CAMSOC ប្រជុំ​ឆ្លង​គម្រោង​ធំៗ​ចំនួន​ ៣ ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​ ២០២៣

Content image - Phnom Penh Post
សកម្ម​ភាព​ប្រជុំ​តាមអនឡាញ Zoom របស់ CAMSOC ពី​ថ្ងៃ​អង្គារ។ សហការី

ភ្នំពេញៈ គណៈកម្មការ​អចិ​ន្រៃ្ត​យ៍ CAMSOC ក្រោម​អ​ធិ​​ប​តី​ភាព​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ទៀវ បាញ់ បាន​បើក​កិច្ចប្រជុំ​កាលពី​ថ្ងៃ​អង្គារ ជាមួយ​គណៈកម្មការ​ជំនាញ​មួយចំនួន ក្នុងនោះ​មាន​ខាង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​អាជ្ញាធរខេត្ត ដែល​ពាក់ព័ន្ធ ដើម្បី​ឆ្លង​គម្រោង​ធំៗ ចំនួន ​៣ គឺ​ទី​១​ ពិធី​បើក​-​បិទ​ស៊ី​ហ្គេមលើក​ទី​៣២ នៅ​កម្ពុជា ទី​២ ពិធី​រត់​ភ្លើង​គប់ និង​ទី​៣ កម្ពុជា​ត្រៀមខ្លួន​ទទួល​ធ្វើ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម ជំនួស​វៀត​​ណា​ម ក្នុងករណី​ប្រទេស​នេះ មិនបាន​ឆ្លើយតប​កម្មវិធី​ស៊ី​ហ្គេម​ខ្លួន តាម​ការកំណត់​របស់​ក្រុម​​ប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខា​ធិ​ការ CAMSOC បាន​ប្រាប់​លម្អិត​ពី​ព័ត៌មាន ក្រោយ​កិច្ច​ប្រជុំ​ថា​៖ «​សម្រាប់​ខ្លឹមសារ​នៃ​កិច្ចប្រជុំ CAMSOC ថ្ងៃនេះ បាន​ពិនិត្យទៅលើ​គម្រោង​ចំនួន ​៣ គឺ​ទី​១ ការរត់​ភ្លើង​គប់ ជា​លក្ខណៈ​គ្រោងឆ្អឹង ដែល​ត្រូវ​បានអនុម័ត​ថ្ងៃ​នេះហើយ គឺ​ពិធី​រត់​ភ្លើង​គប់ ត្រូវបានធ្វើ​ពិធី​ច្រើន​ដូចជា​សុំ​ភ្លើង​ពី​អាទិទេព ដែល​ធ្វើឡើង​នៅ​អង្គរ ខេត្តសៀមរាប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ព្រះមហាក្សត្រ ហើយ​ក៏មាន​ដង្ហែ​ភ្លើង​គប់ ទៅកាន់​ប្រទេស​ក្នុង​អាស៊ីអាគ្នេយ៍ បន្ទាប់មក​យើង​ក៏​រត់​ភ្លើង​គប់​នៅតាម​តំបន់​ទន្លេសាប និង​ខេត្ត​ផ្សេងទៀត ដោយ​ចាប់ពី​ខែមីនា ដល់​ខែឧសភា ឆ្នាំ​ ២០២៣»​។​

