
ខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង ត្រូវបានគេសែងចេញពីទីលាន ក្រោយជួបហេតុអាក្រក់ បាក់កជើង កាលពីថ្ងៃសៅរ៍។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
ភ្នំពេញ៖ ពន្លឺនៃក្តីសង្ឃឹម ក្នុងការឆ្ពោះទៅរកការឈ្នះពានលីគកំពូលកម្ពុជាជាលើកដំបូងរបស់ក្រុមវិសាខានៅរដូវកាលនេះ បានប្រែជាស្រអាប់វិញ បន្ទាប់ពីពួកគេមិនអាចការពារ ការមានប្រៀបលើក្រុមលេខ ១ ភ្នំពេញក្រោន បាននោះ ហើយតាមរយៈការប្រកួតដ៏ក្តីគគុកនោះ ខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង ក៏បានជួបការប៉ះទង្គិចគ្នា រហូតដល់បាក់កជើងខាងស្តាំ និងត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ ភ្លាមៗ ផងដែរ។
សម្រាប់ការជួបគ្នារវាងក្រុមទាំង ២ នៅកីឡដ្ឋានព្រីនស៍ កាលពីថ្ងៃសៅរ៍ កន្លងមកនេះ ត្រូវបានគេចាត់ទុកថា ជាការប្រកួតផ្តាច់ព្រ័ត្រ ព្រោះក្រុមដែលដណ្តើមបាន ៣ ពិន្ទុ ជាពិសេសក្រុមឈរនៅលេខ ១ ស្រាប់ ភ្នំពេញក្រោន នឹងក្លាយជាម្ចាស់ជើងឯក ដោយស្វ័យប្រវត្តិតែម្តង បើទោះបីជា នៅសល់ ១ ប្រកួតទៀត ក៏ដោយ។
តាមរយៈការប្រកួតយ៉ាងក្តៅគគុក ក្រោមដំណក់ទឹកភ្លៀងនោះ កីឡាករកូរ៉េខាងត្បូង Lee Jaegun អាចនាំយកភាពកក់ក្តៅ ឱ្យក្រុមម្ចាស់ផ្ទះ វិសាខា បានយ៉ាងលឿន តាមរយៈគ្រាប់បាល់បើកឆាករបស់គេ នៅត្រឹមនាទីទី ៥ ប៉ុន្តែការបង្កើតកំហុសរបស់ខ្សែការពារ កែន ច័ន្ទសុភ័ក្ត្រ ដែលបានស្ទាយយកបាល់ទៅប៉ះ អូន ចាន់ប៉ូលីន ឱ្យដួល នៅក្នុងតំបន់គ្រោះថ្នាក់នោះ នាំឱ្យលោកអាជ្ញាកណ្តាល ផ្តល់បាល់ ១១ ម៉ែត្រ ឱ្យទៅក្រុមភ្នំពេញក្រោន ហើយខ្សែបម្រើប្រយុទ្ធ Nieto ជាអ្នកធ្វើបានសម្រេច នៅនាទីទី២៤។

រ៉ឹង ប៊ុនហៀង បានទាត់បាល់ទៅប៉ះជង្គង់របស់ អ៊ន ចាន់ប៉ូលិស ដែលបណ្តាលឱ្យបាក់កជើងខាងស្តាំ។ រូបថត CAMSOC
ជាមួយការស្មើគ្នា ១-១ នេះ ក្រុមទាំង ២ បានបង្កើតការវាយបកគ្នា កាន់តែខ្លាំង ព្រោះទាំង វិសាខា និង ភ្នំពេញក្រោន សុទ្ធតែចង់ឈ្នះខ្លាំងដូចគ្នា ប៉ុន្តែមិនមានគ្រាប់បាល់ណាផ្សេង ត្រូវបានទាត់បញ្ចូលទី ទៀតនោះទេ គឺក្រុមទាំង ២ នេះ បានរក្សាលទ្ធផលស្មើគ្នា រហូតដល់ចប់ការប្រកួត។
ការចែកគ្នាម្នាក់ ១ ពិន្ទុនេះ បានជួយធ្វើឱ្យក្រុមភ្នំពេញក្រោន នៅតែមានភាគរយខ្ពស់ ក្នុងការឈានទៅរកការឈ្នះពាន ដោយមាន ២ ពិន្ទុលើ វិសាខា ដដែល តែពន្លឺនៃក្តីសង្ឃឹមរបស់ វិសាខា បានថយចុះ ព្រោះការមាន ៤១ ទល់ ៣៩ ពិន្ទុ វាធ្វើឱ្យពួកគេ នៅសល់ឱកាសមិនច្រើនទេ ខណៈការប្រកួត នៅសល់តែ ១ លើកទៀតនោះ គឺលុះត្រាតែ ភ្នំពេញក្រោន ជួបការបរាជ័យ នៅក្នុងជំនួបបិទរដូវកាល ហើយ វិសាខា ឈ្នះបាន ៣ ពិន្ទុ ទើបអ្វីៗ មានការប្រែប្រួលវិញ។
យ៉ាងណាក៏ដោយ ក្រោយលទ្ធផលស្មើគ្នា ១-១ នេះ ក្រុមវិសាខា បានបង្ហាញការខកចិត្តរួចទៅហើយ ព្រោះពួកគេដឹងថា ឱកាសក្នុងការប្រជែងយកពាន ជាលើកដំបូង ក្នុងរដូវកាលនេះ វាស្ទើរតែលែងមានទៅហើយ សម្រាប់ពួកគេ ហើយបន្ថែមពីលើការខកចិត្តនេះ វិសាខា ក៏បានជួបរឿងសង្វេគមួយទៀតផងដែរ ខណៈមិត្តរួមក្រុមរបស់គេ រ៉ឹង ប៊ុនហៀង បានបាក់កជើង ត្រូវបានដឹកទៅវះកាត់ភ្លាមៗនៅមន្ទីរពេទ្យនោះ។

