ភ្នំពេញ៖ ក្រុមជម្រើសជាតិជប៉ុន​អាយុ​ក្រោម​ ២៣ ​ឆ្នាំ បាន​បង្ហាញឱ្យ​ឃើញ​យ៉ាង​ច្បាស់ថា ពួកគេ ជា​ក្រុម​ខ្លាំង ដែល​មិនបណ្តោយ​ឱ្យក្រុម​មាន​បទពិសោធ​នៅ​ក្មេង​ខ្ចី ​របស់​កម្ពុជា អាចទម្លុះ​សំណាញ់ទី​​របស់​ពួក​គេ បាន​នោះ​ទេ តាម​រយៈការ​យក​ឈ្នះ ៤-០ សម្រាប់​ការ​ប្រកួត​ជម្រុះ​​ប្រចាំ​ពូល ​K នៃ​ពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 នៅ​កីឡដ្ឋាន J-Village ប្រទេស​ជប៉ុន ដែល​ទើប​បាន​បញ្ចប់មុននេះ​បន្តិច។


បើ​ទោះបីជា ក្រុម​ជម្រើសជាតិកម្ពុជា​អាយុ​ក្រោម ​២៣ ​ឆ្នាំ មាន​សមត្ថ​ភាព​ អាច​យក​ឈ្នះក្រុម U23 ហុងកុង ៤-២ សម្រាប់ការ​ប្រកួត​បើក​ឆាក ប៉ុន្តែ កម្ពុជា មិនអាច​ទប់​ទល់​ជាមួយ ទម្រង់លេង​ដ៏​ល្អ​របស់​​ក្រុម​ម្ចាស់​ផ្ទះ ជប៉ុន បាន​នោះ​ទេ គឺ​ពួកគេ បាន​របូត ​២ ​គ្រាប់ នៅ​ក្នុងតង់ទី​១ និង​បន្ត​របូត​ ២ ​គ្រាប់​ទៀត នៅ​ក្នុងតង់​ទី​ ២ ជាមួយការ​ចាញ់​ ៤-០។

យ៉ាង​ណា​ក៏​ដោយ តាម​រយៈការ​ប្រកួត​នេះ ក្រុម​កម្ពុជា ពិតជា​បាន​បង្ហាញ​ការ​លេងដោយ​ឆន្ទៈ និង​គ្មានការ​ភ័យ​ខ្លាច គឺពួកគេ បាន​ព្យាយាម​បិទ និង​គ្រប់​គ្រង​បាល់ ដើម្បី​វាយបក​ទៅលើ​ក្រុម​ជប៉ុន ផងដែរ គ្រាន់តែ​គ្មានឱកាស​ស៊ុត​បាល់ បានពេញ​ជើង​ល្អ ហើយ​សកម្មភាព​នេះ បាន​បង្ហាញ​ថា កម្ពុជា ពិតជា​ហ៊ាន​លេង ដែលស្រប​ទៅតាម​​ការ​ចង់បាន​របស់​​គ្រូ​បង្គោល​លោក Ryu Hirose ដោយ​បាន​លើក​ឡើង មុនការ​ប្រកួត​ថា ​កម្ពុជា នៅតែ​ឈរលើ​គោលការណ៍លេងបាល់​តាម​របៀប​របស់​ខ្លួន ទោះ​​ក្រុមជប៉ុន មានកម្រិតលេង​​លើ​ កម្ពុជា​។


ជាមួយគ្នានេះ ដើម្បី​ការ​អភិវឌ្ឍគុណ​ផល នៃ​ការ​លេង​របស់​ក្រុម​ U23 កម្ពុជា លោក Ryu Hirose ក៏បាន​ផ្លាស់ប្តូរ​ឱ្យ​កីឡាករ​វ័យក្មេង មាន​បទពិសោធ​នៅ​ក្មេងខ្ចី ដូចជា ឡេង ណូរ៉ា, ស រតនា និង​កីឡាករ​មួយចំនួន​ទៀត ​បាន​ចូល​លេង នៅក្នុងជំនួបនេះ​ផងដែរ ដើម្បី​អភិវឌ្ឍ​សមត្ថភាពបន្ថែម ក្នុង​ទិសដៅ​ពង្រឹង​សមត្ថ​ភាព​របស់​ពួកគេ ត្រៀម​ឆ្ពោះ​ទៅកាន់​ការ​ប្រកួត​ស៊ីហ្គេម ជាពិសេស​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើជា​ម្ចាស់​ផ្ទះ។


តាម​រយៈការ​ចាញ់​ក្រុម​ជប៉ុន ៤-០ សម្រាប់ការ​ប្រកួត​លើក​ទី ​២ ចុង​ក្រោយ​​របស់​ខ្លួននេះ ក្រុម​កម្ពុជា បាន​ធ្លាក់ពី​លេខ ​១ ទៅ​ឈរ​នៅលេខ​ ២ ឯ​ក្រុមជប៉ុន បាន​ឡើង​ទៅ​ឈរ​នៅ​លេខ ​១ ហើយ​ក៏​ជា​ក្រុម ដែល​អាច​នឹង​គ្រប់​គ្រង​ទី​តាំង​នេះ ដើម្បី​ឡើង​ទៅ​លេង​នៅវគ្គ​បន្ត ក្នុងនាមជា​ក្រុមលេខ ​១ តំណែង​ពូល ​K នេះ​ផងដែរ បើទោះបីជា ពួកគេ នៅ​សល់​ការ​ប្រកួត​មួយ​ទៀត ជាមួយ​ក្រុម​ហុងកុង នៅ​ថ្ងៃទី​ ២៨ ខែតុលា ក៏ដោយ។


ចំណែក​ក្រុម​ U23 កម្ពុជា ក៏​នៅ​សល់ឱកាស​តិច​តួច ក្នុងការ​ចាំ​អ៊ុតមើល​ ពី​ឱកាស​​របស់​ខ្លួន​​ផងដែរ ព្រោះ​បើ ជប៉ុន បន្ត​យក​​ឈ្នះ​ក្រុម​ហុងកុង នោះ​កម្ពុជា នឹង​ឈរ​នៅ​លេខ​២ ដែលនឹ​ង​ត្រូវ​ធ្វើការ​វាយ​តម្លៃ និង​ប្រៀប​ធៀប​ជាមួយក្រុម​លេខ ​២ របស់បណ្តាពូល​ចំនួន​ ៩​ ទៀត ដើម្បី​រក​ក្រុមលេខ​ ២ ​ល្អ ចំនួន ​៤ ​ក្រុម សម្រាប់​ឡើង​ទៅ​ប្រកួត​វគ្គ​បន្ត ជាមួយ​ក្រុមលេខ ​​១ នៅតាមពូល​ទាំង ១០ នៅប្រទេស Uzbekistan៕