​ភ្នំពេញៈ សហព័ន្ធ​កម្ពុជា​បង្ហាត់ ជិះសេះ បាននិងកំពុង​ពង្រឹង​ឡើងវិញ ទាំង​ទៅលើ​គុណភាព​កីឡាករ កីឡាការិនី និង​គុណ​​ភាព​សេះ គឺ​ធ្វើយ៉ាងណា​ឱ្យ​សេះ និង​អ្នកជិះ មាន​ភាពស៊ីចង្វាក់​គ្នា និង​យល់​គ្នា​ច្បាស់ ដើម្បី​សម្រួច​គោលដៅ​ឈានទៅរក​ការដណ្តើម​បាន​មេដាយមាសនៅពេល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ ជា​ប្រវត្តិសាស្ត្រលើកដំបូងនា​ឆ្នាំ​២០២៣​។​


​ជាមួយ​ទិសដៅ​នេះ ថ្នាក់ដឹកនាំ​ប្រធាន​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ បានចាត់ទុក​ការលើក​ពេល ការប្រកួត​កីឡា​ជិះសេះ​ផ្លោះ​របារ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​ ២០២១ មក​ធ្វើ នៅ​មជ្ឈមណ្ឌល​កីឡា Cambodian Country Club (CCC) កាល​​ពីថ្ងៃ​ទី ​២០ ខែ កុម្ភៈ ឆ្នាំ ​២០២២ ថា ជាការ​ប្រកួត​ដ៏​សំខាន់ ដើម្បី​វាស់​ស្ទង់​ទាំង​កម្រិត​បច្ចេកទេសរ​បស់​អត្ត​ព​លិ​ក និង​សេះ​។​

​លោកស្រី ទេព ម៉ូ​ណា ប្រធាន​សហព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ បាន​ថ្លែង ក្រោយ​ការប្រកួត​នោះ​ថា​៖ «​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​កីឡាការិនី​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ ​២០២៣ ដែលជា​ការប្រៀបធៀប​មួយ​ដ៏​ធំ ហើយ​យើង​បាន​ឃើញថា កីឡាករ​របស់​យើង​មាន​ភាព​រីកចម្រើន​បាន​ប្រសើរ​មួយចំនួនធំ ក្នុងការ​លោត​ជាមួយ​សេះ ព្រោះ​ពួកគាត់ មានការ​ហ្វឹកហាត់​ត្រឹមត្រូវ ជាមួយ​គ្រូបង្វឹក​ខ្មែរ និង​អ្នកជំនាញ​មកពី​បារាំង ដោយ​យើង​ធ្វើ​ម៉េច ដើម្បីឱ្យ​សេះ និង​អ្នកជិះ ដែលជា​កីឡាករ កីឡាការិនី​របស់​យើង ក្លាយជា​ដៃគូ​ដ៏​ល្អ​ជាមួយគ្នា​»​។​


​តាមរយៈ​ការប្រកួត​កីឡា​ជិះសេះ​ផ្លោះ​របារ​ថ្នាក់ជាតិ ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា របស់​ក្រសួង​អប់រំ យុវជន និង​កីឡា លើក​នេះ គឺ​សម្រាប់​វិញ្ញាសា​ប្រកួត​របស់​ក្រុម​ជម្រើសជាតិ ចំណាត់ថ្នាក់​លេខ​ ១ បាន​ទៅ​កីឡាករ គី​រី ចាន់​តុលា ជិះសេះ​ឈ្មោះ ព្រី​ន​សេស មកពី​សហ​​ព័ន្ធ​កម្ពុជា​បង្ហាត់​ជិះសេះ លេខ​ ២ អ្នកអង្គម្ចាស់ នរោត្តម អ​ម្រិ​តា ជិះសេះ​ឈ្មោះ ព្រី​ន​សេស មកពីសហព័ន្ធ​កម្ពុជា លេខ​ ៣ កីឡាករ គ្រី សារឿន ជិះសេះ​ឈ្មោះ កាហ្វេ មកពី​ក្លិប កីឡា​ជិះសេះ​នៅ​ប្រទេស​ថៃ និង​លេខ​ ៣​ ស្ទួន កីឡាករ គង់ រតនៈ ជិះសេះ​ឈ្មោះ កាហ្វេ មកពី​ក្លិប CCC​។​


​ជាមួយគ្នានេះ លោកស្រី ទេព ម៉ូ​ណា បាន​អះអាងថា សហព័ន្ធ​គ្រោង នឹង​រៀបចំ​ការប្រកួត​ដ៏​ធំ​មួយទៀត ក្នុង​រយៈពេល ៦ ​សប្ដាហ៍​ទៀត​ដែល​នឹង​មានការ​​ចូលរួម​ប្រកួត​ពី​កីឡាករ កីឡាការិនី និង​សេះ​កាន់តែច្រើន ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេក​​ទេស​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត ក្នុងការ​ត្រៀមខ្លួន​ឆ្ពោះទៅកាន់​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ ​២០២៣ នៅ​កម្ពុជា​។​


