មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា លើកទី១៣ ដែលជាកម្មវិធីវប្បធម៌ដ៏ធំមួយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលនឹងមានកម្មវិធីពិសេសៗជាច្រើន។
ព្រឹត្តិការណ៍នេះមានកម្មវិធី និងសកម្មភាពជាច្រើនដូចជា ការសរសេរអក្សរផ្ទង់ជប៉ុន, កីឡាយុទ្ធសិល្ប៍ជប៉ុននិងកម្ពុជា, ភាសា, អក្សរសិល្ប៍, អាហារ, តន្ត្រី, សិល្បៈ, ហត្ថកម្ម, និងសូម្បីតែ Cosplay ហើយមហោស្រពគីហ្សូណាឆ្នាំនេះ មានអ្វីៗពិសេសជាច្រើនទៀតសម្រាប់អ្នកចូលរួម។
ពិធីបើកមហោស្រពគីហ្សូណាជប៉ុនកម្ពុជាដ៏ធំបំផុតមួយនេះដែលរៀបចំដោយស្ថានទូតជប៉ុន រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី ២២ ខែកុម្ភៈ ចាប់ពីម៉ោង ១៨:០០ ដល់ម៉ោង ១៩:៣០។
ប្រធានបទនៃមហោស្រពឆ្នាំនេះគឺ «ទំព័រថ្មីនៃអនុស្សាវរីយ៍» ដែលគូសបញ្ជាក់ពីសកម្មភាពជាច្រើនដែលនឹងប្រារព្ធរួមគ្នាពេលនេះ ក៏ដូចជារក្សាទំនាក់ទំនងបន្តនាពេលអនាគត។
ពាក្យភាសាជប៉ុន «គីហ្សូណា» មានន័យថា «ចងចិត្ត» ត្រូវបានជ្រើសរើសពាក្យនេះជាឈ្មោះសម្រាប់មហោស្រពតាំងពីឆ្នាំ ២០១២ ដោយសង្ឃឹម ថា នឹងក្លាយជានិមិត្តរូបនៃចំណងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុនឱ្យកាន់តែរឹងមាំ។
កញ្ញា Miyu Shimomura នឹងមានការសម្តែងក្នុងពិធីបើកមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា នាថ្ងៃទី ២២ ខែកុម្ភៈ និងកម្មវិធីសម្តែងពិសេស «របាំបុរាណកម្ពុជា-ជប៉ុន» នាថ្ងៃទី ២៣ ខែកុម្ភៈផងដែរ។
កញ្ញា Miyu Shimomura គឺជានាដការបាំបុរាណជប៉ុន «Nihonbuyo» និងជាវិចិត្រករខាងគំនូរខ្មុកម្រ័ក្សណ៍ Urushi។ គាត់ចូលរួមសម្តែងក្នុងកម្មវិធីអបអរសាទរខួប-មិត្តភាព ៧០ ឆ្នាំ រវាងជប៉ុន-កម្ពុជា នៅទីក្រុងតូក្យូ កាលពីឆ្នាំមុន។
វិចិត្រសាល មកុដ និងអលង្ការ ភួង មាល័យ បាយសីខ្មែរ (Mealai Khmer Arts Studio) ជាក្រុមការងារដែល មានជំនាញលើការរចនាមកុដ និងគ្រឿងអលង្ការបុរាណខ្មែរ ដែលធ្លាប់ចូលរួមរចនាគ្រឿងអលង្ការសម្រាប់កម្មវិធីថ្នាក់ជាតិធំៗជាច្រើន។ ក្នុងមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ពួកគាត់នឹងរៀបចំការតាំងពិព័រណ៍គ្រឿងមកុដ ពស្ត្រា អលង្ការនៃអង្គមហាវីរក្សត្រ និងមហាវីរក្សត្រីនៃសម័យអង្គរដ៏រុងរឿងរបស់ខ្មែររយៈពេល ៣ ថ្ងៃពេញ។
