ក្រុងឡុងដ៍: លោក Ralf Rangnick បានធ្វើការការពារស៊ុបភើស្តារ Cristiano Ronaldo បន្ទាប់ពីមានប្រតិកម្មដោយអារម្មណ៍មិនល្អរបស់កីឡាករអន្តរជាតិព័រទុយហ្គាល់ ពេលត្រូវបានផ្លាស់ប្ដូរ ដែលវាជាការធ្វើឱ្យអាប់អួដល់ជ័យ-ជម្នះរបស់ក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល ៣-១ នៅទឹកដី Brentford កាលពីថ្ងៃពុធ។
ក្រុម Man United របស់លោក Rangnick បានជំពាក់គុណអ្នកចាំទី David de Gea សម្រាប់ទម្រង់លេងដ៏ល្អរបស់គេ ក្នុងវគ្គទី១ ដែលនាំឱ្យក្រុមម្ចាស់ផ្ទះ Brentford មិនអាចទម្លុះសំណាញ់ទីបាន មុនពេលដែលចុងក្រោយ ក្រុមបិសាចក្រហម មានជីវិតជីវ៉ាឡើងវិញ ពីការប្រកួតនៅភាគខាងលិចទីក្រុងឡុងដ៍នេះ។
កីឡាករខ្សែការពារ Anthony Elanga បានជួយឱ្យក្រុម Man Utd មានគ្រាប់បាល់បើកឆាកនៅដើមវគ្គទី២ ហើយបន្ទាប់មកខ្សែប្រយុទ្ធទាំង ២ គឺ Mason Greenwood និង Marcus Rashford បញ្ចប់ការប្រកួតដោយជ័យជម្នះសម្រាប់ក្រុមភ្ញៀវ ដែលជាលើកដំបូងរបស់ពួកគេ ក្នុងចំណោមការប្រកួត នៅក្របខ័ណ្ឌ Premier League ៣លើកចុងក្រោយ។
តែគឺប្រតិកម្មប្រកបដោយអារម្មណ៍មួម៉ៅរបស់កីឡាករ Ronaldo ចំពោះការសម្រេចរបស់លោក Rangnick ក្នុងការប្ដូររូបគេចេញ នៅនាទីទី៧១ ទៅវិញទេ ដែលអាចនឹងក្លាយជារូបភាពដ៏យូរអង្វែងនៃការប្រកួត នាយប់នោះ។
ដោយធ្វើការគ្រវីក្បាល ព្រមទាំងការរអ៊ូរទាំ កីឡាករ Ronaldo ហាក់ដូចជាចង់ប្រាប់អ្វីម្យ៉ាងទៅកាន់ លោក Rangnick ខណៈដែលរូបគេបានដើរកាត់គ្រូបង្វឹកបណ្ដោះអាសន្នរូបនោះ។ ស្របពេលជាមួយគ្នា ការបោះចោលអាវក្រៅទៅលើដីដោយខឹងសម្បា រូបគេបានធ្វើការចង្អុលទៅទ្រូងខ្លួនឯង ខណៈដែលមិត្តរួមក្រុម ដែលជាកីឡាករបម្រុង បាននាំគ្នាសម្លឹងទៅទីផ្សេង ដោយអារម្មណ៍មិនស្ងប់។
ដំបូងឡើយ លោក Rangnick មិនអើពើជាមួយកីឡាករ Ronaldo ឡើយ មុននឹងទៅអង្គុយក្បែរ ហើយទះជើងខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំស្រាលៗ ពេលគាត់ព្យាយាមសម្រួលអារម្មណ៍កីឡាកររបស់ខ្លួនរូបនេះ។ ហើយក្រោយចប់ការប្រកួត អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បានបដិសេធក្នុងការបន្ទោសចំពោះ Ronaldo នៅពេលត្រូវបានសួរពាក់ព័ន្ធនឹងអាកប្បកិរិយានេះ។
«វាជារឿងធម្មតា ដោយសាររូបគេជាខ្សែប្រយុទ្ធ ដូច្នេះប្រាកដជាចង់មានឱកាសរកគ្រាប់បាល់ឱ្យបាន។ រូបគេទើបជាពីរបួស ហើយសម្រាប់ខ្ញុំ វាជាការសំខាន់ ក្នុងការគិតដល់ហ្គេម នៅប៉ុន្មានថ្ងៃខាងមុខ»។ នេះជាប្រសាសន៍របស់លោក Rangnick។
អ្នកចាត់ការវ័យ ៦៣ ឆ្នាំបានបន្ថែមថា៖ «ពេលយើងនាំមុខ ២-០ ដូចកាលប៉ះជាមួយក្រុម Aston Villa ដូច្នេះ ខ្ញុំសម្រេចធ្វើការការពារ ដើម្បីរក្សាការនាំមុខនៅក្នុងពេលនោះ ហើយវាជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងប្ដូរដាក់ខ្សែការពារដល់ទៅ ៥ នាក់»។
Man United យ៉ាងហោចណាស់ បានគេចផុតពីបរាជ័យដ៏អាម៉ាស់មួយផ្សេងទៀត បន្ទាប់ពីបានភា្លត់ចាញ់ក្រុម Wolves នៅផ្ទះខ្លួនឯង និងធ្វើឱ្យការនាំមុខ ២-០ បាត់បង់គួរឱ្យស្ដាយ ដោយការបណ្ដោយឱ្យក្រុមម្ចាស់ផ្ទះ Aston Villa តាមស្មើ សម្រាប់ការប្រកួត ២ លើក នៅមុននេះ។
ពេលនេះ ក្រុមយក្សរបស់ក្រុមមេនឆេស្ទ័រមួយនេះ ឈរនៅចំណាត់ថ្នាក់លេខ ៧ ក្នុងតារាងពិន្ទុរបស់ Premier League ដោយមានគម្លាត ២ ពិន្ទុ ពីក្រុមនៅទីកំពូលទាំង ៤ ខណៈពួកគេកំពុងប្រឹងប្រែងប្រជែងយកសិទ្ធិទៅលេងនៅក្របខ័ណ្ឌ Champions League សម្រាប់រដូវកាលក្រោយ៕ AFP/VN