គិតមកដល់ពេលនេះ គឺមានរយៈពេល ៥ ឆ្នាំហើយដែលនិយ័តករមូលបត្រអាស៊ានបានខិតខំជំរុញនូវការអភិវឌ្ឍហិរញ្ញវត្ថុនិរន្តរភាពនៅក្នុងតំបន់។ ក្រុមការងារហិរញ្ញវត្ថុបៃតងនៃវេទិកាទីផ្សារមូលធនអាស៊ាន (ACMF) បានរៀបចំសេចក្តីព្រាង និងដាក់ចេញនូវគំនិតផ្តួចផ្តើមហិរញ្ញវត្ថុនិរន្តរភាពដំបូងរបស់ខ្លួន គឺស្តង់ដាសញ្ញាបណ្ណបៃតងអាស៊ានក្នុងរយៈពេលតិចជាងមួយឆ្នាំ។ ក្នុងឆ្នាំ ២០១៨ ស្តង់ដាសញ្ញាបណ្ណសង្គមអាស៊ាន និងស្តង់ដាសញ្ញាបណ្ណនិរន្តរភាពអាស៊ាន ត្រូវបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ បន្ទាប់ពីការអនុម័តដាក់ឱ្យប្រើប្រាស់ស្តង់ដាសញ្ញាបណ្ណបៃតងអាស៊ាន។
នាពេលបច្ចុប្បន្ននេះ ប្រទេសអាស៊ានចំនួន ៥ រួមមាន៖ ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ កំពុងគ្រប់គ្រងទីផ្សារសញ្ញាបណ្ណបៃតងសង្គម និងនិរន្តរភាពអាស៊ាន (GSS)។ យោងតាមទិន្នន័យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ខែកញ្ញា ឆ្នាំ ២០២២ ប្រទេសសិង្ហបុរី ជាប្រទេសដែលមានការបោះផ្សាយលក់សញ្ញាបណ្ណបៃតងសង្គម និងនិរន្តរភាពអាស៊ានដោយក្រុមហ៊ុនក្នុងស្រុក និងក្នុងតំបន់ច្រើនជាងគេ ដែលមានទឹកប្រាក់ប្រមាណជា ១០,៧ ប៊ីលានដុល្លារអាមេរិក។
ខណៈដែលប្រទេសឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់លេខពីរនៅក្នុងការបោះផ្សាយលក់ GSS ដែលមានទឹកប្រាក់ប្រមាណជា ៩,១ ប៊ីលានដុល្លារអាមេរិក។ ចំពោះការបោះផ្សាយលក់ GSS នៅក្នុងប្រទេសថៃ មានចំនួនទឹកប្រាក់ ៦,៥ ប៊ីលានដុល្លារអាមេរិក ហើយជាប្រទេសដែលមានទីផ្សារសញ្ញាបណ្ណនិរន្តរភាពរូបិយបណ្ណក្នុងស្រុកដ៏ធំបំផុតដែលមានទំហំទឹកប្រាក់ ២,៦ ប៊ីលានដុល្លារនៃសញ្ញាបណ្ណ GSS។
ប្រទេសម៉ាឡេស៊ី មានសញ្ញាបណ្ណ GSS ដែលមានតម្លៃជិត ៦ ប៊ីលានដុល្លារ ដែលបានបោះផ្សាយជារូបិយបណ្ណបរទេស និងក្នុងស្រុកដោយរដ្ឋាភិបាល និងវិស័យឯកជន។ ប្រទេសហ្វីលីពីន មានសញ្ញាបណ្ណនិរន្តរភាពដែលមានតម្លៃ ៦,៩៤ ប៊ីលានដុល្លារអាមេរិក ដែលបានបោះផ្សាយដោយក្រុមហ៊ុនបោះផ្សាយឯកជនជាច្រើនក្នុងចំណោមក្រុមហ៊ុនដទៃផ្សេងទៀត រួមមានធនាគារ សហគ្រាសថាមពលកកើតឡើងវិញ (Renewable Energy Firms)។
កំណើនទីផ្សារបំណុលនិរន្តរភាពអាស៊ានដ៏គួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ បង្ហាញយ៉ាងច្បាស់ថាទោះជាអាស៊ានជាតួអង្គដ៏តូចមួយនៅក្នុងទីផ្សារហិរញ្ញវត្ថុនិរន្តរភាពសកល ក៏មូលដ្ឋានគ្រឹះសំខាន់ៗសម្រាប់ការអភិវឌ្ឍទីផ្សារមូលបត្របំណុលបៃតង និងនិរន្តរភាពត្រូវបានបង្កើតឡើងរួចរាល់។
ខណៈពេលដែលរដ្ឋាភិបាលជំរុញកំណើននេះតាមរយៈការពង្រឹងការគាំទ្រផ្នែកច្បាប់ និងនិន្នាការតំបន់បង្ហាញថាក្រុមហ៊ុនកាន់តែច្រើនទទួលស្គាល់ពីសារៈសំខាន់និងអត្ថប្រយោជន៍នៃហិរញ្ញវត្ថុនិរន្តរភាព និងរៀបចំនូវយុទ្ធសាស្ត្រអាជីវកម្មដែលឆ្លើយតបនឹងហានិភ័យអាកាសធាតុ។
