ភ្នំពេញ៖ អ្នក​លេង​​កណ្តាប់​ដៃធ្ងន់ ​​ដែល​មាន​ជំនាញ​ទាំង​​ប្រដាល់គុនខ្មែរ និង​​គុន​ចម្រុះ​ MMA​ ថៃ រិទ្ធី អាច​នឹង​ប្រឈម​ទៅនឹងការ​ខ្សត់ទី​ផ្សារ​ប្រកួត ឬ​លំបាក​រកគូ​ប្រកួត នៅ​ក្នុងស្រុក បន្ទាប់​ពី​ជើងខ្លាំង​រូប​នេះ បាន​ផ្តួល​កីឡាករ​លំដាប់កំពូល​ប្រចាំ​នៅ​ស្រុកខ្មែរ ឡៅ ចន្ទ្រា និង ធឿន ធារ៉ា ឱ្យ​សន្លប់​ធំ នៅ​ក្នុង​ទឹក​ទី​៣​ ដូចគ្នា​នោះ។

កីឡាករ​​ ថៃ រិទ្ធី នៅពេល​នេះ មិន​ត្រឹម​​តែ​ជា​ជើង​ខ្លាំង នៅ​ក្នុង​​​សមាគមកីឡា​​ប្រដាល់​កង​យោធពល​ខេមរភូមិន្ទ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រូបគេ ក៏​​ជា​គ្រូ​បង្វឹក​ឆ្នើម​ម្នាក់​របស់​ក្លិប​ប្រដាល់​មិស្ទ័រលី​ នៅ​​ខេត្ត​សៀម​រាប ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់ ផងដែរ​ ហើយ​កេរ្តិ៍​ឈ្មោះ​របស់​គេ ​ល្បី​ល្បាញ​កាន់​តែ​ខ្លាំង ​ព្រោះ​នៅ​ចន្លោះ​ខែ​មិថុនា ​និង​ខែ​កក្ក​ដា នេះ រិទ្ធី ​បាន​​​ផ្តួល​​ជើង​​ខ្លាំង​ៗ​ឱ្យ​​សន្លប់ជាប់ៗ​គ្នា ​​មិន​ឱ្យ​​ឆ្លង​ផុត​ទឹក​ទី​ ៣ ​ឡើយ ពិសេស​ការ​ផ្តួលជើង​ខ្លង ឡៅ ចន្ទ្រា និង ធឿន ធារ៉ា។

ថៃ ​រិទ្ធី​ ដែល​មាន​ឈ្មោះ​ដើម​ ឈួន ​រិទ្ធី ​គឺ​មាន​ស្រុក​កំណើត នៅ​​ភូមិ​ព្រែក​ក្របៅ​ ឃុំ​ព្រែក​លួង ​ស្រុក​ខ្សាច់​កណ្តាល ​ខេត្ត​កណ្តាល​ ហើយ​​ពី​មុន គេ​​មាន​ជំនាញ​ជា​អ្នក​ហាត់​ និង​ឡើង​ប្រ​កួត​ភាគ​ច្រើន​ជា​គុន​ចម្រុះ​ MMA ​ទាំង​ក្នុង​ស្រុក ​និង​ក្រៅ​ប្រ​ទេស ​ដូចជា​នៅ​​ប្រទេស​ថៃ​ ឥណ្ឌូ​នេស៊ី​ និង​ហ្វី​លីពីន ជា​ដើម ​​ហើយគេ​តែង​​​ទទួល​បាន​លទ្ធផល​ល្អ​ ដោយ​ទទួល​បាន​លទ្ធផល​​ឈ្នះច្រើន​ ជាង​ចាញ់​។


