![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/field/image/mm1_89.jpg)
ខ្សែបម្រើរបស់ក្រុមជម្រើសជាតិកម្ពុជា ឈិន ឈឿន បានទាត់បាល់កាត់ពីមុខកីឡាកររបស់កោះហ្គាម ក្នុងជំនួបមិត្តភាព កាលពីឆ្នាំ ២០១៣។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីបារ៉ែន ដែលពួកគេធ្លាប់ទទួលភាពបទពិសោធជូរចត់ខ្លាំងជាថ្មីម្តងទៀត ដើម្បីធ្វើការប្រកួតជម្រុះវគ្គ Play Off នៃពានរង្វាន់ AFC Asian Cup 2023 ជាមួយក្រុមកោះហ្គាម ដើម្បីរកក្រុមឈ្នះឡើងទៅប្រកួតនៅវគ្គចែលពូល។
ការយកប្រទេសបារ៉ែន ជាទឹកដីកណ្តាល សម្រាប់ការប្រកួតវគ្គជម្រុះរវាងក្រុមកម្ពុជា និងក្រុមកោះហ្គាម គឺធ្វើទៅតាមការសម្រេចរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដោយសារតែទឹកដីរវាងក្រុមទាំង ២ នេះ កំពុងមានការរីករាលខ្លាំងនៃជំងឺកូវីដ ១៩ មិនអាចរៀបចំការប្រកួត។ នេះបើតាមខ្លឹមសារ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហោះនៅលើផេចហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
FFC បានបញ្ជាក់តាមរយៈការប្រកាសរបស់ខ្លួនថា៖ «ដោយសារស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជា និងកោះហ្គាម មានការរីករាលដាលខ្លាំង ធ្វើឱ្យការធ្វើដំណើរទៅមក និងការចេញចូលមានការលំបាក ដូច្នេះគណៈកម្មការប្រកួតសហព័ន្ធកីឡាបាល់ទាត់អាស៊ី បានសម្រេចរៀបចំការប្រកួត រវាងក្រុមទាំងពីរ នៅប្រទេសបារ៉ែន សម្រាប់ការប្រកួតវគ្គជម្រុះ Play Off ពានរង្វាន់ AFC Asian Cup 2023 រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមកោះហ្គាម ដើម្បីរកក្រុមឈ្នះ ឡើងទៅកាន់វគ្គជម្រុះជុំទី៣»។
សម្រាប់ការប្រកួតវគ្គ Play Off ទាំង ២ ជើង រវាងក្រុមកម្ពុជា និងក្រុមកោះហ្គាម នេះ បានកំណត់ទីតាំង និងកាលបរិច្ឆេទរួចហើយ គឺនឹងធ្វើឡើងនៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន។ ចំណែកការប្រកួតជើងទី ១ ដែលដំបូងឡើយ ត្រូវធ្វើនៅថ្ងៃទី ៧ ខែកញ្ញា នោះ គឺត្រូវបានពន្យារពេល ទៅប្រកួត នៅថ្ងៃទី ៩ ខែតុលា វិញ រីឯជើងទី២ រក្សាការប្រកួត នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ ដដែល។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/mm2_89.jpg)
កីឡាករជាជម្រើស ១១នាក់ដំបូងរបស់ក្រុមកម្ពុជា ពេលប្រកួតជាមួយក្រុមអ៊ីរ៉ាក់ នៅលើទឹកដីបារ៉ែន កន្លងមកនេះ។ រូបថត FFC
ចំពោះក្រុម ដែលទទួលបានជ័យជម្នះ នៅក្នុងការប្រកួតវគ្គជម្រុះទាំង ២ ជើងនេះ នឹងត្រូវឡើងទៅប្រកួត នៅវគ្គចែកពូល នៃវគ្គជម្រុះជុំទី៣ បន្ដទៀត ដែលនឹងប្រកួត នៅឆ្នាំ ២០២២ ដើម្បីស្វែងរកក្រុមខ្លាំងៗ ដែលទទួលបានជ័យជម្នះ ទៅប្រកួតប្រជែងជាបន្ត ក្នុងជុំផ្ដាច់ព្រ័ត្រដែលត្រូវធ្វើនៅប្រទេសចិន ឆ្នាំ ២០២៣។
យោងតាមការសម្រេចរបស់ AFC នេះ គឺមានន័យថា ក្រុមជម្រើសជាតិកម្ពុជា ដែលដឹកនាំដោយអ្នកចាត់ការទូទៅ លោក Keisuke Honda និងគ្រូបង្គោលជនជាតិជប៉ុនលោក Ryu Hirose នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីបារ៉ែន ជាថ្មីម្តងទៀត ជាកន្លែងដែលពួកគេ ទើបតែទទួលបានបទពិសោធយ៉ាងជូរចត់ ពីការចាញ់ក្រុមម្ចាស់ផ្ទះបារ៉ែន ៨-០ ចាញ់ក្រុមអ៊ីរ៉ាក់ ៤-១ និងចាញ់ក្រុមអ៊ីរ៉ង់ ១០-០ សម្រាប់ការប្រកួត ៣ លើកចុងក្រោយ ប្រចាំពូល C ក្នុងជុំទី ២ នៃពានរង្វាន់ FIFA World Cup & Asian Cup 2022 កាលពីដើមខែមិថុនា ឆ្នាំ២០២១នេះ។
យ៉ាងណាក៏ដោយ ក្រុមកោះហ្គាម មិនទាន់មានសមត្ថភាពខ្លាំង ដូចក្រុមបារ៉ែន អ៊ីរ៉ាក់ និងអ៊ីរ៉ង់ នោះទេ ព្រោះ កោះហ្គាម ដែលឈរនៅក្នុងពូល A នោះ ក៏បានចាញ់ទាំង៨លើក ក្នុងការប្រកួតជុំទី ២ នៃពានរង្វាន់ FIFA World Cup & Asian Cup 2022 នេះផងដែរ។ បន្ថែមលើនេះ ក្រុមកោះហ្គាម ធ្លាប់បានចាញ់ក្រុមកម្ពុជា ៣-០ នាការប្រកួត AFC Challenge Cup 2006 នៅបង់ក្លាដែស តែបានឈ្នះក្រុមម្ចាស់ផ្ទះកម្ពុជា ២-០ វិញ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ កាលពីឆ្នាំ ២០១៣ នៅពហុកីឡដ្ឋានជាតិ៕
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/mm3_61.jpg)
កីឡាករជម្រើស ១១ នាក់ដំបូងរបស់ក្រុមកោះហ្គាម ដែលបានចូលរួមការប្រកួត FIFA World Cup & Asian Cup 2022 កន្លងមកនេះ។ រូប សហការី