ភ្នំពេញ៖ គ្រូ​បង្វឹក​ក្រុមណាហ្គាវើលដ៍ លោក មាស ចាន់ណា មិន​បាន​ចាត់​ទុក​ការ​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម​ម្ចាស់ផ្ទះ ភ្នំពេញ​ក្រោន នៅ​ល្ងាចម៉ោង​ ៦ ​ថ្ងៃ​អាទិត្យ​នេះ ថាជា​ការ​ប្រកួត​ដ៏​ធំ ដែល​ក្រុម​របស់​លោក ​​គួរ​បង្ហាញការ​ខ្វាយ​ខ្វល់នោះទេ។ ផ្ទុយ​ទៅ​វិញ​គ្រូ​បង្វឹក​រូបនេះ បាន​លើក​ឡើង​ថា ជំនួប​ដ៏​ធំ​នេះ វា​គ្រាន់តែ​ជា​ការ​ប្រកួត​ធម្មតាៗ គ្មាន​អ្វីប្លែក សម្រាប់​កីឡាករ​របស់​លោក​នោះ​ទេ បើ​ទោះបីជា​ក្រុមទាំង​ ២​ នេះ សុទ្ធតែ​ផ្តោតសំខាន់ ទៅ​លើ​ការ​ដណ្តើម​ឱ្យ​បាន ​៣ ពិន្ទុ​ក៏​ដោយ។


តាម​រយៈ​ក្លិប​ណាហ្គាវើលដ៍​ផ្ទាល់ លោក មាស ចាន់ណា បាន​និយាយ​ថា៖​ «​ទាំង​ក្រុម​ភ្នំពេញ​ក្រោន និង​ណាហ្គាវើលដ៍ សុទ្ធតែ​ផ្តោត​សំខាន់​ក្នុងការ​ចង់បាន​ពិន្ទុ ប៉ុន្តែ​សម្រាប់​ខ្ញុំ​វិញ ខ្ញុំ​គិត​ថា វា​ជា​ការ​ប្រកួត​មួយ​ធម្មតា​ទេ សម្រាប់​ក្រុម​ខ្ញុំ ដែល​តែងតែ​មក​លេង​នៅ​ផ្ទះ​គេ ព្រោះ​ ៩ ​ប្រកួតមកនេះ យើង​លេង​នៅ​ក្រៅ​ដី​រហូត អ៊ីចឹង​ហើយ​វា​គ្មាន​អី​​ប្លែក​សម្រាប់​កីឡាករ​របស់​ខ្ញុំ​ទេ»។

លោក មាស ចាន់ណា ដែល​កំពុង​ដឹង​នាំ​ក្រុម​ណាហ្គាវើលដ៍ ឱ្យ​ឈរ​នៅ​លេខ​រៀងទី​៤ ដោយ​មាន ១៨ ពិន្ទុ​ ជាមួយ​ការ​ឈ្នះ ​៥ ស្មើ​ ៣ និងចាញ់​ ១ នោះ បាន​និយាយ​បន្ត ចំពោះ​ការ​ជួប​ក្រុម​ម្ចាស់​ផ្ទះ ភ្នំពេញ​ក្រោន លើក​នេះ​​ថា៖ ​«វាជារឿងមួយ​ធម្មតា សម្រាប់​កីឡាករយើង ព្រោះ​​ការ​រៀបចំ​របស់​​យើង និង​ការ​លេង​របស់​យើង វាមាន​ភាព​សម​រួច​ទៅ​ហើយ ក្នុងការ​លេង​នៅ​ក្រៅ​ទឹក​ដី ហេតុនេះ​វាគ្មានអ្វី​ចម្លែក​នោះ​ទេ»។