ក្នុងខែតុលា ឆ្នាំ ២០២២ ACMF បានបង្កើត និងដាក់ចេញនូវស្តង់ដាហិរញ្ញវត្ថុនិរន្តរភាពចំនួន ២៖ ស្តង់ដាសញ្ញាបណ្ណផ្សារភ្ជាប់និរន្តរភាពអាស៊ាន និងស្តង់ដាមូលនិធិទំនួលខុសត្រូវ និងនិរន្តរភាពអាស៊ាន ដែលនឹងពង្រីកវិសាលភាពនៃការវិនិយោគប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ និងជួយក្នុងការពន្លឿនការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅទូទាំងអាស៊ាន៕
ការបោះផ្សាយ GSS នៅអាស៊ាន
ប្រទេសឥណ្ឌូនេស៊ី
កាលពីខែមីនា ឆ្នាំ ២០១៨ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបោះផ្សាយសញ្ញាបណ្ណ Sukuk បៃតងជាលើកដំបូង ដែលនេះក៏ជាសញ្ញាបណ្ណ Sukuk បៃតងដំបូងគេបំផុតបានបោះផ្សាយនៅលើពិភពលោក ក្នុងទំហំទឹកប្រាក់ ១,២៥ ប៊ីលានដុល្លារអាមេរិក ដែលមានឥណប្រតិទានរយៈពេល ៥ ឆ្នាំ។ យោងតាមក្របខណ្ឌបទប្បញ្ញត្តិរបស់ប្រទេសឥណ្ឌូនេស៊ី ប្រាក់ដែលបានពីការបោះផ្សាយនេះនឹងប្រើប្រាស់សម្រាប់តែគម្រោងបៃតងផ្នែកថាមពលកកើតឡើងវិញតែប៉ុណ្ណោះ។ ចាប់តាំងពីការបោះផ្សាយឆ្នាំ ២០១៨ ឥណ្ឌូនេស៊ីបានបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពជារៀងរាល់ឆ្នាំ ដោយបានបោះផ្សាយនូវសញ្ញាបណ្ណ Sukuk បៃតងចំនួន ៧៥០ លានដុល្លារ ក្នុង ឆ្នាំ ១ ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ និង ១,៥ ប៊ីលានដុល្លារក្នុងខែមិថុនា ឆ្នាំ ២០២២។
ប្រទេសម៉ាឡេស៊ី
ប្រទេសម៉ាឡេស៊ី បាននាំមុខទីផ្សារសញ្ញាបណ្ណបៃតងអាស៊ានក្នុងឆ្នាំ ២០១៧ ជាមួយនឹងការបោះផ្សាយសញ្ញាបណ្ណបៃតងអាស៊ានដំបូងដោយក្រុមហ៊ុន PNB Merdeka Ventures Sdn Bhd និងសញ្ញាបណ្ណ Sukuk និរន្តរភាពដែលបោះផ្សាយដោយរដ្ឋាភិបាលជាប្រាក់ដុលា្លរអាមេរិក ដំបូងបង្អស់របស់ពិភពលោក។ កាលពីខែមេសា ឆ្នាំ ២០២១ ម៉ាឡេស៊ីបានដាក់តម្លៃដោយជោគជ័យនូវសញ្ញាបណ្ណ Sukuk និរន្តរភាពរបស់ខ្លួនដែលមានតម្លៃជាទឹកប្រាក់ ៨០០ លានដុល្លារអាមេរិកនៃវិញ្ញាបនបត្របរធនបាលកិច្ចរយៈពេល ១០ ឆ្នាំ។
ប្រទេសហ្វីលីពីន
សាជីវកម្មហេដ្ឋារចនាសម្ព័ន្ធ និងថាមពល AC (AC Energy and Infrastructure Corporation) ដែលពីមុនជា AC Energy, Inc. គឺជាក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណបៃតងដ៏ធំបំផុតមួយរបស់ហ្វីលីពីន។ ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុននេះបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងទីផ្សារបំណុលជាមួយនឹងការបោះផ្សាយសញ្ញាបណ្ណបៃតងដែលកំណត់ជាប្រាក់ដុល្លារអាមេរិក (USD) សរុបជាទឹកប្រាក់ចំនួន ៤១០ លានដុល្លារអាមេរិក ដែលជាសញ្ញាបណ្ណបៃតងជាប្រាក់ដុល្លារអាមេរិកដំបូងបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបញ្ជាក់ដោយគំនិតផ្តួចផ្តើមសញ្ញាបណ្ណអាកាសធាតុ (Climate Bonds Initiative) ដែលក្រោយមកការបោះផ្សាយនេះបានកើនឡើងដល់ ៤៧០ លានដុល្លារអាមេរិក។ នៅក្នុងឆ្នាំដដែល ក្រុមហ៊ុននេះបានបោះផ្សាយបណ្ណបៃតងអចិន្ត្រៃយ៍ដែលកំណត់ជាប្រាក់ដុល្លារអាមេរិកដំបូងគេរបស់ពិភពលោកក្នុងចំនួនទឹកប្រាក់ដើមសរុបចំនួន ៤០០ លានដុល្លារអាមេរិក។
ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបានបន្តបោះផ្សាយសញ្ញាបណ្ណបៃតងជារៀងរាល់ឆ្នាំក្នុងគោលបំណងប្រើប្រាស់សម្រាប់ផ្តល់ហិរញ្ញប្បទានថាមពលកកើតឡើងវិញ (renewable energy) ដែលថ្មីៗនេះ គឺជាសញ្ញាបណ្ណបៃតងដែលមានអត្រាថេររយៈពេល ៥ ឆ្នាំមានទំហំទឹកប្រាក់ ១០ ប៊ីលានប៉េសូហ្វីលីពីន (PHP) (១៧៦ លានដុល្លារអាមេរិក) ត្រូវបានបោះផ្សាយក្នុងឆ្នាំ ២០២២។
ប្រទេសសិង្ហបុរី
កាលពីឆ្នាំ ២០១៨ ក្រុមហ៊ុន Sindicatum Renewable Energy Company Pte Ltd បានបោះផ្សាយសញ្ញាបណ្ណបៃតងពហុរូបិយបណ្ណបីដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនទីក្រុងឡុងដ៍ (LSE)។ នៅខែមករា ឆ្នាំ ២០១៨ សញ្ញាបណ្ណដែលចារឹកជាប្រាក់រ៉ូពីឥណ្ឌា (IDR) មានទំហំទឹកប្រាក់ចំនួន ៩៥១,១ លានរ៉ូពី និង ១.៥៨៥,៣ លានរ៉ូពី ដែលដល់ឥណប្រតិទានឆ្នាំ ២០២៣ និង ២០២៥ រៀងគ្នាត្រូវបានបោះផ្សាយ ដែលបានធ្វើឱ្យ Sindicatum Renewables ជាសាជីវកម្មឯកជនដំបូងគេដែលបានបោះផ្សាយសញ្ញាបណ្ណបៃតងដែលចារឹកជារូបិយបណ្ណរ៉ូពីឆ្លងដែន ដែលមានឥណប្រតិទានរយៈពេល ៧ ឆ្នាំ។ លើសពីនេះ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រុមហ៊ុននេះក៏បានបោះផ្សាយសញ្ញាបណ្ណដែលចារឹកជារូបិយបណ្ណប៉េសូហ្វីលីពីន (PHP) មានទំហំទឹកប្រាក់ ១.០៦០,២ លានប៉េសូហ្វីលីពីន ដែលនឹងដល់ឥណប្រតិទាននៅឆ្នាំ ២០២៨ ហើយនេះជាសញ្ញាបណ្ណបៃតងដែលចារឹកជាប្រាក់ប៉េសូហី្វលីពីន (PHP) ដំបូងដែលបានចុះបញ្ជីនៅ LSE។
ប្រទេសថៃ
កាលពីខែសីហា ឆ្នាំ២០២០ ក្រសួងហិរញ្ញវត្ថុថៃបានក្លាយជារដ្ឋអធិបតេយ្យមួយក្នុងពិភពលោក និងក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានប្រមូលមូលនិធិតាមរយៈការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាព។ គិតត្រឹមខែឧសភា ឆ្នាំ ២០២២ ក្រសួងបានបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ៦ ប៊ីលានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់សម្រាប់វិនិយោគក្នុងគម្រោង Mass Rapid Transit Orange East Line និងគម្រោងផលប៉ះពាល់សង្គម ក្នុងចំណោមគម្រោងផ្សេងៗទៀត។ ការបោះផ្សាយនេះបានធ្វើឱ្យព្រះរាជាណាចក្រថៃក្លាយជាស្ថាប័នថៃដំបូងគេដែលបានចុះបញ្ជីនៅផ្សារហ៊ុន Luxembourg។ សញ្ញាបណ្ណទាំងនេះក៏ទទួលបានពានរង្វាន់ពីអង្គភាពផ្សេងៗគ្នាសរុបចំនួន ៦ ផងដែរ៕