ភ្នំពេញ៖ ក្រុម​វិសាខា និងភ្នំពេញក្រោន ដែលកំពុង​ប្រកួតប្រជែង​គ្នាយ៉ាងស្រួចស្រាល នៅលីគ​កំពូលកម្ពុជា ឆ្នាំ​ ២០២១ នោះ នៅតែ​ធ្វើបានយ៉ាង​ល្អ ដើម្បី​រក្សា​កំណត់ត្រា មិន​ធ្លាប់​ចាញ់របស់​​ខ្លួន ជា​បន្តទៀត និងកំពុង​ឈរ​នៅលើកំពូលតារាង ក្រោយ​ក្រុមទាំង​ ២ នេះ បាន​យក​ឈ្នះក្រុមគិរីវង់សុខសែន​ជ័យ និងអាស៊ីអឺរ៉ុប កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញ ប៉ុន្តែ​កីឡាករ​ជើងចាស់ ឈិន ឈឿន មាន​អារម្មណ៍​សោកស្តាយខ្លាំង ខណៈ​​រូបគេ បានក្លាយ​ជា​ដើមចម ធ្វើឱ្យក្រុម​កងយោធពលខេមរភូមិន្ទ (ទ័ព) ចាញ់​ក្រុង​ព្រះខ័នរាជ​ស្វាយរៀង នៅ​ចុង​ម៉ោង​​នោះ។

បើទោះបីជា ឈិន ឈឿន ធ្លាប់បាន​ឆ្លងកាត់ភាព​ជូរ​ចត់ច្រើន ហើយក៏ជា​កីឡាករ​ម្នាក់ដ៏​មានបទពិសោធ​ ទាំងការ​ប្រកួត​នៅក្នុងស្រុក និងការលេង​ឱ្យក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅលើឆាកអន្តរជាតិ ប៉ុន្តែរូបគេ បានសារភាពថា វាជាការ​សោកស្តាយខ្លាំងបំផុត នៅ​ក្នុង​អាជីពបាល់​ទាត់របស់គេ បន្ទាប់រូបគេ បានក្លាយ​ជាចំណែក​ដ៏សំខាន់មួយ ដែល​ធ្វើឱ្យក្រុមទ័ព បានចាញ់ក្រុមស្វាយរៀង ៣-២ កាលពី​ថ្ងៃអាទិត្យ។

ខ្សែ​ប្រយុទ្ធ​ពាក់​លេខ​ ១៧ ឈិន ឈឿន ​បានសរសេរ​បង្ហោះ នៅលើ​ហ្វេសប៊ុក​របស់ខ្លួន ក្រោយពេល​ក្រុមទ័ព ចាញ់ ស្វាយរៀង ​​ថា៖​ «លើកទីមួយ នៅ​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្ញុំ ខ្ញុំ​ពិត​ជា​សោក​ស្តាយ​ខ្លាំ​ង​ណាស់។ ថ្ងៃនេះ​យើង​ទាំងអស់​គ្នា​ ប្រឹង​ប្រែង​បាន​យ៉ាង​ល្អ ដើម្បី​ក្រុម (Sorry Sorry sorry)»។


ខ្សែ​ប្រយុទ្ធ Ajayi បានព្យាយាមគ្រប់គ្រង់បាល់ ពេល​រូបគេ​រកបាន​១គ្រាប់​ឱ្យក្រុមវិសាខា ដើម្បីយក​​ឈ្នះ ក្រុម​គិរីវង់សុខសែន​ជ័យ ៣-១។ រូប វិសាខា

ការ​បង្ហាញពីអារម្មណ៍​ឈឺចាប់​ និងសោកស្តាយ​នេះ ក៏ព្រោះតែ ឈិន ឈឿន ជា​កីឡាករ​ទី​២ បន្ទាប់ពី​អ្នកចាំ​ទី គង់ រ៉ាហ្វាត់ ដែលបានបង្កើតកំហុស នៅមុខទី​ខ្លួនឯង រហូតធ្វើឱ្យ​លោកអាជ្ញាកណ្តាល ផ្តល់បាល់ ១១ ម៉ែត្រ ទៅ​ឱ្យក្រុមស្វាយរៀង ស្របពេលក្រុម​ទ័ព កំពុង​ធ្វើការ​នាំមុខ​ ស្វាយរៀង ២-១ ទៅហើយ​នោះ។


តាម​រយៈការ​ប្រកួត នៅកីឡដ្ឋានខេត្ត​ស្វាយរៀង កាលពីថ្ងៃអាទិត្យនោះ កីឡាករ​ជប៉ុន Yuta Kikuchi និង ណារ៉ុង កក្កដា បានស៊ុតបាល់​​ទម្លុះសំណាញ់ទី​បាន​ម្នាក់ ១ ​គ្រាប់ នៅនាទីទី​៥១ និង​នាទីទី៦២ ដើម្បីជួយ​ឱ្យក្រុមទ័ព នាំមុខ ស្វាយរៀង ២-០ មុនពេល​ខ្សែប្រយុទ្ធឆ្នើម Mika រកបាន ១ គ្រាប់វិញ ឱ្យក្រុម​ម្ចាស់ផ្ទះ នៅនាទីទី៧៦។

