​ដោយ​មូលធន​ភាគច្រើន​ត្រូវបាន​តម្រង់​ឆ្ពោះទៅរក​ការសម្រេច​ឱ្យបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព (SDGs) ជាស​កល និង​គោលដៅ​អាកាសធាតុ ទើប​មូលនិធិ​និរន្តរភាព​សកល បាននិងកំពុង​ពង្រីក​ខ្លួន​យ៉ាងខ្លាំង​។ ទំហំ​នៃ​មូលនិធិ​និរន្តរ​ភាពជា​សកល បាន​ឈានដល់ ២,៧​ ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០២១ ដែល​កើនឡើង​ពី ១៩៥ ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​ ២០១០ ជាមួយនឹង​អត្រាកំណើន​ប្រចាំឆ្នាំ (CAGR) ២៧%​។ មូលនិធិ​ចំនួន ១.៣០៤ ក្នុង​ឆ្នាំ​ ២០១០ បាន​កើន​ដល់ ៥.៩៣២ ក្នុង​ឆ្នាំ ២០២១ ហើយ​ចំនួន​សរុប​នៃ​មូលនិធិ​និរន្តរ​​ភាព​បាន​កើនឡើង CAGR ចំនួន ១៥% ក្នុង​រយៈពេល​ដូចគ្នានេះ។​

ជាមួយគ្នានេះដែរ ដោយ​ការវិនិយោគ ប្រកបដោយ​និរន្តរភាព​បានទទួល​នូវ​ការចាប់​អា​ម្មណ៍​កាន់តែច្រើន​នៅក្នុង​តំបន់​អាស៊ាន និង​ដោយ​ស្របតាម​អនុសាសន៍​អំពី​ផលិតផល​កាតាលីករ និង​ការអនុញ្ញាត​ឱ្យចូល​ទៅកាន់​តំបន់​/​ផ្នែក​ដែល​មិនទាន់បាន​ផ្គត់ផ្គង់​គ្រប់​​គ្រាន់​នៃ​ផែនទី​បង្ហាញផ្លូវ​ទីផ្សារ​មូល​ធន​និរន្តរភាព​អាស៊ាន ASEAN SRFS ត្រូវបាន​អភិវឌ្ឍ និង​ដាក់ឱ្យ​ប្រើប្រាស់ដោយ ACMF ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការវិនិយោគ​ប្រកបដោយ​និរន្តរភាព​នៅក្នុង​អាស៊ាន​។​


ASEAN SRFS មាន​គោលបំណង​ផ្តល់នូវ​លក្ខខណ្ឌ​តម្រូវ​នៃ​ការបង្ហាញ​ព័ត៌មាន និង​ការរាយការណ៍​ជា​អប្ប​បរមា ដែល​តម្រូវឱ្យ​អនុវត្ត​ជាប់លាប់​សម្រាប់​គម្រោង​វិនិយោគ​រួម (Collective Investment Schemes - CIS) ដែល​ស្នើសុំ​ជា ASEAN SRFS ដោយសារតែ​មានការ​កើនឡើង​នៃ CIS ដែល​ផ្តោតលើ​ការវិនិយោគ ESG និង​តម្រូវការ​សម្រាប់​ការ​ប្រៀបធៀប​, ភាព​រួម​តែមួយ និង​ការបង្ហាញ​ព័ត៌មាន ប្រកបដោយ​តម្លាភាព ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ក្លែងបន្លំ​ភាព​បៃតង (greenwashing) ព្រមទាំង​ជួយ​វិនិយោគិន​ក្នុងការ​សម្រេចចិត្ត​លើ​ការវិនិយោគ​ឱ្យបាន​ត្រឹមត្រូវ​។


​ក្នុងន័យនេះ CIS ឬ​ប្រតិបត្តិ​ករ CIS ត្រូវតែ​អនុលោម​តាម ASEAN SRFS ដែល​ផ្តល់នូវ​ការបង្ហាញ​ព័ត៌មាន​បន្ថែម​នៃ CIS ដែលមាន​លក្ខណៈ​គុណ​វ​ឌ្ឍិ​គ្រប់គ្រាន់​។


លក្ខណៈ​សំខាន់​នៃ ASEAN SRFS

​​ក​) ការដាក់​ឈ្មោះ​​

​ឈ្មោះ​របស់ CIS ដែលមាន​លក្ខណៈ គុណ​វ​ឌ្ឍិ​គ្រប់គ្រាន់​គួរតែមាន​ភាព​ត្រឹមត្រូវ ឆ្លុះបញ្ចាំង​ពី​ធាតុ​ប្រកបដោយ​និរន្តរភាព​របស់ CIS ដោយ​មិន​បញ្ជាក់ ឬ​សង្កត់ធ្ងន់​លើសពី​ធាតុ​ប្រកបដោយ​និរន្តរភាព ឬ​ធ្វើឱ្យមាន​ការយល់ច្រឡំ​។

