ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​ដែល​អាច​រៀបចំ​កម្មវិធី​ដើម្បី​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យ ចម្រើនព្រះជន្ម​ព្រះករុណា​ព្រះ​ចៅអធិរាជ​ជប៉ុន​ជាមួយ​ប្រជាជន​កម្ពុជា​។ អស់​រយៈពេល​ជាង​១ឆ្នាំ​បន្តិច​ហើយ ដែល​ខ្ញុំ​បាន​មកដល់​រាជ ធានី​ភ្នំពេញ ក្នុងនាម​ជាឯកអគ្គរាជទូត ហើយ​ខ្ញុំ​តែងតែ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ប្រជាជន​កម្ពុជា មិន​ថាខ្ញុំ​ទៅ​ទីណា ឬ​ជួប​អ្នកណា​នោះទេ​។ ក្នុង អំឡុង​ឆ្នាំ​ស្នាក់នៅ​របស់ខ្ញុំ​នៅទីនេះ ខ្ញុំ​បានដឹង​ច្បាស់ថា តើ​កម្ពុ​ជាមាន​ភាព​រួស​រាយ​រាក់ទាក់​យ៉ាងណា​ចំពោះ​ប្រទេស​ជប៉ុន​។​

ឆ្នាំ​២០២៤ បានចាប់ផ្តើម​ជាមួយ នឹង​ព្រឹត្តិការណ៍​សោកនាដកម្ម​ ២នៅ ក្នុង​​ប្រទេស​ជប៉ុន គឺ​គ្រោះ​រញ្ជួយ​ដី​នៅ​ឧបទ្វីប​ណូ​តូ​ និង​គ្រោះថ្នាក់​យន្តហោះ​ប៉ះគ្នា​នៅ​អាកាសយានដ្ឋាន​ហាណេ​ដា​។ នៅក្នុង​ករណី​ទាំង​២​នេះ ប្រជាជនជប៉ុន​​ទទួលបាន​ការលើកទឹកចិត្ត​យ៉ាង ខ្លាំងតាមរយៈ​ការរំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ និង​ពាក្យពេចន៍​កក់ក្តៅ​នៃ​ការ អាណិតអាសូរ​ពី​ប្រជាជន​កម្ពុជា​ជាច្រើន​។ ខ្ញុំ​សូម​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​ធ្វើការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​។​


ជាដំបូង សូម​យើង​ក្រឡេក​បក​​ក្រោយ​​ទៅ​មើលទៅ​ឆ្នាំ២០២៣ ជា​ពេល ដែល​យើង​បាន​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា និង​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​របស់​យើង​។ ក្នុង​ឱកាស​ឆ្នាំ​ខួប​លើក​ទី​៧០​ នេះ គ្រាន់តែ​នៅក្នុង​ប្រទេស​កម្ពុជា​តែមួយ​យើង​បានរៀបចំ​ព្រឹត្តិការណ៍​ជាង​៧០ ដោយ​ជោគជ័យ​។ 

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គ​រាជទូតជប៉ុនប្រចាំកម្ពុជា។រូប សហការី


ខ្ញុំ​ជឿជាក់ថា ព្រឹត្តិការណ៍​ទាំងនេះ ត្រូវ​បាន​ប្រារព្ធ​ឡើង​យ៉ាង​រលូន​ពេញ​១ឆ្នាំ និង​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ ដែល​ធ្វើឱ្យ​ការយោគយល់​គ្នា​ទៅវិញទៅមក និង​មិត្តភាព​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​២​ មាន​ភាព​ស៊ីជម្រៅ និង​បានធ្វើឱ្យ​ទំនាក់ទំនង​កម្ពុជា​ជប៉ុន​កាន់តែ​ជិតស្និទ្ធ​ជាង​ពេល​ណាៗ​ទាំងអស់​។ ទំនាក់ទំនង​ទ្វេភាគី​របស់​យើង​ត្រូវបាន ដំឡើង​កម្រិត​ទៅជា «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​​គ្រប់​ជ្រុងជ្រោយ​» កាលពី​ឆ្នាំមុន ហើយ​ការផ្លាស់ប្តូរ និង​ទំនាក់ទំនង​ដ៏​សកម្ម​ដែល​បាន​កើតឡើង​ពេញ​១ឆ្នាំ​បានបញ្ជាក់​ពី​ភាពជឿជាក់​របស់​យើង​ចំពោះ​ភាពជា​ដៃគូ​ថ្មី​នេះ​។​