​ប្រធាន​សហព័ន្ធ​រូបនេះ​បាន​បន្ថែមថា​៖ «​ការរៀបចំ​ឱ្យមាន​ការ​​ប្រកួត​នេះ ដើម្បី​ដុសខាត់​ទាំង​កីឡាករ​ផង និង​សេះ​ផង ព្រោះ​ទាំង​អត្ត​ព​លិ​ក និង​សេះ សុទ្ធ​តែមាន​សាច់ដុំ ហេតុនេះ​បើ​យើង​មិន​ប្រើប្រាស់ វា​ត្រូវតែ​ជ្រាយ​ហើយ អ៊ីចឹង​យើង​ត្រូវ​ពង្រឹង​សាច់ដុំ​របស់គាត់ ព្រោះ​អ្វីដែល​យើង​ត្រូវការ គឺ​ឱ្យ​គាត់​ចេះ​បញ្ជា​សេះ​លោត ឱ្យបាន​ត្រឹមត្រូវ​»​។​

លោកស្រី ទេព ម៉ូណា (កាន់មីក្រូ) ពេលថត​រួមគ្នា។ រូបថត ឈន ណន

«​ពិត​ពិត ការបញ្ជា​សេះ​លោត​ផ្លោះ​របារ ក្រោម​ ១ ​ម៉ែត្រ ឬ​ទាប​ត្រឹម ​៣០ ​សង់ទីម៉ែត្រ វា​រាង​ងាយស្រួល ប៉ុន្តែ​ការ​លោត​កាន់តែ​ខ្ពស់ ចាប់ពី​ ១ ​ម៉ែត្រ​ឡើងទៅ វា​មានការ​ពិបាក​កាន់តែច្រើន​។ យើង​មិន​អាចឱ្យ​សេះ​ផ្អើល ដោយ​យើង​ត្រូវមាន​បច្ចេកទេស និង​មាន​អារម្មណ៍​ស្ងប់ស្ងាត់ ដូច្នេះ​យើង​បង្រៀន​គាត់​ឱ្យមាន​បច្ចេកទេស​កាន់​ខ្សែ​បញ្ជា​សេះ គឺ​មិនត្រូវ​ទាញ​មាត់​សេះ​ខ្លាំង ឬ​ឱ្យធ្វើ​សេះ​មាន​អារម្មណ៍​ថា ប្រឹង​ខ្លាំងពេក​នោះទេ ព្រោះ​បើ​ប្រឹង​ខ្លាំងពេក ពេល​លោត វា​អាចមាន​បញ្ហា​កើតឡើង អ៊ីចឹង​យើង​ត្រូវ​ពង្រឹង​ទាំង​សង​​ខាង ឱ្យមាន​ភាពស៊ីចង្វាក់​គ្នា ក្នុងការ​លោត​»​។​

​លោកស្រី ទេព ម៉ូ​ណា បាន​ថ្លែង​ទៀតថា​៖ «​ក្រុម​អត្ត​ព​លិ​ក​របស់​យើង គាត់​នៅ​ក្មេង តែ​គាត់​មានចិត្ត​ក្លាហាន និង​មាន​ជំនាញ​នៅក្នុង​ខ្លួន​រួចទៅហើយ វា​ដូចជា​ថ្ម​ត្បូង​ដែល​យើង​យកមក​ដុសខាត់ ឱ្យចេញ​ទៅជា​ត្បូង អ៊ីចឹង​សព្វថ្ងៃនេះ យើង​កំពុង​ដុសខាត់​ជំនាញ​របស់គាត់​ឱ្យ​កាន់តែ​ភ្លឺ និង​មាន​ភាពប្រសើរ ក្នុងការ​កាន់​សេះ និង​បញ្ជា​សេះ​ឱ្យ​បានល្អ ហេតុនេះ​បើទោះបី​ជាមាន​ឧបសគ្គ​ខ្លះ តែ​យើង​អាច​ពង្រឹងសមត្ថភាពទាន់ពេល ក្នុងការ​ត្រៀម​ស៊ី​ហ្គេម ឆ្នាំ ​២០២៣ ព្រោះ​យើង​មាន​គ្រូ​ជំនាញៗ ព្រមទាំង​មានការ​ជួយ​ជា​បច្ចេកទេស​បន្ថែម​ពី​សហព័ន្ធ​ជិះសេះ​ពិភពលោក និង​ភាគី​មួយចំនួនទៀត ដោយមាន​ក្រសួង​អប់រំ ជា​អ្នក​ជួយ​គាំទ្រ​ដល់​យើង​»​។​

​ចំពោះ​ការដាក់​ទិសដៅ ពេល​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ ​២០២៣ លោក​​ស្រី ទេព ម៉ូ​ណា បាន​បញ្ជាក់ថា​៖ «​ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ ជា​លើក​​ដំបូង​នេះ យើង​នឹង​យក​សេះ​របស់​យើង មក​លោត​ប្រកួត អ៊ីចឹង ទម្រាំ​ដល់​ការប្រកួត គឺ​ក្រុម​អត្ត​ព​លិ​ក និង​សេះ​របស់​យើង​មាន​ភាព​សម​គ្នា​រួចទៅហើយ ហេតុនេះ ពិតប្រាកដ​ណាស់ យើង​ចង់បាន​មេដាយមាស​។ បាន​មេដាយ​អី​ក៏​ល្អ​ដែរ ប៉ុន្តែ​ការ​សម្រួច​គោលដៅ និង​ក្តី​ប្រាថ្នា​ធំ​របស់​យើង​ គឺ​ការ​ប្រ​ជែង​យក​មេដាយមាស​»៕