(​ខ​) យុទ្ធសាស្ត្រ និង​គោលបំណង​វិនិយោគ​ប្រកបដោយ​និរន្តរភាព​​

CIS គួរតែ​វិនិយោគ​ជា​ចម្បង​​លើ​មូល​ប​ត្រ​ដោយ​អនុលោម​តាម​យុទ្ធសាស្ត្រ និង​គោលបំណង​វិនិយោគ​ប្រកបដោយ​និរន្តរភាព ជាមួយនឹង​ការបែងចែក​ទ្រព្យសកម្ម​អប្បបរមា​យ៉ាងហោចណាស់​ពីរភាគបី (២/៣) នៃ​តម្លៃ​ទ្រព្យសកម្ម​សុទ្ធ​។ ឧទាហរណ៍​៖ គោលការណ៍ និង​យុទ្ធសាស្ត្រ​វិ​និ​យោគ​និរន្តរភាព ត្រូវបាន​បញ្ចូល​នៅក្នុង ASEAN SRFS ជាការ​​ណែនាំ​។ ទោះជា​យ៉ាងណាក៏ដោយ សម្រាប់ CIS ដែល​គ្រាន់តែ​អនុវត្ដ​នូវ​យុទ្ធសាស្ត្រ​សមាហរណកម្ម ESG ​ឬ​យុទ្ធសាស្ត្រ​ត្រួតពិនិត្យ​លើ​ភាព អវិជ្ជមាន ដើម្បី​ស្វែងរក​ប្រាក់ចំណូល​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​មិនមាន​គោល​បំណង​វិនិយោគ​ប្រកបដោយ​និរន្តរភាព នោះទេ គឺ​មិន​មានគុណ​វ​ឌ្ឍិ​គ្រប់គ្រាន់​ជា ASEAN SRFS​។

(​គ​) នីតិវិធី និង​គោលនយោបាយ​ដើម្បី​ធានាបាន​នូវ​អនុលោមភាព​​

ASEAN SRFS តម្រូវឱ្យ​បង្ហាញ​ព័ត៌មាន​អំពី​ដំណើរការ​ ដើម្បី​ធានាបាន​នូវ​អនុលោមភាព​នៃ ASEAN SRFS របស់ CIS ពេញ​មួយ​វដ្ត​នៃ CIS​។

(​ឃ​) ការផ្ទៀងផ្ទាត់​ដោយ​ភាគី​ទី​បី​​

​ការផ្ទៀងផ្ទាត់​ដោយ​ភាគី​ទី​បី​អាច​ធ្វើឡើង​តាម​ការស្ម័គ្រចិត្ត ដើម្បី​ផ្ទៀង​​ផ្ទាត់​ថា​ការវិនិយោគ​របស់ CIS ស្របតាម​យុទ្ធសាស្ត្រ និង​គោលបំណង​វិ​និ​យោគ​ប្រកបដោយ​និរន្តរភាព​របស់ខ្លួន​។

(​ង​) របាយការណ៍​សមា​យិ​ក​​

CIS ឬ​ប្រតិបត្តិ​ករ CIS ត្រូវបាន​តម្រូវឱ្យ​ផ្តល់ព័ត៌មាន​ទាក់ទង​នឹង​យុទ្ធសាស្ត្រ និង​គោលបំណង​វិនិយោគ ប្រកបដោយ​និរន្តរភាព​របស់ CIS ក៏ដូចជា​ការពិនិត្យ​ឡើងវិញ​លើ​ការ​ពិចារណា​និរន្តរភាព នៅក្នុង​របាយការណ៍​ស​មា​យិ​ក ឬ​របាយការណ៍​ប្រចាំឆ្នាំ​របស់ខ្លួន តាម​ដែល​អាច​អនុវត្តបាន ហើយ​អាច​ផ្សព្វ​ផ្សាយបាន​នៅលើ​គេហទំព័រ​។ បន្ថែម​លើ​នេះ​ទៀត ឥទ្ធិពល​នៃ​យុទ្ធសាស្ត្រ​វិនិយោគ​របស់ CIS ក៏ត្រូវ​បាន​តម្រូវឱ្យ​ចេញផ្សាយ​របាយ​ការណ៍​ផលប៉ះពាល់​ប្រចាំឆ្នាំ​ផងដែរ​។

