ភ្នំពេញ៖ ​កីឡាការិនី​ជម្រើស​ជាតិ​ប្រដាល់​សកល ​វី ​ស្រីស្រស់​ ហាក់​មិន​ចង់​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ជាមួយ​​ស្រីស្អាត ​ទូច ​ចាន់វត្តី ​តាម​ច្បាប់​ប្រកួត​របស់ Mas Fight ​នោះ​ទេ គឺ​​សិស្ស​គណ​មក​ពី​ក្លិប​នាគ​មាន​ជ័យ​រូប​នេះ ចង់​យក​ឈ្នះ​ដោយ​ការ​ផ្តួល​កីឡាការិនី​ជម្រើសជាតិ​ឃីក​បុកស៊ីង ចាន់វត្តី ឱ្យ​សន្លប់​នៅ​ក្នុង​នាទីណា​មួយ ក្នុង​ការ​​ប្រកួត​ឥតឈប់​រយៈពេល​​ ៩ នាទី​ពេញ​​។


ជាមួយ​គ្នា​នេះ អ្នក​ផ្គូផ្គង​ប្រចាំ​នៅ​សង្វៀន​ថោន​បាន​អះអាង​ដែរ​ថា ការ​ប្រកួត​គូ​ស្រ្តី​នា​ថ្ងៃ​អាទិត្យ​នេះ ​​នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង បើ​ទោះបី​ជា វី ស្រីស្រស់ និង ទូច ចាន់វត្តី មិន​ធ្លាប់​ប្រកួត​លក្ខណៈ​ម៉ាសហ្វៃ ហើយ​មាន​បទពិសោធ​​ប្រកួត​នៅ​លើ​សង្វៀន​តិចតូច​ដូច​គ្នា​ក៏​ដោយ។

លោក ​ជួប ​វុត្ថា​ ​អ្នក​ផ្គូផ្គង​ការ​ប្រកួត​ប្រចាំ​សង្វៀន​ថោន​​បាន​ប្រាប់​​ថា​៖ «​គូ​ប្រដាល់​ជា​ស្ត្រី ​ទោះបី​សមត្ថភាព​នៅ​មិន​ទាន់​ល្អ​ដូច​បុរស​ ប៉ុន្តែ​ការ​ប្រកួត​មាន​ភាព​ទាក់ទាញ​ខ្លាំង​ណាស់។ ​ម៉្យាង​ទៀត ​ការ​ផ្តល់​ឱកាស​ឱ្យ​មាន​កីឡាការិនី​ប្រកួត​នេះ ​គឺ​ដើម្បី​ឱ្យ​​​ការ​ប្រកួត​ផ្នែក​នារី​មាន​ទីផ្សារ​​ផង​ ​ព្រោះ​មួយ​រយៈ​មក​នេះ ​សង្វៀន​ប្រដាល់​មួយ​ចំនួន​មិន​សូវ​ផ្តល់​​ឱកាស​​ឱ្យ​​ស្ត្រី​បាន​ប្រកួត​​ទេ​»។


លោក​​​បន្ថែម​ថា​៖ «​កាល​ពី​សប្តាហ៍​កន្លង​មក​ សង្វៀន​យើង​ រៀបចំ​កីឡាការិនី​ នូវ ​ស្រីពៅ​ ជម្រើស​ជាតិ​ឃីក​បុកស៊ីង ​ប្រកួត​ជាមួយ​កីឡាការិនី​មក​ពី​​ចិន ​គឺ​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ណាស់ ​ក្នុង​នោះ​ អ្នក​ចូល​ទស្សនា​តាម​ផេច​ហ្វេសប៊ុក ​​ពេល​ប្រកួត​បញ្ចប់​​ឡើង​ជាង​ ២០០​K ​ដែល​ជា​ចំណុច​កំពូល​ខ្ពស់​ ក្នុង​ចំណោម​ការ​រៀបចំ​ប្រកួត​ផ្សាយ​ផ្ទាល់​ឱ្យ​​មហាជន​​ទស្សនា​តាម​ប្រព័ន្ធ​អនឡាញ ​នាពេល​បច្ចុប្បន្ន»​។​


តាម​គណៈកម្មការ​រៀបចំ​បាន​ឱ្យ​​ដឹង​ថា​ ​កីឡាការិនី​ វី​ ស្រីស្រស់​ និង ទូច ចាន់វត្តី មាន​អាយុ ១៨ ​ឆ្នាំ​ មាន​កម្ពស់ ១,៦០ ​ម៉ែត្រ និង​ទម្ងន់​ ៥៤ ​គីឡូក្រាម​ដូច​គ្នា ហើយ​អ្នក​ទាំង​ ២ ​នេះ ​មាន​បទពិសោធ​ប្រកួត​ប្រហែល​គ្នា គឺ ស្រីស្រស់ ធ្លាប់​ប្រកួត​ ៦ ​ដង ឈ្នះ​ ៥ និង​ចាញ់​ ១ ​ដង រីឯ ចាន់វត្តី ប្រកួត ៥ ​ដង ឈ្នះ​ ៤ និង​ចាញ់​ ១ ដង។ បន្ថែម​លើ​នេះ ពួក​គេ​មាន​ជំនាញ​ប្រកួត​ទាំង​ប្រដាល់​សកល និង​គុន​ខ្មែរ​ដូច​គ្នា ប៉ុន្តែ​មិន​ធ្លាប់​ឡើង​ប្រកួត Mas Fight នេះ​ទេ។


