ភ្នំពេញ៖ ខ្សែ​ប្រយុទ្ធ កែវ សុខផេង និង សុះ ស៊ូហាណា បានសហការ​គ្នា​យ៉ាង​ល្អ ​ជាមួយ​មិត្ត​រួម​ក្រុម ដើម្បី​វាយ​បក​យក​ឈ្នះ​ក្រុមជម្រើសជាតិ​ហ្គាម ២-១ វិញ សម្រាប់​ការ​ប្រកួតជើង​ទី២ នៃពានរង្វាន់ AFC Asian Cup 2023 នៅ​លើទឹក​ដី​ប្រទេស​បារ៉ែន កាលពី​យប់​ថ្ងៃអង្គារ រំលង​ចូល​ថ្ងៃពុធ​នេះ គឺ​បន្ថែម​ទៅ​លើ​ការ​ឈ្នះ ១-០ កាលពី​ជើង​ទី​១ ដើម្បី​ជួយ​ឱ្យ​កម្ពុជា ឡើង​ទៅ​លេង​នៅ​ជុំ​ទី​៣ ជា​បន្ត​ទៀត។

បើ​ទោះបីជា ក្រុម​ជម្រើសជាតិ​កម្ពុជា មានប្រៀបលើ​ក្រុម​ជម្រើសជាតិ​ហ្គាម ​តាម​រយៈ​ការ​រកបាន​ ១​ គ្រាប់ របស់​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា នៅ​ជើង​ទី១ ប៉ុន្តែ​ការ​ស៊ុត​ទម្លុះ​សំណាញ់​ទី​របស់​ខ្សែ​ប្រយុទ្ធក្រុម​​ហ្គាម Devan Mendiola នៅនាទីទី​៣៦ សម្រាប់ការ​ប្រកួតជើង​ទី២ នៅ​កីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែននេះ បាន​លុប​ចោល​ឱកាស​មាន​ប្រៀប​របស់​កម្ពុជា និង​ធ្វើ​ឱ្យ​កម្ពុជា ធ្លាក់មក​មានសម្ពាធជា​ថ្មី។

ជាមួយគ្នានេះ កីឡាករ​ជម្រើស​ ១១ នាក់​ដំបូង របស់​កម្ពុជា ក៏​លេងមិន​សូវស៊ីចង្វាក់​គ្នា​នោះ​ដែរ សម្រាប់​​ទម្រង់​ជា​ក្រុម នៅ​ក្នុងតង់​ទី១ ពិសេស​ការ​បញ្ចូន​បាល់ឱ្យ​គ្នា​តែ​ម្តង ខណៈ​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ខ្សែ​ការពារ សឿយ វិសាល កីឡាករ​ចាស់​វស្សា គួច សុកុម្ភៈ និង​អ្នក​ចាំទី កែវ សុខសិលា ដែល​ធ្លាប់​ជាប់ជម្រើស​ដំបូង កាលពី​ជើង​ទី១ មិន​ត្រូវបាន​អ្នក​ចាត់ការ​ទូទៅ លោក Keisuke Honda ដាក់ឱ្យ​លេងនៅក្នុង​ការ​ប្រកួត​ជើង​ទី២ នេះ​ទេ។


យ៉ាង​ណា​ក៏​ដោយ ការ​ដាក់​ខ្សែ​ប្រយុទ្ធ កែវ សុខផេង ឱ្យ​ចូល​លេង ជំនួយ ណារ៉ុង កក្កដា នៅនាទីទី៤៦ បាន​ធ្វើ​ឱ្យ​ស្ថាន​ភាព​លេង​របស់​កម្ពុជា មានការ​ប្រែ​ប្រួលមក​ល្អ​វិញ ហើយ​អារម្មណ៍សប្បាយ​រីក​រាយ ក៏​បាន​កើត​មាន​ឡើង​ភ្លាមៗ​ផងដែរ នៅពេល សេត រ៉ស៊ីប លើក​បាល់​ពី​ចម្ងាយ​ទៅឱ្យ កែវ សុខផេង ហើយ សុខផេង បាន​តែត និង​ធាក់បាល់​នោះ ទម្លាក់បន្ត​ទៅ​ឱ្យ សុះ ស៊ូហាណា ស៊ុត​បំប៉ោង​សំណាញ់ទី បាន​សម្រេច នៅនាទីទី៤៨ នោះ។


