គ្រាប់​បាល់​ដង្ហើម​ចុង​ក្រោយ​របស់ Maupay ជួយ​ឱ្យ​​ Brighton បំផ្លាញ ២ពិន្ទុ​របស់ Crystal

Content image - Phnom Penh Post
Maupay (កណ្ដាល) ស៊ុត​ឱ្យ Brighton ស្មើ Crystal ១-១ អំឡុងការប្រកួត នៅ Premier League កាល​ពី​ថ្ងៃ​ចន្ទ​​។ AFP

ក្រុងឡុងដ៍​: ខ្សែ​ប្រយុទ្ធ Neal Maupay ស៊ុត​បញ្ចូល​ទី​នៅ​វិនាទីចុង​ក្រោយ​​ ដើម្បី​ជួយស្រោច​ស្រង់ Brighton & Hove Albion ឱ្យ​ដណ្ដើម​បាន ១ពិន្ទុ​ ដោយ​ការ​​តាម​ស្មើ​ក្រុម​គូ​ប្រជែង​ស្លាប់​រស់​ Crystal Palace ១-១ ពីការ​ប្រកួត នៅ​ក្រប​ខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​ចន្ទ​។​

ដោយ​តាម​ពី​ក្រោយគ្រាប់​បាល់​របស់​ក្រុម​ម្ចាស់​ផ្ទះ Crystal ដែល​បាន​មក​ពី​ការ​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ​របស់​ខ្សែប្រយុទ្ធ​ Wilfried Zaha នៅ​វគ្គ​ទី ១ ក្រុម​ Brighton បាន​គេច​ផុត​ពី​បរាជ័យ​ ក្នុង​ទម្រង់​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​បំផុត​ជាមួយ​នឹង​គ្រាប់​បាល់​នៅ​នាទីទី​៩០+៥​។

ជាមួយ​នឹង​ការ​នៅ​សល់​តែ​ប៉ុន្មាន​វិនាទី​ទៀត​ប៉ុណ្ណោះ សម្រាប់​ការ​ប្រកួត នា​កីឡដ្ឋាន Selhurst Park ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង Maupay បាន​ដាក់​ទោស​ចំពោះ​ការ​ផ្ដាច់​បាល់​មិន​បាន​ល្អ​របស់​អ្នក​ចាំ​ទី​​ Vicente Guaita ដែល​ជា​លទ្ធផល​ធ្វើ​ឱ្យ​ក្រុម​ Crystal ស្រឡាំង​កាំង​​។

ក្រុម Brighton គឺ​ជា​កញ្ចប់​រង្វាន់​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​សម្រាប់​រដូវកាល​នេះ ហើយ​ការ​អាច​មាន​ជ័យ​ជម្នះ​ពី​ជំនួប​រវាង​ក្រុម​នៅ​ក្រុង​ឡុងដ៍​ភាគ​ខាង​ត្បូង​នេះ នឹង​រុញ​ឱ្យ​ពួក​គេ​ឡើង​ទៅ​ឈរ​ទី ១ ក្នុង​តារាង​ពិន្ទុ​របស់​លីគ​កំពូល​​លើក​ដំបូងជា​ប្រវត្តិសាស្ត្រ​របស់​ក្លិប​ ក្នុង​រយៈ​ពេល ១២០​ឆ្នាំ​។

ទោះ​បី​ជា​ក្រុម Brighton របស់​លោក Graham Potter មិន​អាច​សម្រេច​គោល​ដៅ​ដ៏​ខ្ពស់​នោះ​បានក៏​ដោយ ក៏​ការ​ដណ្ដើម​បាន ១ពិន្ទុ​ ពី​ការ​ប្រកួត​នេះ គឺ​ជា​រង្វាន់​លួង​ចិត្ត​គ្រប់​គ្រាន់​ល្មម​ទទួល​យក​បាន​ដែរ​។ ពួក​គេ​ឈរ​នៅ​លេខ ៦ ដោយ​តាម​តែ ១ពិន្ទុ​​ពីក្រោយ​ក្រុម​កំពូល​តារាង Liverpool ដែល​មាន​ ១៤​ពិន្ទុ​។​

គ្រូបង្វឹក​របស់​ក្រុម Brighton ​លោក Potter បាន​ថ្លែង​ថា​៖ «​នៅ​ពេល​ដែល​អ្នកត្រូវ​បាន​នាំ​មុខ ១-០ រហូត​ដល់​នាទី​៩៦ ទៅ​ហើយ ហើយ​អ្នក​អាច​ស៊ុត​បញ្ចូល​ទី​បាន​នោះ វា​ពិត​ជា​មាន​អារម្មណ៍​ដូច​​ដណ្ដើម​បាន​ជ័យ​ជម្នះ​អ៊ីចឹង​។ វា​ជា​អារម្មណ៍​ដ៏​ពិសេស​ ដែល​បាន​តាម​ស្មើ​។ ស្មារតី​របស់​ក្រុម​ពិត​ជាពិសេស​អស្ចារ្យ​មែន​ទែន​»​។

តែ​វា​គឺ​ជា​លទ្ធផល​ដ៏​គួរ​ឱ្យ​ឈឺចាប់​សម្រាប់​លោក Patrick Vieira ដែល​ក្រុម Crystal របស់​លោក​មាន​ប្រៀប ក្នុង​រយៈ​ពេល​យ៉ាង​យូរ ក្នុង​ហ្គេម​​នេះ​​ ហើយ​វាក៏​​បាន​ធ្វើ​ឱ្យ​ក្រុម​ឥន្ទ្រី​​ខក​ខាន​ឈ្នះ​ជាលើក​ទី​ ២ ក្រោម​ការ​ដឹក​នាំ​របស់​អតីត​កីឡាករ​របស់​ក្រុម​កាំ​ភ្លើង​ធំ Arsenal រូបនេះ ពី​ការ​ប្រកួត​ទាំង ៦​លើក​ដំបូង នា​រដូវ​កាល​នេះ​។​

«​ពួក​យើង​ពិត​ជា​មាន​ការ​ស្រងាក​ចិត្ត​គ្រប់​គ្នា​។ យើង​បាន​លេង​នូវ​ហ្គេម​ដ៏​ល្អ​មួយ ហើយ​ការ​របូត​គ្រាប់​បាល់​ ក្នុង​វិនាទី​ចុង​ក្រោយ​នៃ​ការ​ប្រកួត វា​ពិត​ជា​អ្វី ដែល​ពិបាក​នឹង​ទទួល​យក​ណាស់​»​។ នេះ​ជា​ការ​ពោល​ដោយ​​ខក​ចិត្ត​របស់​លោក Vieira​។

ការ​របូត ២ពិន្ទុ​នេះ ធ្វើ​ឱ្យ​ក្រុម Crystal នៅ​តែ​ស្ថិត​នៅ​លេខ ១៥ ក្នុង​តារាង​ពិន្ទុ​ដដែល ដោយ​មាន​ ៦ពិន្ទុស្មើ​គ្នា​នឹង​ក្រុម​នៅ​ពីលើ​ខ្លួន​ Wolverhampton Wanderers​៕ AFP/VN

ព័ត៌មានថ្មីៗ