កីឡាការិនី វី​ ស្រីស្រស់ បាន​​ប្រាប់​ថា​៖ «​ខ្ញុំ​កំពុង​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​នៅ​ស្តាត​ថ្មី​មរតក​តេជោ​​ តែ​ខ្ញុំ​​ខកខាន​ឡើង​សង្វៀន​ប្រកួត​​យូរ​ដែរ​ហើយ​ ប៉ុន្តែ​ការ​ប៉ះ ទូច ​ចាន់វត្តី ​នេះ​ ខ្ញុំ​ធ្លាប់​ស្គាល់​ និង​មិន​ញញើត​ទេ»​។

ស្រីស្រស់​បាន​បន្ថែម​ថា​៖ «ទូច ចាន់វត្តី ក៏​ធ្លាប់​ប្រដាល់​សកល​ដែរ ប៉ុន្តែ​នៅ​​ក្នុង​ចំណោម​កីឡាការិនី​ជម្រើស​ជាតិ​ប្រដាល់​សកល ​ខ្ញុំ​ប្រកួត​ចាញ់​តែ​ នូវ ​ស្រីពៅ ​ម្នាក់​ប៉ុណ្ណោះ​ ក្រៅ​ពី​នេះ​គ្មាន​បញ្ហា​ទេ។​ ចំណែក​ការ​ប្រកួត​ក្នុង​ម៉ាសហ្វៃ​នេះ ខ្ញុំ​សង្ឃឹម​ស្មើ​ច្រើន​ជាង​ ​ព្រោះ​លក្ខខណ្ឌ​ប្រកួត គេ​ឱ្យ​ស្មើ​ បើ​វ៉ៃ​គ្នា​មិន​សន្លប់​នោះ​។ តែ​ទោះ​យ៉ាងណា ​ខ្ញុំ​សង្ឃឹម​ផ្តួល​យក​ឈ្នះ ហើយ​និយាយ​ដោយ​​ស្មោះ​ត្រង់ រឿង​​ខ្ញុំ​ចាញ់​ គ្មាន​ទេ»​។​

ចំណែក​លោក​ ជ័យ​ តារា ជា​​គ្រូ​បង្វឹក​បាន​​និយាយ​ថា​៖ «​ភាគរយ ​វី ​ស្រីស្រស់​ ល្អ​ជាង និង​​ធានា​បាន​ឈ្នះ​ ឬ​ស្មើ​ ​ព្រោះ​វ៉ៃ​តាម​ម៉ាស​ហ្វៃ ​តែ​បើ​វាយ​ដាក់​ពិន្ទុ​វិញ ​ធានា​ ១០០ ​ភាគរយ​ ព្រោះ ​វី ស្រីស្រស់ ​ហាត់​ល្អ ​ទឹក​ចិត្ត​ប្រកួត​ល្អ​ គឺ​មិន​ងាយ​ចុះ​ចាញ់​នោះ​ទេ»​។​

ដោយ​ឡែក​ ទូច​ ចាន់វត្តី មិន​អាច​ទាក់ទង​បាន​ទេ​ ប៉ុន្តែ​លោក​គ្រូ​ អាត់​ សំរិទ្ធ ជា​អ្នក​គ្រប់គ្រង​បាន​​ប្រាប់​​ថា​៖ «​ទូច ​ចាន់វត្តី ​ជា​ប្អូន​​ស្រី​របស់​ ទូច ​ដេវីត ហើយ​​ឥឡូវ​បាន​ជាប់​ជម្រើស​ជាតិ​ឃីក​បុកស៊ីង​​ហើយ​។​ ​ចាន់វត្តី ​ល្អ​កណ្តាប់​ដៃ​ ប៉ុន្តែ​បទពិសោធ​នៅ​ខ្ចី​ជាង វី ​ស្រីស្រស់​ ប៉ុន្តែ​​វា​មាន​ទឹក​ចិត្ត​ប្រកួត​ គឺ​មិន​អាច​ចាញ់​ដោយ​សន្លប់​ឡើយ​ ដោយសារ​ហាត់​បាន​ល្អ​។​ ​ម្យ៉ាង​ទៀត ​ការ​ប្រកួត​​ម៉ាសហ្វៃ​ ៩ ​នាទី ​គ្មាន​ឈប់​ ខ្ញុំ​សង្ឃឹម​ថា​ ៩០ ​ភាគ​រយ ​នឹង​បាន​​លទ្ធផល​ស្មើ​មិន​ខាន»​៕