ភ្នំពេញ៖ ក្រុម​បាល់​ទាត់​ហ្វុត​សាល តារា​មហាហង្ស (Mohahang All Star FC) របស់​កម្ពុជា នឹង​​ប្រើ​ការ​​ហ្វឹកហាត់ជុំ​គ្នា ​​ត្រឹម​រយៈពេល​ជាង ​៣ សប្តាហ៍ ដើម្បី​បើ​ក​ការ​ប្រកួត​ប្រជែង ជាមួយ​ក្រុម​ខ្លាំង ក្នុង​ព្រឹត្តិការណ៍​​ប្រកួត​ពាន​រង្វាន់​​ក្លិប​បាល់​ទាត់​ក្នុង​សាល​ក្របខណ្ឌ​អាស៊ាន (AFF Futsal Club Championship) នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ ដោយពួកគេ រំពឹង​ថា នឹងទទួល​លទ្ធផល​​ល្អ។


ក្រុម​តារាមហាហង្ស ដែល​បាន​ធ្វើ​ដំណើរ​ទៅលើទី​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃសៅរ៍ ក្រោយការ​ធ្វើ​ដំណើរ​អស់​រយៈពេល​ចូល ​២០ ​ម៉ោងនោះ ​បានចាប់​ផ្តើម​ហ្វឹកហាត់ នៅលើទីលាន ដែល​ពួកគេ ត្រូវប្រកួតប្រជែង​​ បាន​​ត្រឹម​ ៣ ​ថ្ងៃ​ទេ ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ តារាមហាហង្ស នឹង​ត្រូវ​ប្រកួត​ផ្លូវការ ដោយត្រូវជួបក្រុម​​ម្ចាស់ផ្ទះ Freefire Bluewave Chonburi នៅ​ល្ងាច​ម៉ោង ​​៦។


​ទាក់ទងទៅនឹងការ​ត្រៀម​ខ្លួន​នេះ កីឡាករ អ៊ុង ច័ន្ទភក្តី ប្រធានក្រុម​តារាមហាហង្ស បាន​​និយាយ​ថា៖ ​«​យើងគួរណាស់​បាន​ត្រៀមខ្លួន​​​ពី​ ២ ទៅ​ ​៣ ​ខែ មុនការ​ប្រកួត​នេះ មក​ដល់ ប៉ុន្តែ​ដោយសារ​បញ្ហា​វិបត្តិជំងឺ​កូវីដ​១៩ អ្វីៗ​ត្រូវ​​បានរំសាយ ដោយ​យើង​​បាន​​ហ្វឹកហាត់ជុំ​គ្នា​បាន​​​ចូល​​ ៣ ​សប្តាហ៍​ទេ។ តែ​ទោះបីជា​យ៉ាងណា យើងមានការ​យល់ចិត្តគ្នា​​ច្រើន ហើយ​​លំហាត់ ​ដែល​លោកគ្រូ​បានដាក់​ឱ្យ យើង​មានការ​យល់​​បានច្រើន ទាំង​ទៅលើ​របៀប​ការពារ និងប្រយុទ្ធ អ៊ីចឹង​​​យើងគិតថា អ្វី​ដែល​យើងទទួលបាន នៅពេលនេះ អាច​នឹង​ប្រើ​ប្រាស់ នៅ​ក្នុង​ការ​​ប្រកួត​នេះ​​បាន»។



កីឡាករ អ៊ុង ច័ន្ទភក្តី បាន​បន្ថែម​ថា៖​ «ពួក​យើងសន្យា​ថា ការ​មក​ប្រកួតនេះ មិន​មែន​មក​ ដើម្បីចាញ់នោះទេ គឺ​យើង​មកនេះ ដើម្បី​ផ្តល់​ឱ្យបាន​ ១០០ ភាគ​រយ ទៅ​ដល់ការ​ប្រកួត ហើយ​​យើងសង្ឃឹម​ថា នឹង​ទទួលបាន​លទ្ធផល​ល្អ ព្រោះ​​យើង​ក៏បាន​សិក្សា​ពី​របៀបលេង ការ​​ប្រយុទ្ធ ការពារ និងការវាយ​បក​របសើ​ក្រុមគេ ​ផងដែរ គឺ​យើងត្រៀមបានច្រើន។ យើង​មិន​ចាញ់​គេពេកនោះ​ទេ ដូច្នេះ​យើងសង្ឃឹមថា នឹង​ទទួលបាន​លទ្ធផលល្អ និង​ទទួល​បាន​​បទ​ពិសោធ​ថ្មីៗ​បន្ថែមទៀត ពីការ​ប្រកួតនេះ»។