ឆ្នាំមុន​ក៏​ជា​ឆ្នាំ​ដ៏​សំខាន់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ដោយមាន​ការតែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​ក្នុង​រយៈពេល​៣៨​ឆ្នាំ និង​ការបង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី​ដែល​ដឹកនាំ​ដោយ​សម្តេចមហា​ធិបតី ហ៊ុន ម៉ា​ណែ​ត​។ រដ្ឋាភិបាល​ជប៉ុន​បាន​និង​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដែល​ដាក់ចេញ​ដោយ​គណៈរដ្ឋមន្ត្រី​ថ្មី​ភ្លាមៗ ​បន្ទាប់ពី​សម្តេច​ធិបតី​ចូលកាន់​តំណែង ក៏ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​កំណែ​ ទម្រង់​ជាច្រើន​ទៀតផង​ដែរ​។​

កាលពី​ខែធ្នូ​ឆ្នាំមុន សម្តេច​ធីប​តី ហ៊ុន ម៉ា​ណែ​ត បាន​បំពេញ​ទស្សនកិច្ច​លើក​ដំបូង​នៅ​ប្រទេស​ជប៉ុន ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី ដើម្បី​ចូលរួម​កិច្ចប្រជុំ​​កំពូល​ពិសេស​អាស៊ាន​ជប៉ុន ដែល​ ត្រូវបាន​រៀបចំឡើង​ដើម្បី​អបអរសាទរ​ខួប​ទី​៥០​ឆ្នាំនៃ​មិត្តភាព និង​កិច្ចសហ ប្រតិបត្តិការ​អា​ស៊ាន​​ជប៉ុន​។ ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​ជប៉ុន សម្តេចធិបតី​មាន​កាលវិភាគ​មមាញឹក​យ៉ាង ខ្លាំង​ដូច​ពេល​នៅ​កម្ពុជា​ដែរ​។ 

ថែម​នេះ​ទៀត​ ខ្ញុំ​គិតថា​លោកអ្នក​ប្រាកដជា​បានឃើញ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ អំពី​ការដែល​សម្តេចធិបតី​បាន​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្ប​ី​ទាក់ទាញ​ការវិនិយោគ​ពី​ប្រទេសជប៉ុន​មក​កម្ពុជា​។​

ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ​លើក​នេះ សម្រេចបាន​នូវ​សមិទ្ធផល​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង​ជប៉ុន​កម្ពុជា​មួយកម្រិត​ទៀត ហើយ​ក៏​បាន​ជំរុញ​ទឹកចិត្ត​ខ្ញុំ​យ៉ាងខ្លាំង​ផង ដែរ​។ ក្នុង​កិច្ចប្រជុំ​កំពូល​រវាង​នាយករដ្ឋមន្ត្រី​គីស៊ី​ដា ហ្វូ​មិ​អូ និងសម្តេចធិបតី​ហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃទី​១៨ ខែធ្នូ​ មេដឹកនាំ​ទាំង​២ បានបញ្ជាក់​ពី​ផែនការ​របស់​ពួកគាត់​សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​ដូចជា ឌីជីថល​នីយកម្ម ថាមពល និង​ការ​លើកកម្ពស់​ការតភ្ជាប់​។

រដ្ឋាភិបាល​ជប៉ុន​បានបញ្ជាក់​ពី​ការគាំទ្រ​របស់ខ្លួន តាមរយៈ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) សម្រាប់​ការសាងសង់​មជ្ឈមណ្ឌល​ទិន្នន័យ​ជាតិ ដែល​នឹង​ដើរតួ​យ៉ាង សំខាន់​ក្នុងការ​សម្រេចបាន​រដ្ឋាភិបាល​ឌីជីថល​របស់​កម្ពុជា​។ ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​សម្រាប់​ គម្រោង​នេះ​ត្រូវបាន​ចូលរួម​ជា​សាក្សី​ពី​​សំណាក់​ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​២​ បានបង្ហាញ​យ៉ាងច្បាស់​អំពី​ទិសដៅ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​២ ​នាពេលខាងមុខ​។​

