ភ្នំពេញ៖ ក្រុម​ភ្នំពេញ​ក្រោន និងស្វាយរៀង បាន​បោះជំហានទៅមុខ មួយកម្រិត​ទៀត ក្នុងនាមជា​ក្រុម ដែល​កំពុងមាន​អាទិភាព​ខ្ពស់ ក្នុងការ​ប្រជែង​យក​តំណែង​ជើង​ឯក លីគកំពូល​កម្ពុជា ឆ្នាំ​ ២០២១ បន្ទាប់ពី​ក្រុមទាំង ​២ នេះ ដណ្តើម​បាន​ ៣ ពិន្ទុ ដ៏មាន​ន័យ កាលពី​ថ្ងៃពុធ ហើយ​ក៏​ជាពេល​ដែល ​ក្រុមនគរបាលជាតិ ​រក​ឃើញ​ការ​ឈ្នះ​ជា​លើក​ដំបូងផងដែរ ចំណែក​ក្រុម​កង​យោធ​ពល​ខេមរភូមិន្ទ (ទ័ព) ត្រូវ​ជម្រះ​បញ្ជីជាមួយក្រុម​បឹង​កេត នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។


តាម​រយៈការ​ប្រកួត នៅ​លើ​ទី​លាន​ផ្សេង​គ្នា កាលពី​ថ្ងៃពុធ​នោះ ក្រុម​សិង្ហក្រហម ពិតជា​អាច​បង្កើតបាន​នូវភាព​សប្បាយ​រីក​រាយ សម្រាប់ការ​ប្រកួត​លើកទី​២ ក្នុងជុំ​ទី២ រវាង​ក្រុម​ឈរ​នៅ​តំបន់កំពូល​តារាងទាំង ៨ (Top8) ដើម្បីស្អំ​នូវការ​ឈឺ​ចាប់ សម្រាប់​ការ​ចាញ់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ១-០ កាល​ពី​ថ្ងៃសៅរ៍។

ក្រុម​ភ្នំពេញក្រោន បាន​យក​ឈ្នះ​ក្រុម​គិរីវង់សុខសែនជ័យ ៣-១ តាម​​រយៈ​គ្រាប់​បាល់​​របស់​​ខ្សែ​ប្រយុទ្ធ ប្រាក់ ធីវ៉ា ​ចំនួន ​២ ​គ្រាប់ នៅនាទីទី​៥២ និងទី៧៧ ខណៈ ​១ ​គ្រាប់ទៀត ​​រក​បាន​ដោយ​​កីឡាករ​មាឌ​ល្អិត ពៅ ប៊ុនវុទ្ធី នៅនាទីទី៦៤ ចំណែក​ ១ ​គ្រាប់​របស់​ក្រុម គិរីវង់ រក​បាន​ដោយ​កីឡាករ​កម្ពុជា​ក្រោម ដាវ នីម នៅនាទីទី​៦៩។


ជម្រើស​១១​នាក់ដំបូង​របស់​ក្រុមបឹងកេត ពេល​យក​ឈ្នះក្រុម​វិសាខា ២-១ កាល​ប្រកួតប់ើក​ឆាក ជើង​ទី​២។ រូប បឹងកេត


ចំណែក​ក្រុម​ព្រះខ័នរាជស្វាយរៀង ​បាន​បន្ត​យក​ឈ្នះ​ក្រុមណាហ្គាវើលដ៍ របស់​លោក មាស ចាន់ណា ២-១ ទាំង​លំបាក បន្ថែម​ទៅ​លើការ​ឈ្នះ ៣-១ កាលពីជំនួប​ជើង​ទី​១។ ខ្សែ​ប្រយុទ្ធ​ឆ្នើម Privat ជា​អ្នក​​រក​បាន​​គ្រាប់​បាល់បើក​ឆាក ​ឱ្យ​ក្រុម​ស្វាយរៀង នៅនាទីទី​៥៩ ហើយ​ក៏​ជា​គ្រាប់បាល់ទី​១៤ របស់គេ​ផងដែរ នៅមុនពេលកីឡាករ​ជប៉ុន Fumiya Kogure ជួយ​ឱ្យ ណាហ្គាវើលដ៍ តាមស្មើ ១-១ នៅនាទីទី​៧៤ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​ Lopez Mendy រក​បាន​គ្រាប់​បាល់​​​ជ័យជម្នះ​ឱ្យ ក្រុម​ស្វាយរៀង នៅនាទីទី៨១។


