​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរ​ជាតិ​ជប៉ុន (JICA) ជឿជាក់​យ៉ាង​មុតមាំ​ថា គ្រូបង្រៀន​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ការសិក្សា និង​ការ​​រស់នៅ​របស់​សិស្ស​ពួកគេ​ គឺជា​អ្នក​​បង្កើត​ការផ្លាស់ប្តូរ​ដ៏​សំខាន់​ក្នុងការ​​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

កន្លងមក​ថ្មីៗ​នេះ វិទ្យាស្ថាន​គរុ​កោ​​ស​ល្យ​ចំនួន​ ២ ​ដែល​ផ្តល់​កម្មវិធី​អប់រំ​គ្រូបង្រៀន​រយៈពេល​ ៤ ​ឆ្នាំ ត្រូវបាន​បង្កើតឡើង និង​បាន​បណ្តុះបណ្តាល​គ្រូបង្រៀន​ឆ្នើម​នៅ​សាលាបឋមសិក្សា និង​មធ្យមសិក្សា​ដែលជា​ការអភិវឌ្ឍ​ដ៏​សំខាន់​មួយ​។


ប្រព័ន្ធ​បណ្តុះបណ្តាល​គ្រូបង្រៀន​ទំនើប​នៅ​កម្ពុជា​បានចាប់ផ្តើម​ជាមួយ នឹង​កម្មវិធី​បណ្តុះបណ្តាល​រយៈពេល​ខ្លី​មិន​ទៀងទាត់ ដើម្បី​ទប់ទល់​នឹង​កង្វះ​​ខាត​គ្រូបង្រៀន​ដ៏​ច្រើន​លើសលប់​ បន្ទាប់ពី​ទសវត្សរ៍​ឆ្នាំ ​១៩៨០ អំឡុង​ពេល​កសាង​ឡើងវិញ​។

ជាមួយនឹង​ប្រព័ន្ធ​បណ្តុះបណ្តាល​កំពុង​អភិវឌ្ឍ​បន្តិច​ម្តងៗ មជ្ឈមណ្ឌល​​គរុកោសល្យ​ដែល​ផ្តល់​ការបណ្តុះ​​បណ្តាល​គ្រូបង្រៀន​រយៈពេល​ ២​ ឆ្នាំ​សម្រាប់​សាលាបឋមសិក្សា និង​មធ្យមសិក្សា​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ​១៩៩៧ ជា​គ្រឹះស្ថាន​បណ្តុះបណ្តាល គ្រូបង្រៀន​ទៀងទាត់​។


​​គុណភាពគ្រូបង្រៀនមានសារៈសំខាន់ក្នុងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។ រូបថត Supplied

ដោយ​ឆ្លងកាត់​ឧបសគ្គ​យ៉ាង​ធំធេង​នៅពេលនោះ​ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធាន​មិន​គ្រប់គ្រាន់ គ្រូបង្រៀន​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង និង​បាន ចូលរួមចំណែក​គួរឱ្យ​កោតសរសើរ ក្នុងការ​បង្កើត​ប្រព័ន្ធ​អប់រំ​កម្ពុជា​ឡើងវិញ ដែល​បម្រើ​ជា​មូលដ្ឋានគ្រឹះ​របស់​ប្រទេស​ជាតិ ជួយ​ឱ្យមាន​កំណើនសេដ្ឋកិច្ច​គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ​។

ខណៈ​ប្រទេស​កម្ពុជា ​មានការ​អភិវឌ្ឍ គុណភាព​គ្រូបង្រៀន​កាន់​តែមាន​សារៈ​សំខាន់​ក្នុងការ​លើកកម្ពស់​លទ្ធ​ផល​សិក្សា​របស់​សិស្ស ហើយ​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​លើកកម្ពស់​នូវ​គុណវុឌ្ឍិ​នៃ​ការបង្រៀន​ដោយ​បង្កើត វិទ្យាស្ថាន​គរុកោសល្យ (TEC) ដែល​ផ្តល់​ការបណ្តុះបណ្តាល​គ្រូបង្រៀន​រយៈពេល​ ៤ ​ឆ្នាំ ​សម្រាប់​គ្រូ​បឋមសិក្សា​ និង​អនុវិទ្យាល័យ​។

ឆ្លើយតប​ទៅនឹង​សំណើ​របស់​ក្រសួង​​អប់រំ យុវជន និង​កីឡា JICA បាន​សហការ​បង្កើត​វិទ្យាស្ថាន​គរុកោសល្យ​ដែល​ផ្តល់​ការបណ្តុះបណ្តាល​គ្រូបង្រៀន រយៈពេល​ ៤ ​ឆ្នាំ​ដំបូង ​ចំនួន ​២ ​កន្លែង​ក្នុងប្រទេស​កម្ពុជា ដោយ​មួយកន្លែង​នៅ​រាជធានី​ភ្នំពេញ និង​មួយទៀត​នៅ​ខេត្ត​​បាត់ដំបង​។

