ភ្នំពេញ៖ ​អនុប្រធាន​ទី​១ ​របស់​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា លោក ខេស៊ី បាណេត (Casey Barnett) ​បាន​ចាត់​ទុក​ការ​ហ្វឹកហាត់​តាម​អនឡាញ ក្នុង​បរិបទ​ជំងឺ​កូវីដ ១៩ ​នេះ ថា​ជា​បញ្ហា​ប្រឈម​​ធំ ដែល​មិន​អាច​ជួយ​ឱ្យ​​​ក្រុម​ជម្រើស​ជាតិ​ចំបាប់​កម្ពុជា ​មាន​ការ​រីក​ចម្រើន​ទៅ​លើ​បច្ចេកទេស ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​ដណ្តើម​បាន​មេដាយ​មាស​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​​ ២០២១ នៅ​ប្រទេស​វៀតណាម បាន​នោះ​ទេ ព្រោះ​ប្រទេស​ជា​ម្ចាស់​ផ្ទះ​បាន​ហ្វឹកហាត់​ខ្លាំង​ណាស់។

សាស្រ្តាចារ្យ​ផ្នែក​គណនេយ្យ​មក​ពី​សហរដ្ឋអាមេរិក លោក ខេស៊ី បាន​ថ្លែង​ថា៖​ «​ការ​ហ្វឹកហាត់​តាម​អនឡាញ វា​ជា​បញ្ហា​ធំ ព្រោះ​ឥឡូវ​នេះ​ យើង​អត់​បាន​ហ្វឹកហាត់​ជុំ​គ្នា​ទេ ហើយ​ការ​ហាត់​តាម​អនឡាញ​នេះ វា​មិន​មាន​ប្រសិទ្ធភាព​ទៅ​លើ​ភាព​រីក​ចម្រើន​ផ្នែក​​បច្ចេកទេស​មួយ​ចំនួន ដូច​ការ​ហ្វឹកហាត់​ផ្ទាល់​នោះ​ទេ។ ចំណែក​ម្ចាស់​ផ្ទះ​វៀតណាម គេ​មិន​មែន​ហាត់​តាម​អនឡាញ​​នោះ​ឡើយ គឺ​គេ​ខំ​ប្រឹង​ហ្វឹកហាត់​ខ្លាំង​មែន​ទែន អ៊ីចឹង​ក្នុង​ខណៈ​គេ​ខំ​ប្រឹង​ហ្វឹក​ហាត់​ខ្លាំង តែ​យើង​ហាត់​តាម​អនឡាញ​នេះ គឺ​វា​មាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង»។

ទោះ​យ៉ាងណា ការ​ពន្យារ​ពេល​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​ ២០២១ ទៅ​ធ្វើ​នៅ​អំឡុង​ខែ​មេសា ឆ្នាំ​ ២០២២ ​ត្រូវ​បាន​បុរស​ជនជាតិ​អាមេរិក ធ្លាប់​ហាត់​ចំបាប់ លោក Casey ​គិត​ថា ជា​ឱកាស​សម្រាប់​ក្រុម​ចំបាប់​កម្ពុជា​ក្នុង​ការ​​ហ្វឹកហាត់​ឡើង​វិញ ដើម្បី​​ពង្រឹង​សមត្ថភាព ត្រៀម​ចេញ​​ទៅ​ប្រកួត​ប្រជែង​ជាមួយ​គេ គឺ​យ៉ាង​ហោច​ណាស់​ក៏​​ក្រុម​ចំបាប់​កម្ពុជា​អាច​រក្សា​ចំនួន​មេដាយ​សំរឹទ្ធ​ចំនួន​ ៤ ដែល​ខ្លួន​ធ្លាប់​​ដណ្តើម​បាន​ក្នុង​​ស៊ីហ្គេម ឆ្នាំ​ ២០១៩ នៅ​ហ្វីលីពីន​​ដែរ។


នាយកវិទ្យាស្ថានខេមអេដ លោក ខេស៊ី បាណេត ​បាន​បន្ថែម​ថា៖ ​«ដោយសារ​តែ​​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ​២០២១ ​នេះ ត្រូវ​បាន​ពន្យារពេល ហេតុ​នេះ វា​បាន​ផ្តល់​ឱកាស​ឱ្យ​យើង​បាន​ហ្វឹកហាត់​ឡើង​វិញ ​ធ្វើ​ឱ្យ​យើង​មាន​សង្ឃឹម។ ​ជាមួយ​គ្នា​នេះ យើង​ទើប​មាន​គ្រូ​បង្វឹក​ថ្មី ​មក​ពី​អ៊ីរ៉ង់ ដែល​គាត់​នឹង​ចូលរួម​បង្វឹក​ដល់​ក្រុម​អត្តពលិក​របស់​យើង​នាពេល​ឆាប់ៗ​នេះ​ផង​ដែរ»។

