ភ្នំពេញ៖ ក្រុម​ភ្នំពេញ​ក្រោន នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​​ទឹក​ដី​ខេត្ត​​សៀមរាប ជា​ទីកន្លែង ដែល​ពួក​គេ​ត្រូវ​​ប្រកួត​បញ្ចប់​ជើង​ទី​១ លីគ​កំពូល​កម្ពុជា ជាមួយ​ក្រុម​អង្គរ​ថាយហ្គឺរ ​តែ​ភាព​ដាច់​​ស្រេច ក្នុង​ការកំណត់​ពី​ចំណាត់​ថ្នាក់​នៅ​លើ​តំបន់​កំពូល​តារាង គឺ​នៅ​មិន​ទាន់​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ ព្រោះ​ជំនួប​របស់​គូ​ផ្សេងៗ​ទៀត ជា​ពិសេស​ហ្គេម​រវាង​ក្រុម​កំពុង​ឈរ​​លេខ​​ ១ វិសាខា និង​ក្រុម​ការពារ​តំណែង​ជើងឯក បឹងកេត កំពុង​ជាប់​គាំង ដោយ​ត្រូវ​រង់ចាំ​យក​សំណាក​​របស់​កីឡាករ​ម្នាក់ និង​មន្រ្តី​ក្លិប ១ ​រូប របស់​បឹងកេត​ទៅ​ធ្វើ​តេស្ត PCR បន្ទាប់​ពី​អ្នក​ទាំង ​២​ ទទួល​បាន​លទ្ធផល​វិជ្ជមាន​កូវីដ ​១៩ ពី​ការ​ធ្វើ​តេស្ត​រហ័ស កាល​ពី​ថ្ងៃ​ពុធ។

បើ​ទោះបី​ជា​ជំនួប​រវាង​ក្រុម​អង្គរថាយហ្គឺរ និង​ក្រុម​ភ្នំពេញ​ក្រោន ព្រម​ទាំង​ជំនួប​ក្រុម​ផ្សេង​ទៀត អាច​នឹង​ត្រូវ​ធ្វើ​ឡើង ទៅ​តាម​កាល​បរិច្ឆេទ និង​កន្លែង ដែល​បាន​កំណត់​រួច​ហើយ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​នេះ ប៉ុន្តែ​លទ្ធផល​វិជ្ជមាន​របស់​មន្រ្តី និង​កីឡាករ​របស់​ក្លិប​បឹងកេត ទាំង ២ ​នាក់​នេះ វា​បាន​ក្លាយ​ជា​ភាព​មន្ទិល​ថា តើ​ការ​ប្រកួត​ជើង​ទី​១ ​លីគ​កំពូល​កម្ពុជា​អាច​នឹង​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃទី​ ១៥ ខែ​កញ្ញា ដើម្បី​បន្ត​ចូល​ទៅ​ប្រកួត​ជុំ​ទី​២ ដែល​គ្រោង​ធ្វើ​ពី​ថ្ងៃទី​ ១៨ ខែ​កញ្ញា​ ត​ទៅ​នេះ ឬ​យ៉ាង​ណា?

តាម​គម្រោង​ ជំនួប​រវាង​ក្រុម​បឹងកេត និង​វិសាខា ​ត្រូវ​ធ្វើ​នៅ​កីឡដ្ឋាន​ខេមបូឌានអ៊ែរវ៉េ នា​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​សៅរ៍​ តែ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ គណៈ​កម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) បាន​ជូន​ដំណឹង​​ថា៖ «តាម​នីតិ​វិធី​វិធាន​សុវត្ថិភាព​ក្លិប​ទាំង​អស់ តម្រូវ​ឱ្យ​​ធ្វើ​តេស្ត​រហ័ស​រាល់​មុន​គ្រប់​ការ​ប្រកួត ហើយ​កាល​ពី​ថ្ងៃទី​ ៨ ខែ​​កញ្ញា ពេល​ក្លិប​បឹងកេត​ធ្វើ​តេស្ត​ គឺ​រក​ឃើញ​កីឡាករ ១ ​រូប និង​មន្រ្តី​ក្លិប ១ ​រូប មាន​លទ្ធផល​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩​»។