JICA ចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពបណ្តុះបណ្តាលគុណភាពគ្រូបង្រៀននៅកម្ពុជា។ រូបថត Supplied

ជាមួយនឹង​ហិរញ្ញប្បទាន​ឥត​សំណង និង​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​របស់​ជប៉ុន ចាប់តាំងពី​ឆ្នាំ​ ២០១៧ មក មាន​រួមបញ្ចូល​ទាំង​ការសាងសង់​អគារ និង​ការបណ្តុះបណ្តាល​គ្រូឧទ្ទេស​ព្រម​​ទាំង​ការអភិវឌ្ឍ​កម្មវិធីសិក្សា​គោល​​វគ្គ​សិក្សា​លម្អិត និង​សម្ភារ​បង្រៀន​ជាដើម​។

កត្តា​ទាំងនេះ​បាន​នាំឱ្យមាន​ការកែ​​លម្អ​ក្នុងការ​បណ្តុះបណ្តាល​គ្រូ និង​ការលើកកម្ពស់​គុណវុឌ្ឍិ​សម្រាប់​គ្រូ​​បង្រៀន​នៅ​កម្ពុជា​។

គរុ​និស្សិត​ចំនួន​ប្រហែល ១ ០០០ ​នាក់ ​បានបញ្ចប់​ការសិក្សា​នៅ​វិទ្យាស្ថាន​​គរុកោសល្យ​ទាំង ​២ ហើយ​ពួកគេ​បាន​ក្លាយជា​គ្រូបង្រៀន​បឋមសិក្សា និង​មធ្យមសិក្សា​ថ្មី​ដែលមាន​កម្រិត​ស្មើ​បរិញ្ញាបត្រ​បានចាប់ផ្តើម​ការងារ​នៅ​តាម​សាលារៀន​រៀងខ្លួនៗ​នៅ​ទូទាំងប្រទេស​។

សារៈសំខាន់​នៃ​គ្រូបង្រៀន​ដែល​បានបញ្ចប់​ការបណ្តុះបណ្តាល​រយៈ​​ពេល ​៤ ​ឆ្នាំ​នៅ TECs ត្រូវ​បានទទួល​​ស្គាល់​យ៉ាង​ទូលំទូលាយ​នៅក្នុង​ប្រទេស​កម្ពុជា ​ដោយសារ​ពួកគេ​បាន​អនុវត្ត​យ៉ាង​ល្អ​ក្នុងការ​យកចំណេះ​ដឹង និង​បទពិសោធន៍​ដែល​បាន​សិក្សា​នៅ TECs យកទៅអនុវត្ត​នៅ​សាលា​​រៀន​ដែល​ពួកគេ​កំពុង​បង្រៀន​។

​​គរុនិស្សិតប្រមាណ ១ ០០០ នាក់ បានបញ្ចប់ការសិក្សានៅវិទ្យាស្ថាន​​គរុកោសល្យទាំ​ង ២។

ក្រសួង​អប់រំ​បានកំណត់​ទិសដៅ​គោល​​នយោបាយ​ថា ការអប់រំ​គ្រូបង្រៀន​នឹង​ត្រូវបាន​កែទម្រង់​ជា​លំដាប់ ជាគោលការណ៍​ពី​ការបណ្តុះបណ្តាល​រយៈពេល​ ២​ ឆ្នាំ ទៅ​ការបណ្តុះបណ្តាល​រយៈពេល​ ៤ ​ឆ្នាំ តាម រយៈ​ការពង្រីក TECs​។

«​ការអភិវឌ្ឍ​មូលធន​មនុស្ស​» គឺជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​នានា​ដែល​មានចែង​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​គ្រូ​មាន​តួនាទី​សំខាន់​ក្នុងការ​លើកកម្ពស់​​សមត្ថភាព​សិស្ស​ដែលជា​ឆ្អឹងខ្នង​របស់​សង្គមជាតិ​។

JICA ក្នុងនាម​ជាទី​ភ្នាក់ងារ​អនុវត្តន៍​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​ជប៉ុន (ODA) នឹង​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ប្រជាជន​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត​ ដើម្បី​រួមចំណែក​ដល់​ការលើកកម្ពស់​ការបណ្តុះ​បណ្តាល​គ្រូបង្រៀន​ហើយ​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​គ្រូបង្រៀន​ធានា​ដល់​អនាគត​របស់​ប្រទេសជាតិ​ឱ្យ​កាន់តែ​ភ្លឺស្វាង​៕