ភ្នំពេញ៖ មន្រ្តីជំនាញរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាណា បានអះអាងថា ក្រុមជម្រើសជាតិកាយសម្ព័ន្ធកម្ពុជា មិនបានបង្ហាញភាពថមថយផ្នែកគុណផលនោះទេ ផ្ទុយទៅវិញ ក្រុមមួយនេះ កាន់តែមានភាពរីកចម្រើន និងបានបង្ហាញភាពលេចធ្លោ នៅក្នុងការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៥ ឆ្នាំ ២០២១ ដែលទើបបានបិទបញ្ចប់ ដោយជោគជ័យ នៅសាលាបឋមសិក្សាសាលាលេខ ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃចន្ទ។
លោក ណយ ផាណា បាននិយាយថា៖ «ផ្នែកទៅលើលទ្ធផល នៃប្រកួតការប្រកួតកីឡាកាយសម្ព័ន្ធថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន ឆ្នាំ២០២១នេះ គឺក្រុមជម្រើសជាតិ ទទួលបានលទ្ធផលល្អ ស្ទើរទាំងអស់ ដោយសារការហ្វឹកហាត់របស់ក្លិប មិនបានគ្រប់គ្រាន់ ព្រោះមានការបិទខ្ទប់ ព្រោះបញ្ហាជំងឺកូវីដ ១៩ អ៊ីចឹងពួកគាត់ ពិតជាមានការពិបាក ក្នុងការប្រកួតប្រជែងជាមួយក្រុមជម្រើសជាតិ ដ្បិតអីក្រុមជម្រើសជាតិ បានហ្វឹកហាត់រហូត អត់មានរំសាយនោះទេ»។
អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាណា បានបន្ថែមថា៖«ក្រុមជម្រើសជាតិ មានគោលការណ៍មួយ ដោយឯកឧត្តមបណ្ឌិត ថោង ខុន បានអនុញ្ញាតឱ្យបិទខ្ទប់ហ្វឹកហាត់ អ៊ីចឹងខ្ញុំក្នុងនាមជាអ្នកអនុវត្តបច្ចេកទេស បានអនុវត្តតាមអនុសាសន៍របស់ឯកឧត្តមប្រធានសហព័ន្ធ ដើម្បីរៀបចំហ្វឹកហាត់បិទខ្ទប់រហូតមក គឺអត់មានរំសាយទេ ហេតុនេះក្រុមជម្រើសជាតិរបស់យើង នៅតែមានគុណផលល្អ គឺមានកម្រិតបច្ចេកទេសរីកចម្រើនជាងឆ្នាំមុនទៅទៀត»។
សម្រាប់ការប្រកួតកីឡាកាយសម្ព័ន្ធថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន ឆ្នាំនេះ គឺត្រូវបានធ្វើឡើង ជាគោលបំណងចម្បង ក្នុងការសម្រួចគុណផលកីឡាកាយសម្ព័ន្ធ ឆ្ពោះទៅចូលរួមប្រកួតប្រជែង ស៊ីហ្គេម លើកទី ៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ នៅកម្ពុជា។
អ្វីដែលពិសេស គឺផ្នែកកាយសម្ព័ន្ធអាអេរ៉ូប៊ិក ត្រូវបានផ្តោតសំខាន់ខ្លាំង សម្រាប់ឆ្ពោះទៅប្រកួតស៊ីហ្គេម ឆ្នាំ២០២២ ឱ្យមានលទ្ធផលដ៏គាប់ប្រសើរ ដើម្បីវាស់ស្ទង់ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ហើយការប្រកួតថ្នាក់ជាតិនេះ ក៏ជាពេលវេលាដ៏សំខាន់ ដែលសហព័ន្ធ ត្រូវសម្រិតសម្រាំងយកអ្នកមានទេពកោសល្យ និងសមត្ថភាពដ៏ពិតប្រាកដ នៅក្នុងក្រុមជម្រើសជាតិ ដើម្បីត្រៀមចេញទៅហ្វឹកហាត់នៅប្រទេសចិនផងដែរ។
លោក ណយ ផាណា បានបញ្ជាក់ថា៖ «ការប្រកួតប្រចាំឆ្នាំដ៏ធំនេះ យើងមានគោលបំណងសម្រួចគុណផលកីឡាករ កីឡាការិនីហ្នឹងឯង ជាពិសេសយើងពិនិត្យទៅលើការប្រកួតនេះ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ ២០២២ នៅវៀតណាម ដោយយើងផ្តោតខ្លាំងមែនទែនទៅលើកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកនេះ គឺស្វែងរកឱ្យមានលទ្ធផលល្អជាងមុនៗ សម្រាប់ឆ្នាំ ២០២២ ដើម្បីវាស់ស្ទង់សមត្ថភាព ឆ្ពោះទៅស៊ីហ្គេម នៅវៀតណាម អ៊ីចឹងការប្រកួតនេះ ជាព្រឹត្តិការណ៍មួយ ដើម្បីសម្រួចស្វែងរកគុណផលពិតរបស់ក្រុមអត្តពលិក ត្រៀមទៅហ្វឹកហាត់នៅចិន ក៏ដូចជាត្រៀមទៅចូលរួមប្រកួតស៊ីហ្គេម ដែលប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ»។
