​ទ្រី​យ៉ា​ត្លុងបោះជំរំ​ហ្វឹកហាត់នៅ​កែប ត្រៀម​ព្រឹត្តិការណ៍​ធំៗ​

Content image - Phnom Penh Post
សកម្ម​ភាព​ហ្វឹកហាត់​របស់​ក្រុមជម្រើសជាតិកីឡាទ្រីយ៉ាត្លុង​កម្ពុជា នៅ​លើទឹក​ដី​ខេត្ត​កែប​​។ រូបថត សហ​ការី

​ភ្នំពេញៈ សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បាន​បើក​យុទ្ធនាការ​ហ្វឹកហាត់​បោះជំរំ​ជា​លក្ខណៈ​ស្តង់ដា​អន្តរជាតិ សម្រាប់​ក្រុម​ជម្រើសជាតិ​របស់ខ្លួន នៅលើ​ទឹកដី​ខេត្ត​កែប ដែលជា​ភូមិសាស្ត្រ​អំណោយ​​ផល​ដល់​កីឡា​ប្រភេទ​នេះ ហើយ​គ្រូបង្វឹក​មកពី​ប្រទេសអ៊ី​តា​លី នូ​វែ​ល​សេ​ឡង់ និង​គ្រូ​​ជម្រើសជាតិ​កម្ពុជា ដែលមាន​អាជ្ញាប័ណ្ណ​កម្រិត​អន្តរជាតិ ជា​អ្នក​បង្វឹក​ដោយផ្ទាល់ ខណៈ​យុទ្ធនាការ​នេះ បានចាប់ផ្តើម​តាំងពី​ថ្ងៃទី ​៤ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ ​១១ ខែ ធ្នូ ឆ្នាំ ​២០២១​។​

​លោក ងិន សុ​បញ្ញា អគ្គ​​លេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បាន​ប្រាប់ថា កម្មវិធី​បោះជំរំ​ហ្វឹកហាត់ ដែល​រៀបចំ​ដោយ​សហព័ន្ធ​នេះ មាន​រយៈពេល​ ៨ ​ថ្ងៃ ដោយមាន​កីឡាករ​-​កីឡាការិនី​ជម្រើស​ជាតិ​ចំនួន ​១៤ ​នាក់ និង​បម្រុង​ជម្រើសជាតិ​ ៦​នាក់​ទៀត ហើយ​ការហ្វឹកហាត់​នេះ មាន​ទម្រង់​ជា​លក្ខណៈ​សិក្សា​ជា​មួយ​គ្រូ​កម្រិត​អន្តរជាតិ​ចំនួន​ ៣ ​នាក់ ក្នុងនោះ​ ២ ​នាក់ ​ជា​គ្រូ​បរទេស មាន​លោក Francisco មកពី​ប្រទេសអ៊ីតា​លី និង​លោក Derrick Murray មកពី​ប្រទេស នូ​វែ​ល​សេ​ឡង់ ព្រមទាំង​ម្នាក់ទៀត​ជា​គ្រូ​កម្ពុជា គឺ​លោក ជ័យ ចន្ទ​តា​រ៉ា​។​

​លោក​អគ្គលេខាធិការ​រូបនេះ​អះអាងថា កម្មវិធី​បោះជំរំ​​ហ្វឹកហាត់ ដែល​សហព័ន្ធ​រៀប​​ចំនេះ គឺ​សហព័ន្ធ​មាន​គោល​​ដៅ​បង្កើន​កម្រិត​បច្ចេកទេស​សមត្ថភាព​កីឡាករ​-​កីឡាការិនី​ដើម្បីឱ្យ​រឹងមាំ និង​ស្គាល់​ច្បាស់​ពី​ភូមិសាស្ត្រ​ទីលាន​ប្រកួត​មុននឹង​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​ ២០២១ ​ដែល​ត្រៀម​បន្ទាប់ពី​ហ្វឹកហាត់​បោះជំរំ​នេះ​រួច គឺ​ក្នុង​ទីលាន​ខេត្ត​កែប​ដដែល​។

