ភ្នំពេញ៖ ​សហព័ន្ធកីឡា​ចំបាប់​កម្ពុជា ​តាមរយៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​ ២០២៣ (CAMSOC) បាន​ឈាន​ដល់​ការ​នាំ​យក​​​ម្ចាស់​មេដាយ​មាស​កីឡា​​​អូឡាំពិក ជនជាតិ​អ៊ីរ៉ង់ លោក Komeil Ghasemi មក​បង្វឹក​ក្រុម​ចំបាប់​ជម្រើសជាតិ​កម្ពុជា ដើម្បី​ពង្រឹង​សមត្ថភាព​ត្រៀម​ទៅ​​ប្រកួត​​​​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​ ២០២១ នៅ​វៀតណាម ដែល​បាន​លើក​ពេល​​មក​ធ្វើ​​នៅ ខែ​មេសា ឆ្នាំ​ ២០២២។

លោក Komeil Ghasemi បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា តាំង​ពី​ពាក់​កណ្តាល​​ខែ​​កក្កដា ហើយ​លោក​បាន​​ធ្វើ​ចត្តាឡីស័ក គ្រប់​ ១៤ ថ្ងៃ ទៅ​តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល​​របស់​កម្ពុជា​ហើយ ហើយ​កាល​ពី​ថ្ងៃ​ពុធ​​​ម្សិលមិញ លោក Komeil Ghasemi ក៏​បាន​ជួប​ពិភាក្សា​ការងារ​ខ្លះៗ ​ជាមួយ​​​អនុប្រធាន​ទី១ លោក Casey Barnett និង​ លោក ធិន វិចិត្រ ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ផង​ដែរ។

លោក ធិន វិចិត្រ បាន​ប្រាប់​ថា៖ ​«ការ​នាំ​យក​ លោក Komeil Ghasemi មក​​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​ចំបាប់​ជម្រើសជាតិ​ គឺ​យើង​បាន​ស្នើសុំ​គោលការណ៍​ពី CAMSOC ដោយ​​យើង​បាន​ចុះ​កុងត្រា​ជាមួយ​គាត់​រយៈពេល​ ១ ​ឆ្នាំ ហើយ​នៅ​ពេល​នេះ យើង​ក៏​កំពុង​សុំ​គោលការណ៍​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​ដូចជា CAMSOC ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​ក្រុម​ចំបាប់​ជម្រើស​ជាតិ​នៅ​ពហុកីឡ​ជាតិ​​មរតកតេជោ​ផង​ដែរ»។


អគ្គលេខាធិការ​រូប​នេះ​ បាន​បញ្ជាក់​ថា៖​ «​យើង​ចង់​ឱ្យ​ក្រុម​ចំបាប់​​របស់​យើង បាន​ប្រមូល​ផ្តុំ ដើម្បី​ហ្វឹកហាត់ជុំ​គ្នា​ជាមួយ​គ្រូបង្វឹក​ លោក Komeil Ghasemi ឱ្យ​បាន​​ឆាប់ ហើយ​បើ​អាច​យើង​នឹង​ឱ្យ​គាត់​ចាប់​ផ្តើម​បង្វឹក​ពី​ពាក់​កណ្តាល​សប្តាហ៍​ខាង​មុខ​មួយ​ទៀត ព្រោះ​​ការ​ប្រកួត​ស៊ីហ្គេម នៅ​ប្រទេស​វៀតណាម សល់​ពេល​មិន​ច្រើន​ទេ ចំណែក​គុណភាព​នៃ​ការ​បង្វឹក​​របស់​គ្រូ​បង្វឹក​ថ្មី​នេះ ​យើង​នៅ​មិន​ទាន់​អាច​វាយ​តម្លៃ​បាន​ទេ ព្រោះ​យើង​មិន​ទាន់​​បាន​​ជជែក​លម្អិត​ពី​ការងារ​នេះ​នៅ​ឡើយ​ទេ គឺ​​​​បាន​ត្រឹម​ជុំ​គ្នា​បាយ​ថ្ងៃ​ត្រង់​ជាមួយ​គាត់ និង​ជជែក​​គ្នា​ពី​បញ្ហា​មួយ​ចំនួន​ប៉ុណ្ណោះ»។

