ភ្នំពេញៈ ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (E-Sports) លោក ជា ច័ន្ទ​បរិបូ​ណ៍ បាន​និយាយ​ចំៗ ទៅកាន់​ក្រុម​កីឡាករ-កីឡាការិនីថា ទាំង​សហព័ន្ធ និង​ក្រុម​អត្ត​ព​លិ​ក ត្រូវមាន​គោលដៅ និង​មហិច្ឆតា​រួមគ្នា ក្នុងការ​សម្រួច​​ឆន្ទៈ ប្រកួត​ដណ្តើម​មេដាយ​យកមក​ជូន​ជាតិ​ដូចគ្នា ទើប​ប្រភេទ​កីឡា​នេះ អាចមាន​វត្តមាន ក្នុងការ​ប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ ​២០២៣ នៅ​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​អ្វីដែល​សំខាន់ក្នុង​គោលដៅ​ចំពោះមុខ​នេះ គឺ​យើង​ត្រូវមាន​មហិច្ឆតា​រួមគ្នា ដោយ​សហព័ន្ធ​មាន​គោលការណ៍​ច្បាស់លាស់ ការលើកទឹកចិត្ត ជាពិសេស គឺ​កីឡាករ ត្រូវតែមាន​មហិច្ឆតា​ដូចគ្នា ក្នុងការ​សម្រួច​​ឆន្ទៈ ប្រកួត​ដណ្តើម​មេដាយ យកមក​ជូន​ជាតិ​ដូចគ្នា ដូច្នេះ​សហព័ន្ធ និង​កីឡាករ ត្រូវខិតខំ​រួមគ្នា ដើម្បី​ឈានដល់​លទ្ធផល​ដ៏​គាប់ប្រសើរ​ណាមួយ សម្រាប់​ជាតិ​! វា​ប្រៀបដូចជា គោ​ ១​ នឹម ឬ​ទូក ​១ គឺអាច​ទៅមុខ​បាន អាស្រ័យ​ដោយមាន​ការប្រឹងប្រែង ឬ​អ្នកអុំទូក ត្រូវ​រួម​កម្លាំង​សាមគ្គី​គ្នា​»​។​

​ការឱ្យ​ក្រុម​អត្ត​ព​លិ​ក​ត្រូវមាន​មហិច្ឆតា និង​ខំប្រឹង​រួមគ្នា​នេះ ក៏​ព្រោះតែ​លោក ជា ច័ន្ទ​បរិបូ​ណ៍ ចង់ឃើញ​ក្រុម​ជម្រើសជាតិ​កម្ពុជា ទទួលបាន​លទ្ធផល​ល្អ ឬ​មាន​បច្ចេកទេស​កើនឡើង សម្រាប់​ការចូលរួម​ប្រកួត​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​វៀតណាម ឆ្នាំ​ ២០២២ ​នេះ ដ្បិតអី​សមិទ្ធផល ដែល​ទទួលបាន​ពី​ការប្រកួត​នេះ វា​ជាការ​កំណត់​ជោគវាសនា សម្រាប់​ប្រភេទ​កីឡា E-Sports ថា តើ​ត្រូវដាក់​ឱ្យមាន​ជា​បន្ត ក្នុង​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ នៅ​កម្ពុជាដែរ​ ឬ​យ៉ាងណា​?


​ប្រធាន​សហព័ន្ធ​រូបនេះ បាន​បន្ថែមថា​៖ «​ប្រសិនបើ​ប្រភេទ​កីឡា​អេឡិចត្រូនិក មិន​រីកចម្រើន​ទាល់តែសោះ ក្នុង​ស៊ី​ហ្គេមនៅ​វៀតណាម នា​ខែឧសភា ឆ្នាំនេះ​ទេ នោះ​យើង​នឹង​ប្រជុំ​ពិចារណា​ជាមួយគ្នាថា ​តើ​គួររៀបចំ​ធ្វើ​កីឡា​អេឡិចត្រូនិក ក្នុង​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ ​២០២៣ ឬ​អត់​?»​។