សម្តេចធិបតីហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វឺមីអូ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ ជប៉ុន-កម្ពុជា (ខែធ្នូ ២០២៣ តូក្យូ)។ Cabinet Public Affairs Office, the Government of Japan

បន្ថែម​ពីនេះ យើង​បាន​ឈានដល់​កិច្ចព្រមព្រៀង​លើ​គម្រោង​សហប្រតិបត្តិការ​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ឯកជន​ជប៉ុន និង​រដ្ឋាភិបាលកម្ពុជា ហើយ​នេះ​បានបង្ហាញ​ឱ្យឃើញ​ ពី​ភាពជឿនលឿន​នៃ​កិច្ចសហប្រតិបត្តិការ​ទាំ​ង​បរិមាណ និង​វិសាលភាព​។ ស្ថានទូត​ជប៉ុន នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​​ធានាថា គម្រោង​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ទៀត ទទួលបាន​ផ្លែផ្កា​នៅ​ឆ្នាំ​២០២៤​។​

បច្ចុប្បន្ន​សហគមន៍​អន្តរជាតិ​បាន និងកំពុង​សាកល្បង​ការប្តេជ្ញាចិត្ត​របស់​​យើង​ក្នុងការ​រក្សាសណ្តាប់ធ្នាប់​អន្តរជាតិ​ដោយ​សេរី និង​បើកចំហ​ដោយ​​ផ្អែកលើ​នីតិរដ្ឋ​តាម​វិធី​ជាច្រើន​។ ក្រៅពីនេះ បញ្ហា​នានា​ដែល​ទាំង​ជប៉ុន និង​កម្ពុជា​កំពុង​ប្រឈមមុខ​ក្នុង​សហគមន៍​អន្តរជាតិ​គឺ​កាន់​តែមាន​ភាពចម្រុះ​ និង​ស្មុគស្មាញ​។ នេះ​គឺ​ដោយសារតែ​កត្តា​មួយចំនួន​ដូចជា​ ការអភិវឌ្ឍ​នៃ​សង្គម​ឌីជីថល និង​តម្រូវការ​សម្រាប់​ពួកយើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​​បញ្ហា​សកល​ដូចជា​ការ​ប្រែប្រួល​អាកាសធាតុ និង​ការគំរាម​កំហែង​ដែល​បង្កឡើង​ដោយ​ជំងឺឆ្លង​។​

ខ្ញុំ​ជឿថា ការដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ គឺជា​ការដែល​តម្លៃ ពិត​​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ត្រូវបាន​សាកល្បង​។ ខ្ញុំ​គិតថា «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» មានន័យថា ជប៉ុន និង​កម្ពុជាធ្វើការ​រួមគ្នា​ជា​ដៃគូ ចាប់ដៃគ្នា ដើម្បី​ដោះស្រាយ​ មិន​ត្រឹមតែ​បញ្ហា​ប្រឈម​ទ្វេភាគី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បញ្ហា​ប្រឈម​ក្នុង​តំបន់ និង​អន្តរជាតិ​ជាមួយគ្នា​ផងដែរ​។ ការអនុវត្ត​ការបណ្តុះបណ្តាល​រួមគ្នា​រវាង​ជប៉ុន​និង​កម្ពុជា​សម្រាប់​មន្ត្រី​ដោះមីន​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ខែមករា និង​កក្កដា​ឆ្នាំមុន គឺជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​​នៃ​រឿងនេះ​។ យើង​សូម​លើក- ទឹកចិត្ត​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​បែប​នេះ​បន្ថែម ទៀត​នាពេល​អនាគត​។​