ប៉ុន្តែ​នៅនាទីទី​៨១ អ្នកចាំទី គង់ រ៉ាហ្វាត់ បានស្លាយយកបាល់​ជ្រុលជើង បណ្តាល​ឱ្យ ប្រាក់ មុន្នីឧត្តម ដួល ចំណែក ឈិន ឈឿន បាន​​យកដៃទៅប៉ះបាល់ ពេលរូបគេដួល ចំពោះ​ការរារាំង ពីការ​ជែង​យកបាល់ របស់​ខ្សែ​ប្រយុទ្ធ គីម សុខយុទ្ធ រហូតអស់ជំហរ នៅនាទីទី៩០+៣។ កំហុសទាំង ​២ នេះ អាជ្ញាកណ្តាលបាន​​ផ្តល់បាល់​ ១១ ម៉ែត្រ​ឱ្យ​ក្រុម​ស្វាយរៀង ដូចគ្នា ហើយ Mika ជាអ្នកស៊ុតបានសម្រេច មានន័យថា រូបគេ​រកបាន ៣ គ្រាប់តែ​​ម្នាក់ឯង ដើម្បីជួយឱ្យក្រុមស្វាយរៀង ទទួលបាន ៣ ពិន្ទុ យ៉ាងរំភើប សម្រាប់ការ​ប្រកួតលើកទី​១១ នេះ។

កីឡាករ​ជប៉ុន Yuta Kikuchi (ស្តាំ) និង ណារ៉ុង កក្កដា បាន​ស្រែកអបអរ ពេលពួកគេ​រកបា​គ្រាប់បាល់នាំ​ឱ្យក្រុម​ទ័ព ២-០ មុនពេលចាញ់​វិញ ៣-២។ រូបថត ទ័ព

ចំណែកការប្រកួត កាលពី​ថ្ងៃសៅរ៍ ក្រុមម្ចាស់​ផ្ទះគិរីវង់សុខសែន​ជ័យ មិនអាច​សម្រេច​មហិច្ឆតា ក្នុងការបំផ្លាញ​កំណត់ត្រាដ៏​ល្អរបស់ក្រុម​វិសាខា បាននោះទេ។ បើ​ទោះបីជា ខ្សែ​ប្រយុទ្ធពាក់លេខ​ ៣១ Reiya រកបាន​គ្រាប់បាល់បើក​ឆាក​ឱ្យ គិរីវង់ បាន​មុន នៅនាទីទី៤៩ ប៉ុន្តែការ​រកបានម្នាក់ ​១ គ្រាប់​របស់ Ajayi ស៊ិន កក្កដា និង Haber Marcus នៅនាទីទី​​៥៩ ៦៥ និងនាទីទី​៩០ វានៅតែធានាបាននូវជ័យជម្នះ​ សម្រាប់ក្រុម​​វិសាខា ដើម្បីបន្ត​ឈរ​នៅលេខ​ ១ ដោយមាន​ ២៥ ពិន្ទុ។

ចំណែក​ក្រុម​​ភ្នំពេញ​ក្រោន ក៏​អាច​រក្សា​បាននូកំណត់ត្រា មិន​ធ្លាប់ចាញ់សោះនេះ បាន​ដូច​គ្នា ដោយ​ពួកគេ​បាន​​លត់​ក្រុម​ភ្ញៀវ ​អាស៊ីអឺរ៉ុប រហូតដល់ ៥-០ នៅកីឡដ្ឋាន RSN របស់​ខ្លួន ហើយ​ការ​រកបាន​ម្នាក់ ​១ ​គ្រាប់របស់ Nieto លឹម ពិសុទ្ធ Yadai Ogawa យ៉ើ ម៉ូស្លើម និង Valerii Hryshyn នេះ បាន​ជួយ​ឱ្យ​ក្រុមសិង្ហក្រហម ហក់ពីលេខ ​៥ ទៅឈរនៅលេខ​រៀងទី២ ដោយមាន ​២២ ពិន្ទុ។

ផ្ទុយពី​នេះ ក្រុម​អង្គរថាយហ្គឺរ បាន​ធ្លាក់ពីលេខ ​៣ ទៅឈរ​នៅលេខ ​៥ បន្ទាប់ពី​ពួកគេ បានស្មើ ០-០ ជាមួយក្រុមមាន​មូល​ដ្ឋាននៅ​ខេត្ត​សៀមរាប ជាមួយគ្នា គឺសូលទីឡូអង្គរ កាលពី​ថ្ងៃសៅរ៍ រីឯ​ក្រុមម្ចាស់​ផ្ទះ ខេត្ត​ព្រៃវែង ក៏បានស្មើ ០-០ ជាមួយ​ក្រុម​នគរ​បាល​ជាតិ កាលពីថ្ងៃអាទិត្យ ផងដែរ៕

ឈិន ឈឿន បាន​បោះបាល់ ពីមុខ ប្រាក់ មន្នីឧត្តម ក្នុងជំនួប កាលពី​យប់ថ្ងៃអាទិត្យ ហើយក៏ជាពេលដែល​​រូច​​គេ ជួបការ​សោកស្តាយខ្លាំងបំផុត ក្នុងអាជីពបាល់ទាត់។ រូបថតទ័ព