លោក​បញ្ជាក់​ថា៖ ​«លើស​ពី​នេះ ក្រុម​អត្តពលិក​របស់​យើង​ ១០ ​នាក់ តាមរយៈ CAMSOC ក៏​នឹង​ត្រូវ​បញ្ជូន​ឱ្យ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ​ផង​ដែរ។ ហេតុ​នេះ សម្រាប់​ស៊ីហ្គេម​នៅ​វៀតណាម ខាង​មុខ​នេះ ខ្ញុំ​គិត​ថា យើង​នឹង​នៅ​តែ​អាច​រក្សា​ចំនួន​មេដាយ ដែល​យើង​ធ្លាប់​ដណ្តើម​បាន កាល​ស៊ីហ្គេម ​ឆ្នាំ​ ២០១៩ ​តែ​យើង​មិន​អាច​ឈាន​ដល់​ការ​ឈ្នះ​បាន​មេដាយ​​មាស ដូច​ស៊ីហ្គេម ឆ្នាំ​ ២០១៣ នោះ​ទេ ប៉ុន្តែ​សម្រាប់​យុទ្ធសាស្រ្ត​ឆ្ពោះ​ទៅ​ស៊ីហ្គេម ឆ្នាំ​ ២០២៣ នៅ​កម្ពុជា គឺ​យើង​នឹង​កើន​ចំនួន​​មេដាយ​ដូច​ស៊ីហ្គេម ឆ្នាំ​ ២០១៣ ឬ​កើន​លើស​ពី​នោះ ខណៈ​ពេល​នោះ ​ក្រុម​ចំបាប់​កម្ពុជា​ ឈ្នះ​បាន​មេដាយ​មាស​ ៤ ប្រាក់​ ១ និង​សំរឹទ្ធ ៤»។


ការ​លើក​ឡើង​បែប​នេះ​របស់​លោក ខេស៊ី បាណេត ត្រូវ​បាន​ធ្វើ​ឡើង នៅពេល​លោក​បាន​ប្រគល់​ស្បែក​ជើង​ចំនួន​ ៣៧ ​គូ មាន​តម្លៃ​ស្មើ​នឹង​​ ៦ ០០០ ​ដុល្លារ ជូន​ទៅ​ដល់​លោក ធិន វិចិត្រ ដែល​ជា​អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​យក​ទៅ​ផ្តល់​ជូន​ដល់​ក្រុម​អត្តពលិក​ចំបាប់​កម្ពុជា សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ហ្វឹកហាត់ ​ត្រៀម​ការ​ប្រកួត​កីឡា​​ស៊ីហ្គេម នៅ​ក្នុង​ប្រទេស​វៀតណាម។

ចំពោះ​អំណោយ​នេះ លោក Casey បាន​ថ្លែង​ថា៖ ​«ខ្ញុំ​រីករាយ​​ក្នុង​ការ​​ប្រគល់​ស្បែក​ជើង​ទៅ​ឱ្យ​​​ក្រុម​ចំបាប់។ ​​ស្បែក​ជើង​ទាំង​នេះ ផលិត​នៅ​ប្រទេស​អាមេរិក ជា​ម៉ាក​របស់​អាមេរិក គឺ​ជា​ស្បែក​ជើង​ពិសេស​ទាំង​សម្រាប់​ការ​ហ្វឹកហាត់ និង​ការ​ប្រកួត​ ហើយ​ផ្នែក​កីឡា​ចំបាប់​នេះ ចាំ​បាច់​ត្រូវ​មាន​ស្បែក​ជើង​​មាន​គុណភាព​ខ្ពស់​បែប​នេះ ទើប​យើង​អាច​ប្រើ​បច្ចេកទេស​ក្នុង​ការ​ចូល​ចាប់ និង​បោក​ត្រឡប់​ដៃគូ​បាន ហេតុ​នេះ​យើង​សង្ឃឹម​ថា ម៉ាក​ស្បែក​ជើង ដែល​​មាន​កីឡាករ​​មួយ​ចំនួន​បាន​ប្រើ​នៅ​អូឡាំពិក ទីក្រុងតូ​ក្យូ នោះ នឹង​ជួយ​ឱ្យ​​ក្រុម​ចំបាប់​កម្ពុជា​មាន​បច្ចេកទេស​កាន់​តែ​ល្អ ដើម្បី​ឈាន​ទៅ​ទទួល​បាន​ជោគជ័យ សម្រាប់ការ​ប្រកួត​​ស៊ីហ្គេម ប្រទេស​វៀតណាម»៕