ប្រទេស​ជប៉ុន​មានបំណង​ជំរុញ​កិច្ច-សហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​ដូចជា បច្ចេកវិទ្យា​ឌីជីថល​ និង​ការលើកកម្ពស់​ការតភ្ជាប់​ដែល​បច្ចុប្បន្ន កំពុង​ក្លាយជា​របៀបវារៈ​អាទិភាព​សម្រាប់​​ប្រទេស​កម្ពុជា ក្នុង​តំបន់ និង​សហគមន៍​អន្តរជាតិ​ទាំងមូល​។ តាម រយៈ​កិច្ចការ​នេះ ខ្ញុំ​ជឿជាក់ថា​ប្រទេសជប៉ុន និង​កម្ពុជា​អាច​ពង្រឹង​ភាពជា​ដៃគូ​​ក្នុង​វិធី​មួយ​ដែល​អាច​ជំរុញបន្ថែម ទៀត​នូវ​ផលប្រយោជន៍​ទៅវិញទៅមក ការអភិវឌ្ឍ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​តំបន់ និង​សហ គមន៍​អន្តរជាតិ​។ យើង​អាចធ្វើ​បែបនេះ​ក្នុង​នាម​ជា​ដៃគូ​ដែល​ចងភ្ជាប់​ដោយ​ចំណង​ នៃ​ការជឿទុកចិត្ត​គ្នា​ដ៏​រឹងមាំ​។

ទន្ទឹមនឹងនោះ យើង​ក៏​នឹង​បន្ត​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​តាមរយៈ​ជំនួយ ODA​។ ជា​ឧទាហរណ៍ ក្នុង​វិស័យ​ឌីជីថល មេដឹកនាំ​នៃ​ប្រទេស​របស់​យើង​ទាំង​២ បាន​​ឯកភាព​លើ «​បញ្ជី​រាយ​គម្រោង​កិច្ចសហប្រតិបត្តិការ​បែប​ផ្តល់ជូន​សម្រាប់​គំនិត​ផ្តួចផ្តើម​របៀបវារៈ​រួម​នៅ​ក្នុង​វិស័យ​ឌីជីថល​សម្រាប់​ប្រទេស​កម្ពុជា​» នៅក្នុង​កិច្ចប្រជុំ​កំពូល​កាលពី​ខែធ្នូ​ឆ្នាំមុន​។ នេះ​ជា​ករណី​ដំបូង​នៃ​កិច្ចសហប្រតិបត្តិការ «​បែប​ផ្តល់ជូន​សម្រាប់​គំនិត​ផ្តួចផ្តើម​របៀបវារៈ​រួម​» ដែល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅ​ក្នុង​ធម្មនុញ្ញ​របស់​កិច្ចសហប្រតិបត្តិ-​ការ​អភិវឌ្ឍ​ន៍​របស់​ប្រទេស​ជប៉ុន​ដែល​ត្រូវបាន​កែសម្រួល​កាលពី​ខែមិថុនា​ឆ្នាំមុន​។​

វា​គឺជា​កិច្ចសហប្រតិបត្តិការ​ថ្មី​មួយ​ដែល​រដ្ឋាភិបាល​ជប៉ុន​នឹង​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើការ​រួមគ្នា​ជាមួយ​សម​ភាគី​របស់ខ្លួន​ដើម្បី​ស្វែងរក និង​ស្នើ​គំរូ​ដំណោះស្រាយ​សម្រាប់​បញ្ហា​ដែល​កំពុង​កើតមាន​។ នៅ​ឆ្នាំ នេះ យើង​នឹង​ព​ន្លឿ​ន​ការពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​សម្រេច បាន​នូវ​គម្រោង​ជាក់លាក់​បន្ថែមទៀត ដោយ​ផ្អែកលើ​កិច្ចសហប្រតិបត្តិការ​ប្រភេទ​​នេះ​។ លើសពីនេះ យើង​ទទួលស្គាល់ថា ​ការអភិវឌ្ឍ​ធនធានមនុស្ស គឺជា​អាទិភាព​មួយ​ក្នុងចំណោម ​អាទិភាព​ចម្បង​របស់​រដ្ឋាភិបាល​កម្ពុជា ដូច្នេះ​យើង​ក៏​នឹង​បន្ត​ការគាំទ្រ​របស់​យើង​ក្នុង​វិស័យនេះ​ផងដែរ​។​

ទាក់ទង​នឹង​វិស័យ​នយោបាយ និង​សន្តិសុខ នាវា​កងកម្លាំង​ស្វ័យការពារ​ជើង​ទឹក​របស់​ជប៉ុន បច្ចុប្បន្នកំពុង​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ហើយក៏​គ្រោង​នឹងធ្វើ​សមយុទ្ធ​សុច្ឆន្ទៈ​ជាមួយ​កងទ័ពជើងទឹក​កម្ពុជា ដែល​ឈរជើង​នៅ​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម​ផងដែរ​។ 

