ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ជប៉ុន​ឈាន​មុខ​គេ​មួយ​របស់​ប្រទេស​ជប៉ុន បាន​ប្តេជ្ញា​ជួយ​ជំរុញ​វិស័យ​ធានា​រ៉ាប់រង​អាយុ​ជីវិត​នៅ​កម្ពុជា​ឱ្យ​រីក​ចម្រើន​កាន់​តែ​ខ្លាំង​តាមរយៈ​ភ្នាក់ងារ​ធានា​រ៉ាប់រង។ ក្រុមហ៊ុន​កំពុង​តែ​ជ្រើសរើស​ភ្នាក់ងារ​ធានា​រ៉ាប់រង​ពេញ​ម៉ោង​បន្ថែម​រហូត​ទៅ​ដល់ ៣០០ នាក់​នៅ​ទូទាំង​ប្រទេស​កម្ពុជា តាមរយៈ “កម្មវិធី​អាជីព​ជា​ភ្នាក់ងារ​ធានា​រ៉ាប់រង​ពេញ​ម៉ោង ឬ Kiwami Dai-ichi Master Program”

ភ្នាក់ងារ​ធានា​រ៉ាប់រង​ដែល​ត្រូវ​បាន​ជ្រើស​រើស​នឹង​ទទួល​បាន​ប្រាក់​ខែ​គោល​ថេរ​មាន​ឱកាស​រក​ប្រាក់​ចំណូល​ច្រើន​ជាង ៤០ លាន​រៀល​ក្នុង​រយៈពេល​ត្រឹមតែ ៦ ខែ​ដំបូង ហើយ​ថែម​ទាំង​ទទួល​បាន​ការ​បណ្តុះបណ្តាល​កម្រិត​ស្តង់ដា​ជប៉ុន​ថែម​ទៀត​ផង។ គិត​ចាប់​ពី​ខែ​កញ្ញា ឆ្នាំ ២០២៣ ក្រុមហ៊ុន​យើង​បាន​ជ្រើសរើស​ភ្នាក់ងារ​ធានា​រ៉ាប់រង​ចំនួន ៥ ដង​រួច​ទៅ​ហើយ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ។


ដោយ​ទទួល​ស្គាល់​នូវ​តម្រូវ​ការ​ផ្នែក​ផ្សេងៗ​នៃ​ការងារ យើង​ក៏​បាន​ដាក់​ចេញ​នូវ​កម្មវិធី​មួយ​បន្ថែម​ទៀត ដើម្បី​ជ្រើសរើស​ប្រធាន​ផ្នែក​​​លក់​ពេញ​ម៉ោង​ថ្មី​ដោយ​មាន​ផ្តល់​ជូន​នូវ​ប្រាក់​ខែ​គោល​ថេរ​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ ​និង​ឱកាស​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់។ កម្មវិធី​នេះ​ស័ក្តិសម​បំផុត​សម្រាប់​បេក្ខជន​ដែល​ជា​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច ឬ​អ្នក​ដែល​មាន​បទពិសោធន៍ និង​សក្តានុពល​ក្នុង​ការ​បង្កើត​បណ្តាញ​ទំនាក់ទំនង​ជាមួយ​អតិថិជន។

បេក្ខជន​ដែល​ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​ កម្មវិធី​ភ្នាក់ងារ​ធានា​រ៉ាប់រង​ក្រៅ​ម៉ោង TAKUMI នឹង​ទទួល​បាន​ប្រាក់​ខែ​គោល​ថេរ ហើយ​ថែម​ទាំង​ទទួល​បាន​ការ​បណ្តុះបណ្តាល​ផ្នែក​ធានា​រ៉ាប់រង​អាយុ​ជីវិត​ស្រប​តាម​ស្តង់ដា​ជប៉ុន​ដោយ​ឥត​គិត​ថ្លៃ​។ កម្មវិធី​មួយ​នេះ​ស័ក្តិសម​សម្រាប់​បេក្ខជន​ដែល​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ការ​ពេញ​ម៉ោង ប៉ុន្តែ​មាន​បំណង​ចង់​បង្កើន​ប្រភព​ចំណូល​ថ្មី​តាមរយៈ​ការ​ផ្តល់​ប្រឹក្សា​ធានា​រ៉ាប់រង​អាយុ​ជីវិត​ប្រកប​ដោយ​គុណភាព​ជូន​ដល់​ប្រជាជន​កម្ពុជា។


