ភ្នំពេញ៖ អ្នកចាត់​ការ​ក្រុមជម្រើសជាតិ​កម្ពុជា លោក Keisuk Honda បាន​មើល​ឃើញ​ថា ក្រុម​កម្ពុជា គួរ​តែ​អាច​ស៊ុត​បញ្ចូលទី​បាន​ ១ ឬ ២ ​គ្រាប់ ជាពិសេស​នៅតង់ទី​១ ប៉ុន្តែ​កម្ពុជា បែរ​ជា​មិនអាច​ធ្វើ​បាន ហើយ​​បានបន្ត​ចាញ់​ក្រុម​ម៉ាឡេស៊ី ៣-១ នៅ​ក្នុងការ​ប្រកួត​បើក​ឆាក ប្រចាំពូល​B ​នៃ​ពានរង្វាន់ AFF Suzuki Cup 2020 កាលពី​យប់​ថ្ងៃ​ចន្ទ ម្សិលមិញ។


វីរបុរសបាល់​ទាត់របស់ជប៉ុន Keisuke Honda ដែលបាន​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហបុរី ដើម្បី​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដោយ​ផ្ទាល់​នោះ បាន​ដាក់​កីឡាករ​សុទ្ធ​តែ​​ជម្រើស​ល្អៗ ដើម្បី​ប្រកួត​ជាមួយ​ក្រុម​ម៉ាឡេស៊ី ព្រោះ​អ្នក​ចាត់ការ​រូបនេះ ពិត​ជា​ចង់​ឃើញ​​ក្រុម​កម្ពុជា អាច​កែប្រែ​​ប្រវត្តិសាស្រ្ត​ជូរ​ចត់​របស់​ខ្លួន​បាន សម្រាប់ការ​ជួប ម៉ាឡេស៊ី ក្នុង​ពាន​រង្វាន់ AFF Suzuki Cup នេះ ប៉ុន្តែ​កម្ពុជា នៅតែ​គេច​មិន​ផុត​ពី​ការបន្ត​​ចាញ់។

​«​ខ្ញុំគិត​ថា យើងគួរ​តែ​ស៊ុត​បាន​ ១ ​គ្រាប់ ឬ ២​ គ្រាប់ ជាពិសេស​ នៅ​តង់ទី​ ១ ដែល​យើង​មាន​ឱកាស​​ច្រើន​ដង ប៉ុន្តែ​មិន​ថ្មី​ទេ ព្រោះ​ដូច​អ្នក​​គ្រប់​គ្នា ​បាន​ឃើញ​ហើយ​ថា ​ការ​លេងជាមួយ​ ក្រុម​ម៉ាឡេស៊ី វាមិនងាយស្រួលនោះ​ទេ»។ លោក Keisuke Honda បាន​លើក​ឡើង​បែប​នេះ នៅ​ក្នុង​សន្និសីទកាសែត ក្រោយការ​ប្រកួត បាន​បញ្ចប់ កាលពី​យប់ថ្ងៃ​ចន្ទ ម្សិល​មិញ។



ជាមួយ​គ្នា​នេះ ​លោក Keisuke Honda បាន​លើក​ទឹក​ចិត្ត និង​ជំរុញ​ដល់​ក្រុម​​កម្ពុជា តាំង​ពី​មុនការ​ប្រកួត​ចាប់​ផ្តើម ថា​ត្រូវខំ​ប្រឹង​ ដើម្បី​កែ​ប្រែ​ប្រវត្តិសាស្រ្ត​របស់​ខ្លួន ព្រោះ​​កម្ពុជា មិនធ្លាប់​ឈ្នះ​ ម៉ាឡេស៊ី សោះ ក្នុង​ពាន​​រង្វាន់ AFF Suzuki Cup នេះ គឺ​កម្ពុជា​បាន​ចាញ់​ក្រុម​ម៉ាឡេស៊ី ៣-០ កាលពី​ឆ្នាំ​ ២០០០ ហើយ​បាន​បន្ត​ចាញ់ ៣-២ កាលពី​ឆ្នាំ​២០១៦ និង​ចាញ់ ១-០ កាល​ឆ្នាំ​ ២០១៨។