យ៉ាង​ណា​ក៏​ដោយ លោក មាស ចាន់ណា ​បាន​ទទួល​ស្គាល់ថា ភ្នំពេញ​ក្រោន នៅ​ឆ្នាំ​​នេះ ជា​ក្រុម​ល្អ និង​ខ្លាំង ដែលមាន​ភាព​មុតស្រួច នៅតំបន់ប្រយុទ្ធ។ «ភ្នំពេញ​ក្រោន នៅ​ឆ្នាំ​នេះ គឺ​ជា​ក្រុម​ល្អ និង​ខ្លាំង ជា​ពិសេស​នៅតំបន់ប្រយុទ្ធ។ ថ្វីបើ​​គាត់​ស្មើ​មែន តែ​គាត់​ទាត់​ចូលទី​គេ​ច្រើន ដែល​អាច​និយាយ​បាន​ថា តំបន់​ប្រយុទ្ធ​របស់គាត់ មាន​ភាព​មុតស្រួច ពិសេស​នៅ​ពេល​​គាត់វាយ​បក អ៊ីចឹង​ខ្ញុំ​គិត​ថា ភ្នំពេញ​ក្រោន ជា​ក្រុម​ល្អ​ខ្លាំង សម្រាប់​ឆ្នាំ​នេះ»។


លោក មាស ចាន់ណា បានប្រាប់​ពីបច្ចេក​ទេស​ដល់​កូន​ក្រុម ក្នុងពេល​ហ្វឹក​ហាត់ ត្រៀមជួប​ក្រុម​ភ្នំពេញ​ក្រោន ល្ងាច​​ថ្ងៃអាទិត្យ​នេះ។ រូប​ថត ណាហ្គាវ់ើដ៍


គ្រូ​បង្វឹក​ក្រុមណាហ្គាវើលដ៍​រូបនេះ បាន​បន្ថែម​ថា៖ ​«សម្រាប់ការ​រៀបចំ​មួយ​សប្តាហ៍​នេះ គឺ​អារម្មណ៍​របស់កីឡាករ​យើង ធម្មតា​ទាំង​អស់ សម្រាប់​ការ​ប្រកួតមួយនេះ។ មានន័យ​ថា គាត់​រៀបចំ​ទាំង​ខួរក្បាល កាយសម្បទា និង​កម្លាំង រួច​រាល់​អស់​ហើយ ប៉ុន្តែ​សំខាន់​យើង​បានកែ​ប្រែ​នៅតំបន់ការពារ​ខ្លះ ដោយ​សារ​យើង​មានបញ្ហា​រហូត នៅ​តំបន់ការពារ គឺ​សឹង​តែ​គ្រាប់ការ​ប្រកួត​ គេ​ទាត់​ចូល​យើង ​តែ​​នៅតំបន់​ខាង​លើ​យើង​វិញ គឺ​គ្រប់ការ​ប្រកួតទាំង​អស់ យើងទាត់​ចូល​គេ»។

នៅពេល​សួរ​ពី​ក្តី​សង្ឃឹម​នៃ​ការ​ប្រកួតនេះ លោក មាស ចាន់ណា បាន​បញ្ជាក់ថា៖​ «ខ្ញុំ​គិត​ថា ៥០-៥០ សម្រាប់លទ្ធផល​ការ​ប្រកួត​លើក​នេះ ដោយ​សារយើង​​ព្យាយាម​កែ​ប្រែ​នៅតំបន់ការពារ​ឱ្យ​ខ្លាំង គឺ​យ៉ាងហោច​ណាស់ ក៏​យើង​បាន​ ១​ ពិន្ទុ​ទៅវិញ​ដែរ អ៊ីចឹង​មួយ​សប្តាហ៍នេះ យើងរៀបចំ​តំបន់​ការពារ​ឱ្យមាន​ការ​លេងដ៏​ល្អមួយ សម្រាប់​ត្រៀម​លេង​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន លើក​នេះ ព្រោះ តំបន់ប្រយុទ្ធ​​របស់ ភ្នំពេញ​ក្រោន មាន​ភាព​មុតស្រួច»។

