ភ្នំពេញៈ កីឡាករជម្រើសជាតិ ឈុត សេរីវ៉ាន់ថង បានធ្វើការប្តេជ្ញាចិត្តថា រូបគេនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព យកឈ្នះសេក ចៅជូត ឱ្យបានដើម្បីបានឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដណ្តើមពានមាស ចំណែកជើងខ្លាំង អេលីត ចំរើន ក៏បានតាំងចិត្តយកឈ្នះលើ គូសត្រូវចាស់ វ៉ាន់ វឿន សម្រាប់ ការប្រកួត នៅថ្ងៃអាទិត្យផងដែរ ដើម្បីបង្កើតឱ្យមានឱកាសឡើងវិញ សម្រាប់ការប្រជែងរកកៅអីទៅកាន់វគ្គបន្ត។
នៅមុនការប្រកួតជម្រុះសន្សំពិន្ទុលើកទី២ នៅលើសង្វៀនថោន លើកនេះ ទាំង ឈុត សេរីវ៉ាន់ថង និង សេក ចៅជូត សុទ្ធតែទទួលបាន ៣ ពិន្ទុពេញ សម្រាប់ការប្រកួតបើកឆាករបស់ខ្លួន ហើយលទ្ធផលនេះ បានបង្ហាញឱ្យឃើញថា អ្នកដែលទទួលបាន ៣ ពិន្ទុបន្ថែមលើកនេះ នឹងទទួលបានឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនគេ ទាំងនៅសល់ការប្រកួតជុំទី៣ ប្រចាំពូល B នេះ មួយលើកទៀត។
សម្រាប់ការវិលមកជួបគ្នារវាងអ្នកទាំង ២ នេះ ត្រូវបានគេផ្តល់ភាពជឿជាក់ខ្លាំងទៅលើ ឈុត សេរីវ៉ាន់ថង ដែលមានឈ្មោះបោះសំឡេងមុន និងមានសមត្ថភាពល្អជាង សេក ចៅជូត ដែលទើបបានសាងភាពល្បីគួរសម ក្នុងពេលថ្មីៗនេះ។ តែទោះបីជាយ៉ាងណា ឈុត សេរីវ៉ាន់ថង ដែលបានយកឈ្នះលើ វ៉ាន់ វឿន ដោយពិន្ទុ ក្នុងការប្រកួតបើកឆាកទាំងលំបាកនោះ ក៏មានការបារម្ភទៅលើក្បាច់សម្លាប់របស់ ចៅជូត ផងដែរ ប៉ុន្តែរូបគេបានប្តេជ្ញាចិត្តថា ត្រូវយកឈ្នះឱ្យបាន ដើម្បីបានឡើងទៅវគ្គបន្ត។
ឈុត សេរីវ៉ាន់ថង បាននិយាយថា៖ «ក្បាច់ដែលគួរឱ្យចាប់អារម្មណ៍របស់ សេក ចៅជូត គឺគាត់ពូកែទាត់លើ និងកែង ហើយខ្ញុំក៏មានការបារម្ភទៅលើស្នៀតនេះដែរ ប៉ុន្តែខ្ញុំប្តេជ្ញាថា នឹងខិតខំប្រឹងប្រែប្រកួតឱ្យបាន ៣ ពិន្ទុបន្ថែមទៀត ព្រោះអីវាជាវគ្គសំខាន់ ដែលខ្ញុំត្រូវឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ខ្ញុំនឹងខិតខំហ្វឹកហាត់ឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត ដើម្បីសម្រេចឱ្យបាន ចំពោះការយក៣ពិន្ទុបន្ថែមលើនេះ»។