លោក Keisuke Honda បាន​បញ្ជាក់​ថា៖​ «​វា​ជា​ប្រវត្តិសាស្រ្ត! ដូច​ដែល​ខ្ញុំបាន​ប្រាប់​កីឡាករថា យើង​មិន​ដែល​ឈ្នះ ម៉ាឡេស៊ី នោះ​ទេ នៅ​​ក្នុង​ពាន​រង្វាន់បាល់​ទាត់​អាស៊ាន​នេះ ដូច្នេះ​វាជា​ឱកាស​របស់​យើង។ តែ​ទោះបីជា​យ៉ាងណា យើង​បាន​ប្រឹង​ប្រែងណាស់​ហើយ ហើយ​ខ្ញុំ​មាន​មោទ​ន​ភាព ចំពោះ​ក្រុមការងារ​ និង​កីឡាករ​ទាំង​អស់»។

សម្រាប់​ការ​ប្រកួតនៅ​ ពហុកីឡដ្ឋាន Bishan Stadium ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​ចន្ទ​នោះ ក្រុម​កម្ពុជា បាន​បង្ហាញ​ទម្រង់​លេងល្អ នៅដើម​តង់ទី​ ១ ប៉ុន្តែ​អ្វីៗ ​បាន​ប្រែ​ប្រួល នៅ​ពេល​​ខ្សែ​ការពារ កែន ច័ន្ទសុភ័ក្រ្ត បាន​បង្កើត​កំហុស ដោយ​បានជ្រុលជើង​ធាក់​ឱ្យ​កីឡាករម៉ាឡេស៊ី ដួល នាំ​ឱ្យ​អាជ្ញា​កណ្តាល​ពិន័យបាល់​ ១១ ម៉ែត្រ ហើយ កីឡាករ Safawi ជាអ្នក​ស៊ុត​បាន​សម្រេចឱ្យ ម៉ាឡេស៊ី នៅ​នាទីទី​ ២៣​។

ជាមួយ​ការចាញ់ប្រៀប ១-០ នេះ ក្រុម​កម្ពុជា បាន​បង្កើនការ​វាយ​លុកជា​បន្ត​បន្ទាប់ ក្នុង​បំណង ​រក​គ្រាប់បាល់​បាន​​វិញ ប៉ុន្តែ​ការ​ព្យាយាម​វាយបក​លឿនៗ ប្រកប​ដោយ​ភាព​ច្បាស់លាស់​របស់ ម៉ាឡេស៊ី បាន​ផ្តល់ឱកាស​ឱ្យ ​ខ្សែ​ប្រយុទ្ធ Akhyar និង Kogileswaran រក​បាន​ម្នាក់​ ១​ គ្រាប់​ទៀត ​នៅនាទីទី ​៦១ និងទី ​៧៨ គឺ​មុនពេល សេត រ៉ស៊ីប រក​បាន ១ គ្រាប់ឱ្យ​កម្ពុជា តាម​រយៈការ​ស៊ុត​បាល់ពិន័យ ១១ ម៉ែត្រ បាន​សម្រេច នៅនាទីទី ៩០។

ការចាញ់​ក្រុម​ម៉ាឡេស៊ី ៣-១ នេះ វា​បាន​បន្ថែម​សម្ពាធកាន់តែ​ធ្ងន់​ សម្រាប់​ក្រុម​កម្ពុជា ក្នុងការ​ឈាន​ទៅ​ប្រកួត​លើក​ទី​ ២ ជាមួយ​ក្រុម​ជម្រើសជាតិឥណ្ឌូនេស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍ ខាងមុខ​នេះ ចំណែក​ក្រុមឡាវ ក៏បានជួបការ​បរាជ័យ នៅ​ថ្ងៃ​ប្រកួតបើក​ឆាកនេះ ផងដែរ ដោយ​ពួកគេ បានចាញ់​ក្រុមការពារ​តំណែង​ជើង​ឯក វៀតណាម ២-០ កាលពី​យប់​ថ្ងៃចន្ទ នោះ​​ដែរ៕