តាម​រយៈការ​ឈ្នះ​បាន​ ៣ ពិន្ទុ​បន្ថែម​ ដូច​គ្នា​នេះ បានធ្វើ​ឱ្យ​ក្រុម​ស្វាយរៀង និង​ភ្នំពេញ​ក្រោន ក្លាយ​ជាបេក្ខភាព កំពុងមាន​អាទិភាពខ្ពស់ជាង​គេ ក្នុងការ​ប្រជែង​យក​ពាន ជាមួយ​ការ​មាន ​៣១ ពិន្ទុ​ស្មើ​គ្នា ប៉ុន្តែ​ ស្វាយរៀង នៅ​តែ​បន្តឈរ​នៅ​​លេខ​ ១ ដោយសារពួកគេ បាន​ឈ្នះ ភ្នំពេញ​ក្រោន ១-០ ក្នុងជើងទី​២​ ​នេះ បន្ថែម​ទៅ​លើ​ការ​ស្មើ​គ្នា ៣-៣ កាលពី​ជំនួបជើង​ទី​១។

ជាមួយ​គ្នា​នេះ ក្រុម​នគរ​បាលជាតិ (ប៉ូលិស) របស់​លោក​​គ្រូ អ៊ុង កនយ៉ានិត បាន​យក​ឈ្នះ​ក្រុមអាស៊ីអឺរ៉ុប ៤-៣ កាលពី​ថ្ងៃពុធ នោះ​ដែរ ហើយ​​​នេះជា​ជ័យជម្នះ​លើក​ដំបូង ដែល​​ពួកគេ សម្រេច​បាន សម្រាប់​ការ​ប្រកួត នៅរដូវកាល​នេះ។ ការ​ឈ្នះ​បាន​ ៣ ពិន្ទុ លើក​នេះ វា​ក៏បាន​ជួយ​ឱ្យ ប៉ូលិស ងើប​ផុត​ពីការ​ឈរ​នៅ​បាត​តារាង ដែលជា​តំបន់​ត្រូវ​កាត់ចោល ផងដែរ ព្រោះ​ពេលនេះ ប៉ូលិស មាន ​៧ ពិន្ទុ ស្មើជាមួយក្រុម​អគ្គិសនី​កម្ពុជា តែ​ច្រើនជាង​ក្រុម​​​ត្រូវ​ធ្លាក់​ទៅ​ឈរ​នៅ​លេខ​ ១៣ ​ក្រោយគេ សូលទីឡូអង្គរ ចំនួន ២ ពិន្ទុ វិញ។

ជម្រើស ១១​ នាក់ដំបូង របស់​​ក្រុម​ទ័ព ពេល​យក​ឈ្នះ​ក្រុម​គិរីវង់ ៣-១ កាលពី​ថ្ងៃអាទិត្យ។

ដោយឡែក​ក្រុម​ទ័ព នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋានស្តាតចាស់ ស្វាគមន៍​​ក្រុម​​ការពារ​តំណែង​ជើង​ឯក បឹងកេត នៅ​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​ព្រហស្បតិ៍នេះ ហើយ​នេះ​ជា​ជំនួប​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍ ដែល​គេ​រំពឹង​ថា នឹងក្លាយជា​ការ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​តាន​តឹង ព្រោះនេះ​ជា​ពេល​ដែល ក្រុមទ័ព ត្រូវជម្រះ​បញ្ជីចាស់​ជាមួយ បឹងកេត ដែល​ពួកគេ ធ្លាប់​ចាញ់ ២-០ កាលពី​ជើង​ទី​១។

​ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​ក្រុម លោក Lee Tae Hoon ដែល​ជា​អតីតគ្រូ​បង្វឹកក្រុម​ជម្រើសជាតិ​កម្ពុជានោះ ត្រូវបានគេ​មើល​ឃើញ​ថា ក្រុមទ័ព ពេលនេះ មានទម្រង់​លេង​ល្អជាង​មុន ហើយ​ក៏​ទើបបាន​យក​ឈ្នះ​ក្រុម​គិរីវង់ ៣-១ កាលពី​ថ្ងៃអាទិត្យ ផងដែរ ប៉ុន្តែ​ការ​យកឈ្នះ​ក្រុម វិសាខា ២-១ កាលពី​ថ្ងៃសៅរ៍ ត្រូវ​បានគេ​ជឿ​ថា បឹងកេត ក៏មាន​ទម្រង់​លេង កាន់តែ​ល្អ ដូចគ្នា ហើយ​ពេលនេះ ពួក​គេ កំពុងមានកម្លាំង​ចិត្ត កាន់តែ​ខ្លាំង ក្នុងការ​ប្រជែង​យក ៣ ពិន្ទុ បន្ថែម ដើម្បី​បង្កើត​ឱ្យមានឱកាស កាន់តែ​ច្រើន ក្នុងការឆ្ពោះ​ទៅ​រក​ការ​ប្រជែង​យក​ពាន ជា​ថ្មី​ម្តង​ទៀត៕