(​ច​) ការដកហូត​គុណវុឌ្ឍិ​​

CIS ឬ​ប្រតិបត្តិ​ករ CIS ត្រូវតែ​ផ្តល់ព័ត៌មាន​ពាក់ព័ន្ធ ជាពិសេស​ព័ត៌មាន ឬ​ព្រឹត្តិការណ៍​សំខាន់​ដែល​ធ្វើ ឱ្យ​ប៉ះពាល់​ដល់​អនុលោមភាព​តាម ASEAN SRFS និង​អនុលោមភាព​តាម​បទ​ប្បញ្ញត្តិ​របស់​និយ័ត​ករ​មូល​ប​ត្រ​នៅក្នុង​យុត្តាធិការ​អាស៊ាន​។ នៅពេលដែល CIS ត្រូវបាន​រក ឃើញថា​មិនបាន​អនុលោម​តាម ASEAN SRFS និយ័ត​ករ​មូល​ប​ត្រ​អាចដកហូត​គុណវុឌ្ឍិ​របស់ CIS បាន​។

​ការប្រើប្រាស់​និរន្តរភាព​សម្រាប់​កំណើន​នាពេល​អនាគត​ការវិនិយោគ​ប្រកបដោយ​និរន្តរភាព មាន​សារៈសំខាន់​ក្នុងការ​ព​ន្លឿ​ន​ដំណើរ​ឆ្ពោះទៅ រក​ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​​ផ្ទះ​កញ្ចក់​កម្រិត​សូន្យ (net zero)​ ជាស​កល​។ ទីផ្សារ​វិនិយោគ​ប្រកប​ដោយ​និរន្តរភាព​ពិភពលោក ត្រូវបាន​រំពឹងថា ​នឹង​កើន​ឡើងដល់ ១៦០ ទ្រី​លាន ដុល្លារ​អាមេរិក ​ត្រឹម​ឆ្នាំ​ ២០៣៦​។ ទីផ្សារ​គ្រប់គ្រង​មូលនិធិ និង​ទ្រព្យសកម្ម​នៅក្នុង​តំបន់​អាស៊ាន ត្រូវតែ​ទាញយក​ប្រយោជន៍​ពី​និន្នាការ​ទាំងនេះ ហើយ​ត្រូវ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​​ឱ្យ​វិនិយោគិន​ទទួលបាន​នូវ​ជម្រើស​កាន់តែច្រើន​ស​ម្រា​ប់​ការវិនិយោគ​ប្រកបដោយ​និរន្តរភាព​។ ករណីនេះ​តម្រូវឱ្យមាន​ការបង្កើត​ឡើង​នូវ​ផលិត​ផល​មូលនិធិ​ប្រកបដោយ​និរន្តរភាព​ប្រកបដោយ​នវានុវត្តន៍​បន្ថែមទៀត​ដើម្បី​បំពេញតម្រូវការ និង​ផល​ប្រយោជន៍​របស់​វិនិយោគិន​។

​នៅពេលដែល​មូលនិធិ​ប្រកបដោយ​និរន្តរភាព​សកលលោក​មាន​ការវិវត្តន៍​កាន់តែ​លឿន នោះ​តម្រូវការ​នៃ​ការបង្ហាញ​ព័ត៌មាន​លម្អិត និង​ទៀងទាត់ ក៏ដូចជា​ការរៀបចំ​វិធានការ​ដើម្បី​កាត់បន្ថយ​បញ្ហា​ការ​ក្លែងបន្លំ​ភាព​បៃតង ក៏មាន​ការកើនឡើង​ផងដែរ​។

​អាស្រ័យហេតុនេះ ASEAN SRFS មាន​គោលបំណង​ផ្តល់នូវ​មូលដ្ឋាន​ជា​អប្បបរមា​អំពី​លក្ខខណ្ឌ​តម្រូវ​នៃ​ការ​រាយការណ៍ និង​ការបង្ហាញ​ព័ត៌មាន​របស់​មូលនិធិ​ប្រកបដោយ​និរន្តរភាព​ដែល​ត្រូវ​បោះផ្សាយ​លក់​នៅក្នុង​តំបន់​អាស៊ាន ដែល​វា​ជួយ​បង្កើន​នូវ​តម្លាភាព និង​ភាពស៊ីសង្វាក់​គ្នា​នៃ​ព័ត៌មាន​ដល់​វិនិយោគិន​។

​ស្តង់ដា​មូលនិធិ​និរន្តរភាព និង​ទំនួល​ខុសត្រូវ​អាស៊ាន អាច​ទាញ​យកបាន​តាមរយៈ https://www.theacmf.org/initiatives/sustainable-finance/asean-sustainable-and-responsible-fund-standards.