បន្ថែម​ទៅ​លើ​ការ​ជួយ​បង្កើតឱកាស​ឱ្យ​ សុះ ស៊ូហាណា រកបាន​គ្រាប់បាល់​តាមស្មើ​នេះ កែវ សុខផេង ដដែល បាន​រត់​យ៉ាង​លឿន ទៅ​ឆាបយក​បាល់​ចេញពីការ​ចាប់​ភ្លាត់​ ធ្លាក់ពី​ដៃ​របស់​អ្នក​ចាំទី​ Dallas Jaye រួច​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ ដើម្បី​ជួយ​ឱ្យ​កម្ពុជា នាំ​មុខ ២-១ នៅនាទីទី​៥៥ ហើយ​ក៏ជា​គ្រាប់បាល់​ជ័យជម្នះ​ចុង​ក្រោយ សម្រាប់ការ​ប្រកួតនេះផងដែរ ដើម្បី​ជួយ​ឱ្យ​កម្ពុជា ឈ្នះ​កៅអី បាន​ទៅ​លើ​នៅជុំ​ទី​៣ នៃ​ពាន​រង្វាន់ AFC Asian Cup 2023 នេះ។

បន្ថែម​លើនេះ សម្រាប់ការ​រក​បាន​ជ័យជម្នះ​ដ៏សំខាន់នេះ ក្រុមជម្រើសជាតិ​កម្ពុជា ក៏​ទទួលបាន​ប្រាក់រង្វាន់លើក​ទឹក​ចិត្ត​ដ៏​ច្រើន​ពីលោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ គឺ​មាន​ចំនួន​ដល់​ទៅ ១០ ម៉ឺនដុល្លារ ហើយថវិកា​​នេះ នៅមិនទាន់គិត​ពី​ការ​ចូល​រួម​ឧបត្ថម្ភពី​សប្បុរស​ជនជិត​ឆ្ងាយមួយចំនួន​ទៀតនៅ​ឡើយ​ទេ។

សម្រាប់​ការ​ចូល​រួម​ឧបត្ថម្ភ​ទឹក​ប្រាក់ ១០ ម៉ឺន​ដុល្លារ​នេះ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​សរសេរ​បង្ហោះ​នៅ​ផេចហ្វេសប៊ុក​ផ្លូវការ​របស់​លោក នៅ​ថ្ងៃ​ពុធ​នេះ​ថា៖​«​ខ្ញុំ​សូម​អបអរ​សាទរ ចំពោះ​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ទទួល​បាន​ជ័យជំនះ​លើ​ក្រុម​កីឡាករ​ក្រុម​កោះ​ហ្គាម​របស់​អាមេរិក ក្នុង​ជំនួប​ជើង​ទី ២ នៃវគ្គជម្រុះ Play-Off នៅ​កីឡដ្ឋាន Khalifa Sport City ប្រទេស​បារ៉ែន និង​សូម​ឧបត្ថម្ភ​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​ឈ្នះ​លើ​ការ​ប្រកួត​នេះ ចំនួន ១០០​ ០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជាការលើកទឹកចិត្ត»។

លោក​នាយក​រដ្ឋមន្រ្តីបានបន្ថែម​ថា៖ ​«ថវិកានេះ សូមទទួលពី​ ឯកឧត្តម សៅ សុខា ប្រធាន​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា។ ខ្ញុំ​សូម​កោតសរសើរ ចំពោះ លោក Honda ដែល​បាន​ដឹកនាំ​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា ទទួលបានជោគជ័យនេះ»៕