ភ្នំពេញ: អតីតកីឡាករជើងខ្លាំង ដែលធ្លាប់បានសាងភាពល្បីល្បាញ និងធ្លាប់ ដណ្តើមបានខ្សែក្រវាត់យកមកគ្រប់គ្រងដូចគ្នា ផាន់ គ្រាន់ និង សៀវ ង៉ុយ សុទ្ធតែបានបង្ហាញការប្តេជ្ញាចិត្ត ដណ្តើមឱ្យបានប្រាក់លាន នៅពេលពួកគេ ត្រូវបានគណៈកម្មការផ្គូផ្គងប្រចាំនៅសង្វៀនថោន ដាក់ឱ្យពួកគេប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាន ជាមួយអ្នកប្រដាល់ សោម វិឆ័យ និង សំ អាន នាថ្ងៃអាទិត្យ។
តែទោះបីជាយ៉ាងណា នៅមុនការដាក់ឱ្យប្រកួតដណ្តើមប្រាក់លាន ទម្ងន់ ៦៣,៥ គីឡូក្រាមនេះ ទាំង ផាន់ គ្រាន់ និង សៀវ ង៉ុយ មិនសូវបានបង្ហាញវត្តមាន នៅលើសង្វៀនប៉ុន្មានទេ ហើយការ ឃើញបាត់ៗនេះ ត្រូវបានគេគិតថា អ្នកទាំង ២ នេះ អាចនឹងមានបញ្ហាផ្នែកកម្លាំង ហើយបច្ចេកទេសប្រកួតក៏អាចធ្លាក់ចុះ ដែលពិបាកទប់ទល់ជាមួយអ្នកជំនាន់ក្រោយ សំ អាន ជាពិសេស សោម វិឆ័យ ផងដែរ ខណៈអ្នកទស្សនាភាគច្រើន បានធ្វើការវាយតម្លៃតាមទស្សនៈផ្ទាល់ខ្លួនថា អ្នកឈ្នះប្រាក់លាន លើកនេះ អាចជា សោម វិឆ័យ ទៅវិញទេ។
ជាមួយគ្នានេះ សៀវ ង៉ុយ ក៏បានដំឡើងទម្ងន់ មកប្រកួតក្នុងទម្ងន់ ៦៣,៥ គីឡូក្រាមផងដែរ ដែលបញ្ហាទាំងនេះ សុទ្ធតែចំណុចខ្សោយចំពោះ សៀវ ង៉ុយ។ តែទោះបីជាយ៉ាងណា សៀវ ង៉ុយ ដែលទើបបានផ្លាស់ប្តូរមកនៅក្លិបអភិរក្សគុនខ្មែររុងរឿងរបស់លោកគ្រូ សួង បញ្ញា នោះ បានប្តេជ្ញាថា នឹងដណ្តើមប្រាក់លាននេះឱ្យបាន។
ម្ចាស់ខ្សែក្រវាត់ ៤ ស្ថាប័ន សៀវ ង៉ុយ បាននិយាយថា៖ «ខ្ញុំបានផ្លាស់មកនៅក្លិបអភិរក្សរុងរឿង ជិត ១ ខែហើយ ហើយនេះជាការប្រកួតលើកទី២ របស់ខ្ញុំ។ ក្នុងចំណោមបេក្ខភាពដណ្តើមប្រាក់លានលើកនេះ ខ្ញុំធ្លាប់បានជួប សោម វិឆ័យ តែ ២ នាក់ទៀត មិនធ្លាប់ជួបទេ។ និយាយរួមអ្នកទាំង៣នេះ មានចំណុចល្អម្យ៉ាងៗម្នាក់ អ៊ីចឹងទោះជួបមួយណា ក៏តានតឹងដែរ ប៉ុន្តែខ្ញុំត្រៀមខ្លួនបានល្អ ហើយប្តេជ្ញាថា នឹងយកប្រាក់លាននេះឱ្យបាន»។
ចំណែក ផាន់ គ្រាន់ ដែលបានឡើងទម្ងន់រហូតដល់ជាង ៧០ គីឡូក្រាមនោះ បាននិងកំពុងនឹងហ្វឹកហាត់ខ្លាំង ដើម្បីសម្រកទម្ងន់មកប្រកួតទម្ងន់ ៦៣,៥ គីឡូក្រាមលើកនេះ ហើយតាមរយៈការព្យាយាមនេះ ផាន់ គ្រាន់ នៅតែទទួលបានទំនុកចិត្តពីអ្នកគាំទ្រ ក្នុងការប្រកួតប្រជែងដណ្តើមប្រាក់លាន លើកនេះ ព្រោះ ផាន់ គ្រាន់ ធ្លាប់ជាជើងខ្លាំង ក្នុងប្រភេទទម្ងន់នេះ។
ជាមួយគ្នានេះ អ្នកប្រដាល់វាយមកដកថយ ផាន់ គ្រាន់ បាននិយាយថា៖ «រយៈពេល ១ ខែ មកនេះ ខ្ញុំខំប្រឹងហាត់រហូត ដើម្បីមកប្រកួតទម្ងន់ ៦៣,៥ គីឡូក្រាម ហើយបេក្ខភាពដែលខ្ញុំត្រូវជួបលើកនេះ សុទ្ធតែវ័យក្មេង ដែលល្អស៊ុហ្វ និងកម្លាំង អ៊ីចឹងយើងត្រូវពង្រឹង កម្លាំង និងសុ៊ហ្វឱ្យបានច្រើន។ អ្នកទាំង ៣ នេះ ជួបមួយណាក៏តឹងដែរ ប៉ុន្តែការចូលលេង ប្រាក់លានលើកនេះ ខ្ញុំប្តេជ្ញាចិត្ត នឹងលើកស្លាកប្រាក់រង្វាន់ ៣,៤ លានរៀលឱ្យបាន»៕