ភ្នំពេញ៖ ក្រុម​ភ្នំពេញ​ក្រោន បានរុញច្រាន​ក្រុម​នគរបាលជាតិ (ប៉ូលិស) ឱ្យ​ធ្លាក់ទៅក្នុង​ស្ថាន​ភាពកាន់តែលំបាក ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន ការ​​យក​៣ពិន្ទុ ទៅតាម​ទិសដៅ ដែល​ពួកគេ បានដាក់​ចេញ ប៉ុន្តែ​ការ​យក​ឈ្នះក្រុមប៉ូលិស ៤-១ លើកនេះ វាហាក់មិនមានអ្វីប្លែក​នោះទេ ចំពោះ​ក្រុម​ភ្នំពេញក្រោន។

តាម​រយៈការ​ប្រកួតនៅកីឡដ្ឋាន 7NG ដែលទើបបានបញ្ចប់ កាលពី​ល្ងាច​ថ្ងៃពុធ​ ទី ​៨ ខែកញ្ញា នេះ ក្រុម​ភ្ញៀវ ភ្នំពេញក្រោន រកបាន​គ្រាប់បាល់នាំ​មុខ​ក្រុម​ម្ចាស់​ផ្ទះ ប៉ូលិស ២-០ នៅក្នុងតង់ទី​ ១ តាម​រយៈការ​បញ្ចប់ទី​បាន​យ៉ាងល្អ របស់ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Matheus Souza E Silva នៅនាទីទី២៧ និងគ្រាប់បាល់របស់កីឡាករ​ជប៉ុន Yudai Ogawa នៅនាទីទី​២៩។

ឈាន​ចូលតង់ទី​២ ក្រុម​ភ្នំពេញក្រោន នៅតែ​បន្តដាក់សម្ពាធទៅ​លើក្រុមប៉ូលិស តាមរយៈការ​ព្យាយាមវាយលុកជាបន្តបន្ទាប់របស់ពួកគេ ហើយនៅនាទីទី៥៨ ខ្សែ​បម្រើ​ប្រយុទ្ធរបស់កូឡុំប៊ី Nieto បានបន្ថែម ​១ ​គ្រាប់ទៀត នៅមុន​ពេលកីឡាករ​ឆ្នើម​រូបនេះ រកឃើញ​គ្រាប់ទី​២ របស់ខ្លួន ​នៅនាទីទី៧១ តាម​រយៈការ​ស៊ុតបាល់ពិន័យ ១១ ម៉ែត្រ បាន​សម្រេច។


កីឡាករកូឡុំប៊ី Nieto បានអបអរ ក្រោយ​រកបានគ្រាប់បាល់ ខណៈ​ជំនួប​លើកនេះ គេរកបាន​២គ្រាប់ ឱ្យ​ភ្នំពេញក្រោន។ រូប CNCC

ប៉ុន្តែ​នៅនាទីទី៨២ ក្រុម​ភ្នំពេញក្រោន បាន​បង្កើតកំហុសវិញ នាំ​ឱ្យអាជ្ញាកណ្តាល ផ្តល់បាល់ ១១ ម៉ែត្រ ទៅឱ្យក្រុម​ប៉ូលិស វិញម្តង ហើយកីឡាករ Otani Soma ជាអ្នកស៊ុតបានសម្រេច គឺនៅមុនពេល Yudai Ogawa របស់​ភ្នំពេញក្រោន ត្រូវបាន​បណ្តេញ​ចេញពីទលាន ជាមួយការទទួលបានកាត់លឿន​ជាលើកទី​២ (ស្មើកាតក្រហម) នៅ​នាទីទី​​៨៦។


តាម​រយៈការ​រកបាន ​៣ ពិន្ទុ​បន្ថែមនេះ ​បានជួយឱ្យក្រុម​ភ្នំពេញក្រោន មាន​ឱកាស​​គ្រប់គ្រាន់ ក្នុងការ​ប្រជែងគ្នា​ដោយប្រយោល ដើម្បីដណ្តើមយកទីតាំង​​លេខ ​១ ដែលកំពុង​គ្រប់គ្រង​ដោយ វិសាខា ព្រោះពេលនេះ ក្រុមទាំង ​២ មាន​ ២៥ ពិន្ទុ​ស្មើគ្នា និងសល់​ ១ ប្រកួត ក្នុង​ដៃ​ដូចគ្នា គ្រាន់តែ វិសាខា មានគ្រាប់បាល់ចំណេញច្រើនជាងក្រុមភ្នំពេញក្រោន ចំនួន ២ គ្រាប់។

ជាមួយគ្នានេះ សម្រាប់ការប្រកួតប្រជែងគ្នាយក​លេខ ​១ ដោយប្រយោល សម្រាប់​ការប្រកួត​លើកទី ១២ ចុងក្រោយ ក្នុងជើងទី ១ នេះ គឺ​ក្រុមទាំង ២ នេះ នឹងត្រូវ​ជួប​ការ​ប្រកួតដ៏ធំ និងលំបាកដូចគ្នា ព្រោះ ភ្នំពេញក្រោន ត្រូវប៉ះ​អង្គរថាយហ្គឺរ ហើយ វិសាខា ត្រូវ​ប្រឈម​​​ជាមួយក្រុមការពារ​តំណែង​ជើង​ឯក ​បឹងកេត។

លោក​អាជ្ញាកណ្តាល បានពិន័យកាតក្រហម ទៅលើកីឡាករ​ជប៉ុន Yudia Ogawa (រូបបាំង) របស់​ភ្នំពេញក្រោន។ រូប CNCC

ទន្ទឹង​ជាមួយគ្នានេះ ឱកាស​នៃការ​ដណ្តើម​យក​លេខ​ ១ ក្នុងការ​ប្រកួតបញ្ចប់​ជើងទី១ នេះ ក៏អាច​នឹង​មាន​ការ​ប្រែប្រួល​ផង​ដែរ ព្រោះក្រុម​កំពុងមាន ​២៤ ពិន្ទុ បឹងកេត ក៏​មាន​​លទ្ធភាព​​ដណ្តើមបាន​លេខ​ ១ នេះ​ដូចគ្នា បើសិនជា ពួកគេ អាច​យក​ឈ្នះក្រុមវិសាខា ស្របពេល ភ្នំពេញក្រោន ស្មើ ឬក៏ចាញ់ អង្គរថាយហ្គឺរ នោះ។

ដោយឡែកក្រុម​នគរបាលជាតិ ដែល​ធ្លាប់ទទួលបាន​លទ្ធផលល្អគួរសម សម្រាប់​ការ​ប្រកួត​រដូវកាលមុនៗនោះ គឺពេលនេះ កំពុងធ្លាក់ទៅក្នុងស្ថានភាពកាន់តែអាក្រក់ ហើយក៏​ជាក្រុម​ មាន​ភាគ​រយខ្ពស់ជាងគេ ដែលអាច​នឹងត្រូវកាត់ចោល នៅចុងរដូវ​កាល​នេះផងដែរ បើសិនជាពួកគេ នៅតែ​​មិនអាច​រក​ឃើញការ​ឈ្នះទៀតនោះ ព្រោះ​ពេលនេះ ប៉ូលិស ឈរ​នៅ​បាត​តារាង ដោយ​មានត្រឹម​ ៣ ​ពិន្ទុ ជាមួយការ​ស្មើ ៣ និងចាញ់ដល់ ៧ ប្រកួត៕