ភ្នំពេញ៖ ប្រដាល់​គុន​ខ្មែរ​អលស្តា​រ វគ្គ​ ២​ ដែល​​មាន​ការ​ប្រកួត​ច្រើន​ទម្រង់ មាន​ប្រដាល់​គុនខ្មែរ ប្រដាល់​សកល ប្រដាល់ឃីកបុកស៊ី ​ប្រដាល់គុនខ្មែរ​រុំអំបោះ​ឆៅ និងការប្រកួត​ផ្តាច់​ព្រ័ត្រ ដណ្តើម​ខ្សែ​ក្រវាត់ ពន្លកគុនខ្មែរ សរុបចំនួន ​១០ គូ​ ហើយបាន​ធ្វើ​ឡើង កាលពី​យប់​ថ្ងៃ​ពុធ​នោះ បាន​ទទួលការ​គាំ​ទ្រទ្វេដង។


ទោះ​ព្រឹត្តិការណ៍នេះ ជា​លក្ខណៈ​ឯក​ជន​ ប៉ុន្តែ​ការ​ប្រកួត ត្រូវ​បាន​បាន​ធ្វើ​ឡើង ក្រោម​អធិបតី​ភាព លោក ​ខៀវ ​កាញា​រិទ្ធិ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​​ប្រធាន​សហព័ន្ធ​កីឡាផ្នែក​ប្រដាល់​​ទាំង ​៣ ​ព្រម​ទាំង​មន្ត្រី​ពាក់​ព័ន្ធ​កីឡា​ជា​ច្រើន​ទៀត​។ ​ជា​មួយ​គ្នានេះ ​ស្ថានីយទូរទស្សន៍ជាតិ​កម្ពុជា​ បាន​ទទួល​ផ្សាយ​ផ្ទាល់​ ខណៈ​​ដែល​សមាភាព​អ្នក​ប្រដាល់​ទាំង ​១០ ​គូ​ សុទ្ធ​តែ​ជ្រើស​រើស​ចេញ​មក​ប្រ​កួត​ជា​កីឡាករ​លំដាប់​ជួរ​មុខ ​ធ្វើ​ឱ្យ​​កម្ម​វិធី​ប្រ​កួត ​មាន​អ្នក​ចូល​មើល​តាម​អន​ឡាញ​សរុប​ពេល​ចប់​ការ​ប្រ​កួត​ មាន​ចំនួន​ដល់​ទៅ​ 462 K​។​

លោក​ ស៊ន​ អេលីត​ ​ស្ថាបនិក ​និង​ជា​អ្នក​គ្រប់​គ្រង​ការ​ប្រ​កួតនេះ ​បានប្រាប់​​ថា​៖​«ដោយមាន​​ការ​គាំ​ទ្រខ្លាំង ​​ពី​មហា​ជន ​វិស័យ​ឯក​ជន ​និង​ទូរទស្សន៍​ជាតិ​កម្ពុជា​ បាន​ធ្វើ​ឱ្យ​​កម្ម​វិធីគុនខ្មែរ​អលស្តារ វគ្គ ​២ ​កាន់​តែ​ល្អ​ជាង​មុន​ទ្វេ​ដង ​និង​មាន​ថ្នាក់​ដឹង​នាំ ​ចូល​រួម​គាំ​ទ្រ​ច្រើន​គួរ​ឱ្យ​​មោទនៈ​។​ ​តែទោះ​ជា​យ៉ាង​ណា ​កម្ម​វិធី​គុន​ខ្មែរ​អល​ស្តារ នៅ​​មិន​ទាន់​កំណត់​ពេល​វេលា ការ​រៀបចំ​​ជាលើក​ទី ​៣ ឬវគ្គ​ ៣ ​នៅ​ឡើយទេ ​ព្រោះ​​ការ​ចំណាយ​ពេល​ប្រកួត ​លើក​ទី២ ​នេះ ​សរុប​ជិត ២០​ ០០០​ ម៉ឺន​ដុល្លារ​ទៅ​ហើយ​»។​


