍ណែនាំសញ្ញាបណ្ណនិរន្តរភាពរបស់សមាគមទីផ្សារមូលធនអន្តរជាតិ (ICMA)។
ដើម្បីជំរុញការបោះផ្សាយសញ្ញាបណ្ណដែលកំណត់ជាក់លាក់សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលជាផ្នែកមួយនៃរបៀបវារៈនិរន្តរភាពក្នុងតំបន់ ក្នុងឆ្នាំ ២០២១ ACMF បានដាក់ចេញនូវ "Toolkit សញ្ញាបណ្ណគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDG) អាស៊ាន៖ មគ្គុទេសន៍អនុវត្តសម្រាប់ការបោះផ្សាយសញ្ញាបណ្ណ SDG នៅក្នុងតំបន់អាស៊ាន" ក្នុងគោលបំណងផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការបោះផ្សាយសញ្ញាបណ្ណ SDG នៅក្នុងតំបន់អាស៊ាន។ ដោយទទួលស្គាល់ថា ទីផ្សារសញ្ញាបណ្ណ SDG នៅអាស៊ានទើបចាប់បដិសន្ធិឡើង ហើយការអនុវត្តទីផ្សារកំពុងតែវិវឌ្ឍទៅមុខ Toolkit បានកំណត់នូវការណែនាំបឋមលើគោលការណ៍ និងដំណើរការគន្លឹះ ដែលក្រុមហ៊ុនបោះផ្សាយអាចប្រកាន់ខ្ជាប់នៅពេលបោះផ្សាយសញ្ញាបណ្ណ SDG។
គោលការណ៍ និងដំណើរការទាំងនេះ ត្រូវបានរៀបចំឡើងផ្អែកទៅលើឧត្តមានុវត្តន៍នៃការអនុវត្តជាលក្ខណៈអន្តរជាតិ និងបទពិសោធន៍នៃឧទាហរណ៍ជោគជ័យនៃការបោះផ្សាយសញ្ញាបណ្ណ SDG ក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងទៀត ក៏ដូចជាតម្រូវការរបស់វិនិយោគិនផងដែរ។ តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ACMF បានអភិវឌ្ឍ Toolkit សញ្ញាបណ្ណ SDG អាស៊ានសម្រាប់ជាធនធានគន្លឹះសម្រាប់ការកសាងសមត្ថភាព និងការអប់រំទីផ្សារ។
Toolkit គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ ACMF ដើម្បីពង្រីកចំណេះដឹង និងការយល់ដឹងរបស់អ្នកចូលរួមទីផ្សារអាស៊ានពីនីតិវិធីនៃការបោះផ្សាយសញ្ញាបណ្ណដែលទាក់ទងនឹងហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពឱ្យកាន់តែទូលំទូលាយ។
ជាការបំពេញបន្ថែម Toolkit សញ្ញាបណ្ណ SDG អាស៊ាន និងដើម្បីគាំទ្រដល់ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណ SDG និងវិនិយោគិនសក្តានុពល ដោយមានការគាំទ្រពីវិស័យឯកជន "ធាតុបំពេញបន្ថែម Toolkit នៃសញ្ញាបណ្ណ SDG អាស៊ាន៖ ទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិសម្រាប់បណ្តាប្រទេសក្នុងតំបន់អាស៊ាន" ត្រូវបានអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងសន្និសីទអន្តរជាតិ ACMF ដែលទទួលធ្វើជាម្ចាស់ផ្ទះរៀបចំដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្នុងនាមជាប្រធាន