ភ្នំពេញៈ ប្រធាន​សហព័ន្ធ​​កីឡា​តេ​ក្វាន់​ដូ​អាយ​ធី​អែ​ហ្វ​កម្ពុជា លោក កែវ រ៉េមី បាន​អះអាងថា ក្រុម​តេ​ក្វាន់​ដូ ITF កម្ពុជា នឹង​អាច​ក្លាយជា​បងធំ ឬ​ជា​អ្នក​ដែល​ដណ្តើមបាន​មេដាយមាស​ច្រើនជាងគេ នា​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជើងឯក​អាស៊ី នៅក្នុង​ខែសីហា ខាងមុខនេះ បើសិនជា​ប្រទេស​ជា​ម្ចាស់​ក្បាច់គុន​នេះ គឺ​កូរ៉េ​​ខាងជើង មិន​ចូលរួម​ការប្រកួត​កម្រិត​អាស៊ី មួយ​នេះ​ទេ​។​

​លោក កែវ រ៉េមី បាន​ថ្លែងនៅ​ចំពោះ​ក្រុម​អត្ត​ព​លិ​ក​ទាំង​​អស់​ថា​៖ «​ការប្រកួត​ជើងឯក​អាស៊ីលើក​នេះ នៅ​ឥណ្ឌា ខែ​ ៨ កូន​ឯង​ខំ​ឱ្យ​ខ្លាំង​ជាង​នេះ ទៅទៀត និង​បញ្ចុះទម្ងន់​។ ពូ​ជឿថា បើ​កូរ៉េខាងជើង អត់​ទៅ​វ៉ៃនៅ​ឥណ្ឌា​ទេ យើង​ធ្វើ​បង​​ធំ​ហើយ​! ខ្ញុំ​ដឹង​ច្បាស់​តែ​ម្តងថា យើង​ធ្វើ​បងធំ នៅ​អាស៊ី​តែម្តង​! មិនមែន​និយាយ​លេង​ទេ អា​​ហ្នឹង ​គឺ​ច្បាស់​តែម្តង​»​។​

​ការ​ពោល​ពាក្យ និង​ការផ្តល់​ទំនុកចិត្ត​យ៉ាងខ្លាំង ដល់​ក្រុម​កីឡាករ កីឡាការិនី​តេ​ក្វាន់​ដូ ITF កម្ពុជា​បែបនេះ ក៏​ព្រោះតែ​ប្រធាន​សហព័ន្ធ លោក កែវ រ៉េមី បាន​មើលឃើញ​ពី​ភាព​រីក​​ចម្រើន​ខ្លាំង​របស់​ក្រុម ITF តាមរយៈ​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​ ២០២១ ដែល​ទើបបាន​បញ្ចប់ កាលពី​ថ្ងៃ​សៅរ៍ នៅ​ទីលាន​នៃ​សាកល​​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយ​ការប្រកួត​នេះ មាន​អត្ត​ព​លិ​ក​ចំនួន​ ១៣២​ នាក់ (​ស្រី ​៤៦​ នាក់​) បាន​ចូលរួម​។​


​តាមរយៈ​ការប្រកួតប្រជែង ទៅតាម​ជំនាញ និង​កម្រិត​ខ្សែ​ក្រវាត់ រយៈពេល​ ៣​ ថ្ងៃ នៅលើ​វិញ្ញាសា​ចំនួន ​២៣ ​នេះ ក្រុម​កីឡាករ កីឡាការិនី​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឈ្នះ​មេដាយមាស​ច្រើនជាងគេ គឺ​មាស​ ៦ ប្រាក់ ​២ និង​សំរឹទ្ធ​ ៤ ហើយ​តាម​ពីក្រោយ​ដោយ​ក្រុម​ក្រសួងមហាផ្ទៃ ដែល​ឈ្នះ​មេដាយមាស​ ៥ ប្រាក់ ​៦ និង​ក្រុម​ស​.​ស​.​យ​.​ក​ខេត្តកំពង់ស្ពឺ ដែល​ឈ្នះ​បាន​មាស​ ៣ ប្រាក់ ​២ សំរឹទ្ធ ​១ ចំណែក​ក្លិប​ថ្ម​ស ខេត្តកោះកុង អាច​ដណ្តើមបាន​មេដាយមាស​ ៣ និង​សំរឹទ្ធ​ ១ ផងដែរ ដើម្បី​ឈរ​នៅ​លេខ ​៤ ក្នុងចំណោម​ក្លិប និង​សមាគម​ទាំង​ ១៨ ដែល​បាន​ចូលរួម​ការប្រកួត​ថ្នាក់ជាតិលើក​នេះ​។

​ជាមួយគ្នានេះ លោក កែវ រ៉េមី បាន​ជំរុញ​ឱ្យ​ក្រុម​តេ​ក្វាន់​ដូ ITF ត្រូវ​ប្តេជ្ញាចិត្ត ដើម្បី​ស្វែង​​រក​មេដាយមាស​ឱ្យបាន​យ៉ាង​​តិច ១៥ នៅពេល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ ​២០២៣ ជា​ប្រវត្តិសាស្ត្រ​លើកដំបូង ដើម្បី​ឆ្លើយតប​ទៅនឹង​ការដាក់​ស​ន្ទ​ស្សន៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ ឆ្នាំ ​២០២៣ (CAMSOC) ជាពិសេស​ឆ្លើយតប​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​សរ​សើ​រ​ពី​ភាពខ្លាំង​របស់​ក្រុម ITF កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ​។​


​លោក កែវ រ៉េមី បញ្ជាក់ថា​៖ «​ក្មួយៗ​ត្រូវមាន​ការប្តេជ្ញាចិត្ត​ឱ្យបាន​ខ្ពស់បំផុត ដើម្បី​ឆ្លើយ​​តប​ទៅ​សម្តេច​តេ​ជោ នាយក​​រដ្ឋមន្ត្រី លោក​បាន​សរសើរ​យើង គឺ​ដូច​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ បាន​មានប្រសាសន៍​អ៊ីចឹង លោក​បាន​សរសើរ​ថា ITF ខ្លាំង ហេតុនេះ​កូន​ត្រូវ​ប្តេជ្ញាចិត្ត​ដាច់ខាត យក​មេ​​ដាយ​មាស​យ៉ាងតិច​ ១៥ ជូន​ប្រទេសជាតិ​»​។​

«​ត្រូវយក មេដាយមាស​យ៉ាងតិច​ ១៥ អត់​លេងសើច​ទេ គឺ​ត្រូវ​ខំប្រឹង​ហាត់​ឱ្យ​មែន​ទែន ដើម្បី​សម្រក​ទម្ងន់ អ៊ីចឹង​អ៊ំ​សូមឱ្យ​កូនៗ​ទាំងអស់ប្រឹង​ប្រែង ដើម្បី​ឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​លោក​មាន​ទំនុកចិត្ត ចំពោះ ITF របស់​យើង ហើយ​ក្រសួង​អប់រំ និង CAMSOC លោក​បានរៀបចំ​ថា នៅពេល​ស៊ី​ហ្គេម ឆ្នាំ ​២០២៣ គឺ​ដាក់ ITF យើង​ប្រកួត​មុនគេ​បំផុត ដើម្បី​នាំមុខ​យក​មេដាយមាស​»​។ លោក រ៉េមី បានបញ្ជាក់​បន្ថែម​៕