«​សម្រាប់​ការត្រៀម​ស៊ី​ហ្គេមឆ្នាំនេះ ខ្ញុំ​មិន​ចង់​និយាយ​អំពី​ថា តើ​ប្រភេទ​កីឡា E-Sports កម្ពុជាមាន​ក្តីសង្ឃឹម​ខ្ពស់ ក្នុងការ​ប្រជែង​មេដាយ​កម្រិតណា​នោះទេ ប៉ុន្តែ​ខ្ញុំ​ចង់ឃើញ​ពី​ក្រាហ្វិក កើនឡើង​ពី​ចន្លោះ​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ហ្វីលីពីន ឆ្នាំ ​២០១៩ និង​ការចូល​-​រួម​ប្រកួត​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម ឆ្នាំ​ ២០២២ ​នេះថា តើ​កម្រិត​ប្រកួតប្រជែង​អាច​ឈានឡើង​បន្ថែម ឬ​ធ្លាក់ចុះ ឬ​អាច​រក្សា​នៅ​កម្រិត​ដដែល​»​។​


​លោក ជា ច័ន្ទ​បរិបូរណ៍ បាន​បញ្ជាក់ថា​៖ «​ប្រសិនបើ​មិន​រីក​​ចម្រើន​ទាល់តែសោះ ឬ​រក្សា​កម្រិត​ដដែល ខ្ញុំ​នឹង​ពិចារណា​ជាមួយគ្នា​ថា តើ​គួររៀបចំ E-Sports នៅក្នុង​ស៊ី​ហ្គេម ឆ្នាំ ​២០២៣ ដែល​កម្ពុជា​យើង​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ឬក៏​អត់​? ទោះបី​យើង​រៀបចំ ក៏​អត់​មានន័យ​អ្វី​ដែរ​»​។​

​ការលើកឡើង​បែបនេះ​របស់លោក ជា ច័ន្ទ​បរិបូរណ៍ ត្រូវបាន​ធ្វើឡើង នៅក្នុង​សន្និសីទកាសែត ស្តីពី​ការត្រៀមខ្លួន​ឆ្ពោះទៅ​ចូលរួម​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ ​២០២២ នៅ​វៀតណាម និង​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ ​២០២៣ នៅ​កម្ពុជា នា​រសៀល​ថ្ងៃទី ​២០ ខែ មករា ឆ្នាំ ​២០២២ នៅ​សណ្ឋាគារ Raffles Hotel Le Royal​។​

​នៅក្នុង​សន្និសីទកាសែត​នោះ ក៏បាន​ប្រកាស​ដែរ​ថា សហព័ន្ធ​​កីឡា​អេឡិចត្រូនិក​កម្ពុ​ជា នឹង​រៀបចំ​ការប្រកួត​ជ្រើសរើស​ក្រុម​ជម្រើសជាតិ​កម្ពុជាសម្រាប់​វិញ្ញាសា Mobile Legends និង PUBG Mobile ដែល​នឹង​ត្រូវធ្វើ​ចាប់ពី​ថ្ងៃទី ​២៧ ខែមករា ដល់​ថ្ងៃទី ​២០ ខែ កុម្ភៈ ឆ្នាំ ​២០២២ ចំណែក​ការចុះឈ្មោះ នឹង​បញ្ចប់​នៅ​ថ្ងៃទី​ ២៥ ខែមករា​នេះ ហើយ​គោលបំណង​នៃ​ការប្រកួត​នេះ គឺ​ជ្រើស​រើស​អត្ត​ព​លិ​កមាន​សមត្ថភាព ឱ្យចូល​រួម​ជា​ក្រុម​ជម្រើសជាតិ ដើម្បី​ដាក់​ឱ្យទៅ​ប្រកួត​ស៊ី​ហ្គេមនៅ​វៀតណាម ដោយ​តាម​គម្រោងវិញ្ញាសា PUBG Mobile មាន​ ២ ​ក្រុម និង​វិញ្ញាសា Mobile Legends មាន​ ១ ​ក្រុម​៕