ACMF ឆ្នាំ ២០២២ ក្រោមការគាំទ្រពីធនាគារអភិវឌ្ឍន៍-អាស៊ី (ADB)។ Toolkit នៃបណ្តាប្រទេសទាំង ១០ អាចទាញយកបានតាមរយៈតំណភ្ជាប់៖ https://www.theacmf.org/initiatives/sustainable-finance/asean-sdg-bond-toolkit-supplement-legal-and-regulatory-aspects--for-asean-countries។
ធាតុបំពេញបន្ថែមនៃ Toolkit ផ្តល់នូវព័ត៌មានបទប្បញ្ញត្តិទាក់ទងនឹងលក្ខខណ្ឌតម្រូវក្នុងការបោះផ្សាយសញ្ញាបណ្ណ SDG ដោយសាជីវកម្ម និងរដ្ឋាភិបាល ក្របខណ្ឌបទប្បញ្ញត្តិដែលសាជីវកម្ម និងរដ្ឋាភិបាលត្រូវអនុវត្តតាម ក៏ដូចជាការលើកទឹកចិត្តសម្រាប់ការបោះផ្សាយ SDG។ សម្រាប់វិនិយោគិន ធាតុបំពេញបន្ថែមនៃ Toolkit ផ្តល់ព័ត៌មានពាក់ព័ន្ធដូចជាសញ្ញាបណ្ណត្រូវបានបោះផ្សាយលក់ជាសាធារណ ឬជាឯកជន និងការលើកទឹកចិត្តសម្រាប់ការវិនិយោគលើសញ្ញាបណ្ណ SDG។
យោងតាមធាតុបំពេញបន្ថែមនៃ Toolkit ប្រទេសទាំង ១០ យើងពិនិត្យឃើញថា ការបោះផ្សាយសញ្ញាបណ្ណ SDG ត្រូវបានលើកទឹកចិត្ត ដោយក្រុមហ៊ុនបោះផ្សាយត្រូវបំពេញតាមក្របខណ្ឌបទប្បញ្ញត្តិនៃការបោះផ្សាយសញ្ញាបណ្ណធម្មតា និងបំពេញតាមលក្ខខណ្ឌនៃស្តង់ដាអាស៊ាន ដើម្បីទទួលបាននូវស្លាក (Labelled) ជាសញ្ញាបណ្ណអាស៊ាន។
ចាប់តាំងពីគំនិតផ្តួចផ្តើមហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពត្រូវបានដាក់ឱ្យដំណើរការនៅក្នុងតំបន់អាស៊ាន រដ្ឋាភិបាល និងនិយ័តករផ្តល់ការគាំទ្រយ៉ាងខ្លាំងក្នុងការបោះផ្សាយសញ្ញាបណ្ណ SDG។ លើសពីនេះទៅទៀត សញ្ញាបណ្ណបៃតង សង្គម និងនិរន្តរភាព ដែលបង្ហាញពី SDG តែក៏អាចនឹងមិនពាក់ព័ន្ធនឹង SDG ផងដែរ បានកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ាន។
ក្នុងរយៈពេល ៥ ឆ្នាំ ទំហំទឹកប្រាក់នៃការបោះផ្សាយសរុបឈានដល់ ៣១,០៥ ប៊ីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២ ដែលក្នុងនោះការបោះផ្សាយសញ្ញាបណ្ណបៃតងមាន ៣០% ការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពមាន ៦៤% និងសញ្ញាបណ្ណសង្គមមាន ៦% នៃទំហំបោះផ្សាយសរុប ដោយក្នុងនោះប្រទេសថៃគឺជាប្រទេសឈានមុខគេក្នុងការបោះផ្សាយសញ្ញាបណ្ណ GSS ក្នុងចំណោមប្រទេសម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី។ យើងរំពឹងថាចំនួននេះនឹងកើនឡើងយ៉ាងឆាប់រហ័សក្នុងឆ្នាំបន្ទាប់ ក្រោយការដាក់ឱ្យដំណើរការស្តង់ដាសញ្ញាបណ្ណផ្សារភ្ជាប់និរន្តរភាពអាស៊ាន និងស្តង់ដាមូលនិធិទំនួលខុសត្រូវ និងនិរន្តរភាពអាស៊ាន។