​ទោះ​យ៉ាង​ណា រិទ្ធី បាន​ប្រាប់​ថា​៖ «​ក្រោយ​ពេល​កម្ពុជា​ គ្មាន​គុន​ចម្រុះ​ប្រកួត​ដូច​មុនៗ ​ពិសេស​បញ្ហា​កូវីដ​ ១៩​ រាល​ដាល​ឆ្លង​ខ្លាំង​ ​ខ្ញុំ​បាន​ងាកមក​​ប្រ​កួត​គុន​ខ្មែរ​ ប្រកួត​គុន​ម៉ាសហ្វៃ​ និង​ជា​គ្រូ​បង្វឹក​ឱ្យ​​ក្លិប​ប្រដាល់​គុន​ខ្មែរ​មិស្ទ័លី ​នៅ​ខេត្ត​សៀម​រាប​។ បើ​រំឭក​​ពី​ ​MMA វិញ​ ខ្ញុំ​ប្រ​កួត​បាន​​ ​៣៩​ ដង ​ឈ្នះ​ ២៩​ និង​ចាញ់ ១០​ ដង ចំណែក​ការ​ប្រកួត ប្រដាល់​គុន​ខ្មែរ ​ខ្ញុំ​ប្រ​កួត​បាន​ ៦៩ ដង ​ឈ្នះ​ ៥៧​ ចាញ់​ ១១ និង​​​ស្មើ ​១​ ដង ហើយ​​ក្នុង​នោះ ធ្លាប់​​ផ្តួល​ដៃ​គូ​ឱ្យ​​សន្លប់​បាន​ ​២៩​ ដង»​។​

អ្នក​លេងកណ្តាប់​ដៃធ្ងន់ ថៃ រិទ្ធី បាន​ថតជាមួយកូន និងប្រពន្ធ​របស់គេ នាពេល​កន្លងមក។ រូប​ថត សហការី


សម្រាប់ការ​ប្រកួត​ក្នុងស្រុក​​ ៤​ លើក​ចុង​ក្រោយនេះ ថៃ រិទ្ធី បាន​ធ្វើអ្វី​ឱ្យ​​មហាជន និង​​អ្នក​ទស្សនា មានការ​​​កោត​សរ​សើរ​ខ្លាំង ​ដោយ​រូបគេ​បាន​ផ្តួល​ឱ្យ​គូ​ប្រកួត​​សន្លប់​ចំនួន​​ទាំង​ ៤ លើក​​​ជាប់ៗគ្នា​ ដើម្បី​​សាង​បាន​ភាព​ល្បី​ល្បាញខ្លាំង ​​ក្នុង​ទម្ងន់ ​៧២ ​គីឡូកាម ​គឺក្នុងនោះ រិទ្ធី បាន​ផ្តួល​​ជើង​ចាស់​ យ៉ាម ​ខេមរា ​ឱ្យ​​សន្លប់​ទឹក ​២ ​ចំនួន ​២ ​លើក​។

អ្វី​ដែល​កាន់តែ​ពិសេស​សម្រាប់ ថៃ រិទ្ធី ដែល​​សឹង​តែ​គ្មាន​នរណា​ជឿនោះ​ គឺ រិទ្ធី បាន​​​ផ្តួល​អ្នក​ប្រដាល់​ជើង​ខ្លាំង​ ​ឡៅ ​ចន្ទ្រា ​​ឱ្យ​​សន្លប់​ធំ ​ក្នុង​ទឹក​ទី៣ តាម​រយៈ​ការ​ម៉ាត់​ចូល​ថ្គាម ក្នុងជំនួប ​កាល​ពី​ថ្ងៃ​សៅរ៍ ​ទី ២៦​ ខែ ​មិថុនា ​ឆ្នាំ ​២០២១​ នៅ​សង្វៀន​​បាយ័ន​ ហើយ​លទ្ធផល​នេះ​ សូម្បី ​ថៃ​ រិទ្ធី​ ខ្លួន​ឯង ​ក៏​មិន​ចង់​ជឿ​ដែរ​ ព្រោះ​​អ្នក​ប្រដាល់​ក្នុង​ស្រុកខ្មែរ​ កម្រ​មាន​អ្នក​ណា​​ឈ្នះ ​ឡៅ ​ចន្ទ្រា​ ​ណាស់។​

កាន់​តែ​អស្ចារ្យ​បន្ថែម​ទៀត​នេះ សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​បំផុត នៅ​លើ​សង្វៀន​បាយ័ន​ដដែល ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី ១៨​ ខែ​ កក្កដា ​ឆ្នាំ ​២០២១ ​នេះ​ កីឡាករ​ ថៃ​ រិទ្ធី​ បាន​ផ្ដួល​អ្នក​លេង​កែង​ពិឃាដ ​ធឿន ​ធារ៉ា​ ឱ្យ​​សន្លប់​ទឹក​ទី ​៣​ និង​បែកលើ​ផ្ទៃ​មុខ​​រហូត​ ១៩ ​ថ្នេរ​ឯ​ណោះ​​ ព្រោះ​ការ​ប្រកួតនេះ ធារ៉ា និង រិទ្ធី បាន​វាយប្តូរកែង​គ្នា​​យ៉ាងសាហាវ ​ហើយ​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​ការ​ប្រកួត​ដ៏​ល្អ និង​ជក់​ចិត្តបំផុត ប្រចាំ​ឆ្នាំ​ ២០២១ ​នេះ។​