​លោក​បាន​បន្តថា​៖ «​កម្មវិធី​នេះ នឹងត្រូវ​សហការគ្នាជាមួយ​អាជ្ញាធរខេត្ត ព្រមទាំង​ស្ថានទូត​នៃ​ប្រទេស​ក្នុង​អាស៊ាន ដែល​ភ្លើង​គប់​ឆ្លងកាត់​។ យើង​រៀបចំ​កម្មវិធី​នេះ ជា​កូនសៀវភៅ​តម្រង់ទិស​មួយ នឹង​បែងចែក​ឱ្យបាន​ទូលំទូលាយ គឺ​មើលទៅ​ដឹង​ពី​កម្មវិធី​ទាំងអស់គ្នា ចំណែក​ទី​២ គឺ​ពិធី​បើក​-​បិទ យើង​រៀបចំ​ជា​នីតិវិធី ជា​លក្ខណៈ​បច្ចេកទេស តើ​ត្រូវមាន​ធនធានមនុស្ស​ប៉ុន្មាន​នាក់​? អ្នកជំនាញ​ប៉ុន្មាន​នាក់​? និង​មាន​សម្ភារ​អ្វីខ្លះ ដើម្បី​លើក​គម្រោង​ចំណាយ​ឱ្យបាន​ច្បាស់​លាស់ ព្រោះ​ពិធី​បើក​-​បិទ ត្រូវ​បង្ហាញ​ពី​វប្បធម៌ និង​សក្តានុពល​ច្រើនយ៉ាងនៃ​កម្ពុជាជា​ម្ចាស់​ផ្ទះ​»​។​

​ចំពោះ​ចំណុច​ទី​៣ លោក វ៉ា​ត់ ចំរើន និយាយថា ជា​សេចក្តី​រាយការណ៍​របស់លោក​ផ្ទាល់​តាម​កិច្ចប្រជុំ កាលពី​ថ្ងៃ ១៧ ខែ កញ្ញា ឆ្នាំ​ ២០២១ ដោយ​ក្រុម​ប្រឹក្សា​អាស៊ីអាគ្នេយ៍បានសម្រេច​ឱ្យ​ប្រទេស​វៀតណាម កំណត់​ពេលវេលា​ឱ្យបាន​ច្បាស់​​លាស់ ដោយ​ក្នុងនោះ ក្រុម​​ប្រឹក្សា​ទុកពេល​ឱ្យ​ប្រទេស​វៀត​​ណា​ម ត្រឹម​ខែតុលា​។​

​អ្នកជំនាញ​កីឡា​រូបនេះ បាន​បញ្ជាក់ថា​៖ «​ក្នុងករណី​វៀត​ណា​ម មិនអាច​ធ្វើ​ពិធី​ស៊ី​ហ្គេមលើក​៣១ បាន គឺ​កម្ពុជា​ត្រូវ​បន្តវេន​ជា​ប្រធាន ហើយ​តាម​ការប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ សមាជិក​មិន​រង់ចាំ​វៀតណាម ឱ្យ​ហួស​ខែតុលា ឆ្នាំ​ ២០២១​ នោះឡើយ ហេតុនេះ​បើម្ចាស់ផ្ទះវៀតណាមមិន​ធ្វើ​ស៊ី​ហ្គេម គេ​សម្រេច​ផ្ទេរសិទ្ធិ​ឱ្យ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​តែម្តង ដោយ​មិនអាច​រង់ចាំ​វៀតណាមនោះឡើយ​»​។​

​ចំណែក​លោក ថោង ខុន ប្រធាន NOCC និង​ជា​អនុ​ប្រធាន​អចិ​ន្រៃ្ត​យ៍ CAMSOC បាន​ថ្លែងថា​៖ «CAMSOC បន្តសកម្មភាព​ប្រជុំ​បច្ចេកទេសរៀងរាល់ថ្ងៃ​ចន្ទ និង​ប្រជុំ​ឆ្លង​ការ​អនុម័ត​ជាមួយ​ប្រធាន CAMSOC សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នៅ​រៀងរាល់ថ្ងៃ​អង្គារ ជា​មួយ​គណៈកម្មការ​ជំនាញ​ដើម្បី​ជំរុញ​ការងារ​រៀបចំ​ព្រឹត្តិ​កាណ៍ស៊ី​ហ្គេម ឆ្នាំ​ ២០២៣ ឱ្យបាន​រលូន តាម​កម្មវិធី​កំណត់ ទោះ​បី​កូ​វីដ​ ១៩ នៅ​មិនទាន់​ថមថយ​ក៏ដោយ​»៕

ព័ត៌មានថ្មីៗ