ក្នុងនាមជាប្រធាន ACMF ឆ្នាំ២០២២ និងជាសមាជិកនៃ ACMF ន.ម.ក. តែងគាំទ្រយ៉ាងមោះមុតក្នុងការលើកកម្ពស់ការបោះផ្សាយសញ្ញាបណ្ណដើម្បីគាំទ្រដល់របៀបវារៈនិរន្តរភាព។ ដើម្បីអាចបោះផ្សាយសញ្ញាបណ្ណ SDG នៅកម្ពុជា សាជីវកម្មអាចបោះផ្សាយជាសាធារណៈ និងឯកជន ដោយត្រូវអនុលោមតាមលក្ខខណ្ឌតម្រូវដូចមានក្នុងតារាង និងអនុវត្តតាមស្តង់ដាសញ្ញាបណ្ណបៃតង សង្គម និរន្តរភាព និងផ្សារភ្ជាប់និរន្តរភាពអាស៊ាន៖ ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណ SDG នៅកម្ពុជាក៏នឹងទទួលបាននូវការលើកទឹកចិត្តផ្នែកពន្ធជាពិសេសបន្ថែមលើការលើកទឹកចិត្តផ្នែកពន្ធសម្រាប់ការបោះផ្សាយសញ្ញាបណ្ណធម្មតាដែលកំពុងអនុវត្តដែលរួមមាន៖ ការកាត់បន្ថយពន្ធលើប្រាក់ចំណេញ ៥០% សម្រាប់ក្រុមហ៊ុនដែលបោះផ្សាយមូលបត្របំណុលក្នុងទំហំលើសពី ២០% នៃទ្រព្យសកម្មសរុប ឬ ៨ ប៊ីលានរៀល (ឬប្រហែល ២ លានដុល្លារអាមេរិក) សម្រាប់ក្រុមហ៊ុនដែលបោះផ្សាយមូលបត្របំណុលក្នុងចំនួនទឹកប្រាក់ស្មើនឹង ឬតិចជាង ២០% នៃទ្រព្យសកម្មសរុបសម្រាប់រយៈពេល ៣ ឆ្នាំ និងការលើកលែងបំណុលពន្ធ (សម្រាប់ N-3 ដល់ N-10 ឆ្នាំសម្រាប់សហគ្រាសដែលចុះបញ្ជីនៅទីផ្សារគោលនៅផ្សារមូលបត្រកម្ពុជា និងសម្រាប់ N-2 ដល់ N-10 ឆ្នាំសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលចុះបញ្ជីក្នុងទីផ្សារកំណើននៅផ្សារមូលបត្រកម្ពុជា)។
លើសពីនេះទៅទៀត ដៃគូអភិវឌ្ឍអន្តរជាតិ ដូចជា ADB ក៏មានផ្តល់ជាជំនួយបច្ចេកទេសដល់ស្ថាប័នដែលមានចំណាប់អារម្មណ៍បោះផ្សាយសញ្ញាបណ្ណ SDG ឬសញ្ញាបណ្ណដែលដាក់ស្លាកនិរន្តរភាព (Sustainable-labeled)។
ន.ម.ក រីករាយក្នុងការភ្ជាប់ស្ថាប័នដែលមានចំណាប់អារម្មណ៍បោះផ្សាយ ជាមួយនឹង ADB ដើម្បីពិភាក្សាពាក់ព័ន្ធនឹងជំនួយបច្ចេកទេសនេះ។ ម្យ៉ាងវិញទៀត ការបោះផ្សាយសញ្ញាបណ្ណបៃតងនៅកម្ពុជាក៏នឹងត្រូវដាក់ស្លាកជាសញ្ញាបណ្ណបៃតងអាស៊ាន ដែលមានន័យថា យើងអនុវត្តតាមស្តង់ដាអាស៊ាន ដូច្នេះវិនិយោគិនអាចវិនិយោគលើសញ្ញាបណ្ណបៃតងនៅក្នុងប្រទេសកម្ពុជា ប្រកបដោយទំនុកចិត្ត។
ការវិនិយោគលើសញ្ញាបណ្ណបៃតងនៅកម្ពុជា វិនិយោគិននឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធពីរដ្ឋាភិបាលកម្ពុជារយៈពេល ៣ ឆ្នាំ ដែលរាប់បញ្ចូលការកាត់បន្ថយពន្ធកាត់ទុក ៥០% និងការលើកលែងពន្ធលើចំណេញមូលធន៕
