ភ្នំពេញៈ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានបង្ហាញមុខគ្រូបង្វឹកថ្មី ដែលមានបទពិសោធជោកជាំជាផ្លូវការហើយ ហើយក្លិបនេះ ក៏កំពុងសម្លឹងមើលកីឡាករលេងនៅលីកកំពូលរបស់ថៃ ដើម្បីយកមកជួយក្រុមផងដែរ ខណៈការត្រៀមខ្លួននៅរដូវកាលថ្មីនេះ ត្រូវបានថ្នាក់ដឹកនាំក្លិបមានមូលដ្ឋាននៅខេត្តតាកែវមួយនេះ អះអាងថា មានការកែប្រែច្រើនទាំងទៅលើធនធានកីឡា និងការរៀបចំក្រុម គឺធ្វើយ៉ាងណាជំរុញឱ្យក្រុមមួយនេះ មានលទ្ធភាពកាន់តែខ្ពស់ក្នុងការប្រកួតប្រជែងជាមួយក្រុមខ្លាំងៗទាំង ៧ សម្រាប់ការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ ២០២២ នេះ។
ក្លិបគិរីវង់សុខសែនជ័យ បានត្រឹមបង្ហាញរូបថតគ្រូបង្វឹកថ្មីនេះ តែមិនទាន់ប្រកាសឈ្មោះជាផ្លូវការនៅឡើយទេ គិតត្រឹមថ្ងៃពុធ ម្សិលមិញ ប៉ុន្តែលោក ឯម តារា បានប្រាប់ថា គ្រូបង្វឹកថ្មីនេះ ជាជនជាតិអេស្ប៉ាញ ដែលមានបទពិសោធច្រើន ក្នុងការដឹកនាំក្រុម គឺបុរសវ័យ ៤៨ ឆ្នាំ កាន់វិញ្ញាបនបត្រគ្រូបង្វឹក UEFA Pro Licence រូបនេះ ធ្លាប់មានបទពិសោធជាគ្រូបង្វឹកចំនួន ១៨ឆ្នាំ និងធ្លាប់ប្រកបអាជីពជាកីឡាករចំនួន ១៧ ឆ្នាំ។
តាមព័ត៌មានជាបឋម ដែលក្លិបគិរីវង់សុខសែនជ័យ បានបង្ហោះនៅលើផេចហ្វេសប៊ុកបានឱ្យដឹងថា គ្រូបង្វឹកអេស្ប៉ាញរូបនេះ ធ្លាប់មានបទពិសោធជាច្រើន ក្នុងនាមជាគ្រូបង្គោល និងនាយកផ្នែកបច្ចេកទេស ក្នុងបណ្តាប្រទេសជាច្រើន ដូចជាប្រទេសបារ៉ែន ឥណ្ឌា ម៉ុងហ្គោលី និង The United States ជាដើម ហើយគាត់ធ្លាប់ជាអតីតកីឡាករអាជីព នៅក្នុងក្លិប Real Valladolid ច្រើនជាង ៧ ឆ្នាំ។ ក្រៅពីអាជីពជាគ្រូបង្វឹក លោកក៏ជាអ្នកអត្ថាធិប្បាយកម្មវិធីកីឡាបាល់ទាត់តាមវិទ្យុរបស់ LA LIGA ផងដែរ។
លោក ឯម តារា អគ្គលេខាធិការរងក្លិបគិរីវង់សុខសែនជ័យ បានប្រាប់កាលពីថ្ងៃពុធថា៖ «សម្រាប់គ្រូបង្វឹកថ្មី យើងនៅមិនទាន់បង្ហាញពីព័ត៌មានទាក់ទងជាមួយគាត់អស់នៅឡើយទេ ព្រោះគាត់ទើបតែមកដល់បាន ២ ថ្ងៃ អ៊ីចឹងយើងគ្រាន់តែចង់បង្ហាញថា ក្រុមយើងបានគ្រូបង្វឹកថ្មីហើយ ជាជនជាតិអេស្ប៉ាញ ចំណែកឈ្មោះរបស់គាត់ យើងនឹងប្រកាសជាផ្លូវការនាពេលខាងមុខនេះ»។