គួរបញ្ជាក់ថា ​ការ​ប្រកួតពាន​ AFF Futsal Club Championship នេះ មានការ​ផ្លាស់ប្តូរ​រូបមន្ត និង​លក្ខខណ្ឌ​នៃ​ការប្រកួតមួយចំនួន ព្រោះ​​ក្រុម Sahako ​របស់​វៀតណាម ក្រុម SKN Kabumen FC ​របស់​ឥណ្ឌូនេស៊ី ក្រុម Selangor ​របស់​ម៉ាឡេស៊ី និង​ក្រុម MIU ​របស់​មីយ៉ាន់ម៉ា សុទ្ធតែ​បាន​សម្រេច​ដក​ខ្លួនចេញ​ភ្លាមៗ ដោយ​សារ​បញ្ហា​ការ​រីក​រាល​ខ្លាំងនៃ​ជំងឺ​​កូវីដ​ ១៩។​

ជាមួយគ្នា​នេះ​គណៈកម្មកា​រប្រកួត បានសម្រេច​ដាក់​បញ្ចូល​ក្រុម​ Freefire Bluewave Chonburi ​របស់ថៃ និងក្រុម Pahang Rangers FC ​របស់​ម៉ាឡេស៊ី ដើម្បី​ឱ្យ​ធ្វើការ​​ប្រកួត តាម​រូបមន្ត​​វិល​ជុំវិញ​ ជាមួយក្រុម​តារាមហាហង្ស ​​របស់​កម្ពុជា ក្រុម Port FC របស់ថៃ និងក្រុម​ Selangor ​MAC FC របស់​ម៉ាឡេស៊ី ដែល​ត្រូវ​ធ្វើ​ពី​ថ្ងៃទី ១៣ ដល់​ថ្ងៃទី ១៧ ខែកញ្ញា។

ជុំ​វិញ​ការ​ទទួលបានឱកាស ចេញ​ទៅ​ប្រកួត​តំណាង​ឱ្យ​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ នេះ លោក​ អ៊ិន សុភិន ប្រធាន​ក្លិប​តារា​មហាហង្ស ​ធ្លាប់បាន​ប្រាប់​​​ថា៖ ​«ការ​ទទួល​បាន​ឱកាស ទៅ​ប្រកួត​តំណាង​ឱ្យ​កម្ពុជា លើកដំបូងនេះ ពិតជា​មាន​សារៈ​សំខាន់​​ខ្លាំងណាស់ សម្រាប់ខ្ញុំ ក៏ដូចជា​ក្រុមខ្ញុំ និង​ប្រទេស​​ជាតិ ព្រោះនេះជាសុបិន ដែល​យើង​បាន​ប្រឹងប្រែង​រហូត​មក​ដល់​ពេល​នេះ»។

លោក​ អ៊ិន សុភិន បាន​បន្ថែម​ថា៖​ «​គោល​ដៅ​របស់យើង ក្នុងការ​បង្កើត​ក្រុមនេះឡើង គឺ​ទី១ ដើម្បីលើកពាន​ថ្នាក់ជាតិ ដែល​យើងធ្វើបានហើយ និងទី​២ ចង់​លើក​ពាន​ថ្នាក់​អន្តរជាតិ អ៊ីចឹង​ការ​ប្រកួត​នេះ សំខាន់​បំផុត ហេតុនេះ​ក្រុមការងារ​ទាំងអស់ ត្រូវ​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព ព្រោះ​នេះជា​អត្ថប្រយោជន៍មួយ និងជា​កិត្តិយស​ដ៏​សំខាន់​របស់​​ក្រុម និង​ជា​កិត្តិយស​សម្រាប់​ប្រទេស​ជាតិ នៅលើ​ឆាក​អន្តរជាតិ ដែល​មិន​អាច​កាត់​ថ្លៃ បាន​នោះ​ឡើយ អ៊ីចឹង​​បើ​ទោះបីជា ការងារ​នេះ មានការ​លំបាក តែ​យើង​នឹង​ខំប្រឹង​ប្រែង ប្រជែង​យក​ពាន​នេះ»៕