លោក Mah Kin Yoong អគ្គនាយក​ស្តីទី​នៃ​ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ខេមបូឌា បាន​មាន​ប្រសាសន៍​ថា​ “ក្រុមហ៊ុន​យើង​ខ្ញុំ​មាន​វត្តមាន​នៅ​លើ​ទឹក​ដី​កម្ពុជា​ជិត ៥ ឆ្នាំ​​មក​ហើយ។ យើង​ប្តេជ្ញា​គាំទ្រ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​លើក​កម្ពស់​ការ​យល់​ដឹង និង​បង្កើន​អត្រា​ភាគទាន​ធានា​រ៉ាប់រង​អាយុជីវិត​ក្នុង​សេដ្ឋកិច្ច​កម្ពុជា។ យើង​ជឿជាក់​ថា ការ​បន្ត​វិនិយោគ​ទៅ​លើ​ភ្នាក់ងារ​ធានា​រ៉ាប់រង​នឹង​អាច​ឱ្យ​យើង​បម្រើ​ជូន​អតិថិជន​ប្រកប​ដោយ​វិជ្ជាជីវៈ និង​រួម​ចំណែក​ដល់​និរន្តរភាព​នៃ​វិស័យ​ធានា​រ៉ាប់រង​នៅ​កម្ពុជា”។

កម្មវិធី​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​ក្រុម​ការងារ​ជំនាញ​របស់​ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ដែល​មាន​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ ហើយ​ត្រូវ​បាន​ជ្រើសរើស ដើម្បី​បណ្តុះណ្តាល និង​អភិវឌ្ឍ​សមត្ថភាព​ភ្នាក់ងារ​ធានា​រ៉ាប់រង​អាយុ​ជីវិត​រហូត​ទៅ​ដល់​ជាង ៥,០០០ នាក់​កន្លង​មក។

លោក Yoshiyuki Inanobe ដែល​ជា​នាយក​នៃ​នាយកដ្ឋាន​ប្រតិបត្តិការ​ចែកចាយ​បាន​មាន​ប្រសាសន៍​ថា «ក្នុង​នាម​យើង​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ឈាន​មុខ​គេ​មួយ​របស់​ប្រទេស​ជប៉ុន អស់​រយៈ​ពេល​ជាង​ ១២១ ឆ្នាំ​មក​នេះ​ការ​មាន​ភ្នាក់ងារ​ធានា​រ៉ាប់រង​អាយុ​ជីវិត​ប្រកប​ដោយ​គុណភាព និង​វិជ្ជាជីវៈ​ខ្ពស់ គឺ​ជា​ឌីអិនអេ (DNA) របស់​ក្រុមហ៊ុន​យើង។

បច្ចុប្បន្ន​នេះ​ភ្នាក់ងារ​ធានា​រ៉ាប់រង​របស់​យើង​កំពុង​តែ​ផ្ដល់​សេវាកម្ម​ជូន​ដល់​អតិថិជន​ប្រមាណ​ជាង ១៥ លាន​នាក់​នៅ​ក្នុង​ប្រទេស​ជប៉ុន។

យើង​ជឿជាក់​ថា ក្រុម​ការងារ​របស់​យើង​ដែល​មាន​ជំនាញ​ច្បាស់​លាស់​នឹង​ជួយ​បង្កើត​បណ្តាញ​ភ្នាក់ងារ​ធានា​រ៉ាប់រង​អាយុ​ជីវិត​មួយ​ដែល​មាន​សមត្ថភាព​ខ្ពស់​ ដើម្បី​អាច​ផ្តល់​ការ​ប្រឹក្សា និង​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​ប្រកប​ដោយ​គុណភាព​ជូន​ដល់​ប្រជាជន​កម្ពុជា»៕