កីឡាករ Lee Jaegun (ខៀវ) ជាអ្នករកបានគ្រាប់បាល់ឱ្យក្រុមវិសាខា ប្រជែងយកបាល់ពីខ្សែការពារ Ose Takaki របស់ភ្នំពេញក្រោន។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
នៅក្នុងឆាកប្រយុទ្ធដណ្តើមយក ៣ ពិន្ទុយ៉ាងពុះកញ្រ្ជោលនោះ រ៉ឹង ប៊ុនហៀង បានទាត់ទៅប៉ះជង្គង់ប្រធានក្រុមរបស់ភ្នំពេញក្រោន អ៊ន ចាន់ប៉ូលីន ហើយអ្នកទាំង ២ នេះ បានដួលដេក បង្ហាញការឈឺចាប់ នៅលើទីលានរៀងៗខ្លួន នៅក្នុងនាទីទី ៥៦ និងត្រូវបានប្តូរចេញដូចគ្នា ប៉ុន្តែចំពោះ រ៉ឹង ប៊ុនហៀង ដែលបានសែងចេញពីទីលាននោះ ត្រូវបានពិនិត្យឃើញថា បានបាក់កជើង។
គ្រួសារបាល់ទាត់វិសាខា ព្រមទាំងអ្នកតាមដានការប្រកួតនេះ បានបង្ហាញការអាណិតអាសូរខ្លាំង ទៅដល់ រ៉ឹង ប៊ុនហៀង ដែលបានជួបហេតុការណ៍ដ៏អាក្រក់នេះ ហើយម្នាក់ៗ បានបង្ហោះសារ បួងសួងឱ្យខ្សែប្រយុទ្ធពាក់លេខ៩រូបនេះ វះកាត់ប្រកបដោយជោគជ័យ និងឆាប់បានជាសះស្បើយ ដើម្បីអាចវិលមកកាន់ទីលាន ជាថ្មី។
សម្រាប់ការប្រកួត កាលពីថ្ងៃសៅរ៍នោះដែរ ខ្សែប្រយុទ្ធ Privat រកបាន ៤ គ្រាប់តែម្នាក់ឯង ដើម្បីជួយឱ្យ ក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង លត់ក្រុមគិរីវង់សុខសែនជ័យ ៦-០ ដើម្បីបន្តឈរនៅលេខ ៣ ដោយមាន ៣៩ ពិន្ទុ ស្មើក្រុមវិសាខា ដែរ រីឯ បឹងកេត បានស្មើ ១-១ ជាមួយអង្គរថាយហ្គឺរ ហើយណាហ្គាវើលដ៍ បានឈ្នះ ក្រុមកងយោធពលខេមរភូមិន្ទ ៣-១។

សកម្មភាពប្រកួតរវាងក្រុមវិសាខា និងភ្នំពេញក្រោន ដែលបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ នៅកីឡដ្ឋានព្រីនស៍។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
ជាមួយគ្នានេះ ក្រុមសូលទីឡូអង្គរ បានត្រឹមស្មើ ១-១ ជាមួយក្រុមខេត្តព្រៃវែង ហើយលទ្ធផលនេះ បានបញ្ជាក់ថា ក្រុមដែលបង្កើតឡើងដោយលោក Keisuke Honda មួយនេះ នឹងត្រូវកាត់ចេញពីការប្រកួតលីគកំពូលកម្ពុជា នៅឆ្នាំនេះ ដោយធ្លាក់ទៅលេង នៅលីគទី ២ វិញ សម្រាប់ឆ្នាំ ២០២២៕