យើង​មាន​សេចក្តីសោមនស្ស​រីករាយ ​ដែល​ឃើញ​ការផ្លាស់ប្តូរ​ទំនាក់ទំនង​រវាង​កង​កម្លាំង​ជើង​ទឹករបស់​យើង​កំពុង​អភិវឌ្ឍ​ទន្ទឹមនឹង​ការផ្លាស់ប្តូរ​ទំនាក់ទំនង​រវាង​កង​កម្លាំង​ជើងគោក​របស់​យើង ដែល​បាន​ប្រព្រឹត្ត​ទៅដោយ ​ជោគជ័យ​អស់​រយៈពេល​ជា​យូរ​មក ហើយ​។ លើសពីនេះ កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​ការពារជាតិ​ជប៉ុន​កម្ពុជា​ជុំទីមួយ ដែល​បាន​ព្រមព្រៀងគ្នា​ក្នុង​កិច្ចប្រជុំ​កំពូល​កាលពី​ខែធ្នូ​ ឆ្នាំមុន គ្រោង​នឹង​ប្រារព្ធ​ធ្វើ​នៅ​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ​។​

ការប្រារព្ធ​ព្រះរាជ​ពិធី​សម្ពោធដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ ស្ពានហាល​ខាងលិច នៅចំពីមុខ​នៃប្រាសាទ​អង្គរវត្ត។ រូបថត  Sophia University  

ប្រទេស​ជប៉ុន​ក៏​នៅតែ​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​។ តាម​រយៈទស្សនៈ​នេះ 
រដ្ឋាភិបាល​ជប៉ុន​ក៏បាន​រៀបចំ​កម្មវិធី​ អញ្ជើញ​យុវជន​កម្ពុជា​ពាក់ព័ន្ធ​នឹង​នយោបាយទៅកាន់​ប្រទេស​ជប៉ុន​លើក​ទី​៦​ផងដែរ​។ កម្មវិធី​លើក​នេះ​បាន​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​៣១ ខែមករា ដល់​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ហើយ​តំណាង​មកពី​គណបក្សនយោបាយ​ចំនួន​៩ រួមទាំង​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំងបាន​ចូលរួម​។ 

កម្មវិធី​នេះ​បានផ្តល់​ឱកាស​មួយ​សម្រាប់​អ្នក ចូលរួម ដើម្បី​សង្កេតមើល​ពី​របៀប​ដែល​ប្រព័ន្ធ​ប្រជាធិបតេយ្យ ដំណើរការ​នៅក្នុង​ប្រទេស​ជប៉ុន និង​សិក្សាពី​របៀប​ទំនាក់​ទំនងជា​មួយ​បុគ្គល​ដែលជា​សមាជិក​នៃ គណបក្សនយោបាយ​ផ្សេងៗ​។ ​យើង​នឹង​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​បរិយាកាស​ដែល​មតិ​ចម្រុះ​ត្រូវ​បានទទួល​ការគោរព​​នៅ​កម្ពុជា​។​