ចំណែកការវិលមកជួបគ្នារវាងជើងខ្លាំង អេលីត ចំរើន និងអ្នកលេងកាំភ្លើងខ្លី វ៉ាន់ វឿន វាបានក្លាយជាការប្រកួតដ៏ក្តៅគគុក ដើម្បីរកអ្នកដែលត្រូវខ្ទាតចេញពីការប្រកួតដណ្តើមពានមាសនេះ មុនគេ ព្រោះទាំង វ៉ាន់ វឿន និង អេលីត ចំរើន សុទ្ធតែបានជួប ការខកចិត្ត នៅក្នុងការប្រកួតបើកឆាកដូចគ្នា។
គិតត្រឹមពេលនេះ វ៉ាន់ វឿន កំពុងឈរនៅលេខ ៣ នៃពូល B នេះ ដោយមាន ១ ពិន្ទុ ជាមួយការចាញ់ពិន្ទុ ឈុត សេរីវ៉ាន់ថង ក្នុងការប្រកួតជុំទី១ ចំណែក អេលីត ចំរើន គ្មានពិន្ទុរាប់ទេ ព្រោះរូបគេមានរបួសជើង មិនអាចឡើងប្រកួតជាមួយ សេក ចៅជូត បាន និងត្រូវបានកំណត់ឱ្យចាញ់ដោយស្វ័យប្រវត្តិ។
ចំពោះអ្នកទាំង ២ អេលីត ចំរើន នឹងត្រូវធ្លាក់ចេញពីការប្រកួតនេះ ដោយស្វ័យប្រវត្តិតែម្តង បើសិនជារូបគេ ចាញ់ វ៉ាន់ វឿន ក្នុងជំនួបលើកនេះ ប៉ុន្តែបើសិនជារូបគេ ឈ្នះវិញ នោះឱកាសប្រជែងរបស់ ចំរើន ត្រូវអ៊ុតមើល នៅពេលរូបគេ ត្រូវប្រកួតចុងក្រោយជាមួយ ឈុត សេរីវ៉ាន់ថង។ ចំណែក វ៉ាន់ ទោះបីជាចាញ់ ឬឈ្នះក៏នៅសល់ឱកាសអ៊ុតមើលការប្រកួតចុងក្រោយជាមួយ សេក ចៅជូត ផងដែរ តែបើឈ្នះវិញ ដឹងតែមានភាគរយខ្ពស់បានទៅវគ្គបន្ត។
ម្ចាស់ខ្សែក្រវាត់មាស ២ ជំនាន់ អេលីត ចំរើន បាននិយាយថា៖ «ខ្ញុំមានការសោកស្តាយ ដែលបានខកខានការប្រកួតបើកឆាក តែធ្វើម៉េចបែរយើងឈឺ គឺទោះឡើងប្រកួត ក៏គង់តែនៅចាញ់គេដដែល អ៊ីចឹងយើងសុខចិត្តអត់វ៉ៃតែម្តង ចំណែកការប្រកួតលើកនេះ ប្រហែលជាពិបាក និងមានភាពតានតឹង។ ថ្វីបើខ្ញុំធ្លាប់ឈ្នះគាត់ទាំង ៣ លើក សម្រាប់ការជួបគ្នាកន្លងមក ប៉ុន្តែ វ៉ាន់ វឿន ឥឡូវគាត់ខំហ្វឹកហាត់ខ្លាំង»។
អេលីត ចំរើន បានបញ្ជាក់ថា៖ «របួសជើងរបស់ខ្ញុំ បានជាសះស្បើយ ១០០ ភាគរយហើយ ហើយខ្ញុំក៏បានហ្វឹកហាត់ពេញលេញ បាន ១ សប្តាហ៍ផងដែរ ខណៈការប្រកួតលើកនេះ ខ្ញុំនឹងធ្លាក់១០០ ភាគរយតែម្តង បើសិនជាចាញ់ តែបើឈ្នះ ខ្ញុំអាចមានសង្ឃឹមឡើងទៅវគ្គបន្ត បើសិនជាខ្ញុំ អាចបន្តឈ្នះការប្រកួតលើកចុងក្រោយ ហេតុនេះសម្រាប់ការប្រកួតជុំទី២ នេះ ខ្ញុំប្តេជ្ញាធ្វើម៉េចយកឈ្នះ»។
កីឡាករដែលរក្សាមុខជូរជានិច្ចរូបនេះ បានបន្ថែមថា៖ «ទោះបីជាសន្លប់ ឬមិនសន្លប់ ខ្ញុំត្រូវព្យាយាម ធ្វើម៉េចយកឈ្នះឱ្យបាន»៕