កីឡា ៣ ​ប្រភេទ នឹង​បាន​ក្នុង​ម្នាក់​ ១០ លាន​ឡើង បើ​ឆ្លង​ចូល​វគ្គ ​១/​២

Content image - Phnom Penh Post
​ការ​ប្រកួត​បាល់បោះ​រវាងក្រុមជម្រើសជាតិកម្ពុជា និង​ក្រុមជម្រើសជាតិ​ឡាវ នៅ​ស៊ីហ្គេម កន្លងមក។ ភ្នំពេញ ប៉ុស្តិ៍

ភ្នំពេញ៖ ​ប្រភេទ​កីឡា​លេង​ជា​ក្រុម​ចំនួន​ ៣ មាន​បាល់​ទាត់​ បាល់ទះ និង​បាល់បោះ នឹង​ត្រូវ​បាន​ប្រាក់​រង្វាន់​ក្នុង​ម្នាក់ៗ​ ចាប់​ពី ១០ ​លាន​រៀល​ឡើង​ទៅ បើ​សិន​ពួក​គេ​អាច​ទទួល​បាន​ជ័យជម្នះ និង​បាន​ឆ្លង​ចូលការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ សម្រាប់​ការ​ប្រកួត​ផ្លូវ​ការ​កម្រិត​អាស៊ី និង​អាស៊ាន។ បន្ថែម​ពី​លើ​នេះ ក្រុម​​បាល់​ទាត់ ក៏​នឹង​បាន​​ប្រាក់​រង្វាន់​យ៉ាង​ច្រើន​ពី​ការ​ឆ្លង​ផុត​​ជុំ​នីមួយៗ ​ក្នុង​ការ​ប្រកួត​ជម្រុះ​តាម​​ទ្វីប​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក​ផង​ដែរ។

យោង​​តាម​ការ​ប្រកាស​អន្តរ​ក្រសួង ស្តីពី​ការ​ផ្តល់​ប្រាក់​រង្វាន់​ជ័យលាភី​នៅ​ក្នុង​ការ​ប្រកួត​លក្ខណៈ​​អន្តរជាតិ​ផ្លូវ​ការ​នៅ​ក្នុង និង​ក្រៅ​ប្រទេស ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទើប​បាន​កំណត់​ជា​ថ្មី ហើយ​ត្រូវ​បាន​រដ្ឋមន្រ្តី​​ទាំង​ ២ ចុះ​ហត្ថលេខា​​ទទួល​ស្គាល់​កាល​ពី​ថ្ងៃទី​ ៣ ខែ​ ឧសភា ឆ្នាំ​ ២០២១​ បាន​ឱ្យ​ដឹង​ថា នៅ​រាល់​ការ​ប្រកួត​លើ​ប្រភេទ​កីឡា​ជា​ក្រុម​នេះ​ ត្រូវ​បាន​កំណត់​ផ្តល់​ប្រាក់​រង្វាន់​ទៅ​តាម​កម្រិត​នៃ​ការ​ប្រកួត​ឱ្យ​តែ​ក្រុម​ណា​មួយ​បាន​ប្រកួត​ប្រជែង​ឡើង​ទៅ​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ។

តាម​​ការ​ប្រកាស​អន្តរ​ក្រសួង​ថ្មី​នេះ បាន​បញ្ជាក់​ច្បាស់​ថា សម្រាប់​ក្រុម​ដែល​បាន​ឡើង​ទៅ​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុង​​ការ​ប្រកួត​ជើង​ឯក​អាស៊ី​អាគ្នេយ៍ (អាស៊ាន) និង​ការ​​ប្រកួត​ស៊ីហ្គេម គឺ​ទាំង​ក្រុម​បាល់ទាត់ ក្រុម​បាល់ទះ និង​ក្រុម​បាល់​បោះ គឺ​ក្នុង​អត្តពលិក​ម្នាក់ ក្រសួង​នឹង​ផ្តល់​ជូន​ចំនួន​ ១០ ​លាន​រៀល​ដូចៗ​គ្នា។