ចំណែក​ខ្សែ​បម្រើ​ប្រយុទ្ធ Andres Nieto ដែល​កំពុង​បង្ហាញ​ទម្រង់លេង​កាន់តែ​ល្អ​របស់​ក្រុម​ភ្នំពេញ​ក្រោន បាន​ចាត់ទុក​ការ​ជួបក្រុមណាហ្គាវើលដ៍ នៅ​ល្ងាច​នេះ ថា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏រំភើប​មួយ។ Nieto បាន​បញ្ជាក់ថា៖​ «វា​អាច​ជា​ការ​ប្រកួត ដែល​រំភើប​មួយ ព្រោះ​យើង​ជួប​គូ​ប្រកួត​ដែល​ល្អ​ ហើយ​សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​បន្ត​ការ​ប្រឹងប្រែង ១០០ ភាគ​រយ ដដែល​ដូច​ការ​ប្រកួត​មុនៗ​ដែរ»។

សកម្ម​ភាព​ហ្វឹកហាត់​របស់​​ក្រុមភ្នំពេញ​ក្រោន សម្រាប់ត្រៀម​ជួបក្រុមណាហ្គាវើលដ៍ នៅ​លើទឹក​ដី​ខ្លួន​ឯង ថ្ងៃ​អាទិត្យនេះ។ រូប​ថត ភ្នំពេញ​ក្រោន

គួរ​​បញ្ជាក់ថា នៅ​ពេល​នេះ ក្រុម​ភ្នំពេញក្រោន កំពុង​ឈរ​នៅលេខ​ ៦ មាន​ ១៧​ ពិន្ទុ​ ជាមួយការ​ឈ្នះ ​​៥ និងស្មើ​ ២ គឺ​ពួកគេ មិនទាន់​ស្គាល់ការ​ចាញ់ទេ ហើយ​ក៏​មាន​ចំនួនប្រកួត​តិច​ជាង​​គេ​ផងដែរ ខណៈ​ក្រុម​វិសាខា ​ក្រុម​ព្រះខ័នរាជស្វាយរៀង ដែលមាន​ ១៩ ពិន្ទុស្មើគ្នា រួមទាំង​ក្រុមណាហ្គាវើលដ៍ និងបឹងកេត ដែលមាន​ ១៨ ពិន្ទុ​ស្មើ​គ្នានោះ គឺ​បាន​បញ្ចប់​ការ​ប្រកួត​ ៩ ​លើក​ហើយ រីឯ​ក្រុម​កំពុង​ឈរ​នៅ​លេខ​ ១ មាន​ ២០ ពិន្ទុ អង្គរ​ថាយហ្គឺរ ​ប្រកួត​បាន​ ១០ ដង​ទៅ​ហើយ។

ជាមួយ​គ្នា​នេះ ក្រុម​ស្វាយររៀង ត្រូវ​ស្វាគមន៍​ក្រុម​បឹងកេត នៅ​ល្ងាចម៉ោង ៦ ថ្ងៃ​អាទិត្យ​នេះដែរ គឺ​ក្រោយ​ពេល​​ក្រុម​វិសាខា ត្រូវ​ជួបក្រុម​ខេត្ត​ព្រៃវែង នៅ​លើទឹក​ដី​ខ្លួន​ឯង ដែល​ការ​ប្រកួត នឹង​ចាប់ផ្តើម​ពី​​រសៀល​ម៉ោង ៣:៣០ តទៅ ហើយ​ការ​ប្រកួត​រវាងក្រុមធំៗ​ទាំង​នេះ ​វា​បាន​ក្លាយ​ជា​ការ​ប្រកួតប្រជែងគ្នា ដោយ​ប្រយោល និង​ដោយ​ប្រឈម ដើម្បី​ដណ្តើម​យក​ទី​តាំង​លេខ​១ របស់​ក្រុមអង្គរ​ថាយហ្គឺរ នៅ​ថ្ងៃ​នេះ៕