ភ្នំពេញៈ មន្ត្រី​ជំនាញ​របស់​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា បានធ្វើការ​វាយ តម្លៃ​ខ្ពស់​ថា ការប្រកួត​កីឡា​ទូកក្តោង​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ ​២០២១ ដែល​ទើបបាន​បញ្ចប់ កាលពី​ចុង​សប្តាហ៍​មុននេះ គឺមាន​ការរីកចម្រើន​ខ្លាំង ទាំង​បច្ចេកទេស​នៃ​ការរៀបចំ និង​សិទ្ធ​ផល​របស់​កីឡាករ-កីឡាការិនី​។​

​លោក សោម សុទ្ធ​រិ​ទ្ធិ​ពង្ស អគ្គលេខាធិ​ការ​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា បាន​ប្រាប់ថា សម្រាប់​ការប្រកួត​ថ្នាក់ជាតិ ដែល​ធ្វើ នៅលើ​ឆ្នេរ​រាម ស្ថិតនៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ទើបបាន​បញ្ចប់​កាល​ថ្ងៃទី ​១៣ ខែកុម្ភៈ​នោះ គឺ​ការរៀបចំ ត្រូវបាន​អនុវត្តតាមស្តង់ដា​អន្តរជាតិ ដូច​ការប្រកួត​កីឡា​ទូកក្តោង​ជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ​ ២០២១ នៅ​ព្រះសីហនុ​ដែរ​។​

​លោកបាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ កាលពី​ថ្ងៃ​អង្គា​រថា​៖ «​សម្រាប់​ការវាយតម្លៃនៃ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ គឺ​យើង​ទទួលបាន​លទ្ធផល​ល្អ​កម្រិត​ខ្ពស់ ព្រោះ​យើង​បាន​យក​បទពិសោធ ដែល​យើង​ទទួលបាន​ពី​គណៈកម្មការ​អន្តរជាតិ ក្នុងការ​ប្រកួត​ជើងឯក​អាស៊ី កាលពី​ខែធ្នូ ឆ្នាំ ​២០២១ មក​អនុវត្តនៅក្នុង​ព្រឹត្តិ​​ការណ៍​នេះ គឺ​ក្នុង​លក្ខណៈ​ស្តង់ដា​តែមួយ​តែម្តង​»​។​


​អគ្គលេខាធិការ​វ័យក្មេង​រូបនេះ​បន្ថែមថា​៖ «​ចំណែក​សិទ្ធ​ផល​របស់​ក្រុម​អត្ត​​ព​លិ​ក យើង​មើលឃើញថា ពួកគាត់មានគុណ​ភាព​ឡើង​ខ្ពស់ ដោយសារ​មួយរយៈ​កន្លងមកនេះ ពួកគាត់​បាន​ហ្វឹកហាត់​ត្រៀម​បានល្អ ហើយ​អ្នក​​មួយចំនួន ក៏បាន​ចូលរួម​ការប្រកួត​ជើងឯក​អាស៊ាន នៅ​ខេត្ត​ព្រះសីហនុ កន្លងមក​ផងដែរ​»​។​

​សម្រាប់​ការប្រកួត​កីឡា​ទូកក្តោង​​ថ្នាក់ជាតិ​នេះ មាន​ក្លិប​៣​បាន​ចូលរួម គឺ​ក្លិប​ទូកក្តោង​កែប​, ទូកក្តោង​សុខា និង​ក្លិប​ទូកក្តោង​តារា​សាគរ ដោយមាន​កីឡាករ​២៣​រូប និង​កីឡាការិនី​ម្នាក់​។ អ្នក​ទាំងនេះ ត្រូវ​ប្រកួតប្រជែង​គ្នា នៅលើ​វិញ្ញាសា ​៤ ប៉ុន្តែ​សម្រាប់​អ្នក​ចូល​ថ្មី អាចប្រកួត​បានតែ​វិញ្ញាសា Byte Boat Open មួយ​ទេ ចំណែក​៣​វិញ្ញាសា​ផ្សេង ជាការ​ប្រកួតប្រជែង​គ្នា​រវាង​អ្នកមាន​ពិសោធ និង​ក្រុម​ជម្រើសជាតិ​ទាំង​ ១០​ នាក់ (​ស្រី​ ១)​។​


​ជា​លទ្ធផល កីឡាករ ប៉ាល់ សិលា បានឈ្នះ​មេដាយមាស លើ​វិញ្ញាសា Windsurfing RS:One លេខ​ ២ សែម ប្រុស​ពៅ លេខ ​៣ ហេន សុ​ភី ចំណែក​វិញ្ញាសា Windsurfing Techno 293 លេខ​ ១ បាន​ទៅ​កីឡាករ កែវ ភា​រុណ លេខ ​២ កែវ ភានុ​ន លេខ​ ៣ សុខ គុយ​​សៀន ហើយ​វិញ្ញាសា Laser Byte លេខ ១ កីឡាករ ស៊ុន ចាន់​ឌឿ​ន លេខ ​២ ញ៉ូ​វ ចាន់ លេខ​ ៣ កីឡាករ ឡុ​ច ដា​រ៉ុង ខណៈ​វិញ្ញាសា Byte Boat លេខ ១ បាន​ទៅ​កីឡាករ ស៊ីន សំណាង លេខ​ ២ មា​ច ឫទ្ធី​វង្ស និង​លេខ ​៣ កីឡាករ ស៊ុ ស​រ៉ា​។​

​ទាក់ទង​លទ្ធផល​នេះ លោក សោម សុទ្ធ​រិ​ទ្ធិ​ពង្ស បាន​បញ្ជាក់ថា​៖ «​ចំពោះ​អ្នកទទួលបាន​ជយលាភី នៅក្នុង​ការ​ប្រកួត​ថ្នាក់ជាតិ​នេះ គឺ​ភាគច្រើន​ជា​កីឡាករ នៅក្នុង​ក្រុម​ជម្រើសជាតិ ដោយ​សារ​ចំនួន​អត្ត​ព​លិ​ករ​បស់​យើង នៅមាន​កំណត់ ដ្បិតអី​នេះ​ជា​ប្រភេទ​កីឡា​ថ្មី តែមាន​ការប្រកួតប្រជែង​ខ្ពស់ ទាំង​ជាមួយ​ធម្មជាតិ និង​ជាមួយ​មនុស្ស ចំណែក​ការ​ហ្វឹកហាត់ ក៏មាន​ការពិបាក ហេតុនេះ​យើង​ពិបាក​ក្នុង​ការរក​ធនធាន​កីឡាករ​ឱ្យបាន​ច្រើន ដូច​ប្រភេទ​កីឡា​ផ្សេងៗ​ទៀត​ដែរ ហើយ​សម្ភារ​ប្រើប្រាស់ ដូចជា​ទូក ក៏មាន​តម្លៃ​ថ្លៃ ដែល​យើង​ត្រូវ​កំណត់​ចំនួន​អ្នកចូលរួម​ផងដែរ​»៕