តាម​ប្រវត្តិ​ដែល​ទទួល​បាន​ពី Wikipedia ​បង្ហាញ​ថា បុរស​វ័យ​ ៣៣​ ឆ្នាំ លោក Komeil Ghasemi ​គឺជា​អតីត​អ្នក​ចំបាប់​ដ៏​ឆ្នើម​ម្នាក់​របស់​ប្រទេស​​អ៊ីរ៉ង់ ដែល​ធ្លាប់​ដណ្តើម​បាន​​មេដាយ​ជា​ច្រើន​នៅ​ក្នុង​ការ​ប្រកួត​ចំបាប់​សម័យ ប្រភេទ​ទម្ងន់​ធ្ងន់​ ១២០ ទៅ​​​ ១២៥ ​គីឡូក្រាម មុន​ពេល​លោក​សម្រេច​ចូល​និវត្តន៍​​ បន្ទាប់​ពី​ឆ្នាំ​បាន​មេដាយ​ប្រាក់ ក្នុង​ទម្ងន់​ ១២៥ ​គីឡូក្រាម​ក្នុង​​ការ​ប្រកួត​កីឡា​​អូឡាំពិក ក្រុង​រីយោ ​ប្រទេស​ប្រេស៊ីល ឆ្នាំ​ ២០១៦។


ជ័យជម្នះ​ដ៏​ធំ នៅ​ក្នុង​អាជីព​ជា​អ្នក​ចំបាប់​ទម្ងន់​ធ្ងន់​របស់​លោក Komeil Ghasemi គឺ​ការ​ឈ្នះ​បាន​មេដាយ​មាស​ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស ឆ្នាំ​ ២០១២ លើ​ប្រភេទ​ទម្ងន់ ​១២០​ គីឡូក្រាម ហើយ​ក្រៅ​ពី​នេះ លោក Komeil Ghasemi ក៏​ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់ ពី​ការ​ប្រកួត​ចំបាប់​ជើងឯក​ពិភព​លោក ​ក្នុង​ប្រភេទ​ទម្ងន់​ ១២៥ ​គីឡូក្រាម​ដែរ។

ចំណែក​ការ​ការ​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​ប្រកួត​ចំបាប់​សម័យ ក្នុង​ព្រឹត្តិការណ៍​ជើង​ឯក​អាស៊ី​វិញ អតីត​កីឡាករ​កម្ពស់​ ១,៨៣ ​ម៉ែត្រ លោក Komeil Ghasemi ធ្លាប់​បាន​ឈ្នះ​មេ​ដាយមាស​ ១ នៅ​ឆ្នាំ​​ ២០១៤ បន្ទាប់​ពី​លោក​បាន​ឈ្នះ​មេដាយ​ប្រាក់​ ១ កាល​ពី​ឆ្នាំ​ ២០១១ ហើយ​នៅ​ឆ្នាំ​ ២០១៥ បុរស​ខ្លាំង​ម្នាក់​នេះ បាន​ឈ្នះ​មេដាយ​ប្រាក់ ក្នុង​ទម្ងន់ ១២៥ ​គីឡូក្រាម ប៉ុន្តែ​ពេល​នេះ លោក​បាន​វិវឌ្ឍ​ខ្លួន​មក​ធ្វើ​ជា​គ្រូបង្វឹក​ហើយ ហើយ​ក៏​នឹង​ត្រូវ​ចូល​ខ្លួន​ទៅ​បង្វឹក​​ក្រុម​ចំបាប់​ជម្រើសជាតិ​កម្ពុជា​​ផង​ដែរ ជាមួយ​កុងត្រា​រយៈពេល​​ ១ ​ឆ្នាំ៕