ទាក់ទងនឹងកីឡាករបរទេសវិញ លោក ឯម តារា បានប្រាប់ថា យើង បានបន្តកុងត្រាតែជាមួយកីឡាករ David Julein William Koum ម្នាក់ទេ ហើយយើងបានចុះកុងត្រាកីឡាករថ្មី បាន ២នាក់ហើយ គឺម្នាក់ជាកីឡាករសញ្ជាតិអាស៊ី កាត់អឺរ៉ុប និងម្នាក់ទៀតជាជនជាតិប្រេស៊ីល ហើយចំពោះកីឡាករបរទេស ២ នាក់ទៀត គឺកូតាអាស៊ី យើងកំពុងមើលទៅលើលីគនៅថៃ ដើម្បីអាចចរចាយកពួកគាត់មក ដើម្បីបំពេញឱ្យគ្រប់តាមកូតា។
«នៅឆ្នាំនេះ គឺទាំងកីឡាករខ្មែរ និងបរទេស យើងមានការផ្លាស់ប្តូរច្រើនមែនទែន ជាពិសេសកីឡាករខ្មែរ យើងបានបញ្ចប់កុងត្រាជាមួយកីឡាករចាស់ៗមួយចំនួន ហើយបានបញ្ចូលកីឡាករថ្មី ដែលមានបទពិសោធ និងបានផ្តល់ឱកាសឱ្យយុវជនរបស់យើងមួយចំនួន មកបំពេញបន្ថែម អ៊ីចឹងចំពោះគោលដៅ គឺយើងនឹងព្យាយាមធ្វើយ៉ាងណាឱ្យក្រុមទាំងមូល មានភាពរឹងមាំ និងមានការប្រកួតប្រជែងកាន់តែខ្ពស់ ជាមួយក្រុមលេងនៅលីគកំពូល ដោយនៅសល់តែ ៨ ក្រុម»។
អគ្គលេខាធិការរងរូបនេះ បានបន្ថែមថា៖ «គោលដៅបន្ទាប់ យើងនឹងផ្តល់ឱកាសបន្ថែមដល់ក្រុមយុវជនយើង ឱ្យគាត់បានលេង និងបញ្ចេញសមត្ថភាព ក្នុងគោលបំណងធ្វើយ៉ាងណាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ ២០២៣ ដើម្បីយើងអាចមានកីឡាករ ជាយុវជនក្មេងៗ ឱ្យចូលរួមជាមួយក្រុមជម្រើសជាតិបាន»។
យ៉ាងណាក៏ដោយ សម្រាប់ក្រុមទាំង ៨ រួមមានភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា បឹងកេត ណាហ្គាវើលដ៍ អង្គរថាយហ្គឺរ គិរីវង់សុខសែនជ័យ និងក្រុមកងយោធពលខេមរភូមិន្ទ ដែលត្រូវដាក់ឱ្យចូលលេងនៅលីគកំពូលកម្ពុជា ឆ្នាំ ២០២២ នេះ ត្រូវបានអ្នកស្នេហាវិស័យបាល់ទាត់ នាំគ្នាបញ្ចេញជាយោបល់ថា ក្រុមគិរីវង់ មានកម្រិតលេងទាបជាងគេ ហើយលើកឡើងបែបនេះ ក៏ព្រោះតែការប្រកួតប្រជែងរវាងក្រុមទាំង ៨ នេះ ក្នុងជើងទី២ កាលពីឆ្នាំ ២០២១ គិរីវង់ បានចាញ់គ្រប់ក្រុមទាំងអស់។
ឆ្លើយតបនឹងបញ្ហានេះ លោក ឯម តារា បញ្ជាក់ថា៖ «វាមិនខុសពីអ្វីដែលអ្នកគាំទ្រ បានមើលឃើញនោះទេ គឺកាលពីរដូវកាលមុន យើងបានប្រឹងប្រែងហើយ តែលទ្ធផលមិនដូចអ្វីដែលយើងចង់បាន ចំណែករដូវកាលនេះ ការប្រកួតប្រជែងកាន់តែខ្លាំង និងមានសម្ពាធច្រើនជាងមុនទៅទៀត អ៊ីចឹងជារួមក្លិបបានកែទម្រង់ជាច្រើន ពាក់ព័ន្ធនឹងសមាសភាពកីឡាករ ក៏ដូចជាគ្រូបង្វឹក យកមកពង្រឹងក្រុម ក្នុងរដូវកាលនេះ ដើម្បីឱ្យមានការប្រកួតប្រជែងកាន់តែខ្ពស់ជាងមុន ទាំងកម្រិតលេង បច្ចេកទេស និងការរៀបចំខ្លួន គឺត្រូវប្រកួតប្រជែងជាមួយក្រុម ដែលយើងគិតថា ជាក្រុមខ្លាំងៗនោះ ឱ្យទទួលបានលទ្ធផលល្អប្រសើរជាងឆ្នាំមុន»៕