«តាមរយៈការប្រកួតថ្នាក់ជាតិនេះ យើងពិនិត្យបានច្បាស់ហើយថា ក្រុមអត្តពលិកកាយសម្ព័ន្ធអាអេរ៉ូប៊ិក ចំនួន ៦ នាក់ ដែលយើងត្រៀមចេញទៅប្រកួតស៊ីហ្គេម ឆ្នាំ ២០២២ នោះ មានបច្ចេកទេសប្រសើរច្រើន គឺវាអាចនឹងមានភាពប្រហាក់ប្រហែលទៅនឹងក្រុមកាយសម្ព័ន្ធអាអេរ៉ូប៊ិក នៅក្នុងតំបន់។ នេះជាមោទនភាពដែរ ទោះបីជានៅក្នុងបរិបទពិបាក ក៏ប៉ុន្តែបន្ទាប់ពីធូរស្រាលឡើងវិញ យើងបានខិតខំ ហើយតាមរយៈការប្រកួតជើងឯកនេះ យើងអាចវាយតម្លៃបានថា ពួកគាត់មានលក្ខណៈបច្ចេកទេសប្រសើរជាងឆ្នាំមុនៗទៅទៀត ចំណែកកាយសម្ព័ន្ធអាទីស្ទីក ក៏យើងត្រៀម ២ នាក់ដែរ តែត្រូវផ្នែកទៅលើបច្ចេកទេសទៅទៀត»។ លោក ណយ ផាណា បានបញ្ជាក់បន្ថែម។
ជាមួយគ្នានោះ ក្នុងនាមមហាគ្រួសារកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាណា បានបង្ហាញនូវក្តីរីករាយយ៉ាងខ្លាំង ដែលព្រឹត្តិការណ៍ឆ្នាំនេះ បានបញ្ចប់ដោយរលូន និងជោគជ័យ ក្រោមការខិតខំប្រឹងប្រែងរបស់បណ្តាក្លិបទាំងអស់ និងក្រុមមន្រ្តីបញ្ចេកទេស ដោយបានរួមគ្នាបំពេញការងារនេះ ក្នុងបរិបទថ្មី គន្លងថ្មី ដែលធ្វើឱ្យគ្រប់វិស័យ រួមទាំងវិស័យកីឡា អាចបន្តដំណើរអភិវឌ្ឍឡើងវិញ ក្រោមការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ស្របពេលដែល ផ្នែកជំនាញរបស់កីឡាកាយសម្ព័ន្ធកម្ពុជា ក៏ទទួលបានការឧបត្ថម្ភគាំទ្រ សម្ភារហ្វឹកហាត់ពីបណ្តាប្រទេសជាមិត្ត ដូចជា ជប៉ុន រុស្ស៊ី ចិន ដែលលោកបណ្ឌិត ថោង ខុន ជាប្រធាន និងលោកឧកញ៉ា សុខ ហុង ជាអនុប្រធានសហព័ន្ធ តែងតែប្រឹងប្រែងអភិវឌ្ឍប្រភេទកីឡាកាយសម្ព័ន្ធ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ហើយនៅក្នុងពិធីប្រកួតបិទការប្រកួត កាលពីថ្ងៃចន្ទនោះ លោកបណ្ឌិត ថោង ខុន តាមរយៈលោក ណយ ផាណា ក៏បានផ្តល់ក្តាឈ្នាន់ធាក់ទៅឱ្យក្លិបសាលាលេខ៥ និងក្លិបខេត្តក្រសេះ ម្នាក់១ផងដែរ។
យ៉ាងណាមិញ ឆ្លងកាត់ប្រកួតយ៉ាងស្វិតស្វាញរបស់អត្តពលិកសរុបចំនួន ៦៤ នាក់ នៅលើគ្រប់វិញ្ញាសា ចំនួន ១១ គឺកាយសម្ព័ន្ធអាទីស្ទីក ៦ វិញ្ញាសា និងកាយសម្ព័ន្ធអាអេរ៉ូប៊ិក ៥ វិញ្ញាសា នេះ ក្រុមកីឡាករ កីឡាការិនីរបស់ក្រសួងមហាផ្ទៃ ឈរនៅលេខ ១ ដោយដណ្តើមបានមេដាយច្រើនជាងគេ គឺមេដាយមាស ៤ ប្រាក់ ៣ សំរឹទ្ធ ២ តាមពីក្រោយដោយក្រុមខេត្តក្រចេះ ដែលឈ្នះបានមាស ៣ ប្រាក់ ៥ សំរឹទ្ធ ២ រីឯក្រុមខេត្តកំពង់ឆ្នាំង ឈ្នះបានមេដាយមាស ៣ ប្រាក់ ៣ សំរឹទ្ធ ៤ និងក្រុមខេត្តតាកែវ ឈ្នះបានមេដាយមាស ១ សំរឹទ្ធ ៣៕