CNCC បាន​ឱ្យ​ដឹង​ទៀត​ថា៖ «​ជាមួយ​គ្នា​នេះ សំណាក​របស់​កីឡាករ និង​មន្រ្តី​ខាង​លើ​នេះ ត្រូវ​បន្ត​យក​ទៅ​ធ្វើ​តេស្ត PCR ដូច្នេះ​មន្ត្រី និង​កីឡាករ​ដទៃ​ទៀត ដែល​អវិជ្ជមាន និង​ការ​ប្រកួត (រវាង​ក្រុម​បឹកេត និង​វិសាខា) នា​ថ្ងៃទី​ ១១ ខែ ​កញ្ញា ឆ្នាំ ​២០២១ ខាង​មុខ​នេះ ត្រូវ​រង់​ចាំ​លទ្ធផល​វិភាគ​បញ្ជាក់​របស់​កីឡាករ និង​មន្រ្តី​ខាង​លើ​នេះ​សិន»។

បន្ថែម​ទៅ​លើ​ករណី​នេះ ការ​ប្រកួត​រវាង​ក្រុម​ណាហ្គាវើលដ៍ និង​ក្រុម​ម្ចាស់​ផ្ទះ​គិរីវង់សុខសែនជ័យ ដែល​តាម​កម្មវិធី​ត្រូវ​ធ្វើ​នៅ​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​អាទិត្យ​ ក៏​អាច​ផ្អាក​ដែរ ព្រោះ​ជំនួប​រវាង​ក្រុម​ណាហ្គាវើលដ៍ និង​ក្រុម​ខេត្ត​ព្រៃវែង ដែល​ត្រូវ​ធ្វើ​កាល​ពី​ថ្ងៃ​ពុធ ក៏​ត្រូវ​​ពន្យារពេល​ភ្លាមៗ​ដែរ បន្ទាប់​ពី​មន្រ្តី​កីឡា​របស់​ណាហ្គាវើលដ៍​ម្នាក់ ទទួល​​លទ្ធផល​វិជ្ជមាន​កូវីដ ១៩ ក្នុង​ការ​ធ្វើ​តេស្ត​រហ័ស ហើយ​សំណាក​​របស់​មន្ត្រី​រូប​នេះ ​ ត្រូវ​​បន្ត​យក​ទៅ​ធ្វើ​តេស្ត PCR ប៉ុន្តែ​គិត​ត្រឹម​ម៉ោង​ ៧ យប់ ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ CNCC នៅ​មិន​ទាន់​ប្រកាស​ពី​លទ្ធផល​​ទេ។


យ៉ាង​ណា​ក្ដី ការ​ជួប​គ្នា​រវាង​ក្រុម​ម្ចាស់​ផ្ទះ​អង្គរថាយហ្គឺរ និង​ភ្នំពេញ​ក្រោន អាច​នឹង​ត្រូវ​ធ្វើ​ទៅ​តាម​កំណត់​នៅ​កីឡដ្ឋាន​​​អេសអយូ នា​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​អាទិត្យ​ ហើយ​នេះ ​​ជា​ការ​ប្រកួត​ដ៏​ធំ និង​សំខាន់​បំផុត ដែល​ភ្នំពេញ​ក្រោន ដាក់​គោលដៅ​យក ​៣ ពិន្ទុ ដើម្បី​ប្រជែង​យក​លេខ​ ១ ជាមួយ​​​ក្រុម​វិសាខា ដ្បិត​អី​ពេល​នេះ ក្រុម​ទាំង ​២ មាន​ ២៥ ​ពិន្ទុ ជាមួយ​ការ​ប្រកួត ១១ ​លើក​ដូច​គ្នា គ្រាន់​តែ វិសាខា មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង​ ២ ​គ្រាប់។

ការ​ប្រកួត​នេះ នឹង​តានតឹង​ខ្លាំង ព្រោះ​អង្គរថាយហ្គឺរ ដែល​​ឈរ​នៅ​លេខ​ ៥ មាន ​២១ ​ពិន្ទុ កំពុង​ត្រូវ​ការ​ឈ្នះ​ខ្លាំង​ដូច​គ្នា។ ចំណែក​ក្រុម​លេខ ៥ ​​ព្រះខ័នរាជស្វាយរៀង ដែល​មាន​ ២២ ​ពិន្ទុ អាច​នឹង​ដណ្តើម​បាន ៣ ​ពិន្ទុ​បន្ថែម ​ពី​​នគរ​បាល​ជាតិ​នៅ​ថ្ងៃ​សៅរ៍ ហើយ​ក្រុម​ទ័ព​ក៏​អាច​​នឹង​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​អគ្គិសនី​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ​ដែរ៕