ការផ្លាស់ប្តូរ​ទំនាក់ទំនង និង​ការជឿទុកចិត្ត​គ្នា​រវាង​ប្រជាជន និង​ប្រជាជន​នឹង​ផ្តល់​មូលដ្ឋានគ្រឹះ​សម្រាប់​ទំនាក់ ទំនង​ទ្វេភាគី​ដ៏​ល្អ​នាពេល​អនាគត​។ យើង​សង្ឃឹមថា​ការផ្លាស់ប្តូរ​ទ្វេភាគី​រវាង​ជប៉ុន និង​កម្ពុជា​នឹងត្រូវ​បា​នព​ន្លឿ​ន​បន្ថែមទៀត ​តាមរយៈ​ទេសចរណ៍ គំនិត​ផ្តួចផ្តើម​នៃ​ការសិក្សា​ និង​ការងារ​។ រដ្ឋាភិបាល​ជប៉ុន​នឹង​លើកទឹកចិត្ត​ដល់​អ្នក​ដែលមាន​ចំណាប់អារម្មណ៍​ក្នុងការ​ស្នាក់នៅ​ប្រទេសជប៉ុន​ ​ដើម្បី​ធ្វើ​កិច្ចការ​ទាំងនេះ​តាម រយៈ​អាហារូបករណ៍ និង​កម្មវិធី​ផ្លាស់ប្តូរ​​ផ្សេងៗ​។ ក្នុង​បរិបទ​នៃ​ការផ្លាស់ប្តូរ​វប្បធម៌ ខ្ញុំ​សូមជម្រាបថា មហោស្រព​គី​ហ្សូ​ណា​ជប៉ុន​​កម្ពុជា​កំពុង​ប្រារព្ធ​ធ្វើ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការកម្ពុជា​-ជប៉ុន​ (CJCC)​ នាពេលនេះ ហើយនឹង​បន្ត​រហូតដល់​ថ្ងៃទី​២៥ ខែកុម្ភៈ​។ ខ្ញុំ​សង្ឃឹមថា ​លោកអ្នក​ទាំងអស់គ្នា​នឹង​អញ្ជើញ​ទៅ​រីករាយ​ជាមួយ​​ការផ្លាស់ប្តូរ​វប្បធម៌ និង​បទពិ សោធន៍​ដែល​រៀបចំឡើង​នៅ​ទីនោះ​។​

មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ជប៉ុន។រូប សហការី

តាមរយៈ​គំនិត​ផ្តួចផ្តើម​ដែល​ខ្ញុំ​បាន លើកឡើង​ខាងលើ យើង​អាច​រំពឹងថា​នឹង​ឃើញ​ការអភិវឌ្ឍ​នៅក្នុង​ទំនាក់ ទំនង​ទ្វេភាគី​លើ​វិស័យ​ជាច្រើន ប៉ុន្តែ​រដ្ឋាភិបាល​តែឯង​មិនអាច​សម្រេចបាន​នោះទេ គឺ​ទាមទារ​ឱ្យមាន​ការចូលរួម​ពាក់ព័ន្ធ​យ៉ាង​ទូលំទូលាយ​ពី​ប្រជាជន​។ យើង​នឹង​ទាញយក​អត្ថប្រយោជន៍​ពី​សម្ទុះ​ដែល​បង្កើត​ដោយ​ខួប​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​​កាលពី​ឆ្នាំមុន ដើម្បី​ពង្រឹង​ការផ្លាស់ប្តូរ​រវាង​ប្រទេស​ទាំង​២ ក្នុង​កម្រិត ​ផ្សេងៗ និង​ក្នុង​វិស័យ​ផ្សេងៗ​។

ដូច្នេះ​ខ្ញុំ​សូម​ស្នើឱ្យ​មានការ​យោគយល់ និង​ការគាំទ្រ​ជា​បន្ត​បន្ទាប់ពី​ប្រជាជន​កម្ពុជា​នៅក្នុង​ពង្រឹង​ទំនាក់ទំនង​របស់​យើង​។​

ឆ្នាំនេះ​ជា​ឆ្នាំរោង ហើយ​គេ​និយាយ ថា​ឆ្នាំរោង​នាំមក​នូវ​ការផ្លាស់ប្តូរ​ដែល​អាច​មើលឃើញ​។​ ជាមួយនឹង​ការគិត​នេះ ពួកយើង​ចង់​សម្រេចបាន​នូវ​ការ អភិវឌ្ឍ​សំខាន់ៗ និង​អាច​មើលឃើញ​នៅក្នុង​ទំនាក់ទំនង​ជប៉ុន​-​កម្ពុជា ដែល​​ត្រូវបាន​ចងភ្ជាប់​យ៉ាងរឹងមាំ​រួចមកហើយ ជាមួយនឹង​ការជឿទុកចិត្ត និង​មិត្តភាព​។​ 

ជាទី​បញ្ចប់ ខ្ញុំ​សូម​ជូនពរ​លោកអ្នក​ទាំ​ង​អស់​គ្នា​សូម​មាន​សុខភាព​ល្អ និង​សូម​រីករាយ​ក្នុង​ឆ្នាំ​ថ្មី​ខាងមុខ​៕