ចំណែក​ លោក​ តែម ​ម៉ឺន​ ប្រធាន​សហព័ន្ធកីឡា​ប្រដាល់​គុន​ខ្មែរ​ បាន​ថ្លែង​ថា​៖ «​កម្ម​វិធី​ប្រដាល់​​គុន​ខ្មែរ​អលស្តារ ​លើក​ទី២​ នេះ ​ល្អ​ណាស់ និង​​ប្លែក ជា​ពិសេស​អាច​ចូល​ប្រ​កួត​បានដល់​​ទៅ​ ​​៣ ​សហប័ន្ធ​ គឺ​មាន​ប្រដាល់​គុន​ខ្មែរ​, ប្រដាល់​សកល​ និង​ប្រដាល់​ឃីក​បុក​ស៊ីង​ ហេតុ​នេះ ​ខ្ញុំ​ក្នុង​​នាមឱ្យ​​សហព័ន្ធ ​ក៏​ដូច​ខ្លួនខ្ញុំ​ផ្ទាល់ គឺ​ពេញ​ចិត្ត​ ព្រម​ទាំង​គាំ​ទ្រ​ខ្លាំង​ណាស់​ ហើយ​ការ​ប្រកួត​នេះ ក៏​​ស្រប​ទៅ​នឹង​ផែន​ការ​យុទ្ធសាស្ត្រ​របស់​ប្រដាល់​គុន​ខ្មែរ​ផង​ដែរ»​។​



ចំពោះ​លោក​ ខៀវ ​កាញារិទ្ធិ​ ​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​គាំ​ទ្រ​កម្ម​វិធី​នេះ​ និង​បាន​សហការ​ដោយ​មាន​ទូរទស្សន៍​ជាតិ​កម្ពុជា​ ជួយ​ផ្សាយ​ផ្ទាល់​ ជូន​បង​ប្អូន​ទស្សនា​ទៀត​ផង​ ហើយ​នៅ​ពេល​ខាង​មុខ ​និង​ជា​បន្ត​បន្ទាប់ ​ទូរទស្សន៍​​ជាតិ​កម្ពុជា ​នឹង​បន្ត​សហការ​ជា​មួយ​កម្ម​វិធី​នេះ​ ដើម្បី​ផ្សាយ​ផ្ទាល់​ ​តាម​ការ​រៀប​ចំ​ឯក​ភាព​គ្នា»​។​

សម្រាប់​លទ្ធផល​ការ​ប្រ​កួត​វិញ ​អ្នក​ទស្សនា​ភាគ​ច្រើន​លើស​លុប ​បាន​កោត​សរសើរ​ដល់​ការ​ប្រឹង​ប្រែង​របស់​ លោក ​ស៊ន ​អេលីត​ ដែល​ជា​ស្ថាបនិក​ និង​ក្រុម​ការងារ​ស្ម័គ្រ​ចិត្ត​របស់​លោក ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ក្នុង​ការ​រៀបចំ​ប្រកួត ​ទើប​សម្រេច​បាននូវ​​លទ្ធផល​គួរ​ឱ្យ​​មោទនៈ​បែប​នេះ​។

​តាម​រយៈការ​ប្រកួត​នោះ ​កីឡាករវ័យ​ក្មេង ​ឆូយ​ សុថាត់​ ​បាន​ក្លាយ​ជា​ម្ចាស់​​ខ្សែ​ក្រវាត់​​ ប្រភេទ​ទម្ងន់ ​៤៥​ គីឡូក្រាម និង​ប្រាក់​រង្វាន់​សរុប​ចំនួន ​៤ លាន​រៀល ​ក្រោយ​ផ្តួល​កីឡាករ ​អេលីត ​សំណាង​ ឱ្យ​​សន្លប់​ទឹក​ទី៣ នៅក្នុងការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ នៃ​កម្ម​វិធី​ពន្លកគុនខ្មែរ។

ចំណែក​ការ​ប្រកួត​លក្ខណៈ​ឃីកបុកស៊ីង ​កាន់ ​ម៉េង​ហុង ​ឈ្នះពិន្ទុ​ ​ខាំ ​ខ្លានាង ​រីឯ ​គង់ ​សំបូរ​ ឈ្នះ ​សោម​ ពិសិដ្ឋ ​ដោយ​ពិន្ទុ ហើយ ​អេលីត ​សាន់​ ក៏​បាន​ឈ្នះ ​វ៉ាន់ ​វឿន ដោយ​ពិន្ទុ​ដែរ​​ តែ ​លន ​បញ្ញា​ បាន​វ៉ៃ​ឱ្យ ​វី ​សម្ភស្ស​ ​ខូច​ដៃ នៅ​​ទឹកទី​២​ ខណៈ​ ឃីម ​បូរ៉ា​ បាន​ឈ្នះ​ពិន្ទុ អេលីត​ ចំរើន​ វិញ សម្រាប់ប្រកួត​គុនខ្មែរ​ ៣ ទឹក។ ចំពោះការ​វ៉ៃ​រុំអំបោះ​ឆៅ ធន់ ចាន់តាក់ បាន​ផ្តួល អេលីត ភក្តី នៅដើមទឹកទី១ និង ​ឡៅ ​ចន្ទ្រា​ បាន​ឈ្នះ​ ផល ​សោភ័ណ្ឌ​ ដោយ​ពិន្ទុ​៕​