ភាព​ខ្លាំង​របស់​​អ្នក​ប្រដាល់កូន ៣ ថៃ រិទ្ធី ដែល​មាន​លទ្ធភាព​រហូត​អាច​ផ្តួល​ជើង​ខ្លាំងលំដាប់កំពូល​ប្រចាំ​នៅ​កម្ពុជា ឡៅ ចន្ទ្រា និង ធឿន ធារ៉ា នេះ ត្រូវ​បាន​​គេ​មើល​ឃើញ​ថា រូបគេ អាច​នឹង​ប្រឈម​ទៅនឹងការ​ខ្សត់​ទី​ផ្សារ​ប្រកួត ព្រោះ​នៅ​ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់ ៧២ គីឡូក្រាម​នេះ គឺ​មាន​តែ ឡៅ ចន្ទ្រា និង ធឿន ធារ៉ា នេះ​ហើយ កំពុង​ឡើង​ជើងខ្លាំង​ជាង​គេ។

កីឡាករ ថៃ រិទ្ធី និងគ្រូ​បង្វឹក​របស់​គេ គឺ​អ្នក​លេងកណ្តាប់​ដៃ​ធ្ងន់ ធន់ សុភា។ រូប​ថត សហការី

យ៉ាង​ណា​ក៏​ដោយ ថៃ រិទ្ធី នៅមិនទាន់​បាន​ជួប​ខ្លាចាស់​សម្បូរ​​បទពិសោធ ​រឿង ​សោភ័ណ្ឌ​ និង ​ឡុង ​សុភី​ នៅឡើយ​ទេ ហើយ​នៅ​ពេល​សួរ​ថា តើ​ហ៊ាន​ប្រកួត​ជាមួយ ឡុង សុភី និង រឿង សោភ័ណ្ឌ ឬ​អត់? ថៃ រិទ្ធី បាន​បញ្ជាក់​ថា៖​ «​ខ្ញុំ​មិន​ទាន់​ហ៊ាន​គិត​ដល់រឿង​នេះ​ទេ​ ព្រោះ​បើ​ប្រ​កួត​ជា​លក្ខណៈ​មិត្ត​ភាព​ ខ្ញុំមិន​ចង់​វ៉ៃ​គ្នា​ទេ​ ដោយសារ​ស្រឡាញ់​រាប់​អាន ​ប៉ុន្តែ​បើ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ​ឬ​ខ្សែ​ក្រវាត់​ ឬ​ជើង​ឯក ​គឺ​វ៉ៃបាន ​ព្រោះ​​គេច​មិន​ផុត»​។​

ចំណែក​លោក​ ធន់​ សុភា​ គ្រូ​បង្វឹក ​ថៃ ​រិទ្ធី ​និង​ជា​ជំនួយ​ការ​គណៈ​កម្មការ​ផ្គូ​ផ្គង នៅ​​សង្វៀន​បាយ័ន បាន​​និយាយ​ថា​៖ «​ដោយ​សារ ​៤ ​ប្រកួត​ចុង​ក្រោយ ថៃ រិទ្ធី ​ល្អ​ពេក​ អ៊ីចឹង​ខ្ញុំ​មិន​ដឹង​ថា ​ត្រូវ​រក​ដៃ​គូ ​ក្នុង​ស្រុករូប​​ណា ​ឱ្យ​​ប្រ​កួត​ជា​មួយគេ​​បានទេ​ ​ព្រោះ​ក្នុង​ទម្ងន់​ជាង ​៧០ ​គីឡូក្រាមនេះ ​កីឡាករ​មាន​ចំនួន​តិច​ លំបាក​រក​អ្នក​ខ្លាំង​បាន​ណាស់​។​ ​យ៉ាង​ណា​ក៏ដោយ យើង​​អាច​មាន​កីឡាករ ​ឡុង ​សុភី ​ឬ ​រឿង ​សោ​ភ័ណ្ឌ​ ប៉ុន្តែ​មិន​ដឹង​ថា ​អាច​មាន​ឱកាស​ប៉ះ​​​គ្នា ​នៅ​ពេល​ណា​?​៕​