រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុបចំនួន ៨២៨ ៥៤៦ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួន ៣ ក្រោមគ្រោងការជំនួយ ឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយ តូចសន្តិសុខមនុស្សជាតិ (ជំនួយ ឥតសំណងគូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយឯកឧត្តមអ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាង ស្ថាប័នទទួលជំនួយទាំង ៣ ដើម្បីអនុវត្តគម្រោងខាងក្រោម៖
១. គម្រោងបោសសម្អាតមីនក្នុងខេត្តចំនួន ៣ ស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជា (ថវិកាចំនួន ៥១៥ ០៦០ ដុល្លារអាមេរិក)
ស្ថាប័នទទួលជំនួយ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា៖ ថវិកាជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីពន្លឿន និងបង្កើនប្រសិទ្ធភាពនៃសកម្មភាពបោសសម្អាតមីន ដោយដំឡើងកម្មវិធីសម្រាប់ប្រព័ន្ធសកម្មភាពមីន ផ្អែកលើបញ្ញាសិប្បនិម្មិត (AI)។ គ្រាប់មីននៅតែបន្តមាននៅក្នុងប្រទេសកម្ពុជា ដូចជានៅតំបន់កំពុងអភិវឌ្ឍន៍សម្រាប់កសិកម្ម កន្លែងទេសចរណ៍ និងតំបន់សម្រាប់រោងចក្រ ខ្នាតធំៗ។ បច្ចុប្បន្ន គ្រាប់មីនត្រូវបានរកឃើញដោយសារការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តសៀមរាប។ គម្រោងនេះមានគោលបំណងនាំមកនូវសុវត្ថិភាពសម្រាប់ការអភិវឌ្ឍសង្គម និងប្រជាពលរដ្ឋប្រមាណ ២០ ពាន់នាក់ ក្នុងខេត្តទាំង ៣ ដោយការលុបបំបាត់គ្រាប់មីនក្នុងផ្ទៃដីសរុប ០,៩៦ គីឡូម៉ែត្រការ៉េ។
២. គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាពីងពង់ ស្រុកបវេល ក្នុងខេត្តបាត់ដំបង (ថវិកាចំនួន ៨៨ ៩០០ ដុល្លារអាមេរិក)
ស្ថាប័នទទួលជំនួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង៖ ក្នុងគម្រោងនេះ អគារសិក្សា១ខ្នង ៥ បន្ទប់ បំពាក់ដោយគ្រឿងសង្ហារិម នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាពីងពង់ ស្រុកបវេល ក្នុងខេត្តបាត់ដំបង។ បច្ចុប្បន្ន សិស្សនៅសាលានេះមានការលំបាកក្នុងការសិក្សា ដោយសារអគារសិក្សាឈើបច្ចុប្បន្ន និងគ្រឿងសង្ហារិមធ្វើអំពីឈើមានសភាពទ្រុឌទ្រោម។ គម្រោងនេះមានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន ហើយយើងរំពឹងថាគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន ១៦៦ នាក់ តាមរយៈការកែលម្អឱ្យកាន់តែប្រសើរឡើងនូវគុណភាពអប់រំ។
៣. គម្រោងកែលម្អប្រតិបត្តិការក្រោយការប្រមូលផលគ្រាប់ស្វាយចន្ទីក្នុងខេត្តរតនគិរី (ថវិកាចំនួន ១៥ ០៦០ ដុល្លារអាមេរិក)
ស្ថាប័នទទួលជំនួយមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តរតនគិរី៖ ថវិកាជំនួយនេះនឹងត្រូវបានប្រើប្រាស់ ដើម្បីសាងសង់ឃ្លាំង និងកន្លែងសម្ងួត ក៏ដូចជាដំឡើងឧបករណ៍វាស់សំណើម និងម៉ាស៊ីនចាត់ថ្នាក់សម្រាប់សហគមន៍កសិកម្មចំនួន ៤ ក្នុងខេត្តរតនគិរី។
បច្ចុប្បន្ននេះ គ្រាប់ស្វាយចន្ទីស្របច្បាប់ត្រូវបានលក់ក្នុងតម្លៃទាប ក្នុងរដូវប្រមូលផលដោយសារតែពុំមានឃ្លាំង និងកន្លែងសម្ងួត។ បន្ថែមពីលើនេះ កសិករបាននិងកំពុងមានភាពលំបាកក្នុងការរក្សាគុណភាពនៃគ្រាប់ស្វាយចន្ទីឱ្យខ្ពស់ក្នុងដំណើរការផលិត ដោយសារតែពួកគេមិនមានឧបករណ៍វាស់សំណើម និងម៉ាស៊ីនចាត់ថ្នាក់។ យើងរំពឹងថា គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កសិករប្រមាណ ២០០ នាក់ នៅក្នុងសហគមន៍កសិកម្មចំនួន ៤ ដោយការពង្រឹងខ្សែច្រវាក់តម្លៃក្នុងការផលិតគ្រាប់ស្វាយចន្ទី ក៏ដូចជាការលើកកម្ពស់ប្រាក់ចំណូលរបស់កសិករ។
សូមបញ្ជាក់ថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុនបានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនា ប្រទេសឡើងវិញនៅកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះមានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬភាពអកុសលនានាដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិតជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦៩ លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៩១ គម្រោងនៅទូទាំងប្រទេសកម្ពុជា៕