លោក លី វណ្ណថាន ជាអ្នកចម្រៀងខ្មែរដែលមានទេពកោសល្យចម្រុះ ដូចជាអ្នកនិពន្ធចម្រៀង ផលិតករ និងជាតន្ត្រីករផងដែរ។ នៅឆ្នាំ ២០០៩ លោក វណ្ណថាន បានទៅបន្តការសិក្សាលើផ្នែកផលិតកម្មទ្រឹស្តីតន្ត្រី ការងារតន្ត្រីករ និងសកម្មភាពជាច្រើនទៀតនៅប្រទេសបារាំង។ ចំណុចលេចធ្លោ និងល្បីល្បាញរបស់គាត់គឺជាតន្ត្រីករ ១ រូប ដែលមានទេពកោសល្យអាចលេងឧបករណ៍តន្ត្រី ២៨ ឧបករណ៍។ លោក វណ្ណថាន នឹងមានការសម្តែងពិសេសនៅក្នុងកម្មវិធីការប្រគុំតន្ត្រីកម្ពុជា-ជប៉ុន នៅថ្ងៃទី ២៥ ខែកុម្ភៈ។
លើសពីនេះ មានកម្មវិធីសម្តែងពិសេស «របាំបុរាណកម្ពុជា-ជប៉ុន» នៅថ្ងៃសុក្រ ទី ២៣ ខែកុម្ភៈ ហើយក៏មានសិក្ខាសាលាស្តីពីការចារ និងផ្តិតសំណៅ អក្សរខ្មែរបុរាណ។ ក្នុងនោះក៏មានការបង្ហាញជាមួយសម្លៀកបំពាក់បែបប្រពៃណីជប៉ុនដ៏ស្រស់ស្អាត, ការសរសេរអក្សរផ្ចង់ជប៉ុន ជាមួយលោក គ្រូអ៊ីតុ។
នៅថ្ងៃសៅរ៍ ក៏មានការប្រគុំតន្ត្រីក្លាស៊ិកដោយ Worldship Orchestra រួមជាមួយសមាគមវង់តន្ត្រីយុវជនអង្គរ។ ក្នុងនោះក៏មានសិក្ខាសាលាស្តីពី «សារៈសំខាន់នៃការអាន ដើម្បីសំយោគអត្ថបទស្រាវជ្រាវក្នុងវិស័យអក្សរសិល្ប៍» ដោយបណ្ឌិត សោន វណ្ណៈ។
ថ្ងៃអាទិត្យ ទី ២៥ ខែកុម្ភៈ មានកម្មវិធីជាច្រើនដូចជាកម្មវិធីយល់ដឹងពីសិល្បៈ នៃការប្រើជក់ តាមបែបអក្សរផ្ចង់ជប៉ុន ហើយក្នុនោះក៏មានសិក្ខាសាលាខ្លីស្តីពី រូបារម្មណ៍ក្នុងអក្សរសិល្ប៍ ដោយកវីនិពន្ធ ស៊ូ ខេមរិន្ទ។
លើសពីនេះក៏មានកីឡាយុទ្ធសិល្ប៍ជប៉ុន និងកម្ពុជា, ការរៀនភាសារជប៉ុន និងបទបង្ហាញស្តីអំពីការសិក្សានៅប្រទេសជប៉ុនឆ្នាំ ២០២៤ ជាដើម។
មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១២ ក្នុងគោលបំណងបង្ហាញពីវប្បធម៌ជប៉ុន និងកម្ពុជា ក៏ដូចជាការជំរុញការផ្លាស់ប្តូរនានារវាង ប្រជាជននៃប្រទេសទាំង ២។ តាមរយៈព្រឹត្តិការណ៍នេះ អ្នកចូលរួមនឹងមានអារម្មណ៍កាន់តែស្និទ្ធស្នាលជាមួយប្រទេសជប៉ុន និងបានយល់ដឹងកាន់តែស៊ីជម្រៅទៅលើវប្បធម៌ខ្មែរ និងជប៉ុនតាមរយៈការចូលរួមកម្មវិធីនានាក្នុងមហោស្រពនេះ៕