​លោក​បន្ថែមថា​៖ «​កម្មវិធី​បោះជំរំ​នេះ កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ និង​ក្រុម​បម្រុង​សរុប ​២០ ​នាក់​នេះ នឹងធ្វើ​ការហ្វឹកហាត់ អនុវត្ត​ដោយផ្ទាល់ នៅ​ទីលាន​ប្រកួត​តែម្តង ដោយមាន​ហែល​ទឹកសមុទ្រ រត់​ល្បឿន និង​ជិះ​កង់ ក្រោម​ការ​ត្រួត​មើល និង​កែ​តម្រង់ទិស ពី​លោកគ្រូ​កម្រិត​អន្តរជាតិ​ទាំង​៣​នាក់ តាម​ប្រព័ន្ធ ZOOM ផង និង​ប្រាប់​ដោយផ្ទាល់ នៅ​ទីលាន​ផង​»​។

«​អត្ត​ព​លិ​ក ដែល​បាន​ឆ្លង​​កាត់​វគ្គ​នេះ គឺមាន​បទពិសោធ​ល្អ ព្រោះ​ហ្វឹកហាត់​រយៈពេល​ ៨ ​ថ្ងៃ ហើយ​ក្រុម​ជម្រើសជាតិ​ទាំងអស់ ពិតជា​យល់​កាន់តែច្បាស់ អំពី​ក្បួនច្បាប់ និង​លក្ខខណ្ឌ​នៃ​ការប្រកួត និង​ជា​ទេពកោសល្យ​បានល្អ​។ សកម្មភាព​ហ្វឹកហាត់ ទ្រី​យ៉ា​ត្លុង​នេះ គឺ​ត្រៀម​ការប្រកួត​អន្តរជាតិ​ធំៗខាងមុខ មាន​ស៊ី​ហ្គេម​ជាដើម​»​។ លោក ងិន សុ​បញ្ញា បានបញ្ជាក់​បន្ថែម​បែបនេះ​។​

​ចំណែក​គ្រូបង្វឹក​ជម្រើស​ជាតិ លោក ចេង ច័ន្ទ​តា​រ៉ា បាន​ប្រាប់​ដែរ​ថា​៖ «​ក្រុម​ជម្រើស​ជាតិ​យើង ត្រូវ​ហ្វឹកហាត់​ទ្រឹស្តី ជាមួយ​លោកគ្រូ Francisco តាម ZOOM តែ​សិក្សា​ដោយផ្ទាល់​ជាមួយ​លោកគ្រូ Derrick Murray និង​រូបខ្ញុំ ហើយ​ការហ្វឹកហាត់​ជាក់ស្តែង​នេះ មាន​សារៈសំខាន់​ខ្លាំង​ដោយ​អត្ត​ព​លិ​ក​ស្គាល់​ច្បាស់​ពី​ភូមិ​សាស្ត្រ គឺ​កន្លែង​ហែល​ទឹក ទីលាន​រត់ និង​ទីលាន​ជិះ​កង់​ពោលគឺ​កំណត់​រួចរាល់​ងាយ​នឹង​យើង​ប្រកួត​បានល្អ​»​។​

​នៅពេល​សួរ​ពី​ភូមិសាស្ត្រ និង​ទីលាន​ហ្វឹកហាត់ នៅ​ខេត្ត​កែប​នេះ លោក ច័ន្ទ​តា​រ៉ា បាន​បន្ថែមថា​៖ «​ភូមិសាស្ត្រ​ទីលានកីឡា​ទ្រី​យ៉ា​ត្លុង ដែល​ល្អ​បំផុត គឺ​ក្រុងកែប​នេះ​តែម្តង ហើយ​គណៈកម្មការ​ទីលាន CAMSOC ក៏បាន​សម្រេចយក​ក្រុងកែប ជាទី​លាន សម្រាប់​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ ​២០២៣ ដែល​ព្រះ​រាជាណាចក្រ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ដែរ​»៕

ព័ត៌មានថ្មីៗ