បន្ថែម​លើ​នេះ បើ​សិន​ជា​ក្រុម​ជម្រើសជាតិ​បាល់ទាត់​បាល់​បោះ និង​ក្រុម​ជម្រើស​ជាតិ​បាល់​ទះ​កម្ពុជា ដែល​មាន​សមត្ថភាព​ ឬ​អាច​ប្រកួត​ប្រជែង​ឡើង​ទៅ​​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ជើងឯក​អាស៊ី គឺ​ក្នុង​ម្នាក់ៗ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​ ១២ ​លាន​រៀល។

ក្រៅ​ពី​ការ​កំណត់​ពី​ការ​ទទួល​បាន​ប្រាក់​រង្វាន់​នៅ​ក្នុង​កម្រិត​អាស៊ី និង​អាស៊ាន​នេះ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក៏​ត្រូវ​បាន​ក្រសួង ផ្តល់​លក្ខខណ្ឌ​ពិសេស​មួយ​នេះ ក្នុង​ការ​ទទួល​បាន​ប្រាក់​រង្វាន់​ កាន់​តែ​ច្រើន នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​តាម​ទ្វីប​សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពិភព​លោក (FIFA World Cup) ផង​ដែរ។

ចំពោះ​ព្រឹត្តិការណ៍​នេះ ការ​ប្រកាស​អន្តរ​ក្រសួង​បាន​បញ្ជាក់​ថា បើ​សិន​ក្រុម​គោព្រៃ​កម្ពុជា​បាន​ឡើង​ដល់ការ​ប្រកួត​ឆ្លង​ចូល​ជុំទី​២ គឺ​ម្នាក់ៗ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ១២ ​លាន​រៀល ហើយ​បើ​ឆ្លង​ចូល​ជុំទី​៣ នឹង​ផ្តល់​ជូន​ក្នុង​ម្នាក់ៗ​ ២០ ​លាន​រៀល។ បន្ថែម​លើ​នេះ ពួក​គេ​នឹង​ទទួល​បាន​ម្នាក់​ចំនួន​ ៣០ ​លាន បើ​សិន​ជា​​មាន​សមត្ថភាព​ប្រកួតប្រជែង​ឡើង​ដល់​ជុំ​ផ្តាច់ព្រ័ត្រ។

ជុំវិញ​ការ​កំណត់​ផ្តល់​ប្រាក់​រង្វាន់​ដល់​ប្រភេទ​កីឡា​ជា​ក្រុម​ រួមមាន​បាល់ទាត់ បាល់បោះ និង​បាល់​ទះ​នេះ ត្រូវ​បាន​មន្រ្តី​ជំនាញ​ស្ថិត​នៅ​ក្រោម​ចំណុះ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ​ប្រាប់​ថា៖ ​«​ការ​​ប្រកាស​​​អន្តរ​ក្រសួង​ដែល​មាន​ការ​ផ្តល់​ប្រាក់​រង្វាន់​ទៅ​លើ​ប្រភេទ​​កីឡា​ជា​ក្រុម​នេះ គឺ​ជា​របត់​ថ្មី​មួយ ដែល​ក្រសួង ទើប​តែ​បាន​កែ​សម្រួល ដើម្បី​ធ្វើ​ឱ្យ​​ក្រុម​អត្តពលិក​របស់​យើង​មាន​ទឹក​ចិត្ត និង​ខំ​ប្រឹង​ដណ្តើម​ឱ្យ​បាន​លទ្ធផល​​ល្អ​ជូន​ជាតិ ព្រោះ​ការ​ប្រកួត​កីឡា​លេង​ជា​ក្រុម​នេះ វា​មាន​ការ​លំបាក​ខ្លាំង​ជាង​ការ​ប្រកួត​ជា​លក្ខណៈ​ឯកជន ក្នុង​ការ​ឈាន​ទៅ​រក​ការ​ឈ្នះ​បាន​មេដាយ ហើយ​គិត​ត្រឹម​ការ​ប្រកួត​ស៊ីហ្គេម គឺ​ទាំង​ក្រុម​បាល់ទាត់ បាល់​បោះ និងបាល់​ទះកម្ពុជា នៅ​មិន​ទាន់​ដណ្តើម​បាន ត្រឹម​មេដាយ​សំរឹទ្ធ ជូន​ជាតិ​នៅ​ឡើយ​ទេ»៕
​​

ព័ត៌មានថ្មីៗ